28 C
Phnom Penh

កម្មករ​រោងចក្រ​កាត់ដេរ ហ្គ្រែន ធ្វិន ត្រូវ​គេ​បណ្តេញ​ចេញ បាន​ចូល​ធ្វើការ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​និង​តំណាង​សហជីព​បាន​និយាយ​ថា រោងចក្រ​កាត់ដេរ ហ្គ្រែន ធ្វិន អិុនធើ​ណាស្យូណល ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ជាង​៦០០​នាក់​ត្រឡប់​ចូល​ធ្វើ​ការ​វិញ បន្ទាប់ពី​ការ​បណ្តេញ​ពួកគេ​មួយ​ថ្ងៃ​មុន​នោះ ពីព្រោះ​ពួកគេ​មិន​មាន​វត្តមាន​នៅ​កន្លែង​ធ្វើការ​កាលពី​ថ្ងៃ​សៅរ៍។

បញ្ជី​កម្មករ​ត្រូវ​គេ​បិទតាម​ខ្លោង​ទ្វារ​រោងចក្រ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​មាន​ឈ្មោះ​កម្មករ​ប្រហែល​៦៥០​នាក់ ដែល​មិន​បាន​មក​ធ្វើការ​កាលពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​គេ​ឆូត​ចោល អម​ដោយ​ការ​ជូន​ដំណឹង​ថា ពួកគេ​ត្រូវ​បាន​បណ្តេញ​ចោល​ហើយ។

កញ្ញា ឡោ ឡាយហៀង អាយុ​២៩​ឆ្នាំ ជា​មេក្រុម​និង​ជា​តំណាង​សហជីព​ក្នុង​រោងចក្រ​នេះ​បាន​និយាយ​ថា ​កម្មករ​ដែល​បាន​ត្រឡប់​មកវិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ដឹងថា ពួកគេ​ត្រូវ​បណ្តេញ​ចេញ បាន​អះអាង​ថា ពួកគេ​គិត​ថា ពួកគេ​សម្រាក​រហូត​ដល់​ថ្ងៃ​អង្គារ បន្ទាប់ពី​ការ​ឈប់​សម្រាក​រយៈ​ពេល​៦​ថ្ងៃ ដែល​ក្នុង​រយៈ​ពេល​នោះ​មានតែ​ថ្ងៃ​សៅរ៍​ប៉ុណ្ណោះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ជាតិ។​​ កញ្ញា​បាន​និយាយ​ថា បន្ទាប់ពី​ការ​ចរចា​ជាមួយ​គណៈ​គ្រប់គ្រង គេ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។

កញ្ញា ឡាយហៀង បាន​និយាយ​ថា “កម្មករ​ទាំងអស់​បាន​ត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​ព្រឹក​នេះ មាន​ទាំង​កម្មករ​ជាង​៦០០​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បណ្តេញ​ចេញ​កាលពី​ថ្ងៃ​អង្គារ​ផង​ដែរ”។ កញ្ញា​បាន​បន្ថែម​ថា ក្រុមហ៊ុន​ស្នើ​ឲ្យ​អ្នក​ដែល​ត្រូវ​បណ្តេញ​ចេញ​ទាំង​នោះ​ចុះ​ហត្ថលេខា​លើ​ពាក្យ​សុំ​ធ្វើការ​ជាថ្មី។

យោងតាម​ លោក ង៉ែត សុខហាក់ អគ្គលេខា​សហព័ន្ធ​សហជីព​កម្មករ ដែល​តំណាង​ឲ្យ​កម្មករ​មួយ​ចំនួន​នៅ​រោងចក្រ ហ្គ្រែន ធ្វិន បាន​ឲ្យ​ដឹង​ថា កម្មករ​ជាច្រើន​នាក់​បាន​ប្រកែក​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ពាក្យនោះ​ទេ ពីព្រោះ ពួកគេ​បារម្ភ​ថា វាជា​ល្បិច​មួយ​របស់​ក្រុមហ៊ុន​ជួល​ពួកគេ​ធ្វើការ​ជាថ្មី ជា​កម្មករ​ថ្មី ដែល​មាន​ន័យ​ថា ពួក​កម្មករ​ទាំង​នោះ​នឹង​បាត់បង់​អត្ថប្រយោជន៍​បង្គរ។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុមហ៊ុន​បាន​ស្នើ​ឲ្យ​កម្មករ​ដែល​មិន​បាន​មក​ធ្វើការ​កាលពី​ថ្ងៃ​សៅរ៍ បំពេញ​ពាក្យ​លា​ឈប់​ពីការងារ ហើយ​ប្រសិនបើ​ពួកគេ​ចង់​ត្រឡប់​មក​ធ្វើការ​វិញ ពួកគេ​ត្រូវ​បំពេញ​ពាក្យ​ថ្មី”។

លោក សុខហាក់ បាន​និយាយ​ថា តំណាង​សហជីព​បាន​ប្រជុំ​ជាមួយគណៈ​គ្រប់គ្រង​រោងចក្រ និង លោក ប្រាក់ ចាន់ធឿន អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ដោះស្រាយ​វិវាទ​ក្រសួង​ការងារ ដែល​បានឈាន​ដល់​ឲ្យ​កម្មករ​ទាំងអស់​ត្រឡប់​មក​ធ្វើ​ការ​វិញ មិនថា​ពួកគេ​បាន​ចុះ​ហត្ថលេខា​ឯកសារ​នោះ ឬ​អត់​នោះ​ទេ។

លោក ចាន់ធឿន បាន​និយាយ​ថា លោក​បាន​ជួប​ជាមួយ​គណៈ​គ្រប់គ្រង ហ្គ្រែន ធ្វិន កាលពី​រសៀល​ថ្ងៃ​អង្គារ និង​បាន​បញ្ចុះ​បញ្ចូល​ក្រុមហ៊ុន​ឲ្យ​អនុញ្ញាត​កម្មករ​ដែល​ត្រូវ​បណ្តេញ​ត្រឡប់​មក​ធ្វើការ​វិញ ប៉ុន្តែ​បាន​និយាយ​ថា នឹង​មាន​កិច្ច​ប្រជុំ​មួយ​ទៀត​​ដើម្បី​ជម្រះ​បញ្ចប់​បញ្ហា​នេះ។

លោក​បាន​និយាយ​ថា “យើង​បានស្នើ​ក្រុមហ៊ុន​ឲ្យ​ទទួល​យក​ពួកគេ​មក​វិញ ហើយ​ពួកគេ​ត្រឡប់​មក​ធ្វើការ​វិញ​ហើយ…​ប៉ុន្តែ​នឹង​មាន​កិច្ច​ប្រជុំ​មួយ​ទៀត​រវាង​តំណាង​ក្រុមហ៊ុន​ តំណាង​កម្មករ និង​អគ្គ​នាយកដ្ឋាន​ដោះស្រាយ​វិវាទ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស