42.2 C
Phnom Penh

ខ្សាច់​ទន្លេ​កម្ពុជា​ត្រូវ​បាន​រកឃើញ​ម្ដង​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខ្សាច់ទន្លេ​កម្ពុជា​ជិត​៨០​.០០០​តោន ​​កំពុង​ស្ថិត​នៅ​កំពង់ផែ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ជិត​២ខែ​មក​ហើយ។ វា​ជា​ខ្សាច់​ក្នុង​ចំនួន​ច្រើន​លើក​ទី២​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ទីនោះ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​នេះ​​ ថ្វីបើ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បម្រាម​ហាម​​មិន​ឲ្យ​នាំខ្សាច់​ទន្លេ​ចេញ​កាលពី​ឆ្នាំ​២០០៩​ក៏ដោយ។

កាសែត​ The Timeof India ​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខ្សាច់​ទាំង​នេះ​ត្រូវ​បាន​ដឹក​ចូល​កំពង់ផែ Cochin ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​កាលពី​២​ខែ​កន្លង​ទៅ​នេះ។ ក្រុម​ហ៊ុន​ Titanics India Ltd. ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​​ Chennai និង​ដែល​ជា​អ្នក​នាំ​ចូល​ខ្សាច់​ទាំង​នេះ​ បាន​ឲ្យ​ដឹង​ថា ខ្សាច់​ទាំង​នេះ​បាន​ឆ្លង​កាត់​គយ​ដោយ​គ្មាន​បញ្ហា​ណាមួយ​ឡើយ ប៉ុន្តែ​ថា ក្រុម​ហ៊ុន​កំពុង​មាន​បញ្ហា​ក្នុង​ការ​ស្វែង​រក​អ្នក​ទិញ​។

លោក Senthilkumar នាយនាវិក​ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន Titanics India Ltd. បាន​ប្រាប់​កាសែត​ The Time of India ដោយ​សំដៅ​ទៅ​លើ​ក្រុងមួយ​ទៀត​ដែល​នៅ​ក្បែរ​​កំពង់ផែ​នោះ​ថា ” យើង​មិន​ច្បាស់​ទេ​​ថា តើ​ហេតុអ្វី​បានជា​គ្មាន​អ្នក​ទិញ​ ខណៈ​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​ក្នុង​រដ្ឋ Kerala។ វា​ប្រហែល​ជា​មក​ពី​ក្រុម​ម៉ាហ្វីយ៉ា​​​ដែល​រក​ស៊ី​ខ្សាច់​ដែរ​នោះ កំពុង​បង្ក​ការ​លំបាក​ដល់​ពាណិជ្ជកម្ម​ខ្សាច់​នេះ​”។

មន្ត្រី​​នៅ​កំពង់ផែ​ Cochin ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​លោក​មិន​ត្រូវបាន​​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កំពង់ផែ​នេះ​​ទទួល​នាវា​ចំនួន​ពីរ​គ្រឿង​ដែល​ដឹក​ខ្សាច់​កម្ពុជា​។ នាវា​ទី១​ដែល​ដឹក​ខ្សាច់​ប្រមាណ​៣៨.៧៥០​តោន​ បាន​មក​ដល់​នៅ​ចុង​ខែ​សីហា ហើយ​នាវាទី២​ដែល​ដឹក​ខ្សាច់​ប្រមាណ​៣៩.០០០តោន​ បាន​មក​ដល់​​ប្រហែល​ជា​១​ខែ​បន្ទាប់​។ ខ្សាច់​ទន្លេ​កម្ពុជា​ទាំង​នេះ​​ត្រូវ​បាន​នាំចូល​ដោយ​ក្រុម​ហ៊ុន​ Titanics India កាលពី​២ខែ​កន្លង​ទៅ​នេះ​។ លោក​បាន​បន្ថែម​ថា ​ចាប់​តាំង​ពី​ពេល​នោះ​មក​​ខ្សាច់​មួយ​ចំនួន​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ទុក​នៅ​ឃ្លាំង​មួយ​ចំនួន​ ប៉ុន្តែ​នៅ​មាន​ខ្សាច់​ប្រហែល​៥០.០០០​តោន​ទៀត​កំពុង​​នៅ​កំពង់ផែ​។

មន្ត្រី​កំពង់ផែ​រូប​នេះ​បាន​និយាយ​ថា “គេ​បាន​ប្រាប់​យើង​ថា គេ​មិន​អាច​រក​អ្នក​ទិញ​បាន​ទេ។ ខ្ញុំ​មិន​ដឹង​អំពី​ក្រុម​ម៉ាហ្វីយ៉ា​ដែល​រកស៊ី​ខ្សាច់​នេះ​ទេ​។ ខ្ញុំគិត​ថា វា​គឺ​ជា​ពាក្យ​ចចាមអារ៉ាម”។

មន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្សាច់​ដែល​ដឹក​តាម​នាវា​​​ទាំង​ពីរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ ” ខ្សាច់​​​ទន្លេ​សម្រាប់​នាំចេញ​​” ដែល​មាន​ប្រភព​ចេញពី​ប្រទេស​កម្ពុជា​ ហើយ​ជា​ខ្សាច់​ដែល​គេ​យក​ទៅ​ប្រើ​ក្នុង​ការ​សាង​សង់​ ប៉ុន្តែ​គេ​មិន​បាន​បញ្ចេញឈ្មោះ​អ្នក​នាំចេញ​​​ឡើយ​។

លោក ហ៊ុន សែន បាន​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ចេញ​ខ្សាច់​​ដែល​បូម​ចេញ​ពី​ទន្លេ​​​កាលពី​ឆ្នាំ​២០០៩ ក្នុង​គោល​បំណង​ការ​ពារ​ជីវចម្រុះ​ក្នុង​ទឹក​។

លោក អុិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ បាន​បញ្ជាក់​ថា ការ​បូម​ខ្សាច់​ចេញ​ពី​ទន្លេ​ដើម្បី​នាំចេញ​គឺ​នៅ​តែ​ខុស​ច្បាប់ ប៉ុន្តែ​លោក​​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​មួយ​ចំនួន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំចេញ​ខ្សាច់​ដែល​បូមចេញ​ពីព្រែក ប្រសិន​បើ​មាន​អាជ្ញាប័ណ្ណ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​មួយ​បាន​ចុះ​ផ្សាយ​ថា ខ្សាច់​ទន្លេ​កម្ពុជា​ប្រមាណ​៣២​.០០០​តោន ដែល​គិតជា​ទឹក​ប្រាក់​ប្រហែល​១,៥លាន​ដុល្លារ ត្រូវ​គយ​ចាប់​ឃាត់​ទុក​នៅ​កំពង់ផែ​ Cochin អស់​រយៈ​ពេល​ជាង​៦ខែ​។

យោង​តាម​មន្ត្រី​កំពង់ផែ​នេះ​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​ខ្សាច់​ទាំង​នេះ​បាន​ឆ្លង​កាត់​គយ​រួច​ហើយ ប៉ុន្តែ​ក្រុម​ហ៊ុន Raja Steel Private ​ដែល​ជា​អ្នក​នាំចូល​ក៏កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រកអ្នក​ទិញដែរ​៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស