កម្មករកាត់ដេរជាង១.០០០នាក់បានជួបជុំគ្នា និងហែក្បួននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីទាមទារ ” ប្រាក់ឈ្នួលសមរម្យ” ពីរោងចក្ររបស់ពួកគេ ហើយនេះគឺជាការហែក្បួនធំបំផុតក្នុងវិស័យកាត់ដេរចាប់តាំងពីកងរាជអាវុធហត្ថបានបង្ក្រាបបង្ហូរឈាមលើបាតុកម្មទាមទារដំឡើងប្រាក់ខែគោលកាលពីខែមករាមក។

សហជីពចំនួនប្រាំមួយបានរួមគ្នារៀបចំការហែក្បួននេះឡើង ក្នុងបំណងដាក់សម្ពាធឲ្យរដ្ឋាភិបាលអនុម័តការដំឡើងប្រាក់ឈ្នួលខ្ពស់លើប្រាក់ខែ១០០ដុល្លារនាពេលបច្ចុប្បន្ននៅក្នុងឧស្សាហកម្មកាត់ដេរ។ គណៈកម្មាធិការប្រឹក្សាការងារ ដែលមានសមាសភាពតំណាងមកពីរដ្ឋាភិបាល រោងចក្រ និងសហជីព គ្រោងនឹងផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងប្រាក់ខែគោលដល់រដ្ឋាភិបាលនៅខែក្រោយ ដោយប្រាក់ខែគោលថ្មីនឹងត្រូវចូលជាធរមាននៅខែមករា។
សហជីពទាំងនេះមិនបានទាមទារចំនួនច្បាស់លាស់ទេកាលពីម្សិលមិញ ពោលគឺមិនដូចកាលពីខែកញ្ញា ដែលកម្មករទាមទារប្រាក់ខែគោល១៧៧ដុល្លារឡើយ ប៉ុន្តែពួកគេបានទាមទារការដំឡើងយ៉ាងហោចណាស់៥០ដុល្លារ។ បណ្ដារោងចក្រនិយាយថា ខ្លួនគ្មានលទ្ធភាពដំឡើងប្រាក់ខែគោលលើសពី១០ដុល្លារឡើយ។
ដោយពាក់អាវយឺតពណ៌ផ្កាឈូកភ្លឺដែលសរសេរថា ” យើងត្រូវការប្រាក់ឈ្នួលសមរម្យ” កម្មករដែលមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តជុំវិញ បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅពេលព្រឹកព្រលឹមស្រាងៗ មុនពេលចាប់ផ្ដើមហែក្បួន។
លោកស្រី កេន ឆេងឡាង ប្រធានស្ដីទីសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា បានមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា ” យើងទាមទារប្រាក់ឈ្នួលសមរម្យ ពីព្រោះយើងចង់រស់នៅសមរម្យ មានសុខភាពល្អ និងដើម្បីបញ្ជូនកូនៗរបស់យើងទៅសាលា”។
កាលពីខែមុន អង្គការពលកម្មអន្តរជាតិ ILO បានលើកឡើងថា ការស្ទង់មតិគំរូមួយដែលត្រូវបានធ្វើឡើងក្នុងពេលថ្មីៗនេះលើកម្មករកាត់ដេរប្រមាណ៦០០.០០០នាក់នៅក្នុងប្រទេស បានរកឃើញថា ពីរភាគបីនៃកម្មករទាំងនោះមិនបានទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ដែលធ្វើឲ្យពួកគេមានសុខភាពល្អឡើយ ជាង៤០ភាគរយមានភាពស្លេកស្លាំង និង១៥,៧ភាគរយខ្វះទម្ងន់។ នៅក្នុងការសិក្សាផ្ទាល់ខ្លួនកាលពីឆ្នាំមុន រដ្ឋាភិបាលបានកំណត់ថា ប្រាក់ខែសមរម្យនៅក្នុងរាជធានីភ្នំពេញគឺចន្លោះពី១៥៧ដុល្លារទៅ១៧៧ដុល្លារ។
កម្មការិនីម្នាក់ឈ្មោះ យស មករា មកពីរាជធានីភ្នំពេញ និយាយថា ” យើងមកចូលរួមការតវ៉ា ពីព្រោះយើងមិនអាចរស់ដោយពឹងផ្អែកលើប្រាក់ខែសព្វថ្ងៃបាន។ យើងបង់ថ្លៃទឹកភ្លើង ជួលផ្ទះ និងអាហារ ហើយយើងត្រូវផ្ញើប្រាក់ខ្លះត្រឡប់ទៅស្រុកវិញ។ ពេលខ្លះយើងត្រូវខ្ចីលុយគេនៅពេលយើងឈឺ។ ការជួបជុំ និងការហែក្បួននេះនឹងធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពីព្រោះយើងកំពុងតែបង្ហាញកម្លាំងរបស់យើងឲ្យពួកគេបានឃើញ។ ប្រសិនបើពួកគេមិនអាចជួយយើងបានទេ យើងនឹងមកតវ៉ាម្ដងទៀត”។
កម្មករទាំងនេះបានហែក្បួនពីទីលានប្រជាធិបតេយ្យទៅកាន់ស្ថានទូតអាមេរិកដែលនៅក្បែរនោះ ហើយបានបន្តហែក្បួនឆ្ពោះទៅការិយាល័យប្រចាំប្រទេសរបស់សហភាពអឺរ៉ុប ដើម្បីដាក់ញត្តិនៅទីនោះ ជំរុញឲ្យបណ្ដារដ្ឋាភិបាលបរទេសដាក់សម្ពាធឲ្យកម្ពុជាអនុម័តការដំឡើងប្រាក់ឈ្នួលខ្ពស់នេះ។ សហជីពទាំងនេះក៏ចង់ឲ្យក្រុមហ៊ុនសម្លៀកបំពាក់របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលទិញសម្លៀកបំពាក់ពីកម្ពុជាដំឡើងថ្លៃទំនិញដែលពួកគេទិញពីបណ្ដារោងចក្រនៅកម្ពុជាផងដែរ ដើម្បីឲ្យរោងចក្រទាំងនោះមានលទ្ធភាពដំឡើងប្រាក់ខែជូនកម្មករ។
នៅខាងក្រៅរដ្ឋសភា កម្មករទាំងនេះបានដាក់ញត្តិរបស់ខ្លួនជូនតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលបានប្ដេជ្ញាជួយពួកគេ។
លោកស្រី កែ សុវណ្ណារតន៍ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មការការងារនៃរដ្ឋសភា បានមានប្រសាសន៍ទៅកាន់កម្មករថា លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារត្រូវបានកោះអញ្ជើញឲ្យមកឆ្លើយសំណួរនៅរដ្ឋសភាពាក់ព័ន្ធនឹងប្រាក់ខែគោល និងបញ្ហាការងារផ្សេងៗទៀតនៅថ្ងៃអង្គារនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។
កាលពីម្សិលមិញ សាលារាជធានីបានប្រាប់សហជីពទាំងនេះថា អ្នកចូលរួមតែ២០នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីលានប្រជាធិបតេយ្យដើម្បីដាក់ញត្តិ។ ប៉ុន្តែនៅពេលសហជីពទទូចទាមទារហែក្បួនទាំងអស់គ្នា លោក ស៊ីម វុទ្ធី ស្នងការរងរាជធានីក៏បានអនុញ្ញាតឲ្យពួកគេហែក្បួនតាមផ្លូវលេខ៥១ ហើយថែមទាំងជួយបើកផ្លូវទៀតផង។
ទោះបីជាការជួបជុំកាលពីម្សិលមិញ គឺជាការតវ៉ាធំបំផុតនៅក្នុងវិស័យកាត់ដេរចាប់តាំងពីថ្ងៃទី៣ ខែមករា ដែលកាលនោះកងរាជអាវុធហត្ថបានបាញ់ទៅលើបាតុករ ដែលចោលគប់ដុំថ្មនៅខាងក្រៅសួនឧស្សាហកម្មកាណាឌីយ៉ា បណ្ដាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួសក្ដី ក៏សហជីពធំៗបំផុតមួយចំនួនមិនបានចូលរួមព្រឹត្តិការណ៍នេះទេ។
សហជីពដែលបានរៀបចំព្រឹត្តិការណ៍នេះលើកឡើងថា ពួកគេមិនបានអញ្ជើញសហជីពធំៗទេ ដោយចោទប្រកាន់សហជីពទាំងនោះថា តែងតែប្រាប់សហជីពតូចៗឲ្យធ្វើតាមខ្លួន និងមិនផ្ដល់យោបល់ទេនៅពេលឈានដល់ការធ្វើសេចក្ដីសម្រេច។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលជាសហជីពឯករាជ្យធំបំផុត បានមានប្រសាសន៍ថា សហជីពរបស់លោកមមាញឹកនឹងការងារផ្សេងខ្លាំងពេកទើបមិនបានកៀរគរសមាជិករបស់ខ្លួនឲ្យចូលរួមការហែក្បួននេះ៕ សុខុម