38.8 C
Phnom Penh

ការ​​​ប្រមូលស្វាយក្នុង​​​មួយ​​​ឆ្នាំ​​​​​​ពី​​​រ​​​លើក​​​នៅ​​​កម្ពុជា​​​ទាក់​​​ទាញ​​​ចំណាប់​​​អារម្មណ៍​​​បរទេស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ជំនាញ​​​អន្តរជាតិ​​​ជា​​​និច្ច​​​កាល​​​​​​តែង​​​តែ​​​ធ្វើ​​​ដំណើរ​​​មក​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​រៀប​​​ចំ​​​សិក្ខាសាលា​​​ ឬ​​​ផ្តល់​​​ចំណេះ​​​ដឹង​​​ដល់​​​ពល​​​រដ្ឋ​​​មូល​​​ដ្ឋាន​​​ ប៉ុន្តែ អ្នក​​​ស្រាវ​​​ជ្រាវ​​​របស់​​​ប្រទេស​​​អូស្ត្រា​​​លី​​​ទើប​​​តែ​​​បញ្ចប់​​​ការ​​​ចុះ​​​សិក្សា​​​ដល់​​​ទី​​​កន្លែង​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង កំពង់​​​ស្ពឺ និង​​​ខេត្ត​​​កណ្ដាល​​​ជា​​​ទី​​​ដែល​​​ពួក​​​គេ​​​បាន​​​ចំណាយ​​​ពេល​​​ជិត​​​ពីរ​​​សប្តាហ៍​​​ដើម្បី​​​សិក្សា​​​អំពី​​​បច្ចេក​​​ទេស​​​ដែល​​​កសិករ​​​ខ្មែរ​​​ប្រើ​​​ក្នុង​​​ការ​​​ដាំ​​​ស្វាយ​​​។mangos

ក្រុម​​​អ្នក​​​ស្រាវ​​​ជ្រាវ​​​ដែល​​​មក​​​ពីរដ្ឋ​​​ខុស​​​ៗគ្នា​​​ក្នុ​​​ង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ចាប់អារម្មណ៍​​​ក្នុង​​​ការ​​​សិក្សា​​​ដើម្បី​​​រក​​​​​​ឲ្យ​​​ឃើញ​​​ពី​​​របៀប​​​ដែល​​​កសិករ​​​ខ្មែរ​​​អាច​​​ទទួល​​​ផល​​​ស្វាយ​​​បាន​​​​​​​​​​​​​​​​​​ពីរ​​​លើក​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ ដែល​​​លើក​​​ទី​​​១ ចាប់​​​ពី​​​ខែ​​​មីនា ដល់​​​ខែ​​​ឧសភា ហើយ​​​លើក​​​ទី​​​២ចាប់​​​ពី​​​​​​ចន្លោះ​​​ខែ​​​សីហា ដល់​​​ខែ​​​កុម្ភៈ។

លោក Mark Hickey ប្រធាន​​​ក្រុម​​​​​​ដឹក​​​នាំ​​​គម្រោង​​​មក​​​ពី​​​ក្រសួង​​​អភិវឌ្ឍន៍​កសិ​ឧស្សាហកម្ម​​​(Department of Primary Industries) នៅ​​​រដ្ឋ​​​​​​ New South Wales ​​​បាន​​​លើក​​​ឡើង​​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​​​​ថា ផល​​​ប្រយោជន​​​៍​​​ដ៏​​​មាន​​​សក្ដានុពល​​សម្រាប់​​​ប្រទេស​​​អូស្ត្រាលី​​​មាន​​​ពីរ​​​ចំណុច​​​គឺ “ការ​​​យល់​​​ដឹង​​​ឲ្យ​​​កាន់​​​តែ​​​ប្រសើរ​​​អំពី​​​សត្វល្អិត​​​ និង​​​មេរោគ​​​ដែល​​​គ្មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​សព្វ​​​ថ្ងៃ​​​ និង​​​ដឹង​​​អំពី​​​របៀប​​​ដែល​​​កសិករ​​​ខ្មែរ​​​អាច​​​ប្រមូល​​​ផល​​​ស្វាយ​​​បាន​​​ពីរ​​​ដង​​​ក្នុង​​​មួយ​​​ឆ្នាំ​​​។ តើ​​​កត្តា​​​អ្វី​​​ទៅ ដែល​​​អាច​​​ធ្វើឲ្យ​​​វា​​​ទៅ​​​រួច​​​ដូច្នេះ​​​”។

លោក Hickey បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ការ​​​រក​​​ឲ្យ​​​ឃើញ​​​ពី​​​អាថ៌កំបាំង​​​ដែល​​​នៅ​​​ពី​​​ក្រោយ​​​ “កត្តា​​​ដែល​​​អាច​​​ប្រមូល​​​ផល​​​បាន​​​ពីរ​​​លើក​​​ក្នុង​​​មួយ​​​ឆ្នាំ” និង​​​កត្តា​​​ដែល​​​ជំរុញ​​​ឲ្យ​​​ដើម​​​ស្វាយ​​​ចេញ​​​ផ្កា​​​ខុស​​​រដូវ​​​អាច​​​ធ្វើ​​​ឲ្យ​​​កសិករ​​​អូស្ត្រាលី​​​អាច​​​បង្កើន​​​ប្រាក់​​​ចំណូល​​​របស់​​​ខ្លួន​​​​​​តាម​​​រយៈ​​​ការ​​​ផ្គត់​​​ផ្គង់​​​ផ្លែ​​​ឈើ​​​ដល់​​​អតិថិជន​​​របស់​​​ខ្លួន​​​​​​បាន​​​កាន់​​​តែ​​​ច្រើន​​​ជាង​​​មុន​​​។ ហើយ​​​វា​​​ក៏​​​អាច​​​ជួយ​​​អ្នក​​​វេច​​​ខ្ចប់​​​មាន​​​ការ​​​ងារ​​​ធ្វើ​​​ច្រើន​​​ជាង​​​មុន​​​ ដែល​​​ជួន​​​កាល​​​នៅ​​​ទំនេរ​​​នោះ​​​។

លោក​​​បាន​​​សរសេរ​​​ថា “យើង​​​សង្ឃឹម​​​ថា ឆ្លង​​​កាត់​​​តាម​​​រយៈ​​​ការ​​​សិក្សា​​​អំពី​​​របៀប​​​ប្រមូល​​​ផល​​​ស្វាយ​​​ខុស​​​រដូវ​​​នៅ​​​ទី​​​នេះ​​​ វា​​​នឹង​​​ជួយ​​​ឲ្យ​​​ការ​​​ប្រមូល​​​ផល​​​ស្វាយ​​​នៅ​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​កាន់​​​តែ​​​ប្រសើរ​​​ជាង​​​មុន​​​​​​​​​ ដែល​​​អាច​​​ជួយ​​​ឲ្យ​​​កសិករ​​​អូស្ត្រាលី​​​អាច​​​ផ្គត់​​​ផ្គង់​​​ផ្លែឈើ​​​ទៅ​​​ទី​​​ផ្សារ​​​​​​បាន​​​កាន់តែ​​​ច្រើន​​​ជាង​​​មុន ហើយ​​​វា​​​អាច​​​ជួយ​​​ឲ្យ​​​ការ​​​ប្រមូល​​​ផល​​​វិល​​​មក​​​វិញ​​​ឆាប់​​​រហ័ស​​​ដែល​​​កាល​​​ពីមុន​​​ត្រូវ​​​រង់​​​ចាំ​​​រយៈ​​​ពេល​​​យូរ​​​នោះ​​​”។

លោក​​​បាន​​​​​​សរសេរ​​​បន្ត​​​ថា “ម៉្យាង​​​វិញ​​​ទៀត​​​ វា​​​អាច​​​ជៀស​​​វាង​​​ការ​​​ជន់​​​ជោរ​​​ផ្លែ​​​ឈើ​​​នៅ​​​លើ​​​ទី​​​ផ្សារ​​​នៅ​​​ពេល​​​ដែល​​​កសិករ​​​គ្រប់​​​រូប​​​ប្រមូល​​​ផល​​​ក្នុង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​​​​”។

លោក Richard Markham អ្នក​​​គ្រប់​​​គ្រង​​​កម្ម​​​វិធី​​​ស្រាវ​​​ជ្រាវ​​​វិទ្យា​សាស្ត្រ​នៃការ​ដាំដុះ​នៅ​​​មជ្ឈមណ្ឌល​​​អូស្ត្រាលី​​​សម្រាប់​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​កសិកម្ម​​​អន្តរជាតិ​​​ (Australian Center for International Agricultural Research) ដែល​​​ផ្តល់​​​មូល​​​និធិ​​​សម្រាប់​​​គម្រោង​​​ដែល​​​មាន​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ជំរុញ​​​ឲ្យ​​​ស្វាយ​​​ឆាប់​​​ទទួល​​​បានផល​​​គឺ​​​វា​​​ជា​​​រឿង​​​សំខាន់ ព្រោះ​​​ផ្លែឈើ​​​វា​​​ងាយ​​​នឹង​​​ខូច​​​ខ្លាំង​​​ណាស់​​​មិន​​​អាច​​​ទុក​​​យូរ​​​បាន​​​ឡើយ​​​។

លោក​​​​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “នៅ​​​ពេល​​​គេ​​​ជំរុញ​​​ឲ្យ​​​ស្វាយ​​​ឆាប់​​​ទទួល​​​បាន​​​ផល​​​ រដូវ​​​ប្រមូល​​​ផល​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​​​កាន់​​​តែ​​​ខ្លី​​​ដែរ ហើយ​​​ដោយ​​​សារ​​​តែ​​​ស្វាយ​​​វា​​​មិន​​​អាច​​​ទុក​​​បាន​​​យូរ​​​ទេ​​​ វា​​​អាច​​​យក​​​ទៅ​​​លក់​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​បាន​​​តែ​​​ពីរ​​​បី​​​សប្តាហ៍​​​តែ​​​ប៉ុណ្ណោះ”។

លោក ហ៊ាន វណ្ណហន អគ្គនាយក​​​រង​​​នៃ​​​អគ្គ​​​នាយក​​​​​​ដ្ឋាន​​​កសិកម្ម​​​នៅ​​​ក្រសួង​​​កសិកម្ម​​​បាន​​​លើក​​ឡើង​​​ថា ចម្លើយ​​​សម្រាប់​​​ភាព​​​អាថ៌កំបាំង​​​នៃ​​​ស្វាយ​​​គឺ​​​វា​​​សាមញ្ញ​​​ទេ​​​ ព្រោះ​​​ថា កសិករគ្រាន់​​​តែ​​​ប្រើ​​​ “ជី និង​​​អ័រ​​​ម៉ូន”​​​ បន្ថែម​​​ប៉ុណ្ណោះ​​​ដើម្បី​​​អាច​​​ទទួល​​​បាន​​​ផល​​​ពីរ​​​លើក​​​ក្នុង​​​មួយ​​​ឆ្នាំ​​​នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​ប៉ះពាល់​​​ដល់​​​ដី​​​សម្រាប់​​​ដាំ​​​ស្វាយ​​​ទេ​​​ ប្រសិន​​​បើ​​​កសិករ​​​ប្រើ​​​វា​​​ត្រឹម​​​ត្រូវ​​​​​​”។

ទោះ​​​ជា​​​យ៉ាងណា លោក​​​ ឆាយ វ៉ាន ប្រធាន​​​សមាគម​​​ស្វាយ​​​​​​​​​​​​​​​​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​លើក​​​ឡើង​​​ថា មា​​​ន​​​តែ​​​កសិករ​​​មួយ​​​ចំនួន​​​តូច​​​ប៉ុណ្ណោះ​​​ក្នុង​​​ខេត្ត​​​របស់​​​លោក​​​ អាច​​​ប្រមូល​​​ផល​​​បាន​​​ពីរ​​​លើក​​​ក្នុង​​​មួយ​​​ឆ្នាំ ព្រោះ​​​កម្ពុជា​​​ខ្វះ​​​ហេដ្ឋារចនាសម្ព័ន្ធ និង​​​តម្រូវ​​​ការ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​តែ​​​កសិករ​​​ដាំ​​​ស្វាយ​​​​​​ប្រហែល​​​៣០​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​នៅ​​​ក្នុង​​​ខេត្ត​​​របស់​​​យើង​​​ ដែល​​​ប្រមូល​​​ផល​​​បាន​​​ពីរ​​​លើក​​​ក្នុង​​​មួយ​​​ឆ្នាំ​​​។ យើង​​​គ្មាន​​​ទី​​​ផ្សារ​​​ទេ​​​ ហើយ​​​មាន​​​ការ​​​ចំណាយ​​​ខ្ពស់​​​លើក​​​សង្វាក់​​​ផលិត​​​កម្ម​​​​​​​​​ ហេតុ​​​ដូច្នេះ​​​កសិករ​​​ភាគ​​​ច្រើន​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ឡើយ​​​​​​”។

លោក វ៉ាន បាន​​​លើក​​​ឡើង​​​ថា បន្ទាប់​​​ពី​​​ពិចារណា​​​លើ​​​វិស័យ​​​នេះ​​​ លោក​​​ស្វាគមន៍​​​ចំពោះ​​​ការ​​​មក​​​សិក្សាស្រាវជ្រាវ​​​របស់​​​ក្រុម​​​អ្នក​​​ស្រាវ​​​ជ្រាវ​​​​​​អូស្ត្រាលី​​​​​​ ព្រោះ​​​វា​​​អាច​​​ជួយ​​​កសិករ​​​ខ្មែរ​​​ឲ្យ​​​​​​បង្កើនគុណ​​​ភាព​​​​​​ផលិត​​​របស់​​​ខ្លួន​​​​​​​​​ដល់​​​ស្តង់ដារ​​អន្តរជាតិ​​​ ដើម្បី​​​អាច​​​ឈាន​​​ជើង​​​ចូល​​​ទីផ្សារ​​​ក្រៅ​​​ប្រទេស​​​បាន​​​។

លោក​​​បាន​​​មា​​ន​​​ប្រសាសន៍​​​ថា “យើង​​​ពិត​​​ជា​​​ត្រូវ​​​ការ​​​ជំនួយ​​​បច្ចេក​​​ទេស​​​ពី​​​ដៃគូ​​​អន្តរជាតិ​​​ដើម្បី​​​ជួយ​​​បង្កើន​​​គុណភាព​​​ផ្លែ​​​ស្វាយ​​​របស់​​​​​​យើង​​​ដើម្បី​​​នាំ​​​ចេញ​​​”។

យោង​​​តាម​​​លោក​​​ វណ្ណហន បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា គ្មាន​​​ស្ថិតិ​​​ផ្លូវ​​​ការ​​​នោះ​​​ទេ​​​ចំពោះ​​​ការ​​​នាំ​​​ស្វាយ​​​ចេញ​​​ ព្រោះ​​​ផ្លែ​​​ឈើ​​​នេះ​​​​​​ជា​​​រឿយ​​​ៗ​​​​​​តែង​​​តែ​​​ដឹក​​​ចេញ​​​តាម​​​ច្រក​​​​​​ក្រៅ​​​ផ្លូវ​​​ការ​​​ទៅ​​​កាន់​​​ប្រទេស​​​​​​ថៃ​​​ និង​​​ប្រទេស​​​វៀតណាម។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ដែល​​​មាន​​​ដង្កូវ​​​ច្រើន​​​រួម​​​ទាំង​​​ស្តង់​​​ដារ​​​អនាម័យ​​​ទាប​​​គឺ​​​ជា​​​កត្តា​​​រារាំង​​​ជា​​​យូរ​​​មក​​​ហើយ​​​ក្នុង​​​ការ​​​នាំ​​​ចេញ​​​”។

ការ​​​នាំ​​​ចេញ​​​ស្វាយ​​​ដែល​​​មាន​​​ការ​​​គ្រប់​​​គ្រង​​​ត្រឹម​​​ត្រូវ​​​ទើប​​​តែ​​​ចាប់ផ្តើម​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ​​​តែ​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​​​លោក​​​ឧកញ៉ា ម៉ុង ឬទ្ធី បង្កើត​​​គម្រោង​​​ដាំ​​​ស្វាយ​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​ប្រហែល​​​២លាន​​​ដុល្លារ​​​នៅ​​​ក​​​្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ។ លោកឧកញ៉ា ម៉ុង ឬទ្ធី ដែល​​​មាន​​​ចម្ការ​​​ស្វាយ​​​​​​ទំហំ​​​៥០០​​​ហិកតា នៅក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ និង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​នាំ​​​ចេញ​​​ស្វាយ​​​ប្រហែល​​​១.២០០​​​តោន​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន ហើយ​​​មាន​​​គម្រោង​​​ពង្រីក​​​ដល់​​​ទី​​​ផ្សារ​​​ប្រទេស​​​សិង្ហ​​​បុរី​​​​​​បន្ថែម​​​ទៀត​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​លើ​​​ទី​​​ផ្សារ​​​អន្តរ​​​ជាតិ​​​គេ​​​មាន​​​តម្រូវ​​​ច្រើន​​​។ រឿង​​​សំខាន់ នោះ​​​គឺ​​​គុណភាព អនាម័យ​​​ និង​​​ការ​​​សម្លាប់​​​មេរោគ​​​។ ហើយ​​​ [អ្នក​​​ទិញ] បាន​​​​​​មក​​​ត្រួត​​​ពិនិត្យ​​​ដើម​​​ស្វាយ​​​មុន​​​ពេល​​​យល់​​​ព្រម​​​​​​ទទួល​​​យក​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​នាំ​​​ចេញ​​​”។

ប៉ុន្តែ សូម្បី​​​តែ​​​​​​អ្នក​​​ជំនួញ​​​កសិកម្ម​​​រូប​​​នេះ​​​ដែល​​​ជា​​​អ្នក​​​បង្កើត​​​គម្រោង​​​ដំបូង​​​​​​​​​ធ្វើ​​​ឲ្យ​​​ស្វាយ​​​កម្ពុជា​​​ឈាន​​​ដល់​​​ស្តង់​​​ដារ​​​អន្តរ​​​​​​ជាតិ ក៏​​​ស្វាគមន៍​​​ចំពោះ​​​ជំនួយ​​​ពី​​​ខាង​​​ក្រៅ​​​សម្រាប់​​​ឧស្សាហកម្ម​​​នេះ​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “វា​​​ជា​​​រឿង​​​ល្អ​​​ ប្រសិន​​​បើ​​​ “អូស្ត្រាលី​​​” អាច​​​ផ្តល់​​​ជំនួយ​​​បច្ចេក​​​ទេស​​​ ព្រោះ​​​ប្រសិន​​​បើ​​​យើង​​​ទទួល​​​មូល​​​និធិ​​​ដោយ​​​គ្មាន​​​ការ​​​ផ្តល់​​​ជំនួយ​​​បច្ចេកទេស​​​នោះ​​​ទេ​​​ យើង​​​នឹង​​​មិន​​​ទទួល​​​បាន​​​ផល​​​ចំណេញ​​​ឡើយ​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស