30.4 C
Phnom Penh

មេ​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​បណ្តា​​​ខេត្ត​​​ភាគ​​​ខាង​​​ជើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​ចុង​សប្ដាហ៍​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​ប្រាំ​នៅ​ភាគ​ជើង​​នៃ​​​ប្រទេស​​​កម្ពុជា​​​តាម​ការ​សន្យា​របស់​​​លោក កឹម សុខា កាលពី​ចុង​ខែ​មុន​ដែល​​​ថា គណ​​​បក្ស​ប្រឆាំង​នឹង​ចាប់​ផ្ដើម​ចុះ​​​ទៅ​​​ជួប​​​ជាមួយ​ម្ចាស់​​​ឆ្នោត​របស់​ខ្លួន​ខណៈ​​​ដែល​​កិច្ច​ការ​សភា​មិន​សូវ​បន្ទាន់​។

ដោយ​ឆ្លើយ​​​តប​​​ចំពោះ​ការ​រិះគន់​ខ្លាំង​ឡើង​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​សកម្ម​ភាព​​​គ្រប់​គ្រាន់​ជា​សាធារណៈ​ចាប់តាំង​ពី​គណបក្ស​នេះ​បាន​បញ្ចប់​ពហិការ​មិន​ចូល​សភា របស់​​​ខ្លួន​​​មក លោក​ កឹម សុខា បាន​​​ធ្វើការ​​​​ប្ដេជ្ញា​​នៅ​វេទិកា​គណបក្ស​របស់​​​ប្រឆាំង​កាល​​​ពី​​​ខែ​មុន​ថា សមា​​​ជិក​សភា​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​​​​ទាំង​៥៥​រូប​​​​​នឹង​ចុះទៅ​ជួប​ម្ចាស់​ឆ្នោត​នៅ​តាម​បណ្ដា​​​​ខេត្ត​នានា​នៅ​ពេល​ពួក​គេ​មិន​​​បាន​​​មក​ចូល​រួម​ក្នុង​រាជធានី​ភ្នំពេញ។

ដោយ​ចាប់ផ្ដើម​ជាមួយ​​វេទិកា​នៅ​ក្នុង​ខេត្ត​កំពង់ធំ កាល​​​ពី​​​ព្រឹក​ថ្ងៃ​សុក្រ លោក កឹម សុខា បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចេញ​ពី​​​រាជ​​​ធានី​ភ្នំពេញ ហើយ​ក្រោយមក​លោក សម រង្ស៊ី បាន​ចូល​រួម​ជាមួយ​លោក​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​​​នៅ​​​ពេល​​​រសៀល ហើយ​ចូល​​​រួម​​​ជាមួយ​​​លោក​នៅ​ពេល​​​ចុះទៅ​​​ខេត្ត​​​ផ្សេង​ៗ​ទៀត​។

ដោយ​​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយ​មានជ័យ​កាលពី​ថ្ងៃ​សៅរ៍ ​និង​ទៅ​កាន់​​ខេត្ត​ប៉ៃលិន​កាលពី​ម្សិលមិញ មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រូប​​បាន​​អំពាវ​នាវ​ឲ្យ​​អ្នក​គាំទ្រ​​​បន្ត​​​គាំទ្រ​​​ពួកគេ​រហូត​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ហើយ​ពេល​​​នោះ​​បោះ​ឆ្នោត​តាម​ទឹក​ចិត្ត​របស់​ខ្លួន​។

លោក សម រង្ស៊ី បាន​និយាយ​​​ជំទាស់​​​ការ​អនុវត្ត​​ចែក​អំណោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ដោយ​អំពាវ​នាវ​​ដល់​អ្នក​បោះ​ឆ្នោត​កុំ​ទទួល​យក​អំណោយ​តាម​គោល​​​ការណ៍​​​លទ្ធិ​ប្រជា​ធិប​​​តេយ្យ​។

លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ដែល​គណបក្ស​របស់​លោក​ទទួល​បាន​​​ជោគជ័យ​ដ៏​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ ដើម្បី​​​កាន់​​​កាប់​​​​​​​អាសនៈ​​​តែ​​​មួយ​​​គត់​​​នៅ​​​ក្នុង​​​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​​​ថា “នៅ​ពេល​អនាគត​ ​បង​ប្អូន​​ត្រូវ​មាន​គំនិត​ស្អប់​ខ្ពើម​នៅ​ពេល​នរណា​ម្នាក់​​ចែក​សារុង អំណោយ ឬ​លុយកាក់​បន្តិច​បន្តួច​​​ដល់​​​បងប្អូន”។

លោក សម រង្ស៊ី បាន​​មាន​ប្រសាសន៍​ថា “ជីវិត​របស់​យើង​ និង​អនាគត​កូន​​​ៗ​របស់​យើង​មិន​មាន​តម្លៃ​ស្មើ​នឹង​សារុង​មួយ​ឡើយ​។ សន្លឹក​ឆ្នោត​មាន​តម្លៃ​បំផុត ដូច្នេះ​យើង​មិន​ត្រូវ​លក់​សន្លឹក​ឆ្នោត​ទេ។ យើង​មិន​ត្រូវ​ការ​សារុង​ទេ ពីព្រោះ​យើង​ចង់​ឲ្យ​ប្រទេស​របស់​យើង​មាន​សុខ​​​សន្តិភាព​”។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​រាល់​​​លើក​​​តាំង​ពី​ឆ្នាំ​១៩៩៨​មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​​សភា​​ដែល​​​មាន​​​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ខេត្ត​ដែល​បាន​បំបែក​ចេញ​ពី​ខេត្ត​បាត់​ដំបង កាលពី​ឆ្នាំ​១៩៩៦ ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​សម្រាប់​ពួក​ឧទ្ទាម​ខ្មែរ​ក្រហម​នៅ​ទីនោះ ដែល​​បាន​ផ្ដាច់​ខ្លួន​ចូល​រួម​​​ជាមួយ​​​រដ្ឋាភិបាល​។

លោក កឹម សុខា បាន​​​និយាយ​ការ​ពារ​សេចក្ដី​សម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ការ​បញ្ចប់​ពហិការ​មិន​ចូល​សភា​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​គណៈ​​​កម្មា​​​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី។ លោក​បាន​មាន​ប្រសាសន៍​ក្នុង​ខេត្ត​ប៉ៃលិន​ថា “ការ​ចរចា​ និង​​​ការ​ចូល​សភា​របស់​យើង​គឺ​ដើម្បី​ផល​​​ប្រយោជន៍​​​ជាតិ និង​ផល​ប្រយោជន៍​ប្រជាជន​។ ដូច្នេះ​សូម​កុំ​​​បារម្ភ​ យើង​នឹង​មិន​លក់​​ទឹក​ចិត្ត​របស់​យើង​ឡើយ​”៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស