28.5 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ប្រយ័ត្នប្រយែង​ក្នុងការ​អត្ថាធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​ថ្មីៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ព្រមាន​គណបក្ស​ប្រឆាំង​កុំ​ឲ្យ​និយាយ​ថា ការ​ដាក់​ពន្ធនាគារ​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​សំខាន់ៗ​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ ប្រឆាំង​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២​ខែ​កក្កដា ដែល​បាន​បញ្ចប់​ការ​តវ៉ា​រយៈ​ពេល​ជិត​មួយ​ឆ្នាំ បន្ទាប់ពី​ការ​បោះឆ្នោត​មាន​ជម្លោះ​កាលពី​ឆ្នាំ​មុន។

លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ និង​នាំ​ខ្លួន​ទៅឃុំ​រង់ចាំ​ការ​កាត់​ក្តី ពីបទចោទ​ដែល​កើត​មាន​ប៉ុន្មាន​ថ្ងៃ​មុន​មាន​កិច្ច​ព្រមព្រៀង​ថ្ងៃ​២២​កក្កដា។

មន្ត្រី​គណបក្ស​ប្រឆាំង​១២​នាក់​ផ្សេង​ទៀត​ត្រូវ​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ស្រដៀង​គ្នា​ទៅ​នឹង​បទចោទ​លើ​លោក សុវណ្ណារ៉ា ដែល​នៅ​ក្នុង​​នោះ​រួម​មាន​”កុបកម្ម” ប៉ុន្តែ ១១​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​យក​ការ​ទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​បង្ខំ​ចិត្ត ក្នុង​ការ​បញ្ចប់​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ទទួល​យក​អាសនៈ​សភា​របស់​ខ្លួន។

គណបក្ស​ទាំង​២​បាន​និយាយ​នៅ​ពេល​នោះ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​សេរីភាព​នយោបាយ​ឡើង​វិញ និង​ឲ្យ​មាន​ភាព​សុខដុម​នឹង​គ្នា បន្ទាប់ពី​មាន​ការ​តវ៉ា​និង​ការ​បង្ក្រាប​រយៈ​ពេល​មួយ​ឆ្នាំ​មក។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ដែល​និយាយ​ថា ការ​ចាប់​លោក សុវណ្ណារ៉ា​ ដាក់​ពន្ធនាគារ​បាន​រំលោភ​ស្មារតី​កិច្ច​ព្រមព្រៀង​នោះ។

ជា​ការ​ឆ្លើយតប គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ផ្ទាល់​ដែល​បញ្ជាក់​ភាព​ដាច់​ដោយឡែក​ពី​គ្នា​រវាង​គណបក្ស​នេះ​និង​សកម្មភាព​ប៉ូលិស​និង​តុលាការ ដោយ​ពន្យល់​ថា ការ​ចាប់​ខ្លួន​នោះ​បាន​ធ្វើ​ឡើង​ដោយសារតែការ​ជាប់​ពាក់ព័ន្ធ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំពើ​ហិង្សា​ពេល​មាន​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ប៉ុណ្ណោះ។

សេចក្តី​ថ្លែងការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ខ្លឹមសារ​ថា “កាលពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលោភ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ដែល​ធ្វើ​ឡើង​រវាង​គណបក្ស​ទាំង២​កាលពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤ ទាក់ទង​នឹង​ករណី​ដែល​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប និង​មនុស្ស​មួយ​ចំនួន​ទៀត”។

សេចក្តី​ថ្លែងការណ៍​និយាយ​ថា ការ​ចាប់​ដាក់​ពន្ធនាគារ​ត្រូវ​បាន​ធ្វើ​ឡើង​ស្របតាម​នីតិវិធី​ច្បាប់ និង “ពុំ​មាន​ទាក់ទង​អ្វី​នឹង​ការ​អនុវត្ត​នៃ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ”។

សេចក្តី​ថ្លែងការណ៍​បន្ត​ទៀតថា “គណបក្ស​ប្រជាជន​កម្ពុជា​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ​ឲ្យ​បាន​​ត្រឹមត្រូវ និង​មាន​ប្រយោជន៍ដល់សភាព​ការណ៍​ជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា​សូម​បញ្ជាក់​នូវ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង​គណៈ​បក្ស​ទាំង​២ ដើម្បី​ស្ថិរ​ភាព វឌ្ឍនភាព និង​ភាព​សុខដុម​រមនា​នៃ​សង្គម​ជាតិ​របស់​យើង”។

លោក​​​ ខៀវ កាញារីទ្ធ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​ ដែល​មាន​តួនាទី​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជាយូរ​មក​ហើយ​នោះ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ពន្យល់​បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍​នេះ​ទេ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ស្មោះ​ត្រង់​ក្នុង​ការ​អះអាង​ថា ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​លោក សុវណ្ណារ៉ា។

លោក​បាន​និយាយ​ថា “តុលាការ​នៅ​កម្ពុជា​មិន​ឯករាជ្យ។ ពួកគេ​ធ្វើ​ទៅតាម​ពួក​មាន​អំណាច​និង​គណបក្ស​កាន់​អំណាច ពួកគេ​មិន​ធ្វើ​អ្វី​ ជាពិសេស​រឿង​នយោបាយ ដោយ​ឯករាជ្យ​ឡើយ”។ “ឥត​ប្រយោជន៍​ទេ​និយាយ​អំពី​ច្បាប់​នោះ … ពីព្រោះ​តុលាការ​គឺ​ជា​អ្នក​ដែល​កាត់​ក្តី​ច្បាប់ ហើយ​ជា​តុលាការ​ដែល​គណបក្ស​កាន់​អំណាច​ប្រើ​ដើម្បី​បំបិទ​មាត់​បក្ស​ប្រឆាំង”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស