28.5 C
Phnom Penh

ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈស្នើសុំឲ្យ​ផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​នគរបាល​ដែលបានរក​ឃើញ​ព្រះបរមសារីរិកធាតុវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ដល់​គ្រឿង​ឥស្សរិយយស​​ដល់​មន្ត្រី​នគរ​បាល​ចំនួន​១៤​រូប ដែល​បាន​ចូល​រួម​​រក​ឃើញ​មក​វិញ​នូវ​​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​ព្រះបរម​សារីរិកធាតុ​ដែល​ត្រូវ​បាន​លួច​ពី​ភ្នំឧដុង្គកាលពី​ខែ​ធ្នូ។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែ​តុលា លោកស្រី​ ភឿង សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ បាន​ស្នើ​សុំ​ឲ្យ​ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​នគរ​បាល​ចំពោះ​ការ​ស៊ើប​អង្កេត​​ព្រះ​បរម​សារីរិកធាតុ​ដែល​ត្រូវ​បានចោរ​លួច​នោះ​។

លិខិត​ដដែល​នេះ​មាន​ខ្លឹមសារ​ថា ” នាងខ្ញុំ​មាន​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​សូម​គោរព​ជម្រាប​ជូន​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជ្រាប​ថា​ ដោយ​មាន​ការ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​​ពីថ្នាក់ដឹកនាំ​និង​មន្ត្រី​នគរ​បាល​ទើប​ធ្វើ​ឲ្យ​រក​ឃើញ​មក​វិញ​នូវ​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​ព្រះរម​សារីរិកធាតុ​និង​ព្រះពុទ្ធប្បដិមានៅ​ភ្នំព្រះរាជទ្រព្យ ដែល​បាន​បាត់​កាលពី​ថ្ងៃ​ទី​​១០ ខែ​ធ្នូ ឆ្នាំ​២០១៣…​សូម​សម្ដេច​មេត្តា​ផ្ដល់​នូវ​គ្រឿង​ឥស្សរិយយស​ជូន​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​នគរ​បាល​ជាតិ​ចំនួន​១៤​រូប​”។

ក្នុង​ចំណោម​មន្ត្រី​នគរ​បាល​ទាំង​១៤​រូប​ គឺ​លោក នេត សាវឿន អគ្គស្នង​ការ​នគរ​បាល​ជាតិ និង​លោក​ឧត្តម​សេនីយ៍ឯក កង សុខន អគ្គស្នង​ការ​រ​ង​នគរ​បាលជា​ត​ិ និង​លោក​ឧត្ដម​សេនីយ៍ឯក​ ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​កណ្ដាលនគរ​បាលយុត​្តិធម៌ក្រសួង​មហាផ្ទៃ។ លោក​ទាំង​បី​​ត្រូវបាន​ស្នើសុំផ្ត​ល់គ្រឿង​ឥស្សរិយយស​ “ឯករាជ្យជាតិ”​។

ព្រះបរម​សារីរិកធាតុ​នេះ​ត្រូវ​បាន​ប្រទេស​ស្រីលង្កា​ផ្ដល់​មក​ឲ្យ​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​២០០២។ ការ​លួច​ព្រះបរមសារីរិកធាតុ​បាន​ធ្វើ​ឲ្យមានកំហឹង​​ទូទាំង​ប្រទេស​ ជា​ពិសេស​ក្នុង​ចំណោម​ពុទ្ធបរិស័ទ​​ ដែល​បាន​ចោទ​រដ្ឋាភិបាល​ថា មិន​បាន​ប្រឹង​ប្រែង​ស្វែងរក​​ព្រះ​បរម​សារីរិក​ធាតុ​មក​វិញឡើយ។

ក្រោយ​មក​នគរ​បាល​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​​សន្តិសុខ​បី​នាក់យាមព្រះសក្យមុនី​ចេតិយ​ គឺ​ឈ្មោះ ចម ថៃ អាយុ​៥៧​ឆ្នាំ​ សៀង សារិន អាយុ​៥៨​ឆ្នាំ និង​ កា សាក់ អាយុ​៤៦​ឆ្នាំ​​ជា​ប្រធាន​សន្តិសុខ​ ផា សុខែម អាយុ​៥៩​ឆ្នាំ និង​ កាន់ សុភ័ក្ត្រ អាយុ​៣៩​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប។

កាលពី​ខែ​កុម្ភៈ កែវ រស្មី អាយុ​២៤​ឆ្នាំ​​ត្រូវ​បាន​​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពីបទ​ចោរកម្ម បន្ទាប់​ពី​​ព្រះបរម​សារីរិកធាតុ និង​ព្រះសុវណ្ណកោដ្ឋ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​​ផ្ទះ​បាយ​របស់​ខ្លួន​ក្នុង​ខេត្ត​តាកែវ។ ក្រោយ​មក​ជន​នេះ​បាន​សារភាព​​ចំពោះ​​បទ​ឧក្រិដ្ឋ​នេះ​។

លោក​ លឹម សុគន្ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​មាន​ប្រសាសន៍កាល​ពី​ម្សិលមិញ​ថា ការ​សម្រេច​ថា តើត្រូវ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​នាក់​ ឬ​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​​ឬយ៉ាង​ណា​នោះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ។

សៀង ចំរើន កូនស្រី​របស់​លោក ណារិន ​បាន​និយាយ​ថា ឪពុក​របស់​នាង​គ្មាន​កំហុស​ទេ។ នាង​បាន​និយាយ​ថា “ប្រសិន​បើ​តុលាការ​មិន​ដោះ​លែង​គាត់​ទេ ខ្ញុំ​នឹង​ធ្វើការ​តវ៉ា​នៅ​មុខ​តុលា​ការ​សុំ​ឲ្យ​ដោះ​លែង​គាត់​”។ នាង​បាន​បន្ថែម​ថា “ខ្ញុំ​សូម​ស្នើ​ឲ្យ​ព្រះមហាក្សត្រ សីហមុនី និង​សម្ដេច​ ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ដោះ​លែង​​ពួកគាត់​ ពីព្រោះ​ពួកគាត់​គ្មាន​កំហុស​ទេ​”។

ទន្ទឹម​នឹង​នោះ​ដែរ លោក ម៉ក់​ ជីតូ បាន​ស្វាគមន៍​ព័ត៌មាន​នៃការ​ផ្ត​ល់គ្រឿង​ឥស្សរិយយស​ ហើយ​​បាន​រិះគន់​ជនសង្ស័យ​ទាំង​នោះ​។ លោក​បានមាន​ប្រសាសន៍​ថា ” ខ្ញុំ​គិត​ថា តុលាការ​អាច​ដោះ​លែង​ពួកគេ ប៉ុន្តែ​អាស្រ័យ​លើ​ភ័ស្តុតាង ពីព្រោះ​សន្តិសុខ​ខ្លះ​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ពេល​បំពេញ​ការ​ងារ ហើយ​ខ្លះ​ទៀត​បាន​យក​ព្រះពុទ្ធប្បដិមា​ទៅ​ទុក​នៅ​ផ្ទះ​របស់​ខ្លួន​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស