33.2 C
Phnom Penh

អគ្គិសនី​កម្ពុជា​ថាគ្មាន​ថាមពល​ពីទំនប់​វារីអគ្គិសនី​ខេត្ត​កោះកុង​បាន​បាត់បង់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បដិសេធ​ការ​អះអាង​ដែល​ថា អគ្គិសនី​ដែល​ផលិត​បាន​ដោយ​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ​កម្លាំង​២៤៦​មេហ្គាវ៉ាត់​ក្នុង​ខេត្ត​កោះកុង​មិន​ទាន់​បាន​ប្រើប្រាស់ ហើយ​បាន​អះអាង​ថា គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​”ដំណាក់កាល​សាកល្បង”។​​​​​​

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​អគ្គិសនី​កម្ពុជា (EdC) ផ្ទុយពី​ការ​អះអាង​ធ្វើ​ឡើង​ដោយ​លោក អិុត ប្រាំង រដ្ឋលេខា​ធិការ​ក្រសួងរ៉ែ​និង​ថាមពល។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ដើមខែ​នេះ លោក អិុត ប្រាំង បាន​មាន​ប្រសាសន៍​ថា ចាប់​តាំងពី​ទំនប់​វារីអគ្គិសនី​តាតៃ​បាន​ដំណើរ​ការ​នៅ​ពាក់​កណ្តាល​ខែ​សីហា​មក អគ្គិសនី​ដែល​ផលិត​ “មិន​ត្រូវ​បាន​ចែកចាយ​ទេ” ដោយសារ​តំបន់​នោះ​ខ្វះ​ហេដ្ឋារចនា​សម្ពន្ធ​ដែល​ចាំបាច់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា “គម្រោង​នេះ​កំពុង​ត្រូវ​សាកល្បង និង​មិន​ទាន់​រួច​រាល់​នៅ​ឡើយ​ទេ”។ សេចក្តី​ប្រកាស​បាន​បន្ថែម​ទៀត​ថា ទំនប់​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើម​ឆ្នាំ​ក្រោយ និង​បាន​បញ្ជាក់​ទៀត​ថា “ដូច្នេះ គ្មាន​ថាមពល​បាត់បង់ ហើយ​ក៏​គ្មាន​បាត់បង់​ចំណូល​រាជរដ្ឋាភិបាល​ដែរ”។

នៅ​ពេល​ទាក់ទង​កាលពី​ព្រហស្បតិ៍ លោក អិុត ប្រាំង បាន​មាន​ប្រសាសន៍​ជាថ្មី​ទៀត​ថា ទំនប់​តាតៃ​បាន​ផលិត​អគ្គិសនី​លើស​តម្រូវ​ការ។

លោក​មាន​ប្រសាសន៍​ថា “យើង​មាន​អគ្គិសនី​ដែល​មាន​កម្លាំង​លើស​សមត្ថភាព​ខ្សែ​បញ្ជូន​ថាមពល​បច្ចុប្បន្ន​នៅ​រដូវ​វស្សា ហើយ​ថាមពល​អគ្គិសនី​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​ទេ”។ លោក​បាន​បន្ថែម​ថា “យើង​មិន​ទាន់​មាន​ខ្សែ​ស្រូប​និងបញ្ជូន​ចេញ​ដើម្បី​ប្រើ​និង​ចែកចាយ [អគ្គិសនី]​នៅឡើយ”។

លោក កែវ រតនៈ អគ្គ​នាយក​អគ្គិសនី​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

អំឡុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ទី​៦​ខែ​តុលា នៅ​សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​វិនិយោគ​អន្តរជាតិ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ជាច្រើន​នៅ​ក្នុង​ប្រទេស​នេះ​បាន​ឈាន​ទៅ​រក​ការ​លើស​ថាមពល​អំឡុង​រដូវ​វស្សា​ឆ្នាំ​នេះ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “នៅ​រដូវ​វស្សា​ក្នុង​ឆ្នាំ​២០១៤ [ប្រទេស​កម្ពុជា]​មាន​សល់​ប្រភព​ថាមពល​ប្រហែល​២៤៦​មេហ្គាវ៉ាត់​មិន​បាន​ប្រើប្រាស់​ ដោយមូលហេតុ​មកពី​​ខ្សែ​បណ្តាញ​បញ្ជូន​និង​បណ្តាញ​ចែកចាយ​នៅ​មិន​ទាន់​គ្រប់[គ្រាន់]”។ លោក​មិន​បាន​លើក​ចំ​ឈ្មោះ​ទំនប់​តាតៃ​ជាពិសេស​នោះ​ទេ។

លោក អិុត ប្រាំង ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា រដ្ឋាភិបាល​កំពុង​មាន​ផែនការ​សាងសង់​បណ្តាញ​បញ្ជូន​អគ្គិសនី​ថ្មី ដើម្បី​បញ្ជូន​អគ្គិសនី​ពី​ទំនប់​តាតៃ​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់ ប៉ុន្តែ​កំពុង​រង់ចាំ​ប្រាក់​កម្ចី​រាប់រយ​លាន​ដុល្លារ​ដើម្បី​ធ្វើ។

យោងតាម​លោក ជា ស៊ីថា អនុ​ប្រធាន​ក្រុមហ៊ុន BrightwayGroup ដែល​តំណាង​ក្រុមហ៊ុន​ចិន​មួយ​ដែល​បាន​ដាក់​សំណើ​សុំ​សង់​បណ្តាញ​អគ្គិសនី​នេះ​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​កាលពី​ខែ​មុន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាលបាន​បាត់បង់​ប្រាក់​ចំណូល​រួចហើយ​ប្រហែល​៧៤​លាន​ដុល្លារ ដោយសារតែ​រដ្ឋាភិបាល​មិន​អាច​លក់​អគ្គិសនី​ពី​ទំនប់​វារីអគ្គិសនី​នេះ​បាន៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស