32.5 C
Phnom Penh

មនុស្ស​ប្រាំមួយ​នាក់​ស្លាប់​បន្ទាប់ពី​ផឹកស្រាសដែលសង្ស័យថា​មាន​ជាត​ិ​ពុល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិល​មិញ​​ថា មនុស្ស​ប្រាំមួយ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​ក្រចេះ រយៈ​​ពេល​ពីរ​សប្ដាហ៍​​មុន​​​បន្ទាប់​ពី​ផឹក​​ស្រាស​ដែល​អាជ្ញា​ធរ​​មូល​ដ្ឋាន​សង្ស័យ​ថា មាន​ជាតិ​ពុល​​។

​កា​រស្លាប់ដំបូង​កើតឡើង​កាល​ពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា នៅ​ពេលនោះ​​លោក ឱ រ៉េន អាយុ​៥២​ឆ្នាំ​បាន​ស្លាប់​នៅ​ផ្ទះ​របស់​គាត់​ក្នុង​​ឃុំ​តាម៉ៅ ស្រុក​ព្រែក​ប្រសព្វ​ បន្ទាប់​ពី​បាន​ផឹក​ស្រាស​ដែល​បិត​ក្នុង​មូលដ្ឋាន។ មនុស្ស​​ប្រាំ​នាក់​ទៀត​​​​បាន​ស្លាប់​ចន្លោះ​ពេល​នោះ​ និង​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ រួម​ទាំង​ប្រពន្ធ​របស់​អ្នក​បិត​ស្រា​ម្នាក់ផង​​។

លោក អេង ចំណាត សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បាន​មាន​ប្រសាសន៍​ថា ជន​រងគ្រោះមាន​​អាការ​ដូច​ជា​ ឈឺក្បាល ក្អួត​ចង្អោរ និង​​ចេះ​តែ​ថប់​ដង្ហើម​មួយ​ថ្ងៃ​បន្ទាប់ពី​ផឹក​ស្រា​រួច​។ លោក​បាន​មាន​ប្រសា​សន៍​ថា “មុន​ពេល​ពួកគេ​ស្លាប់​ ជនរងគ្រោះ​ទាំង​អស់​សុទ្ធតែ​មាន​សុខ​ភាព​ល្អ។ យើង​សន្និដ្ឋាន​ថា ពួក​គេ​ស្លាប់​ដោយ​សារ​ផឹក​ស្រាស​នេះ​ឯង​ ប៉ុន្តែ​យើង​មិន​ទាន់​ប្រាកដនៅឡើយទេ ពីព្រោះ​មិន​មាន​អ្វី​កើត​ឡើងឡើយ​នៅ​ពេល​ពួកគេ​ផឹកស្រា​ពី​មុន​មក​”។

​លោក ឆេង ហុង ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​​បាន​មាន​​ប្រសា​សន៍​ថា មន្ត្រី​មួយ​ក្រុម​មក​ពី​​មន្ទីរ​សុខា​ភិបាល​ខេត្ត​បាន​ទៅ​​កន្លែង​នោះ​កាល​ពី​សប្ដាហ៍​​មុន​ ដើម្បី​ធ្វើ​តេស្ត​ស្រាស​នោះ​។ លោក​បាន​បន្ថែម​ថា ទោះ​យ៉ាង​ណា យើង​មិន​អាច​ឆ្លើយ​​សំណួរ​​ ណាមួយបានឡើយ​ ពីព្រោះ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​មិនទាន់​​ដឹង​នៅ​ឡើយ​”។

លោក អ៊ុំ ភី ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសា​សន៍​ថា លោក​បាន​​​បញ្ជា​ឲ្យ​​អ្នក​បិត​ស្រាស និង​អ្នក​លក់ស្រាសនៅ​ក្នុង​តំបន់​​នោះ​បិទ​អាជី​វកម្ម​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្នសិន​ បន្ទាប់​ពី​មាន​​​​​ការ​សង្ស័យ​អំពី​ស្រា​នេះ​ដែលបានលើកឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ពីរ​ថ្ងៃ​បន្ទាប់​ពី​ជន​រង​គ្រោះ​ទី​១​បាន​ស្លាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដឹង​ថា តើ​នរណា​ម្នាក់​មាន​បំណង​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​លាយ​ក្នុង​ស្រា​ស​នោះឡើយ ប៉ុន្តែ​យើង​នឹង​ចាប់​ខ្លួន​ ហើយ​បិទហាង​របស់​ពួកគេ​ប្រសិន​បើ​លទ្ធផល​បង្ហាញថា មាន​ជាតិពុល​ក្នុង​​ស្រា​​មែន”។

លោក អ៊ុំ ភី បាន​បន្ថែម​ថា អ្នក​ភូមិ​ក៏​ត្រូវ​បាន​ដាស់​តឿន​កុំ​ឲ្យ​ផឹក​ស្រាស​​ទៀត លុះ​ណា​តែ​មន្ត្រី​សុខាភិបាល​ធ្វើ​ការ​វាយ​តម្លៃ​រួច​រាល់​សិន។

ការ​ផឹក​ស្រា​ស​ដែលសង្ស័យ​ថា​មាន​ជាតិ​ពុល​មិន​មែន​ជារឿង​ប្លែកទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ដែល​អ្នកភូមិ​ជាច្រើន​គ្រួសារ​​បិតនិង​លក់​​ស្រាទាំងនេះ​។

កាលពី​ឆ្នាំ​២០១១​មនុស្ស​យ៉ាង​តិច​ប្រាំបួន​នាក់​បាន​ស្លាប់ និង​ជាច្រើននាក់ទៀត​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​​ខេត្ត​ពោធិ៍សាត់ បន្ទាប់ពី​ផឹក​ស្រា​ដែលគេសង្ស័យថា មាន​លាយ​​សារធាតុ​មេតាណុល​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស