32.5 C
Phnom Penh

ព្រះសង្ឃរាជ​ហាម​ការ​ហែក្បួន ប៉ុន្តែ​សង្ឃ​សកម្មជន​នៅតែ​បន្តក្បួនធម្មយាត្រា​ទៅ​មុខ​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្បួន​ធម្មយាត្រា​សិទ្ធិ​មនុស្ស​ទូទាំង​ប្រទេស​បាន​ជួបនឹង​ឧបសគ្គ​មួយ​លើក​ទៀត​កាលពី​ចុង​សប្តាហ៍ នៅ​ពេលដែល​សកម្មជន​និង​ព្រះសង្ឃ តាម​សេចក្តី​រាយការណ៍​ថា ត្រូវ​គេ​រារាំង​មិន​ឲ្យ​ចូល​សម្រាក​ក្នុង​វត្ត​នៅ​ទូទាំង​ប្រទេស ពេល​ដែល​គណៈ​សង្ឃ​ទាំងពីរ​និកាយ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​សុក្រ ហាមឃាត់​ព្រះសង្ឃ​មិន​ឲ្យ​ចូល​រួម​ក្នុង​បាតុកម្ម​ជា​សាធារណៈ។

សកម្មជន​និង​ព្រះសង្ឃ​៦​ក្រុម​មាន​គ្នា​ជាង​៦០០​អង្គ​អ្នក​បាន​ចាប់​ផ្តើម​ការ​ដើរ​ក្បួន​រយៈ​ពេល​៥​ថ្ងៃ​ទៅ​ក្រុង​ភ្នំពេញ ពី​ទិស​ផ្សេង​គ្នា​កាលពី​ថ្ងៃ​សុក្រ និង​មាន​ផែនការ​មក​ជួប​គ្នា​នៅ​មុខ​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ​ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស។

សេចក្តី​ប្រកាស​រួម​ដែល​ចេញ​ដោយ​គណៈ​សង្ឃ​គណៈ​មហានិកាយ និង​គណៈ​សង្ឃ​គណៈ​ធម្មយុត្តិក​និកាយ កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​ហែក្បួន ការ​តវ៉ា កូដកម្ម ឬ​កុបកម្ម។ សេចក្តី​ប្រកាស​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​រារាំង​ព្រះសង្ឃ​កុំ​ឲ្យ​ចួលរួម​ផងដែរ។

សេចក្តី​ប្រកាស ដែល​ចុះ​ហត្ថលេខា​ដោយ​លោក មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា និង​ព្រះសង្ឃរាជ​ទាំង​ពីរ​និកាយ មាន​ខ្លឹមសារ​ថា “គណៈ​សង្ឃ​ទាំងពីរ​និកាយ​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស​ជួយ​រារាំង​ការ​ប្រព្រឹត្ត​ខុស​ទាំង​នេះ និង​ថែរក្សា​សេចក្តី​ថ្លៃថ្លូរ​របស់​ព្រះពុទ្ធសាសនា”។

ទោះយ៉ាង​នេះក្តី ព្រះតេជគុណ ប៊ុត ប៊ុន​ទិញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ដែល​បាន​ជួយ​រៀបចំ​ការ​ដើរ​ក្បួន​នេះ បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ​មិន​បារម្ភ​អំពី​សេចក្តី​ប្រកាស​នេះ​ទេ។​​​ ព្រះតេជគុណ ប៊ុត ប៊ុនទិញ មាន​សង្ឃ​ដីកា​ថា “យើង​មិន​ខ្យល់​អំពី​ការ​ព្រមាន​នេះ​ទេ។ អាជ្ញាធរ​តែងតែ​និយាយ​ថា [សកម្មភាព​របស់​យើង]​ខុស​ច្បាប់ ប៉ុន្តែ​រដ្ឋាភិបាល​ខុស”។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទិ្ធមនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា អាជ្ញាធរ​បាន​ណែនាំ​វត្ត​អារ៉ាម​នៅ​ទូទាំង​ប្រទេស​ឲ្យ​ហាម​ឃាត់​មិន​ឲ្យ​ការ​ដើរ​ក្បួន​ណាមួយ​ចូល​វត្ត​ទេ។ លោក សំអាត មាន​ប្រសាសន៍​ថា “អាជ្ញាធរ​បាន​គំរាម​វត្ត​នីមួយៗ​ក្នុង​ខេត្ត​នីមួយៗ​ឲ្យ​បិទ​ខ្លោង​ទ្វារ​វត្ត”។

លោក បែន រ័ត្ន ​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ចាម​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​គំរាម​វត្ត​ណាមួយ​ក្នុង​ខេត្ត​របស់​យើង​ឲ្យ​ចាក់​សោ​ខ្លោង​ទ្វារ​កុំ​ឲ្យ​អ្នក​ហែក្បួន​ចូល​ស្នាក់​នៅ​នោះទេ”។

ព្រះសង្ឃ យិន រតន​សុធាវី ជា​សកម្មជន​សង្ឃ​ដែល​បាន​ចាប់​ផ្តើម​ការ​ហែក្បួន​ជាមួយ​មនុស្ស​ប្រហែល​១០០​នាក់​ផ្សេងទៀត​ក្នុង​ខេត្ត​តាកែវ បាន​មាន​សង្ឃដីកា​ថា វត្ត​អារ៉ាម​ជាច្រើន​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ មិន​បាន​ឲ្យ​ក្រុម​របស់​ព្រះអង្គ​ចូល​ស្នាក់​នៅ​ទេ​កាលពី​ថ្ងៃ​អាទិត្យ។ ព្រះអង្គ​មាន​សង្ឃ​ដីកា​ទៀតថា “ព្រះសង្ឃ​និង​សកម្មជន​បាន​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​ឆាន់-បរិភោគ​ក្រោម​ដើមឈើ ពីព្រោះ​វត្ត​ស្ទើរតែទាំងអស់​ក្នុង​ខេត្ត​នេះ​បាន​បិទ​ទ្វារ​មិន​ឲ្យ​ចូល”៕មានិត (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស