32.5 C
Phnom Penh

កម្មករ​រោងចក្រ​ Grand Twins ត្រឡប់​ទៅ​ធ្វើ​កូដកម្ម​វិញ ទោះបី​តុលាការ​​​​ចេញដីកា​ ហាម​​​ឃាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ប្រហែល​៥.០០០​នាក់មកពី​រោងចក្រ​កាត់​ដេរ​ Grand Twins International (GTI) ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ធ្វើ​កូដកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការ​ងារ​ បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គោរព​តាម​ដីកា​បង្គាប់របស់​តុលាការ​ ប៉ុន្តែ​បាន​​​​តវ៉ា​​​នៅ​ថ្ងៃ​បន្ទាប់​​ក្រោយពី​មានពាក្យ​ចចាម​អារ៉ាម​ថា មេដឹកនាំ​សហជីព​ពីរ​រូប​បាន​ប្រាក់​​​ដែល​ក្រុម​ហ៊ុន​ឲ្យ​​​​សម្រាប់​​​ចែក​​​កម្ម​ករ​ ដាក់​ហោប៉ៅ​ខ្លួន​ឯង​​។

​កម្មករ​​នៅ​រោងចក្រ​​កាត់​ដេរ​របស់​ចិន​តៃ​វ៉ាន់​ ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ ​ដែល​​​ស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​តែ​ពីរ​គត់ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញកាលពី​ថ្ងៃ​ព្រហស្បតិ៍ តាម​​​ដី​​​កា​​​​​បង្គាប់​​​​​របស់​​​​សាលា​ដំបូង​រាជ​ធានី ហើយ​​​ពួកគេ​​​នឹង​​​​​ត្រូវ​មាន​ទោស​​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ធ្ងន់​ធ្ងរ ប្រសិន​បើ​ពួកគេធ្វើ​​​​កូដកម្ម​តទៅ​​​ទៀត នេះ​បើ​យោង​តាម​ឯកសារ​​មួយ​របស់​ក្រុម​ហ៊ុន​ ដែល​បាន​លោត​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​​​នៅ​​​ក្នុង​​​​ថ្ងៃ​ដដែល​នេះ​។ ឯកសារ​នេះ​បញ្ជាក់​ថា “GTI សូម​ប្រកាស​ថា កម្មករ​ និង​និយោជិត​បាន​ត្រឡប់​ចូល​ធ្វើ​ការ​ធម្មតា​វិញ​ហើយ​”។

ប៉ុន្តែ​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា តំណាង​សហជីព​ពីរ​រូប​បាន​លួចប្រាក់​​​២០.០០០​ដុល្លារ​ដែល​ក្រុម​ហ៊ុន​បាន​ឲ្យ​ពួកគេ​ចែក​ចាយ​ក្នុង​ចំណោម​អ្នក​តវ៉ា​ ដើម្បី​ឲ្យ​​​ពួក​គេ​​ចូល​ធ្វើ​ការ​វិញ កម្មករ​ទាំង​នេះ​ក៏​បាន​សម្រេច​ចិត្ត​​ធ្វើ​កូដកម្ម​តទៅ​ទៀត​​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក គឹម ណាហួ ប្រធាន​សហព័ន្ធ​សហជីព​​សំឡេង​កម្មករ​កម្ពុជា​ ជា​សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ដែល​បាន​រៀបចំ​កូដកម្ម​នេះ។

លោក គឹម ណាហួ​ បាន​មាន​ប្រសាសន៍​ទៀត​ថា អំឡុង​ពេល​ចរចា​កាល​ពី​ម្សិលមិញ​ អ្នក​គ្រប់​គ្រង​រោងចក្រ​បាន​បដិសេធ​​ពាក្យ​ចចាមអារ៉ាម​នេះ​ ដោយ​លើក​ឡើង​ថា មិន​​​ធ្លាប់​​​មាន​​​​ការ​ដោះ​ដូរ​ប្រាក់ទ​​​នោះ​​​ទេ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា ” តំណាង​រោងចក្រ​បាន​សរសេរ​លិខិត​មួយ​ដើម្បី​បញ្ជាក់​ថា ពួកគេ​ [រោងចក្រ​] មិន​បាន​​ឲ្យ​ប្រាក់​មក​សហជីព​ទេ ហើយ​សហជីព​ក៏​មិន​បានយក​ប្រាក់ពី​ពួកគេ​ដែរ”។

លោក​បាន​លើក​ឡើង​ទៀត​ថា ការ​ចរចា​ជុំវិញ​ការ​ទាម​​ទារ​​លើក​​​មុន​​​​របស់​កម្មករ​​បាន​បរាជ័យ។ លោក នួន នី ​​​ប្រធាន​​​សហ​​​ព័ន្ធ​​​សហ​​​ជីព​​​គាំ​​​ទ្រ​​​កម្ម​​​ករ​​​កម្ពុជា ជាសហជីព​មួយ​ទៀត​ដែល​បាន​រៀបចំ​កូដកម្ម​នេះ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា កម្មករ​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​ ពីព្រោះ​ក្រុម​ហ៊ុន​បាន​ផ្ដល់​សម្បទាន​តិច​តួច​ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​​ថា “ក្រុម​ហ៊ុន​នឹង​​ឈប់បង្ខំ​ឲ្យ​កម្មករ​បោក​សម្លៀក​បំពាក់ និង​ភួយ​របស់​អ្នក​គ្រប់​គ្រង​ជនជាតិ​ចិន ដែល​នឹង​លែង​ជេរ​ប្រទេច​កម្មករ ហើយចង្អុល​មុខ​ពួកគេនៅ​ពេល​ពួកគេ​ធ្វើ​ខុស​បន្តិច​បន្តួច​​​ទៀត​​​ហើយ​”។

លោក ស្រា៊ គឹមយូ មេធាវី​តំណាង​ឲ្យ​រោងចក្រ​ Grand Twins បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​​នឹង​ពិចារណា​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​កម្មករ​បន្ត​ប្រឆាំង​​​ដីកា​​​បង្គាប់​របស់​តុលាការ​៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស