កាលពីនៅក្មេង គីម ហាក់ នឹកឃើញការជីកបានដបទឹកអប់ចាស់មួយដែលកប់ក្នុងដី។ គាត់នឹកឃើញកំសៀវចាស់មួយដែលគ្រួសាររបស់គាត់ធ្លាប់ប្រើដាំទឹក។

របស់ទាំងនេះ ដែលនៅរ៉ាត់រាយក្នុងផ្ទះរបស់អ្នកថតរូបនេះ ពេលដែលគាត់ធំដឹងក្តី គឺស្ថិតនៅក្នុងចំណោមរបស់មួយចំនួន ដែលគ្រួសាររបស់លោកបានយកមកជាមួយ នៅពេលពួកគេបានរត់ភៀសខ្លួនពីស្រុកកំណើតក្រុងបាត់ដំបងទៅជនបទក្នុងរបបខ្មែរក្រហម។
វត្ថុបែបនេះបង្កើតជាប្រធានបទនៃលទ្ធផលរួមចុងក្រោយរបស់លោក ហាក់ ឈ្មោះថា “នៅរស់” ដែលបានតាំងក្នុងវិចិត្រសាលឆ្នាំ១៩៦១ ជាផ្នែកមួយនៃមហោស្រពរូបថតអង្គរ Angkor Photo Festival ប្រចាំឆ្នាំលើកទី១០នៅខេត្តសៀមរាប ដែលបានបើកកាលពីថ្ងៃសៅរ៍ និងបន្តរហូតដល់ថ្ងៃទី៦ខែធ្នូ។
ជាបន្តបន្ទាប់ លោក ហាក់ បានថតគ្រប់វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ក្រមា សៀវភៅសរសេរ និងគ្រឿងតុបតែងលម្អ។ ប៉ុន្តែ គាត់មិនបានជ្រើសរើសយករបស់ចាស់ណាមួយដោយខ្លួនឯងទេ។ ទាំងនេះជារបស់ដែលគេយកមកតាមខ្លួនទាំងប្រញាប់ប្រញាល់ ពេលពួកគេត្រូវបង្ខំឲ្យទៅរស់នៅទីជនបទជាជីវិតកសិករក្នុងរបបខ្មែរក្រហម ពោលគឺគ្រឿងកំប៉ិកកំប៉ុកដែលបានក្លាយជារតនសម្បត្តិដោយសារកម្លាំងប្រវត្តិសាស្ត្រ។
លោក ហាក់ បានឲ្យដឹងតាមរយៈអីុម៉េលថា “នៅរស់ ជាគំនិតផ្ទាល់របស់ខ្ញុំដើម្បីបញ្ចេញឲ្យដឹងអំពីអនុស្សាវរីយ៍ផ្ទាល់ខ្លួននៃរូបថតចាស់ៗ និងរបស់របរធម្មតាដែលគ្រួសារខ្មែរក្នុងមូលដ្ឋានបានប្រគល់ឲ្យខ្ញុំ សែសិបឆ្នាំបន្ទាប់ពីរបបខ្មែរក្រហម”។
អ្នកថតរូបនេះបាននិយាយថា “ក្នុងឆ្នាំ១៩៧៥ ពេលរបប លន់ ណល់ ដួលរលំ គេមិនអាចយកអីវ៉ែអីវ៉ាន់តាមខ្លួនបានច្រើននោះទេ។ គេយកបានតែខោអាវ ឆ្នាំងដាំស្ល គ្រឿងអលង្ការតិចតួចប៉ុណ្ណោះ និងជាពិសេស រូបថតមួយចំនួន ដើម្បីរំឭកដល់បងប្អូនជាទីស្រឡាញ់។ រូបថតនិងវត្ថុទាំងនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ វាជាភ័ស្តុតាងនៃអតីតកាលក្នុងប្រវត្តិសាស្ត្រ”។
ឆ្នាំមុន អ្នកថតរូបនេះបានបោះផ្សាយសៀវភៅរូបថតទី១របស់ខ្លួន ឈ្មោះថា “រួបរួម” ដែលបានរៀបរាប់អំពីពិធីបុណ្យបរមសពព្រះមហាក្សត្រ នរោត្តម សីហនុ ។ គម្រោងថ្មីរបស់លោក គឺផ្តោតលើរឿងផ្ទាល់ខ្លួនច្រើនជាង។ លោក ហាក់ បានចាប់ផ្តើមការងារជាបន្តបន្ទាប់កាលពីខែមករា ដែលជំរុញដោយវត្ថុអនុស្សាវរីយ៍របស់គ្រួសាររបស់លោកផ្ទាល់។
លោកបាននិយាយថា “តាំងពីខ្ញុំនៅក្មេង នៅប្រទេសកម្ពុជា ខ្ញុំតែងតែឮឪពុកម្តាយ បងប្អូន និងសាច់ញាតិរបស់ខ្ញុំ និយាយអំពីបទពិសោធន៍អតីតកាលឈឺចុកចាប់របស់ពួកគាត់”។
លោក ហាក់ អាយុ៣៣ឆ្នាំ បានកើតពីរឆ្នាំក្រោយពីកងទ័ពវៀតណាមបានដណ្តើមកាន់កាប់ក្រុងភ្នំពេញនៅឆ្នាំ១៩៧៩ ដែលបញ្ចប់របប ប៉ុល ពត។ ប៉ុន្តែរឿងរ៉ាវជាច្រើនពីទសវត្សរ៍ខ្មៅងងឹតនោះ នៅតែបន្តអន្ទងតាមគាត់ ដូចការដាក់ចំណងជើងនេះអ៊ីចឹង។ លោកបាននិយាយថា “សង្គ្រាមអាចសម្លាប់ជនរងគ្រោះ តែវាមិនអាចសម្លាប់ការចងចាំរបស់អ្នកនៅរស់បានឡើយ។ ការចងចាំនៅរស់ គេស្គាល់ និងគេចែករំលែកគ្នា”។
គម្រោងរបស់លោក ហាក់ កំពុងបន្ត ហើយគាត់នៅកំពុងរករបស់នានា និងរឿងរ៉ាវពីគ្រួសារជាច្រើនតាមដែលគាត់អាចធ្វើបាន។ លោកបាននិយាយថា “ឥឡូវនេះ ខំប្រឹងប្រែងឲ្យទាន់ពេល ពីព្រោះសាក្សីរស់បាត់បង់ជីវិតជាបណ្តើរៗហើយ”។
ប្រវត្តិនៃវត្ថុទាំងនេះនៅក្នុងចំណោមរឿងផ្សេងៗគ្នា ដែលប្រាប់ដោយអ្នកថតរូបមកពីប្រទេសជាច្រើន ក្នុងនោះមានប្រទេសឥណ្ឌា កូឡំប៊ី និងប្រទេសអ៊ុយក្រែន ដែលចូលរួមក្នុងមហោស្រពរូបថតអង្គរឆ្នាំ២០១៤ ដែលមានវិចិត្រសាលជាច្រើននិងទីកន្លែងសាធារណៈ ព្រមទាំងកម្មវិធីសិក្ខាសាលាមួយផង។

យោងតាម លោកស្រី ហ្វ្រានស័រ កាលីយ៉េ អ្នកសម្របសម្រួលកម្មវិធីមហោស្រពបានឲ្យដឹងថា មហោស្រពនៅឆ្នាំនេះទទួលបានសំណើសំុចូលរួមជាង១.៧៥០ពីប្រហែល៨៥ប្រទេស ជម្រុះមកត្រឹម១៤ពិព័រណ៍ និងបន្តបន្ទាប់ផ្សេងទៀតដាក់បញ្ចាំងលើជញ្ជាំង និងផ្ទាំងសំពត់ ដែលរៀបចំនៅទូទាំងក្រុង។
លោកស្រី កាលីយ៉េ បាននិយាយថា “លក្ខណៈវិនិច្ឆ័យសំខាន់របស់ខ្ញុំគឺការនិទានរឿងល្អ។ ក្នុងពេលជាមួយគ្នានេះ យើងទទួលស្គាល់សារៈសំខាន់នៃតួនាទីរបស់យើងក្នុងការរកឃើញការងារថ្មីពីអ្នកថតរូបក្មេងៗ រឿងដែលគេមិនស្គាល់ និងទេពកោសល្យថ្មីៗ ដែលគេមិនទាន់ដឹងលើឆាកអន្តរជាតិនៅឡើយ”។
ថ្វីបើមហោស្រពនេះមានប្រវត្តិយូរហើយខាងសិល្បៈកើតថ្មី និងបញ្ហាសង្គមក៏ដោយ ក៏ការរៀបចំធ្វើជាថ្មីនៅឆ្នាំនេះទាក់ទងនឹងសង្គមយ៉ាងខ្លាំង ពោលគឺវិចិត្រករពិនិត្យលើប្រធានបទទាំងក្នុងស្រុកទាំងនៅលើសាកលលោក។
ប្រធានបទ “ព្រះសង្ឃនិមន្តមក”របស់អ្នកថតរូបអង់គ្លេស លូក ដាគ្លេប៊ី ចាប់អារម្មណ៍នឹងការប្រឹងប្រែងរបស់ព្រះសង្ឃខ្មែរ ក្នុងការការពារតំបន់អារ៉ែងនៅខេត្តកោះកុង ពីគម្រោងទំនប់វារីអគ្គិសនីដែលស្នើឡើង។
ក្នុងប្រធានបទ “The Pink Choice” អ្នកថតរូបវៀតណាម ម៉ាយកា អេឡាន ជាអតីតនិស្សិតសិក្ខាសាលាមហោស្រពរូបថតអង្គរ បានថតរូបឱកាសសប្បាយរីករាយគួបផ្សំនឹងភាពស្និទ្ធស្នាល ជាប្រធានបទមួយដែលគេមិននិយាយដល់ក្នុងប្រទេសវៀតណាមអភិរក្សនេះ។ ប្រធានបទ ”ក្មេងសម្រាប់ជួល” របស់អ្នកថតរូបអាល្លឺម៉ង់ សានដ្រា ហូអិន លាតត្រដាងអំពីជំនួញក្មេងកំព្រារបស់ប្រទេសឥណ្ឌា។
ហើយអ្នកថតរូបចិនដ៏ល្បី ហ្វាន ហូ ប្រើស្រមោលនិងពន្លឺដើម្បីពិពណ៌នាក្រុងហុងកុងនៅទសវត្សរ៍ឆ្នាំ១៩៥០និង១៩៦០ ក្នុងពេលដែលក្រុងនេះ ដែលកើតមានការតវ៉ាទាមទារប្រជាធិបតេយ្យនាពេលថ្មីៗនេះ បានជិតក្លាយទៅជាទីក្រុងធំមួយ។
មហោស្រពនៅឆ្នាំនេះលើកសរសើរលក្ខណៈពិសេសពីរ គឺ “GreenLight Series” ដែលលើកតម្លៃរឿងរ៉ាវរូបថត ដែលផ្តោតលើកង្វល់បរិស្ថាន និង “Impact Project” ដែលបង្ហាញការរៀបរាប់រឿងដែលអាចមើលឃើញជារូបភាពនៃបុគ្គលនីមួយៗ ឬក្រុម ដែលរួមចំណែកដល់សង្គម។
រូបថតតែមួយមុខមានការឆ្លុះបញ្ជាំងស៊ីជម្រៅនិងពោរពេញដោយគំនិត ចំណែកឯមហោស្រពនេះក៏សម្របសម្រួលឲ្យមានការប្តូរគំនិតគ្នាតាមរយៈសិក្ខាសាលារបស់ខ្លួន ដែលមានលោក ហាក់ ជាអតីតនិស្សិតម្នាក់ដែរ។
ការលើកឡើងក្នុងមហោស្រពនោះ គឺការពិភាក្សា ដែលមានប្រធានបទ “ទស្សនៈអាស៊ី ការចាប់ផ្តើមដំណើរការ បណ្តាញព័ត៌មានសង្គមនិងរូបថត” អំពីបច្ចេកវិជ្ជាថ្មីប៉ះពាល់ដល់ការងារអ្នកថតរូបយ៉ាងដូចម៉្តេច និងសុន្ទរកថា ដែលមានបទបង្ហាញរបស់អ្នកថតរូបសង្គ្រាមជើងចាស់ ប៉ាទ្រិក ឆាវែល អំពី “Ceux du Nord” គឺជាកម្រងរូបថតដែលកម្របានឃើញក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ របស់អ្នកថតរូបវៀតណាមខាងជើង៕មានិត