42.2 C
Phnom Penh

ក្រសួង​​​ការ​​​បរទេស​​​រិះ​​​គន់​​​ប្រទេស​​​ថៃ​ជុំវិញ​​​ការ​​​បាញ់សម្លាប់​​​ពល​​​រដ្ឋ​​​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃ​​​សុក្រ​​​ ក្រសួង​​​ការ​​​បរទេស​​​បាន​​​រិះគន់​​​រដ្ឋាភិបាល​​​ថៃ​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​បាញ់​​​សម្លាប់​​​ពលរដ្ឋ​​​ខ្មែរ​​​ម្នាក់​​​ដែល​​​តាម​​​ព័ត៌មាន​​​ថា បាន​​​ប៉ុនប៉ង​​​ប្លន់​​​ម៉ូត​​ូ​​​មួយ​​​គ្រឿង​​​ឆ្លង​​​ព្រំដែន​​​កាលពី​​​មួយ​​​ថ្ងៃមុន។

ការ​​​រិះ​​​គន់​​​នេះ​​​ធ្វើឡើង​​​នៅ​​​ថ្ងៃ​​​​​​តែ​​​មួយ​​​ដែល​​​ក្រសួង​​​បាន​​​ប្រកាស​​​ពី​​​ដំណើរ​​​ទស្សន​​​កិច្ច​​​ផ្លូវ​​​រដ្ឋ​​​លើក​​​ដំបូង​​​របស់​​​លោក​​​ ប្រាយុទ្ធ ចាន់អូចា នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃ។

មន្ត្រី​​​ទំនាក់​​​ទំនង​​​ព្រំដែន​​​នៅ​​ច្រក​​​ព្រំដែន​​​អូរ​​​ស្មាច់​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មានជ័យ​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​បាន​​​អះ​​​អាង​​​ថា លោក សឿន វ៉ន អាយុ​​​២១ឆ្នាំ ត្រូវ​​​ទាហាន​​​ថៃ​​​បាញ់​​​ស្លាប់​​​អំឡុង​​​ហេតុការណ៍​​​ដែល​​​គេ​​​អះ​​​អាង​​​ថា ជា​​​អំពើ​​​ប្លន់​​​នោះ។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​ផ្ញើ​​​ជូន​​​ស្ថាន​​​ទូត​​​ថៃ​​​ប្រចាំ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដែល​​​បោះត្រាថា “បន្ទាន់” នោះ ក្រសួង​​​ការ​​​បរទេស​​​បាន​​​រិះ​​​គន់​​​ពី​​​ការ​​​​​​បាញ់​​​នេះ។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ដដែល​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​តវ៉ា​​​ប្រឆាំង​​​ដាច់​​​ខាត​​​ចំពោះ​​​ទង្វើ​​​ឃោរឃៅ​​​បែប​​​នេះ​​​ពី​​​សំណាក់​​​ទាហាន​​​ថៃ​​​ដែល​​​រំលោភ​​​គោល​​​ការ​​​ណ៍​​​មនុស្ស​​​ធម៌​​​និង​​​ស្មារតី​​​នៃ​​​ភាព​​​ជា​​​ប្រទេស​​​ជិត​​​ខាង និង​​​មិត្ត​​​ភាព​​​​​​ដ៏​​​ល្អ​​​រវាង​​​កម្ពុជា​​​និង​​​ថៃ ហើយ​​​សូម​​​ស្នើ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ដល់​​​អាជ្ញាធរ​​​ថៃ​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ចៀស​​​វាង​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ការ​​​បាញ់សម្លាប់​​​ ប៉ុន្តែ​​​សូម​​​ប្រើ​​​វិធានការ​​ច្បាប់​​​ប្រឆាំង​​​នឹង​​​ជន​​​ដៃ​​​ដល់​​​វិញ”។

រៀង​​​រាល់​​​ឆ្នាំ ពលរដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​នាក់​​​ត្រូវ​​​ទាហាន​​​និង​​​នគរបាល​​​ព្រំដែន​​​ថៃ​​​បាញ់​​​ ខណៈ​​​ដែល​​​កាប់​​​ឈើ​ខុស​​​ច្បាប់​​​ឆ្លង​​​ព្រំដែន។ កម្ពុជា​​​បាន​​​ជំរុញ​​​ដដែល​​​ៗ​​​ឲ្យ​​​ទាហាន​​​ថៃ​​​ចាប់ខ្លួន​​​និង​​​ផ្តន្ទា​​​ទោស​​​អ្នក​​​កាប់​​​ឈើ​​​ទាំង​​​នោះ​​​ជំនួស​​​ឲ្យ​​​ការ​​​បាញ់​​​សម្លាប់។

កាលពី​​​ថ្ងៃ​​​សុក្រ​​​ផង​​​ដែរ ក្រសួង​​​ការ​​​បរទេស​​​​​​បាន​​​ចេញ​​​សេច​​​ក្តី​​​ថ្លែង​​​ការ​​​ណ៍​​​ពីរ​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​ដោយ​​​ប្រកាស​​​ពី​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​លោក តាណា​​​សាក់ ប៉ាទី​​​ម៉ាប្រាកន រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ថៃ​​​នៅ​​​ថ្ងៃពុធ និង​​​ថ្ងៃ​​​ព្រហស្បតិ៍ និង​​​ដំណើរ​​​ទស្សនកិច្ច​​​លើក​​​ដំបូង​​​របស់​​​​​​លោក ប្រាយុទ្ធ នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃ​​​នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍ និង​​​ថ្ងៃសុក្រ។

ក្រសួង​​​បាន​​​លើក​​​ឡើង​​​ថា លោក ប្រាយុទ្ធ នឹង​​​ចូល​​​គាល់​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី  ហើយ​​​បន្ទាប់មក​​​ជួប​​ពិភាក្សា​​​ការងារ​​​ជាមួយ​​​លោក នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន ​​​និង​​​បន្ទាប់មក​​នាយករដ្ឋមន្ត្រីទាំង​​​ពីរ​​​នឹង​​​ចុះហត្ថលេខា​​​លើ​​​អនុ​​​ស្ស​​​រណៈ​​​នៃ​​​ការ​​​យោគ​​​យល់គ្នា​​ទាក់ទង​​​ទេសចរណ៍ ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ផ្លូវ​​​រថភ្លើង​​​​​​ត​​​ភា្ជាប់​​​ប្រទេស​​​ទាំងពីរ។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាល​​​ពីម្សិលមិញ លោក កុយ គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេសបាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​មាន​​​ព័ត៌មាន​​​លម្អិត​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ទេ ហើយ​​​មិន​​​ដឹង​​​ថា តើ​​​ការ​​​បាញ់​​​សម្លាប់​​​លោក សឿន វ៉ន នេះ​​​នឹង​​​ត្រូវ​​​លើក​​​យក​​​មក​​​ពិភាក្សា​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ។

លោក ង៉ោ ម៉េងជ្រុន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត ទី​​​ដែល​​​ផ្លូវ​​​រថភ្លើង​​​កម្ពុជា និង​​​ថៃ​​​ជួប​​​គ្នា​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ដឹក​​​ជញ្ជូន​​​នៃ​​​ប្រទេស​​​ទាំងពីរ​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ព្រំដែន​​​នេះកាលពី​​​ខែមុន​​​ដើម្បី​​​ចូលរួម​​​ពិធី​​​បើក​​​ការដ្ឋាន៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស