28.4 C
Phnom Penh

​ចៅ​ក្រម​នៅ​តែ​ច្រាន​ចោល​តួនាទី​របស់​ជនសង្ស័យ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ការ​ស៊ើប​អង្កេ​ត​របស់​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ច្រាន​ចោល​​ការប្រឹងប្រែង​​ចុង​ក្រោយ​បំផុត​របស់​ជនសង្ស័យ​ម្នាក់​​ក្នុង​សំណុំ​រឿង​០០៤​ដែល​មិន​ទាន់​​សម្រេច​នៅ​ឡើយ​របស់​តុលាការ​នេះ ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត ដោយ​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ជាថ្មី​ថា តុលាការ​នេះ​កំពុង​តែ​បដិសេធ​​សិទ្ធិ​ទទួល​បាន​សវនាការ​យុត្តិធម៌​របស់​ជនសង្ស័យ​។

នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​​អង្គបុរេ​ជំនុំជម្រះ​នៃ​សាលា​ក្ដី​នេះ​ បាន​​ច្រាន​​ចោល​សំណើ​សុំ​​កែ​ប្រែ​សេចក្តី​សម្រេច​មួយ​ដោយ​​សហចៅក្រម​ស៊ើប​អង្កេត​​អន្តរជាតិ​ ម៉ាក ហាម៉ុន (Mark Harmon) ​ដើម្បី​​ច្រាន​ចោល​​សំណើ​របស់​ជនសង្ស័យ​​មិន​បញ្ចេញ​ឈ្មោះ​នេះ​​សម្រាប់​ការ​​ចូល​រួម​ក្នុង​សកម្មភាព​ស៊ើបអង្កេត​។

​សំណើ​ស្រដៀង​គ្នា​​នេះ​បាន​ធ្វើ​ឲ្យ​មានសេចក្ដី​សម្រេច​ដោយ​ឡែក​មួយ​​​ពី​​សំណាក់​អង្គ​ចៅក្រម​ប្រាំរូប ​កាលពី​ខែ​មករា មាន​ន័យ​ថា សេចក្ដី​សម្រេច​របស់​ចៅក្រម​ ម៉ាក ហាម៉ុន គឺ​នៅ​រក្សា​ទុក​​ដដែល​។ អង្គ​ចៅក្រម​បុរេ​ជំនុំជម្រះ​បាន​ច្រាន​ចោល​ការ​អំពាវ​នាវ​ចុង​ក្រោយ​នេះ ដោយ​មិន​ទាំង​បាន​ពិចារណា​​ភាព​​អាច​ទទួល​យក​បាន​របស់​វា​ផង ពីព្រោះ​វា​​​នៅ​​ជា​រឿង​ដដែល​។

ទោះបី​ជា​ឈ្មោះ​​ជន​សង្ស័យ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្ដី​ ក៏​ការ​អំពាវ​នាវ​នេះ​ហាក់​ដូច​ជា​ធ្វើ​ឡើង​ជួស​មុខ​ឲ្យ តាអាន ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​សំណុំរឿង​០០៤ ដែល​ជា​អតីត​អនុលេខា​របស់​ ប៉ុល ពត នៅ​ភូមិភាគកណ្ដាល​។

លោក​​ ហ្គោរ៉ាន ស្លូ៊តធើ (Goran Sluiter) ជា​មេធាវី​មួយ​​រូប​នៅ​ក្នុង​ក្រុម​មេធាវី​តំណាង​ឲ្យ ​តាអាន បាន​បដិសេធ​មិន​បញ្ជាក់​ ឬច្រាន​ចោល​ថា​ តើជន​សង្ស័យដែល​អត្តសញ្ញាណ​​នៅ​តែ​​រក្សា​​ជា​ការ​សម្ងាត់​​នៅ​ក្នុង​សេចក្ដី​សម្រេច​នេះ ​​ជាកូន​ក្ដី​របស់​លោក​ឬយ៉ាង​ណា​ឡើយ។ ប៉ុន្តែ​លោក​នៅ​តែ​​រិះគន់​សេចក្ដី​សម្រេច​នេះ​។

លោក​បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​ថា “យើង​មាន​ការ​ព្រួយបារម្ភ​ ហើយ​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កង្វះ​ការ​ចូល​រួម​​ទាំង​ស្រុង​ដោយ​មេធាវី​ការ​ពារ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ [របស់​សាលាក្ដី]។​ វា​ជា​ការ​រំលោភ​សិទ្ធិ​របស់​កូនក្ដីយើង​ក្នុង​ការ​ទទួល​បាន​សវនាការ​យុត្តិធម៌ ហើយ​ក៏​ដូច​ជា​ការ​រំលោភ​វិធាន និង​គោលការណ៍​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិដែរ​​។ ការ​ស៊ើប​អង្កេត​ដែល​តួនាទី​របស់​មេធាវី​ការ​ពារមិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ គឺ​គ្មាន​លក្ខណៈ​​ស៊ី​ជម្រៅ​​ ធ្វើ​ឡើង​តែ​ម្ខាង និង​គ្មាន​តម្លៃ​ឡើយ។ មិន​មែន​មាន​​តែ​កូនក្ដី​របស់​យើង​ទេ​​​ដែល​សម​ទទួល​បាន​សវនា​ការ​យុត្តិ​ធម៌ ប្រជា​ពល​រដ្ឋកម្ពុជា​ក៏​ដូច្នោះ​ដែរ​​”។

រហូត​មក​ទល់​ពេល​នេះ ​តុលាការ​​តែងតែ​ច្រាន​ចោល​ការ​ប្រឹង​ប្រែង​របស់​ជន​សង្ស័យ​នៅ​ក្នុង​សំណុំរឿង​០០៣ និង​០០៤​ ដែល​សុទ្ធ​តែ​ត្រូវ​បាន​រដ្ឋាភិបាល​លើក​ឡើង​ថា មិន​គួរ​បន្ត​ដំណើរ​ការ​ទៅ​មុខ​ដោយ​លើក​ហេតុផល​ថា ជន​សង្ស័យ​ទាំង​នោះ​​មិន​ទាន់​ត្រូវ​បាន​ចោទ​​ប្រកាន់​ជា​ផ្លូវ​ការ​នៅឡើយ។

មិន​មែនចៅក្រម​ទាំង​អស់​សុទ្ធ​តែ​យល់​ស្រប​ឡើយ។ ដូច​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​ខ្លួន​ ចៅក្រម​អន្តរជាតិ​ពីរ​រូប​នៅ​អង្គបុរេ​ជំនុំជម្រះ​ បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​របស់​ចៅក្រម​ស៊ើបសួរ​​​បញ្ជូន​ទៅ​​តុលាការ​រួច​ហើយ ​ដូច្នេះ​គួរ​តែ​ត្រូវ​បាន​ពិចារណា​ថាជា​ជន​ត្រូវ​ចោទ​ ដែល​​ទទួល​បាន​រាល់​អាកាស​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត​។

ប៉ុន្តែ​ចៅក្រម​កម្ពុជា​បីរូប​​មិន​យល់​ស្រប​ទេ ធ្វើ​ឲ្យ​អង្គបុរេជំនុំជម្រះ​គ្មាន​សំឡេង​ឆ្នោត​បួន​សំឡេង ដែល​ខ្លួន​ត្រូវ​ការ​ជា​ចាំបាច់​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​កាលពី​ខែ​មករា។

លោកស្រី ហ៊ីសឺ រ៉ាយអាន (Heather Ryan) អ្នកឃ្លាំ​មើល​​សាលា​ក្តី​​មួយ​រូប​មក​ពី​អង្គការ​គំនិត​ផ្ដួច​ផ្ដើម​យុត្តិធម៌សង្គម​សាធារណៈ បាន​មាន​ប្រសាសន៍​ថា វាពិត​ជា​ចម្លែក​ណាស់​ដែល​តុលា​ការ​នេះ​មិន​ទាន់​​ចោទ​ប្រកាន់​ជនសង្ស័យ​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤ ដែល​សុទ្ធតែ​បាន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​តាំង​ពី​ឆ្នាំ​២០០៩​មក​ ហើយ​វា​ជារឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​តុលាការ​នេះ​មិន​ទាន់​ពន្យល់​ពី​មូលហេតុនៃ​ការ​ពន្យារ​ពេល​យូរ​យ៉ាង​នេះ​នៅ​ឡើយ។

​លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​​ចុង​បញ្ចប់​ចៅក្រម​ស៊ើប​សួរ​សម្រេច​មិន​ចោទ​ប្រកាន់​ជនសង្ស័យ​ដោយ​សារ​ខ្វះ​ភ័ស្តុតាង​ ​នឹង​​មានក្ដី​បារម្ភ​អំពី​សិទ្ធិ​ទទួល​បាន​សវនាការ​យុត្តិ​ធម៌​។

លោកស្រី​បាន​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ “ពួកគេគួរ​តែ​​មាន​ឱកាស​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ ដើម្បីធានា​ឲ្យ​មាន​ការ​រាប់​បញ្ចូល​កំណត់ត្រា​ភ័ស្តុតាង​ដោះ​បន្ទុក​ ពួកគេ​ប្រហែល​ជា​មនុស្ស​តែ​ម្នាក់​គត់​​ដែល​ដឹង​ភ័ស្តុតាង​​បែប​​នេះ និង​ដើម្បី​ការ​ពារ​ភាព​យុត្តិធម៌​នៃការ​ស៊ើបអង្កេត​ទូទៅ​។ ការ​ចូល​រួម​ទាន់​ពេល​វេលា​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ គឺ​សំខាន់​ណាស់​ ពីព្រោះ​សាក្សី​អាច​នឹង​ស្លាប់​ ឬ​ភ័ស្តុតាង​បាត់​បង់ ឬសាប​រលាប​ទៅ​តាម​ពេលវេលា​”។

លោក ម៉ៃឃើល កាណាវ៉ាស (Michael Karnavas) កំពុង​ការ​ពារ​ជន​សង្ស័យ​ម្នាក់​នៅ​ក្នុង​សំណុំរឿង​០០៣។ លោក​មាន​ប្រសាសន៍​ថា មេធាវី​តំណាង​ឲ្យ​ជនសង្ស័យ​នៅ​​ក្នុង​សេចក្ដី​សម្រេច​របស់​អង្គបុរេជំនុំជម្រះ ​​អាច​ពន្យល់​ប្រាប់​តុលាការ​បាន​ ប្រសិន​បើ​ និង​នៅ​ពេល​កូនក្ដី​របស់​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះផល​ប៉ះពាល់ណា​មួយ​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ពន្យារពេល​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​កូនក្ដី​របស់​ពួកគេ​” ប៉ុន្តែ​វា​ពិត​ណាស់​ថា ការ​ប៉ះពាល់​បែប​នេះ​ប្រហែល​ជារឿង​ចៀស​មិន​ផុតទេ​”។

លោក​បាន​មាន​ប្រសាសន៍បន្ត​ថា សំណើ​ផ្ទាល់​ខ្លួន​របស់​លោក​សុំ​​ទទួលយក​សំណុំរឿង​របស់​កូនក្ដី​លោក និង​ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ នៅ​តែ​ត្រូវ​បាន​គេ​ព្រងើយ​កន្តើយ​រហូត​មក​ទល់​ពេល​នេះ​។

លោក​បាន​លើក​ឡើង​ទៀត​ថា “ដោយ​សារ​តែ​យើង​មិន​ទាន់​មាន​ឱកាស​ចូល​រួម​​នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​តុលាការ​ ក្នុង​ករណី​ដែល​កូនក្ដី​របស់​យើង​ត្រូវ​បាន​ចោទ​ប្រកាន់​ [ចៅ​ក្រម​ស៊ើបសួរ​] ​នឹងចាំ​បាច់​ត្រូវ​ឲ្យ​យើង​ទទួល​បាន​សំណុំរឿង​នោះ និង​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់វា​ និង​ដើម្បី​ដាក់​សំណើ​ស៊ើបអង្កេត​ និង​សំណើ​ផ្សេង​ៗ​ទៀត​ មុន​​ពេល​ពួកគេ​បិទ​ការ​ស៊ើបអង្កេត​”។

បច្ចុប្បន្ន​សាលាក្ដី​កំពុង​ចាប់​ផ្ដើម​ដំណាក់​កាល​ទី២​នៃ​សំណុំ​រឿង​០០២​ ដែល​ក្នុង​នោះ នួន ជា និង ខៀវ សំផន ​មេដឹកនាំ​ក្នុង​របប​ខ្មែរ​ក្រហម ត្រូវ​ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍ និង​​​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​៕ សុខុម​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស