កាលពីម្សិលមិញ កម្មកររាប់រយនាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុនសីុនទ្រី ជាក្រុមហ៊ុនប្រមូលសំរាមតែមួយគត់នៅក្នុងរាជធានីភ្នំពេញបាននាំគ្នាប្តេជ្ញាថា នឹងបន្តធ្វើកូដកម្មទៀតនៅថ្ងៃនេះ ដើម្បីទាមទារដំឡើងប្រាក់ខែ និងកាត់បន្ថយថ្ងៃធ្វើការបន្ទាប់ពីការចរចាមិនអាចដោះស្រាយវិវាទបាននោះ។

លោក មុំ សារ៉ន ប្រធានសហព័ន្ធសហជីពលើកតម្កើងជីវភាពកម្មករ និយោជិតខ្មែរបានលើកឡើងថា បុគ្គលិកប្រហែល៩០ភាគរយក្នុងចំណោមបុគ្គលិកជាង១.០០០នាក់របស់ក្រុមហ៊ុនសីុនទ្រីបាននាំគ្នាធ្វើកូដកម្មកាលពីថ្ងៃច័ន្ទ ហើយថា អ្នកដែលនៅសេសសល់បានចូលរួមជាមួយពួកគេកាលពីម្សិលមិញ។
ខណៈអ្នកបោសសំរាមតាមផ្លូវបានយល់ព្រមត្រឡប់ទៅធ្វើការវិញកាលពីម្សិលមិញ បន្ទាប់ពីទទួលយកការដំឡើងប្រាក់ខែចំនួន១០ដុល្លារ ដោយធ្វើឲ្យប្រាក់ខែរបស់ពួកគេឡើងដល់១០៥ដុល្លារនោះ អ្នកប្រមូលសំរាមនៅតែនាំគ្នាធ្វើកូដកម្មដើម្បីទាមទារដំឡើងប្រាក់ខែចំនួន៤៥ដុល្លារបន្ថែមទៀត ដែលនឹងធ្វើឲ្យប្រាក់ខែរបស់ពួកគេឡើងដល់១៥០ដុល្លារក្នុងមួយខែ។ ចំណែកឯអ្នកបើករថយន្តដឹកសំរាមវិញកំពុងទាមទារឲ្យមានការដំឡើងដល់៣០០ដុល្លារក្នុងមួយខែ។
ខណៈសំរាមនៅគរតាមផ្លូវក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បុគ្គលិករបស់ក្រុមហ៊ុនសីុនទ្រីប្រហែល១០០នាក់បានចូលរួមការតវ៉ានៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនក្នុងខណ្ឌដង្កោ អំឡុងពេលមេដឹកនាំសហជីព អ្នកគ្រប់គ្រងក្រុមហ៊ុន និងតំណាងសាលារាជធានីកំពុងបន្តពិភាក្សានៅខាងក្នុង។
លោក មុំ សារ៉ន បានមានប្រសាសន៍ថា “កម្មករបានលើកឡើងថា ពួកគាត់នឹងមិនត្រឡប់ទៅធ្វើការងារវិញទេ ប្រសិនបើក្រុមហ៊ុនមិនឆ្លើយតបទៅនឹងអ្វីដែលពួកគេចង់បាន”។ លោក សេង ប៊ុនរិទ្ធ អ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន ស៊ីនទ្រី បានលើកឡើងថា ក្រុមហ៊ុនមិនមានលទ្ធភាពធ្វើតាមការទាមទាររបស់កម្មករឡើយ ប៉ុន្តែ លោកបានបន្ថែមថា ការចរចានឹងបន្តទៀតនៅថ្ងៃនេះ៕ស៊ុយឈាង