42.2 C
Phnom Penh

នគរ​បាល​​ចាប់​ខ្លួន​ទាហាន​ថៃ​ពីរ​នាក់​ពេល​កំពុង​ដាក់​អន្ទាក់​សត្វ​ក្នុង​ខេត្ត​ព្រះវិហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រុម​មន្ត្រី​​នៅ​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​នៅ​ខេត្ត​ព្រះវិហារ​កំពុង​ឃុំខ្លួន​ទាហាន​ថៃ​ចំនួន​ពីរ​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃ​ច័ន្ទ ខណៈ​ពួកគេ​កំពុង​ដាក់​អន្ទាក់​សត្វ​។

លោក​ ដាំ យិន អធិការ​នគរ​បាល​ស្រុក​ជាំក្សាន្ត បាន​ឲ្យ​​ដឹង​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​អ្នក​ភូមិ​បាន​ផ្ដល់​ដំណឹង​ដល់​នគរ​បាល​អំពី​វត្ត​មាន​របស់​ពួកគេ​។

លោក​​បាន​មាន​ប្រសាសន៍ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ថា “យើង​បាន​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​មេបញ្ជាការ​រង​នៃ​កង​ពលធំលេខ៣​ [កងយោធពលខេមរភូមិន្ទ] ដើម្បី​ចាត់ចែង​ករណី​នេះ​ ព្រោះ​ថា ពួកគេ​គឺ​ជា​សមាជិក​នៃ​កង​ទ័ព​ថៃ​”។

លោក​ ផាត សុផាន មេបញ្ជាការ​រង​កង​ពលធំលេខ៣​មិន​អាច​ទាក់​ទង​បានទេ​កាលពី​ម្សិល​មិញ។ ឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការ​កង​ពល​ធំ​នេះ​​បាន​ឲ្យ​ដឹង​ថា លោកស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​មិន​ដឹង​អំពី​ករណី​នេះ​ទេ​”។

វរសេនីយ៍ឯក​កង​យោធពល​ខេមរភូមិន្ទ​មួយ​រូប​ ដែល​ចូល​រួម​នៅ​ក្នុង​ការ​ចាប់​ខ្លួន និង​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ ព្រោះ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ទាហាន​ថៃ​ទាំង​ពីរ​នាក់​នេះ​ថា មាន​ឈ្មោះ ផាន ណាមផានយ៉ា អាយុ​៤៦​ឆ្នាំ និង​ វុធ អ៊ុនឌី អាយុ​៣០​ឆ្នាំ​។ វរសេនីយ៍ឯក​រូប​នេះ​បាន​លើក​ឡើង​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ស្លៀក​ពាក់​ស៊ីវិល​ ប៉ុន្តែ​​ពួកគេ​បាន​សារភាព​ថា ជា​ទាហាន​ ហើយ​អះអាង​ថា ខ្លួន​វង្វេង​ផ្លូវ​ពេល​ដាក់​អន្ទាក់​សត្វ​តាម​ព្រំដែន​។

លោក ឈួ ប៊ុនសុង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ការ​ពន្យល់​ដូច​គ្នា​ពី​បុរស​ទាំង​ពីរ​នាក់​នេះ​។ ដោយ​ដក​ស្រង់​ពី​សេចក្ដី​រាយការណ៍​របស់​នគរ​បាល​ លោក ប៊ុនសុង បាន​លើក​ឡើង​ថា ទាហាន​ថៃ​ទាំង​ពីរ​នាក់​នេះ​​ត្រូវ​បាន​គេប្រទះ​ឃើញ​ចម្ងាយ​ប្រហែល​១៨​គីឡូម៉ែត្រ​ពី​ព្រំដែន​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ហើយ​​បាន​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​ភូមិ​មួយ​យប់​មុន​ពេល​​ពួកគេ​​​ត្រូវ​បាន​ចាប់​ខ្លួន​។

បុរស​ជនជាតិ​ថៃ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក​ដដែល​នេះ​​កាលពី​ដើម​ខែ​នេះ ដោយ​មាន​ជាប់​មក​ជាមួយនូវ​កាំភ្លើង​ច្នៃ​ និង​គ្រាប់​កាំភ្លើង​បាញ់​សត្វ​ចំនួន​ជាង​២០០​គ្រាប់​​​បន្ទាប់ពី​គេ​ឃើញ​ពួកគេ​​កំពុង​បរបាញ់​សត្វ​។ នៅ​ពេល​​នោះ​​លោក ប៊ុនសុង បាន​លើក​ឡើង​ថា វា​មិន​មែន​ជារឿង​ប្លែក​ទេ​សម្រាប់​នគរ​បាល​មូលដ្ឋាន​ដែល​ចាប់​ខ្លួន​ជនជាតិ​ថៃ​ដែល​បរបាញ់​សត្វ​ឆ្លង​ព្រំដែន​។ គេ​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​​កង​ទ័ព​ថៃ​បាន​ទេ​៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស