32.5 C
Phnom Penh

ប៉ូលិស​ឃាត់​ខ្លួន​អ្នក​បឹងកក់​៧​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលាក្រុង​បាន​បញ្ជាក់​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ចំនួន​៧​នាក់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ក្រុង​ភ្នំពេញ ពេល​មាន​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​ការ​ធ្វើ​ឲ្យ​ជន់លិច​តំបន់​បឹងកក់។

សកម្មជន​ប្រហែល​២០​នាក់​បាន​អូស​គ្រែ​មក​ដាក់​លើ​មហាវិថី​មុនីវង្ស​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​សាលា​ក្រុង​បូម​បង្ហូរ​ទឹក​ជំនន់​ចេញ​ជា​បន្ទាន់។ ក្រុម​សកម្មជន​បាន​ប្រវាយ​ប្រតប់​ជាមួយ​សន្តិសុខ​ខណ្ឌ​អស់​រយៈ​ពេល​ប្រហែល​កន្លះ​ម៉ោង បន្ទាប់ពី​កម្លាំង​សន្តិសុខ​បាន​អូស​គ្រែ​នោះ​ចេញ​ពី​ផ្លូវ ហើយ​បំផ្លាញ​គ្រែ​នោះ​ចោល។

ក្រោយមក អ្នក​តវ៉ា​បាន​ចាក​ចេញ​ពី​ផ្លូវ ហើយ​បាន​បន្ត​ការ​តវ៉ា​នៅ​មុខ​សាលា​ក្រុង ក្នុង​ពេល​នោះ​ ពួកគេ​៧​នាក់ រួមទាំង​អ្នកស្រី ទេព វន្នី ជា​សកម្មជន​ល្បី​ឈ្មោះ ត្រូវ​បាន​ឃាត់​ខ្លួន។

លោក ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា “យើង​បាន​ឃាត់​ខ្លួនមនុស្ស​៧​នាក់​ដែល​បាន​រំលោភ​ច្បាប់ ដោយ​បិទ​ផ្លូវ​សាធារណៈ។ យើង​បាន​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​ប៉ូលិសក្រុង…​ហើយប៉ូលិស​នឹង​ធ្វើ​របាយការណ៍”។

ក៏​ប៉ុន្តែ លោក ជួន ណារិន ស្នងការ​រងក្រុង​ភ្នំពេញ បាន​និយាយ​ថា អ្នក​តវ៉ា​ទាំង​នោះ​ស្ថិត​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលិស​ចរាចរណ៍។ លោក​បាន​និយាយ​ថា “អ្នកទាំង​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​ព្រោះ​បាន​បិទ​ផ្លូវ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍”។​

លោក ចេវ ហាក់ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

អ្នក​ភូមិ​បឹងកក់​និយាយ​ថា ការ​ជន់​លិច​ភូមិម្ក​របស់​ខ្លួន ដែល​បណ្តាល​ឲ្យ​ផ្ទះ​សំបែង​លិច​ដោយ​ទឹក​សម្អុយ​និង​សំរាម​ស្កេកស្កះ នា​រដូវ​វស្សា ដែល​បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​២០០៨​មក​ម៉្លេះ គឺ​នៅពេល​ដែល​ក្រុមហ៊ុន​របស់​លោក ឡៅ ម៉េងឃិន ឈ្មោះ​ស៊ូកាគុ បាន​បូម​ខ្សាច់​លុប​បឹង​នេះ ដើម្បី​សាងសង់​អគារ​ទំនើប​ស្កឹមស្កៃ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស