39.4 C
Phnom Penh

បុរស​​​កាណាដា​​​ម្នាក់​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រួម​​​ភេទ​​​ជាមួយកុមារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​​​ជ​​​ន​​​ជាតិ​​​កាណាដា​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ពី​​​បទ​​​​​​សង្ស័យ​​​ថា បាន​​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​ក្មេង​​​ប្រុស​​​អនីតិជន​​​​​​​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ អំឡុង​​​ការ​​​បើក​​​សវនា​​​ការ​​​ជំនុំជម្រះ​​​រឿង​​​ក្តី​​​របស់​​​ជន​​​នេះ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត។

លោក​​​ Pierre Deslauriers ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៤​​​ខែ​​​កុម្ភៈ​​​នៅ​​​ពេល​​​នគរ​​​បាល​​​ទម្លុះ​​​ទ្វារ​​​ចូល​​​ទៅ​​​​​​ក្នុង​​​បន្ទប់​​​ជួល​​​របស់​​​គាត់​​​។ នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា បុរស​​​រូប​​​នេះ​​​បាន​​​ព្យាយាម​​​សម្លាប់​​​​​​ខ្លួន​​​ឯង​​​បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​យក​​​កូន​​​កាំបិត​​​​​​ចាក់​​​ពោះ​​​ និង​​​អារ​​​​​កដៃ​​​​​​​​​​​​ខ្លួន​​​ឯង​​​។ នគរ​​​បាល​​​​​​ដណ្តើម​​​យក​​​កូន​​​កាំបិត​​​​​​បាន​​​ពី​​​បុរស​​​រូប​​​នេះ​​​ ហើយ​​​បាន​​​បញ្ជូន​​​គាត់​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ។

ក្រោយ​​​មក​​​ លោក​​​ Deslauriers ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​ក្មេង​​​ប្រុស​​​ចំនួន​​​ប្រាំបី​​​នាក់​​​ ដែល​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​១៤​​​ឆ្នាំ ឬក្មេង​​​ជាង​​​នេះ។ លោក លី ប៊ុនហៀង មេធាវី​​​របស់​​​បុរស​​​រូប​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ ​​​អំឡុង​​​​​​​​​ពេល​​​​​​បើក​​​សវនាការ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ហើយ​​​បាន​​​អះ​​​អាង​​​ថា ក្មេង​​​ប្រុស​​​ទាំង​​​អស់​​​​​​បាន​​​អង្វរសុំ​​​លុយ​​​ពី​​​គាត់​​​។ លោក ប៊ុន​​​ហៀង បាន​​ឲ្យ​​​ដឹង​​​ទៀត​​​ថា លោក​​​ Deslauriers ​​​បាន​​​អះ​​​អាង​​​ថា ខ្លួន​​​​​​បាន​​​ឲ្យ​​​លុយ​​​​​​ទៅ​​​ក្មេង​​​ប្រុស​​​ទាំង​​​នោះ​​​ម្នាក់​​​ៗ​​​១ដុល្លារ ប៉ុន្តែ បាន​​​ហៅ​​​ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​ក្មេង​​​ប្រុស​​​​​​ទាំង​​​នេះ​​​ឲ្យ​​​ទៅ​​​សម្អាត​​​បន្ទប់​​​របស់​​​ខ្លួន​​​ជា​​​មុន​​​​​​សិន។

លោក​​​ ប៊ុន​​​ហៀង បាន​​​មាន​​​ប្រសាសន​​៍​​​ថា “ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​ក្នុ​​​ងចំណោម​​​ក្មេង​​​ប្រុស​​​ទាំង​​​នោះ​​​​​​បាន​​​សុំ​​​លុយ​​​ពី​​​គាត់​​​១​​​ដុល្លារ ហើយ​​​គាត់​​​បាន​​​ហៅ​​​ក្មេង​​​ប្រុស​​​ទាំង​​​នោះ​​​ឲ្យ​​​ទៅ​​​បន្ទប់​​​ជួល​​​របស់​​​គាត់​​​ដើម្បី​​​ជួយ​​​សំអាត​​​​​បន្ទប់​​​នេះ​​​ ហើយ​​​គាត់​​​បាន​​​ឲ្យ​​​ពួក​​​គេ​​​លេង​​​ហ្គេម​​​ក្នុង​​​កុំព្យូទ័រ​​​របស់​​​​​​គាត់​​​”។

លោក​​​ ប៊ុន​​​ហៀង បាន​​​​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ក្មេង​​​ប្រុស​​​ទាំង​​​ប្រាំបី​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​ផ្តល់​​​សក្ខីកម្ម​​​ប្រឆាំង​​លោក​​​ Deslauriers ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក ជា ណារ៉ា មេធាវី​​​តំណាង​​​ជន​​​រង​​​គ្រោះ​​​​​​បាន​​​បញ្ជាក់​​​​​​ថា លោក​​​ Deslauriers  បាន​​​បដិសេធ​​​​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ដាក់​​​បន្ទុក​​​លើ​​​រូប​​​គាត់​​​​​​ក្នុ​​​ងតុលាការ​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ពី​​​ករណី​​​នេះ​​​ ឬ​​​ការ​​​បើក​​​សវនាការ​​​ឡើយ​​​ គឺ​​​គ្រាន់​​​តែ​​​បាន​​​បញ្ជាក់​​​ម្តង​​​ទៀត​​​ថា ក្មេង​​​ប្រុស​​​ទាំង​​​នេះ​​​ពិត​​​ជា​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ដោយ​​​បុរស​​​ជនជាតិ​​​​​​កាណាដា​​​រូប​​​នេះ​​​ពិត​​​មែន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​អ្នក​​​អំពី​​​សាក្សី​​​ [ក្មេង​​​ប្រុស​​​ទាំង​​​នេះ] បាន​​​ទេ​​​ ព្រោះ​​​ដើម្បីសុវត្ថិភាព​​​ផ្ទាល់​​​ខ្លួនរបស់​​​​​​ពួក​​​គេ​​​”។

លោក ណារ៉ា បាន​​​លើក​​​ឡើ​​​ង​​​ថា សាលក្រម​​​នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​សុក្រ។

បន្ទាប់​​​ពី​​​ការ​​​ចាប់ខ្លួន​​​លោក​​​ Deslauriers  កាល​​​ពី​​​ខែ​​​កុម្ភៈ​​​រួច​​​ កាសែត​​​ La Presse ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ម៉ុង​​​រ៉េអាល​​​ បាន​​​ចុះ​​​ផ្សាយ​​​ថា លោក​​​ Deslauriers ត្រូវ​​​បាន​​​ផ្តន្តា​​​ទោស​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សារ​​​នៅ​​​ក្នុង​​​ប្រទេស​​​កាណាដា​​​ ហើយ​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​​​ប្រាំ​​​ឆ្នាំ​​​ពីបទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​ក្មេង​​​ស្រី​​​​​​ចំនួន​​​ពីរ​​​នាក់​​​ដែល​​​មាន​​​អាយុ​​​៣​​​ឆ្នាំ និង​​​៥​​​ឆ្នាំ​​​។

កាសែត La Presse ក៏​​​បាន​​​ចុះ​​​ផ្សាយ​​​ផង​​​ដែរ​​​ថា បុរស​​​ជន​​​ជាតិ​​​កាណាដា​​​រូប​​​នេះ​​​គឺ​​​ជា​​​អ្នក​​​ការ​​​ពារ​​​ជន​​​រួម​​​ភេទ​​​ជា​​​មួយ​​​កុមារ​​​ ហើយ​​​បាន​​​ថ្លែង​​​ជា​​​សាធារណៈ​​​ និង​​​បាន​​​សរសេរ​​​អត្ថបទ​​​មួយ​​​ចំនួន​​​​​​គាំទ្រ​​​​​​​​​ចំពោះ​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​មនុស្ស​​​ពេញ​​​វ័​យ​​​រួម​​​ភេទ​​​ជា​​​មួយ​​​កុមារ ក៏​​ដូច​​​ជា​​​​​​ផលិត​​​រូប​​​ភាពអាស​​​អាភាស​​​លើ​​​កុមារ​​​នៅ​​​ក្នុង​​​ស្ទូឌីយ៉ូ​​​របស់​​​ខ្លួន​​​​​​ផង​​​ដែរ​​​៕ស៊ុយ​​​ឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស