28 C
Phnom Penh

សម្បទាន​​​​ចំនួន​ពីរ​របស់​លោក ទ្រី ភាព ​ស្ថិត​ក្នុង​ចំណោម​​សម្បទាន​ដី​សេដ្ឋ​កិច្ច​ចំនួន​២៦​ ដែល​ត្រូវ​បាន​លុប​ចោល​នៅ​ក្នុង​ឆ្នាំ​២០១៤​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​បរិស្ថាន​​បាន​ប្រកាសកាលពី​ម្សិលមិញ​ថា ខ្លួន​បាន​លុប​ចោល​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​២៦ ដែល​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ​១១៧​.០០០​ហិកតាកាលពី​ឆ្នាំ​មុន​ រួម​ទាំង​សម្បទាន​​ចំនួន​ពីរ​​​របស់​​ឧកញ៉ា​ឈ្មួញឈើ​ ទ្រី ភាព នៅ​ក្នុង​​​ឧទ្យាន​ជាតិ​វីរជ័យ ​នៃ​ខេត្ត​រតនគិរី​ផង​ដែរ​។

នៅ​ឯ​សន្និសីទ​កាសែត​មួយ​កាលពី​ព្រឹក​ម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​លុប​ចោល​សម្បទាន​​ចំនួន​២៣​ក្នុង​ចំណោម​សម្បទាន​​ទាំង​នេះ ចំណែក​ឯ​សម្បទាន​​​បី​ទៀត​រួម​ទាំង​របស់​លោក​ ទ្រី ភាព ​ផង ​ត្រូវ​បាន​ប្រគល់​ឲ្យ​រដ្ឋ​​វិញ​ដោយ​ស្ម័គ្រ​ចិត្ត។ លោក​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ក៏​បាន​កាត់​ដី​ទំហំ​​១០.០០០​ហិកតា​ចេញពី​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​ពីរ​ទៀត​ផង​ដែរ ហើយ​​​​បានចេញ​​សេច​ក្តី​​ជូន​ដំណឹង​​ដល់​សម្បទាន​ចំនួន​បួន​ទៀត​ថា ពួកគេ​ក៏​អាច​បាត់​បង់​សម្បទាន​របស់​ខ្លួនដែរ ប្រសិន​បើ​​ពួកគេ​បន្ត​បំពាន​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​​ក្នុង​​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​រដ្ឋ។

នេះ​​គឺ​ជា​ការ​លុប​ចោល​​ចុង​ក្រោយ​បំផុត​នៃ​ការ​លុប​ចោល​​សម្បទាន​ជា​បន្ត​បន្ទាប់​ក្រោយ​ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​​មួយ​កាលពី​ឆ្នាំ​២០១២​ថា ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​​ត្រូវ​តែ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​អស់​ឡើង​វិញ ហើយ​លុប​ចោល​កិច្ច​សន្យា​​​របស់​ម្ចាស់​ដី​សម្បទាន​ណា​ដែល​​បំពាន​ច្បាប់​។

​បន្ទាប់ពី​​​​​សន្និសីទ​​កាលពី​ម្សិលមិញ លោក ស្រ៊ុន ដារិទ្ធ ប្រធាន​ខុទ្ទកាល័យ​របស់​លោក សាយ សំអាល់ ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​​​​បាន​លុប​ចោល​សម្បទាន​ចំនួន​២៣​ដោយ​សារ​ហេតុ​ផល​ចម្បង​ចំនួន​បី។

លោក​មាន​ប្រសាសន៍​បន្ត​​ថា “ទី១​ក្រុម​ហ៊ុន​មិន​គោរព​តាម​នីតិវិធី​ច្បាប់។ ​ឧទាហរណ៍​ មុន​ពេល​អភិវឌ្ឍ​ ពួកគេ​ចាំ​បាច់​​ត្រូវ​ធ្វើ​ EIA [ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​ផ្នែក​​បរិស្ថាន] និង​ផែន​ការ​មេ។ ទី២ គ្មាន​ដំណោះ​ស្រាយ​ជា​មួយ​អ្នកភូមិ​ដែល​រងផល​ប៉ះពាល់ ហើយ​ទី៣​ ក្រុម​ហ៊ុន​គ្មាន​សមត្ថភាព​អភិវឌ្ឍ​ដីនោះ​”។

សម្បទាន​ដីសេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រសួង​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​ រួម​មាន​សម្បទាន​ទំហំ​៩.៧០០ហិកតា​​ដែល​ជួល​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព អាហរ័ណ​នី​ហរ័ណ និង​សម្បទាន​ទំហំ​៩.១០០ហិកតាដែល​ជួល​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ MDS Thmoda SEZ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ MDS Group របស់​លោក ទ្រី ភាព។

លោក ស្រ៊ុន ដារិទ្ធ បាន​មាន​ប្រសាសន៍​ថា ឧកញ៉ា​រូប​នេះ​បាន​បោះ​បង់​សម្បទាន​ទាំង​នេះ​​​​ ដែល​សុទ្ធ​តែ​មាន​ទីតំាង​ស្ថិត​នៅ​​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ និង​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ​ដោយ​សារ​តែ​ដី​​ទាំង​នេះ​មិន​អំណោយ​ផល​​សម្រាប់​​ការ​ធ្វើ​​កសិកម្ម​។

បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់​លោក​ ទ្រី ភាព ថា​បាន​ធ្វើ​​ប្រតិបត្តិការ​​កាប់​ឈើ​ខុស​ច្បាប់​ដ៏ធំ​​នៅទូទាំងទេស​ដោយ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល។ នៅពេល​ក្រុម​អ្នក​យកព័ត៌មាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​​​​នៅ​ឧទ្យានជាតិ​វីរជ័យ​កាលពី​ឆ្នាំ​២០១៣ ក្រុម​កាប់​​ឈើ​ខុស​ច្បាប់​ដែល​អះអាង​ថា​ខ្លួន​ធ្វើ​ការ​ឲ្យ​លោក​ ទ្រី ភាព ​បាន​​គ្រប់​គ្រង​ប្រតិបត្តិការ​មួយ​ដែល​មាន​ការ​រៀបចំ​យ៉ាង​ល្អ​នៅ​ទីនោះ ដោយ​កាប់​ឈើ​មាន​តម្លៃ​បំផុត​ចេញពី​តំបន់​ការ​ពារ។

លោក ទ្រី ភាព មាន​កិច្ចព្រមព្រៀង​ផ្លូវ​ការ​ជាមួយ​រដ្ឋាភិបាល​ ដោយ​ទទួល​បាន​សិទ្ធិ​​ផ្ដាច់​មុខ​ទិញ​យក​ឈើ​ទាំង​អស់​ដែល​កាប់​ដោយ​ម្ចាស់​សម្បទាន​ដីសេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរី ព្រមទាំង​ឈើ​កាប់​ដោយ​ខុស​ច្បាប់​ទាំង​អស់​​ដែល​រដ្ឋ​រឹបអូស​បាន​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​ ប៉ុន្តែតំណាង​​ក្រុម​ហ៊ុន​របស់​លោក​​បាន​បដិសេធ​ថា ក្រុម​ហ៊ុន​របស់​លោក​មិន​បាន​កាប់​ឈើ​ខុស​ច្បាប់​ដោយ​ខ្លួន​ឯង​នោះ​ទេ​។

លោក ស្រ៊ុន ដារិទ្ធ បាន​មាន​ប្រសាសន៍​ថា ដីសម្បទាន​ទាំងពីរ​​កន្លែង​ដែល​លោក​ ទ្រី ភាព បាន​ប្រគល់​ឲ្យ​រដ្ឋវិញ ​​មិន​មាន​ការ​កាប់​ឈើ​ទេ។ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក និង​លីកាដូ បាន​និយាយ​ថា ខ្លួន​មិន​អាច​​បញ្ជាក់​ការ​​អះអាង​នេះ​បាន​ទេ ពីព្រោះ​តំបន់​នោះ​នៅ​ដាច់​ស្រយាល​​ពេក ចំណែក​ឯ​តំណាង​របស់​លោក​ ទ្រី ភាព​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​៕ សុខុម​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស