យោងតាមរបាយការណ៍ថ្មីមួយចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថាកម្ពុជាចាំបាច់ត្រូវធ្វើអ្វីបន្ថែមទៀតក្រៅពីបើកទូលាយព្រំដែនរបស់ខ្លួនស្វាគមន៍ពាណិជ្ជកម្ម និងការវិនិយោគ ប្រសិនបើខ្លួនសង្ឃឹមចង់បានអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចដែលបង្កឡើយដោយហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ និងស្ថាប័នដែលមានអំពើពុករលួយ។
ចាប់តាំងពីការបោះឆ្នោតរៀបចំឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ដែលប៉ុន្មានឆ្នាំក្រោយពីនោះនៅតែមានសង្គ្រាម និងស្ថិតក្នុងភាពឯកោមកនោះ គោលនយោបាយពាណិជ្ជកម្ម និងវិនិយោគសេរីរបស់កម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនក្លាយជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក ដែលភាគច្រើនពឹងផ្អែកវិស័យកាត់ដេរ វិស័យសំណង់ និងវិស័យទេសចរណ៍។
ទោះជាយា៉ងណា ជាមួយសេដ្ឋកិច្ចមួយដែលមិនអាចធ្វើឲ្យមានសម្បូរបែបក្រៅពីឧស្សាហកម្មសំខាន់ៗទាំងនោះ របាយការណ៍ដែលមានឈ្មោះថា Trade Policy Challengesina Small, Open, Fragile, Postconflict Economy: Cambodia លើកឡើងថា យុទ្ធសាស្ត្រសម្រាប់បើកទូលាយសេដ្ឋកិច្ចគឺជារឿង “ចាំបាច់ ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍឆាប់រហ័ស មានលក្ខណៈទូទៅប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុងជ្រោយនៅឡើយទេ”។
យោងតាមរបាយការណ៍ដែលសរសេរដោយលោក ហល ហីុល (Hal Hill) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី និងលោក ចាយ៉ាន
មេណុន (Jayant Menon) សេដ្ឋវិទូជាន់ខ្ពស់នៅការិយាល័យសមាហរណកម្មតំបន់របស់ធនាគារ ADB បានឲ្យដឹងថា បញ្ហាចម្បងៗ ដែលកម្ពុជាប្រឈមនៅពេលតំបន់បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ គឺ “ស្ថិតនៅពីក្រោយព្រំដែន”។
របាយការណ៍នេះលើកឡើងទៀតថា “ឧបសគ្គចម្បងៗចំពោះសមាហរណកម្មសេដ្ឋកិច្ចនៅពេលនេះ គឺស្ថិតនៅពីក្រោយព្រំដែន រួមមានទាំងថ្លៃភ័ស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធខ្ពស់បទប្បញ្ញត្តិពិបាកយល់ ប្រព័ន្ធច្បាប់ទន់ខ្សោយ និងកម្រិតអំពើពុករលួយខ្ពស់ផងដែរ”។
វាបានលើកឡើងទៀតថា រំហូរទុនពីបរទេសត្រូវបានក្រុមអភិជនស្រូបយក ជាហេតុបង្កឲ្យមានគម្លាតកាន់តែធំរវាងអ្នកមាន និងអ្នកក្រ។
របាយការណ៍នេះលើកឡើងទៀតថា “វិសមភាពច្បាស់ក្រឡែតពាក់ព័ន្ធនឹងរំហូរទុនពីបរទេស និងជំនាញ ហើយបណ្តាញនយោបាយក្នុងស្រុកប្រមូលផ្តុំដែលទទួលបានអត្ថប្រយោជន៍ពីរំហូរទាំងនោះ គំរាមធ្វើឲ្យខូចទំនាក់ទំនងសង្គម ហើយប្រហែលជាអាចបង្កឲ្យអ្នកជាតិនិយមមានប្រតិកម្មខ្លាំងទៀតផង”។
របាយការណ៍នេះធ្វើឡើងខណៈពេលក្រសួងពាណិជ្ជកម្មបានប្រកាសគំនិតផ្តួចផ្តើមជាបន្តបន្ទាប់នៅឆ្នាំនេះដើម្បីលុបបំបាត់អំពើពុករលួយតាមរយៈការបង្កើតទំនាក់ទំនងបន្ថែមទៀតរវាងក្រុមហ៊ុនសហគ្រាស និងរដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិច ហើយវិធានការនានានឹងត្រូវបានអនុវត្តតាមច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចដែលនឹងត្រូវដាក់ជូនទៅរដ្ឋសភាអនុម័តនៅដំណាច់ឆ្នាំនេះ។
លោក ចាយ៉ាន មេណុន បានលើកឡើងថា ឥទ្ធិពលនៃច្បាប់ពាណិជ្ជកម្មអេឡិចត្រូឡិកពឹងផ្អែកទាំងស្រុងលើរបៀបអនុវត្ត។ លោកបានលើកឡើងតាមរយៈអីុម៉េលកាលពីដើមខែនេះថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ច្បាប់ពាណិជ្ជកម្មអេឡិចត្រូឡិក នឹងត្រូវអនុម័ត ប៉ុន្តែត្រង់ថា វាធ្វើឲ្យមានភាពខុសគ្នាខ្លាំងនៅក្នុងការទប់ស្កាត់អំពើពុករលួយឬយ៉ាងណានោះ ត្រូវផ្អែកលើការអនុវត្តវា”។
លោកមានប្រសាសន៍ទៀតថា ការសន្យាស្រដៀងគ្នាចំពោះការបន្ធូរបន្ថយពាណិជ្ជកម្មនៅតាមតំបន់សេដ្ឋកិច្ចពិសេសបានបង្ហាញថា មានការកែប្រែបន្តិចបន្តួចនូវរបៀបធ្វើពាណិជ្ជកម្ម។ លោកមានប្រសាសន៍បន្តថា “បទពិសោធពាក់ព័ន្ធនឹងសេវាជាកញ្ចប់ដែលផ្តល់នៅតាមតំបន់សេដ្ឋកិច្ចពិសេស គឺថា ខណៈវាធ្វើឲ្យដំណើរការមានលក្ខណៈងាយស្រួល វាមិនមែនជាយន្តការជាកញ្ចប់ ឬជាយន្តការមានប្រសិទ្ធភាពនៅក្នុងការលុបបំបាត់ឱកាសស្វែងរកការសូកប៉ាន់ឡើយ”។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបដិសេធថា គោលនយោបាយសេដ្ឋកិច្ចបច្ចុប្បន្នរបស់រដ្ឋាភិបាល មិនបានជំរុញឲ្យមានវិសមភាពទេ ដោយលើកឡើងថា
ការវិនិយោគពីបរទេសផ្តល់អត្ថប្រយោជន៍ដល់អ្នកគ្រប់គ្នា។ លោកមានប្រសាសន៍ទៀតថា “ការវិនិយោគពីបរទេសផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ជាឧទាហរណ៍ ជនបរទេសមកបើកភោជនីយដ្ឋាន និងសណ្ឋាគារនៅកម្ពុជា ដូច្នេះពួកគេបង្កើតការងារសម្រាប់ប្រជាពលរដ្ឋរបស់យើង និងជនបរទេសពួកគេផ្ទាល់”។
លោកមានប្រសាសន៍បន្តទៀតថា របាយការណ៍នេះផ្តោតសំខាន់តែទៅលើទិដ្ឋភាពអវិជ្ជមាននៃការវិនិយោគលើសេដ្ឋកិច្ចប៉ុណ្ណោះដែលលោកបានមានប្រសាសន៍ថា ប្រហែលជានាំឲ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។ លោកបានលើកឡើងទៀតថា “បើការអនុញ្ញាតឲ្យទុនពីបរទេសចូលមកកម្ពុជាមិនមែនជារឿងចាំបាច់ អ៊ីចឹងបិទទ្វារតែម្តងទៅ”៕សុខុម