42.2 C
Phnom Penh

មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ទាក់​ទង​វិធី​សាស្ត្រ​ចាប់​ត្រី​ខុស​ច្បាប់​ ដាច់​ដោយ​ឡែក​ពី​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ឃុំ​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​អាយុ​៣២ឆ្នាំម្នាក់បាន​ស្លាប់​កាលពី​យប់​ថ្ងៃពុធ​​បន្ទាប់ពី​គ្រាប់​បែក​ច្នៃ​ដែល​គាត់​មាន​គម្រោង​ប្រើ​ដើម្បី​បោក​ត្រី​ បាន​ផ្ទុះ​នៅ​ពេល​គាត់​កំពុង​ធ្វើ​នៅ​ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម។

​លោក មេឃុំ តុប ចាន់ បាន​មាន​ប្រសាសន៍​ថា​ លោក ទូច​ សុផល​ បាន​ដាក់​​រំសេវ​​​ចូល​ក្នុង​បំពង់​ឫស្សី ស្រាប់តែ​វា​បាន​ផ្ទុះ​នៅ​ក្នុង​ឃុំ​អូរ​ម្លូ​កាលពី​រសៀល​ថ្ងៃពុធ។ លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​បាន​ប្រើ​រំសេវ​ច្រើន​ ហើយ​បន្ទាប់មក​បាន​ដាក់​ផាវ រួច​​បង្ហាប់​ឲ្យ​ណែន។ បន្ទាប់មក វា​បាន​ផ្ទុះ​ដោយសារ​ធ្វើ​ខុស​បច្ចេកទេស”។

លោក តុប ចាន់ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​នេះ​បាន​បណ្តាល​ឲ្យ​លោក សុផល ដែល​នៅ​ក្នុង​ឃុំ​នេះ​គេ​ស្គាល់​ថា​បាន​ប្រើ​ប្រាស់​បច្ចេកទេស​ចាប់​ត្រី​ខុសច្បាប់​នោះ រង​របួស​ធ្ងន់ ហើយ​ក្រោយ​មក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ។

លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​បាក់ជើង​ទាំងពីរ។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​ ហើយ​បន្ទាប់មក​ត្រូវ​បាន​បញ្ជូន​បន្ត​មក​រាជធានី​ភ្នំពេញ​នៅ​ពេល​ល្ងាច​​ ពីព្រោះ​គាត់​ហូរ​ឈាម​យ៉ាង​ខ្លាំង”។

លោក តុប ចាន់ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទៅ​ចូលរួម​បុណ្យ​សព​ លោក​ ទូច សុផល កាល​ពី​ម្សិល​មិញ ដែល​អ្នក​ភូមិ​បាន​ជជែក​គ្នា​ពី​ទម្លាប់​រក​ត្រី​របស់​គាត់។ លោក​បាន​មាន​ប្រសាសន៍​ថា “ជារឿយៗ​គាត់​​ចាប់​ត្រី​ដោយ​ខុស​ច្បាប់។ គាត់​តែង​តែ​ច្នែ​គ្រាប់​បែក”។

នៅ​ក្នុង​ករណី​ដាច់​ដោយឡែក​មួយទៀត ទាក់ទង​ការ​ចាប់​ត្រី​ខុស​ច្បាប់​ដែលបានបណ្តាល​ឲ្យ​ស្លាប់​នេះ​ដែរ ក្មេង​ប្រុស​អាយុ​៣ឆ្នាំម្នាក់បានស្លាប់​កាលពី​ថ្ងៃអង្គារ​​នៅ​ក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង​​បន្ទាប់ពី​ត្រូវ​ឆក់​ស្លាប់​ដោយ​ឧបករណ៍​ចាប់​ត្រី​របស់​អ្នក​ជិត​ខាង។

លោក អ៊ុំ គឹម​សាន នាយ​រង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ឡូត​ ឌី អាយុ​២៦ឆ្នាំ​បាន​ប្រើ​ឧបករណ៍​ឆក់​ត្រី​នៅ​បឹង​ក្បែរ​​ផ្ទះ​របស់​ខ្លួន។

បន្ទាប់ពី​ឆក់​ត្រី​រួច​ ឌី បាន​ទុក​ឧបករណ៍​នោះ​នៅ​លើ​ដី ដោយ​​នៅ​មាន​ចរន្ត​អគ្គិសនី​នៅ​ឡើយ។ ក្មេង​ប្រុស​អាយុ​៣ឆ្នាំម្នាក់​​រស់នៅ​ក្បែរ​ខាង​គ្នា​បាន​ដើរ​ប៉ះ​ឧបករណ៍​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា “​បន្ទាប់ពី​រក​ត្រី​រួច​ គាត់​ភ្លេច​ដក​ឌុយ​ភ្លើង​​ចេញ​ ហើយ​នៅ​ពេល​ក្មេង​ប្រុស​នេះ​ដើរ​ប៉ះ ស្រាប់តែ​ឆក់​តែ​ម្តង​​បន្ទាប់​ពី​វា​បាន​ចាប់​ឧបករណ៍​នោះ”។

លោក គឹមសាន បាន​មាន​ប្រសាសន៍​ថា ឈ្មោះ ឌី នេះ​បាន​រត់​គេច​ខ្លួន​ពី​ឃុំ​ព្រែកខ្សាយ​ “ខ”​ ហើយ​នគរបាល​កំពុង​ស្វែងរក​ចាប់ខ្លួន​ជន​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​កំពុង​រៀប​ចំ​ឯក​សារ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃច័ន្ទ”។ លោក​បាន​បន្ថែម​ថា លោក​នឹង​ចោទប្រកាន់ ឈ្មោះ​ ឌី នេះ​ពីបទ​​មនុស្ស​ឃាត​ដោយ​អចេតនា និង​រំលោភ​ច្បាប់​នេសាទ៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស