29.6 C
Phnom Penh

មេរោគ​អេបូឡា​​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ដែល​គ្រោង​ទៅ​តំបន់អាហ្វ្រិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​​បាន​ជួប​ជុំគ្នា​​នៅ​ក្នុង​ពិធីមួយ​​កាលពី​ម្សិលមិញ ​មុន​បេសកកម្ម​រក្សា​សន្តិភាព​​រយៈ​ពេល​មួយ​ឆ្នាំទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​​ មន្ត្រី​យោធា​​បាន​សម្ដែង​​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​​ការ​ផ្ទុះ​នៃ​មេរោគ​អេបូឡា ដែល​កំពុង​រាតត្បាត​ផ្នែក​ខ្លះ​នៃ​តំបន់​អាហ្វ្រិក​ខាង​លិច​។Siv-channa08 copy

កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​​គ្រោង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ពេល​រសៀល​​ម្សិលមិញ ប៉ុន្តែ​​ឧត្ដមសេនីយ៍ សែម សុវណ្ណី អគ្គនាយក​មជ្ឈមណ្ឌលជាតិ​នៃ​កង​កម្លាំង​រក្សាសន្តិភាព​​បាន​ឲ្យ​ដឹង​កាលពី​យប់​មិញ​ថា បេសកកម្ម​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ប្រហែល​ពីរ​សប្ដាហ៍​ ព្រោះ​កង​កម្លាំង​រក្សា​សន្តិភាព​​ចំនួន​២០​នាក់​ ដែល​ត្រូវបាន​​បញ្ជូន​​ឲ្យទៅមុន​ដើម្បី​​​សាង​សង់​កន្លែង​ស្នាក់​នៅ​សម្រាប់​កង​កម្លាំង​រក្សា​សន្តិភាព​ដែល​គ្រោង​នឹង​ចាក​ចេញ​នេះ​​នៅ​មិន​ទាន់​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន​នៅ​ឡើយ​ទេ​។

អំឡុង​ពិធី​រយៈ​ពេល​ពីរ​ម៉ោង​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង ​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​បាន​លើក​ឡើង​ថា ទោះ​បី​ជា​​កង​កម្លាំង​រក្សា​សន្តិភាព​ចំនួន​១៩៦​​រូប​មកពី​កង​​វិស្វកម្ម​លេខ​៩៤៥​​​​បាន​ហ្វឹក​ហាត់​​បាន​យ៉ាង​ល្អ​ប្រសើរ​​ក៏ដោយ តែ​ការទៅ​បំពេញ​បេសកកម្ម​​​របស់​ពួកគេ​លើក​នេះ​អាច​នឹង​ប្រឈម​ការ​លំបាក​។

នាយឧត្ដមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ​”[​ការ​ហ្វឹកហាត់​] គឺ​វា​លំបាក​​គ្រប់​គ្រាន់​សម្រាប់​ពួកគេ​។ ប៉ុន្តែ​ភាព​ខុស​គ្នា​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ គឺ​ទីតាំង​ភូមិ​សាស្ត្រ​ នយោបាយ និង​វប្បធម៌។ មិន​គ្រាន់​តែ​ប៉ុណ្ណឹង​ទេ ឥឡូវ​នេះ​តំបន់​អាហ្វ្រិក​ ​កំពុង​តែ​ជួប​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​​អេបូឡា​ទៀត​”។

​យោង​តាម​អង្គការ​សុខភាពពិភព​លោក​ (WHO) បាន​ឲ្យ​ដឹង​ថា មកទល់​ពេល​នេះ​ ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​អេបូឡា​នៅ​តំបន់​អាហ្វ្រិក​ខា​ង​លិច​ បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៩.១៧៨​នាក់​ឆ្លង​មេរោគ​នេះ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៤.៥៤៦​នាក់​បាន​បាត់​បង់ជីវិត​។

ករណី​ឆ្លង​ និង​ស្លាប់​ភាគ​ច្រើន​​គឺ​កើត​ឡើង​​នៅ​ក្នុង​ប្រទេស​តំបន់​អាហ្វ្រិក​ខាង​លិច​មួយ​ចំនួន​ ដូច​ជា​ប្រទេស​ហ្គីណេ លីបេរីយ៉ា និង​សៀរ៉ាឡេអូន​ជាដើម​។

សាធារណរដ្ឋអាហ្វ្រិក​កណ្ដាល​ ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​អាហ្វ្រិក​កណ្ដាល​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ពី​ករណី​ឆ្លង​មេរោគ​អេបូឡា​នៅ​ឡើុយ​ទេ​​ អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​ក្នុង​ពេល​ថ្មីៗ​នេះ​ ប៉ុន្តែ​អង្គការ​សុខភាព​ពិភព​លោក​​បាន​លើក​ឡើង​ថា មេរោគ​នេះ​អាច​រីក​រាល​ដាល​ដល់​ប្រទេស​​នេះ​។

បន្ទាប់ពី​ពិធី​កាលពី​ម្សិលមិញ កង​កម្លាំង​រក្សា​សន្តិភាព​មួយ​ចំនួន​​បាន​លើក​ឡើង​ថា ខ្លួន​មាន​មោទនភាព​ក្នុង​ការ​ចូល​រួម​បេសកកម្ម​នេះ​ ប៉ុន្តែ​ក៏​ព្រួយបារម្ភ​​ខ្លាច​ក្រែង​ឆ្លង​មេរោគ​អេបូឡា​នេះ​ផង​ដែរ​។

វរសេនីយ៍ឯក ខាំ សេរីរិទ្ធិ មេបញ្ជាការ​នៃ​កង​អនុសេនាធំ​វិស្វកម្ម​លេខ​៩៤៥​​ដែល​នឹង​មាន​ភារកិច្ច​ត្រូវ​ដោះ​មីន​​ និង​ជាតិ​ផ្ទុះ​ផ្សេង​ៗ ព្រមទាំង​ស្ថាបនា​ផ្លូវ​នោះ ​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មាន​មោទនភាព​ដែល​ថា​ រដ្ឋាភិបាល​​បញ្ជូន​ខ្ញុំ​​ឲ្យ​​ទៅ​បំពេញ​បេសកកម្ម​នេះ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ” ខ្ញុំ​ក៏ព្រួយបារម្ភ​អំពី​មេរោគ​អេបូឡា​ដែរ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ​កង​កម្លាំង​ទាំង​អស់​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​​​សុខភាព​រាល់​ពីរ​សប្ដាហ៍​ម្ដង​ ព្រោះ​ថា អង្គការ​សហប្រជាជាតិ​មាន​​បទដ្ឋាន​ និង​ក្រុម​គ្រូពេទ្យ​របស់​ខ្លួន​”។

​​​​​​​​​​​​​​​​​ ​ជួង កញ្ញាសុជាតា អាយុ​២៣​ឆ្នាំ ក៏ព្រួយ​បារម្ភ​ដូច​មេបញ្ជាការ​របស់​នាង​ដែរ​។ នាង​បាន​និយាយ​ថា ” ខ្ញុំ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​មេរោគ​អេបូឡានេះ​ ទោះបី​ជា​ខ្ញុំ​រីក​រាយ​នឹង​ទៅ​ទីនោះ​ក៏ដោយ​”។

លោក Roger Carter ទីប្រឹក្សា​​ផ្នែក​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​អំឡុង​ពិធី​នោះ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក ប្រទេស​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​សរុប​ចំនួន​២.១៦៥​​នាក់​​ដើម្បី​ជួយ​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​។ លោក​បាន​បន្ថែម​ថា កង​អនុសេនាធំ​វិស្វកម្ម​លេខ​៩៤៥​​ នឹង​ក្លាយ​ជា​អង្គភាព​ទី២​របស់​កម្ពុជា​ដែល​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។

នៅ​ពេល​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​​បាន​ចាក​ចេញ​ទៅ​ប្រទេស​ម៉ាលី​កាលពី​ខែ​មេសា​ គេ​ក៏​មាន​ក្ដី​ព្រួយបារម្ភ​ផង​ដែរ​អំពី​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ។

លោក ស៊ីវ សុវណ្ណរ័ត្ន ប្រធាន​ការិយាល័យ​បច្ចេកទេស​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​បាន​លើក​ឡើង​នៅ​ពេល​នោះ​ថា ​ប្រសិន​បើ​​​ជំងឺ​គ្រុន​ចាញ់​សាុំនឹងថ្នាំ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទៅ​ដល់​តំបន់​អាហ្វ្រិក​នោះ ​វា​អាច​បង្ក​បញ្ហា​យ៉ាង​ខ្លាំង​ដល់​តំបន់​នោះ។

ជំងឺ​គ្រុនចាញ់​សាុំនឹង​ថ្នាំអាតេមីស៊ីនីន (Artemisinin) ជា​ថ្នាំ​តែ​មួយ​គត់​សម្រាប់​ប្រើ​​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​តំបន់​អាហ្វ្រិក​ ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ​កាលពី​ឆ្នាំ​២០០៨​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​​ជំងឺ​គ្រុនចាញ់​ដែល​សាុំ​នឹង​ថ្នាំ​នេះ​ក៏កើត​មាន​នៅ​តំបន់​ខ្លះ​នៃ​ប្រទេស​វៀតណាម ភូមា និង​ប្រទេស​ឡាវ​ផង​ដែរ​៕ ស៊ុយឈាង​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស