42.2 C
Phnom Penh

សហជីព​​​និង​​​សមាគម​​​ការងារ​​​ដាក់​​​សម្ពាធ​​​លើ​​​ក្រសួង​​​ការ​​​ងារ​​​ជុំវិញ​​​ច្បាប់​​​ចុះបញ្ជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​​​ប្រហែល​១០០នាក់​​ដែល​តំណាង​ឲ្យ​សហជីព​ និង​សមាគម​ការ​ងារ​ចំនួន​ប្រាំបី​បាន​ជួប​ជុំគ្នា​នៅ​មុខ​ក្រសួង​ការ​ងារ​កាលពី​ម្សិលមិញ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​​បន្ធូរបន្ថយ​តម្រូវ​​​ការ​ចុះ​បញ្ជី ដែល​ពួកគេ​លើក​ឡើង​ថា ត្រូវ​បាន​ប្រើ​ដើម្បី​រារាំង​ការ​ខិត​ខំប្រឹង​ប្រែង​ដើម្បី​បង្កើន​ចំនួន​សមាជិកភាព​របស់​ខ្លួន។

ក្រុម​ទាំង​នេះ​ដែល​​សមា​​​​​​ជិក​​​ភាគច្រើន​​​មកពី​សហភាព​ការ​ងារ​កម្ពុជា ដែល​មាន​លោក អត់ ធន់ ជា​ប្រធាន ​​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​​ពី​​​បទ​ឧក្រិដ្ឋ​​​ជាច្រើន អះអាង​ថា ក្រសួង​ការ​ងារ​បាន​បង្កើត​ឧបសគ្គ​ការិយាធិបតេយ្យ​ថ្មីចំពោះ​ការ​ពង្រីក​សមាជិកភាព​របស់​ខ្លួន​ចាប់​តាំង​ពី​មាន​កូដកម្ម​ និង​បាតុកម្ម​ទូទាំង​ប្រទេស​កាលពី​ខែ​ធ្នូ និង​ខែ​មករា​មក​។

លោក រ៉ុង ឈុន ដែល​បាន​ដឹក​នាំ​ការ​តវ៉ា​កាលពី​ម្សិលមិញ​ក្នុង​ឋានៈ​ជា​ប្រធាន​​សហភាព​ការ​ងារ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ” យើង​ប្រឈម​ឧបសគ្គ​ជាច្រើន​ក្នុង​ការ​ចុះ​បញ្ជី​សហជីព​របស់​យើង​”។ លោក​បាន​បន្ថែម​ថា “ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៣​មក ការ​ចុះ​បញ្ជីរបស់​យើង​នៅ​រោង​ចក្រ​ប្រហែល​១០​បាន​ជាប់​គាំង ពី​ព្រោះ​វា​លំបាក​សម្រាប់​សហជីព​របស់​យើង​ក្នុង​ការ​ទទួល​បាន​ឯកសារ​ដ៏​ស្មុគស្មាញ​ ដែល​ពួកគេ​ចាំបាច់​ត្រូវ​បង្ហាញ​…លិខិត​ថ្កោល​ទោស​បញ្ជាក់ពីភាព​ស្អាត​ស្អំ​”។

សហភាព​ការ​ងារ​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា តម្រូវ​​​ការ​​​​ថ្មី​​​របស់​ក្រសួង​ដែល​​​អ្នក​រៀបចំ​ការ​ងារ​​ត្រូវបង្ហាញ​​​លិខិត​ថ្កោល​ទោស​បញ្ជាក់ពីភាពស្អាតស្អំ​ តាមរយៈ​​​ការ​​​ទទួល​បាន​​​លិខិត​មួយ​ច្បាប់​ពី​ក្រសួង​យុត្តិធម៌​មុន​​​ពេល​ចុះ​បញ្ជី​​​សហជីព​នៅ​រោងចក្រ​មួយ​​​នោះ​​ កំពុង​​​​ត្រូវ​​​បាន​ប្រើ​ដើម្បី​រារាំង​សហជីព​មួយ​ចំនួន​ក្នុង​ចំណោម​សហជីព​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កុំឲ្យ​​​កើន​​​ឡើង​​​ច្រើន​​​។

ទោះ​ជា​​​យ៉ាង​ណា លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​និយាយ​ការ​ពារ​សេចក្ដី​សម្រេច​នេះ ដោយ​អះអាង​ថា ចលនា​ការ​ងារ​ជា​ពិសេស​នៅ​ក្នុង​វស័យកាត់​ដេរ​ដ៏​​​សំខាន់​​​នេះ​ចាំបាច់​ត្រូវ​តែ​រៀបចំ​​​បន្ទាប់ពី​សកម្មភាព​ខាង​ឧស្សាហកម្ម​ ដែល​បាន​ប៉ះពាល់​បណ្ដោះ​អាសន្ន​ដល់​ឧស្សាហកម្ម​នេះ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​។

លោក អុិត សំហេង និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​សន្យា​ផង​ដែរ​ថា នឹង​ជំរុញ​ច្បាប់​សហជីព​ថ្មី​ ដែល​នឹង​កាត់​បន្ថយ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​​ និង​សេរីភាព​​​ក្នុង​​​ការ​ជួប​ជុំ​គ្នា​នៅ​ក្នុង​កន្លែង​ធ្វើ​ការ​។

ថ្លែង​ទៅ​កាន់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​កាលពី​ដើម​ខែ​នេះ លោក ស ខេង បាន​ប៉ាន់​ប្រមាណ​ថា មាន​សហជីព​ចំនួន​៤.០០០​​ និង​​សហព័ន្ធ​​សហជីព​ចំនួន​៩០​នៅ​ក្នុង​វិស័យ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​នៅ​​​ពេល​​នោះ​ថា ” ខ្ញុំ​ទទួល​ស្គាល់​ថា មាន​សហជីព​ច្រើន​ណាស់” ដោយ​លោក​​​សន្យា​អនុម័ត​ច្បាប់​សហជីព​ថ្មី​​បើ​​​ទោះ​​ការ​ពិត​ថា ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​បំផុត​​​របស់​​​ខ្លួន វា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​កាតព្វកិច្ច​អន្តរជាតិ​​​របស់​​​ប្រទេស​​​កម្ពុជា​​​​ក្នុង​ការ​ការ​ពារ​សេរីភាព​របស់​កម្មករ​ក៏ដោយ​៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស