32.5 C
Phnom Penh

អ្នកភូមិ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​បណ្តេញ​​​ចេញ​​​ជុំ​​​វិញ​​​គម្រោង​​​អភិវឌ្ឍន៍​​​តាម​​​​​​ដង​​​ទន្លេ​​​ក្បែរ​​​ស្ពាន​​​ជ្រោយ​​​ចង្វា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពល​​​រដ្ឋរស់​​​នៅ​​​លើ​​​ដី​​​តាម​​​មាត់​​​ទន្លេ​​​​​​ប្រវែង​​​ប្រមាណ​​​២គីឡូម៉ែត្រ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ដែល​​​សាលា​​រាជ​​​ធានី​​​មាន​​គម្រោង​​​ប្រែ​​​ក្លាយ​​​ទៅ​​​ជា​​​សួន​​ច្បារ​​​សាធារណៈ​​​ បាន​​​បង្ហាញ​​​ក្តី​​​ព្រួយ​​​បារម្ភ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួក​​​គាត់​​​​​​អាច​​​នឹង​​​ត្រូវ​​​បញ្ចេញ​​​ដោយ​​​គ្មាន​​​ប្រាក់​​​សំណង​​​។

សាលា​​​រាជ​​​ធានី​​​បាន​​​បង្ហោះ​​​ផែនការ​​​មេនៃ​​​គម្រោង​​​​​​អភិវឌ្ឍន៍​​​​​​តំបន់​​​តាម​​​មាត់​​​ទន្លេ​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​​​​ស្ពាន​​​ជ្រោយ​​​ចង្វា​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ខ្លួន​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​ធ្នូ​​​។ ផែន​​​ការ​​​មេនេ​​​ះ​​​បាន​​​បង្ហាញ​​​ឲ្យឃើញ​​​ពីសួន​​​ច្បារ​​​សាធារណៈ​​​ដ៏ធំ​​​ទូលាយ​​​ ចំណត​​​យាន​​យន្ត​​​​​​ និង​​​កំពង់​​​ផែ​​​។

អ្នកស្រី ស៊ូ ចេង អាយុ​​​៦១​​​ឆ្នាំ​​​ដែល​​​រស់​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​៥០​​​ម៉ែត្រ​​​ពី​​​ស្ពាន​​​ជ្រោយ​​​ចង្វា​​​ក្នុង​​​សង្កាត់​​​ស្រះ​​​ចក​​​តាំង​​​ពី​​​ឆ្នាំ ១៩៨៩​​​មក​​​បាន​​​លើក​​​ឡើង​​​ថា សាលា​​​រាជ​​​ធានី​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​មេភូមិ​​​របស់​​​អ្នកស្រី​​​ថា គម្រោង​​​នេះ​​​ក៏​​​នឹង​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ពង្រីក​​​ផ្លូវ​​​​​៦​​​ម៉ែត្រ​​​​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ផ្ទះ​​​របស់​​​អ្នកស្រី​​​មួយ​​​ផ្នែក​​​ធំ​​​ត្រូ​​​វ​​​កាត់​​​ចោល​​​ផង​​​ដែរ។

អ្នកស្រី​​​ ស៊ូ ចេង បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ អ្នក​​​ស្រី​​​នឹង​​​បដិសេធ​​​មិន​​​ព្រម​​​ផ្លាស់​​​ទី​​​លំនៅ​​​ឡើយ​​​ ប្រសិន​​​បើ​​​គ្មាន​​​ប្រាក់​​​សំណង​​​នោះ​​​។ អ្នកស្រី បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​ចង់​​​បណ្តេញ​​​ខ្ញុំ​​​ ខ្ញុំ​​​នឹង​​​ទាម​​​ទារ​​​សំណង​​​ចំនួន​​​៣០០.០០០ដុល្លារ​​​”។

អ្នក​​​ស្រី​​​ សូត្រ សិលា អាយុ​​​៥៦​​​ឆ្នាំ ដែល​​​ជា​​​អ្នក​​​ភូមិ​​​រស់​​​នៅ​​​ក្នុង​​​សង្កាត់​​​ស្រះ​​​ចក​​​ម្នាក់​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា ​​​គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​បាន​​​រស់​​​នៅ​​​តាម​​​ដង​​​ទន្លេ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​១៩៩៥​​​មក​​​ម្លេ៉ះ​​​ ហើយ​​​ថា គម្រោង​​​​​​អភិវឌ្ឍន៍​​​​​​របស់​​​សាលា​​​រាជ​​​ធានី​​​បាន​​​ធ្វើ​​​ឲ្យគាត់​​​មាន​​​ការ​​​តក់​​​ស្លុត​​​​​​យ៉ាង​​​ខ្លាំង​​​។

អ្នកស្រី​​​បាន​​​បន្ថែម​​​ថា អ្នក​​​ស្រី​​​នឹង​​​ទាម​​​ទារ​​​ប្រាក់ស​​​ំណង​​​ចន្លោះ​​​ពី​​​២០០.០០០ដុល្លារ​​​ដល់​​​៣០០.០០០​​​ដុល្លារ​​​ ប្រសិន​​​បើ​​​ត្រូ​​​វបាន​​​បណ្តេញ​​​ចេញ​​​មែន​​​នោះ  ប៉ុន្តែ​​អ្នកស្រី​​​មិន​​​រំពឹង​​​ថា នឹង​​​ទទួល​​​បាន​​​ប្រាក់​​​សំណង​​​នោះ​​​ឡើយ​​​។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា រដ្ឋ​​​គ្មាន​​​លុយ​​​បង់​​​ប្រាក់​​​សំណង​​​ឲ្យ​​​ខ្ញុំ​​​ឡើយ​​​”។

ទាំង​​​អ្នកស្រី ស៊ូ ចេង និង​​​អ្នកស្រី សូត្រ សិលា សុទ្ធ​​​តែ​​​លើក​​​ឡើង​​​ថា ពួ​​​ក​​​គាត់​​​មាន​​​លិខិត​​​​​​បញ្ជាក់​​​​​​ពី​​​សង្កាត់ និង​​​ខណ្ឌ ដែល​​​បញ្ជាក់​​​ថា ពួកគាត់​​​រស់​​​នៅ​​​លើ​​​ដី​​​របស់​​​ខ្លួន ប៉ុន្តែ ថា ពួក គាត់​​​គ្មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​ឡើយ​​​។

លោក ឡុង​​​ ឌីម៉ង់​​​ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បានលើក​​​ឡើង​​​កាល​​​ពី​​ម្សិលមិញ​​​ថា គម្រោង​​​អភិវឌ្ឍន៍​​​ដី​​​តាម​​​ដង​​​ទន្លេ​​​នេះ​​​នៅ​​​មិន​​​ទាន់​​​បាន​​​សម្រេច​​​​​​ជា​​​ចុង​​​ក្រោយ​​​នៅឡើយ​​​ទេ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “នេះ​​​គ្រាន់​​​តែ​​​ជា​​​គម្រោង​​​ប៉ុណ្ណោះ​​​ ហើយ​​​យើង​​​នឹង​​​មិន​​​ចាប់​​​ផ្តើម​​​ភ្លាម​​​ៗ​​​ឡើយ​​​ ព្រោះ​​​យើង​​​ត្រូវ​​​ចុ​​​ះ​​​ទៅ​​​ស្ទង់​​​មតិ​​​ពល​​​រដ្ឋ​​​ជា​​​មុន​​​សិន​​​”។ លោ​​​ក​​​បាន​​​បន្ថែម​​​ថា ការ​​​ពិភាក្សា​​​អំពី​​​ប្រាក់ស​​​ំណង​​​​​​អាច​​​កើត​​​មាន​​​ទៅ​​​បាន​​​​​​ លុះ​​​ត្រា​​​តែ​​​ការ​​​ស្ទង់​​​មតិ​​​ត្រូ​​​វបាន​​​បញ្ចប់​​​​​​ជា​​​មុន​​​សិន​​​។

​​​លោក ឡុង​​​ ឌីម៉ង់​​​ ក៏​​​បាន​​​លើក​​​ឡើងផង​​​ដែរ​​​ថា លោក​​​ជឿ​​​ជាក់​​​ថា ផ្ទះ​​​ដែល​​​ស្ថិត​​​នៅ​​​តាម​​​ដង​​​ទន្លេ​​​សុទ្ធ​​​តែ​​​ខុស​​​ច្បាប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​បដិសេធមិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ថា “ដី​​​នោះ​​​គឺ​​​ជា​​​របស់​​​រដ្ឋ​​​”៕ស៊ុយ​​​ឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស