31 C
Phnom Penh

អតីត​នាយករដ្ឋមន្ត្រី​បញ្ជាក់​ពី​បម្រាម​​ដែល​ហាម​ខ្លួន​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ​លោក​​ត្រូវ​បាន​​ហាម​ឃាត់​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​ ដោយ​សារ​តែ​ជំនួយ​ការ​ម្នាក់​​របស់​លោក​​ដែល​​បាន​ស្នាក់​នៅ​ទីនោះ​​​ជាង​១​ទសវត្សរ៍​កន្លង​មក​ហើយ​ បន្ទាប់ពី​​ទិដ្ឋាកា​ហួស​​សុពលភាព ​ហើយ​លោក​បាន​ចុះ​ទៅ​​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ដើម្បី​​ខិត​ខំ​ដោះ​ស្រាយ​​បញ្ហា​​នេះ​។

ការ​ប្រកាស​របស់​លោក​ ប៉ែន សុវណ្ណ ត្រូវ​បាន​ធ្វើ​ឡើង​​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា លោក​​ដែល​ឥឡូវ​ជា​សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​​​ត្រូវ​សហរដ្ឋអាមេរិក​កត់​ត្រា​ចូល​ក្នុង​បញ្ជី​ខ្មៅ​ពីបទ​ជួញដូរ​មនុស្ស។ ការ​អះអាង​នេះ​ជា​ដំបូង​ឡើយ​បាន​លេច​ឡើង​នៅ​លើ​អុីនធើណិត​កាលពី​ថ្ងៃសុក្រ តាម​រយៈ​ការ​បង្ហោះ​​របស់​ចលនា​អំណាច​ពលរដ្ឋខ្មែរ​ ​ជា​ក្រុម​ប្រឆាំង​​ដែល​មាន​សមាជិក​​សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ​រស់​នៅ​អាមេរិក​។

ការ​បង្ហោះ​នេះ​ដែល​ក៏​អះអាង​ថា លោក​ ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា​​របស់​គណបក្ស​ សម រង្ស៊ី ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ដែរ​នោះ​ បន្ទាប់​មក​ត្រូវ​បាន​ចែក​រំលែក​តាម​ហ្វេសប៊ុក​ ដោយ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

កាលពី​ម្សិលមិញ​លោក ប៉ែន សុវណ្ណ បាន​លើក​ឡើង​ថា ការ​អះអាង​​អំពី​បម្រាម​ហាម​មិន​ឲ្យ​​ចូល​សហរដ្ឋអាមេរិក​នេះគឺ​ត្រឹម​ត្រូវ​។ លោក​បាន​លើក​ឡើង​​ទៀត​ថា លោក​​ដឹង​ថា មាន​បម្រាម​នេះ​ប្រហែល​១ឆ្នាំ​កន្លង​មក​ហើយ​​ ហើយ​ថា ​​វា​មាន​ឫស​គល់​កើត​ចេញ​ពី​​ការ​ធ្វើ​ដំណើរ​មួយ​របស់​លោក​​​ទៅ​សហរដ្ឋអាមេរិក​​​ជាមួយ​ជំនួយ​ការ​របស់​លោក​​ម្នាក់​​កាលពី​ឆ្នាំ​២០០១។

លោក​បាន​មាន​ប្រសាសន៍​ថា “​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ដល់​ខ្ញុំ​ថា ពួកគេ​នឹង​មិន​ចេញ​ទិដ្ឋាកា​​​អនុញ្ញាត​ឲ្យ​ខ្ញុំ​​​ទៅ​សហរដ្ឋអាមេរិក​ឡើយ ព្រោះ​ខ្ញុំ​បាន​នាំ​មនុស្ស​ម្នាក់​ទៅ​កាន់​ទីនោះ​ ហើយ​ថា មនុស្ស​ម្នាក់​នោះ​​មិន​ទាន់​ត្រឡប់​មក​វិញ​ទេ”។

លោក​ ប៉ែន សុវណ្ណ បាន​លើក​ឡើង​ទៀត​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​២០០១​ជាមួយ​លោក សេង វណ្ណា ជំនួយ​ការ​របស់​លោក​នៅ​ពេល​នោះ ហើយ​ថា លោក វណ្ណា បាន​សុំ​ស្នាក់​នៅ​សហរដ្ឋអាមេរិក​បន្ត​ទៀត​​សម្រាប់​ការ​ព្យាបាល​ដ៏​បន្ទាន់​មួយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ជំនួយ​ការ​​​នៅ​ពេល​នោះ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មាន​ជំងឺ​ធ្ងន់​ ហើយ​មិន​អាច​ដើរ​បាន​ស្រួល​ឡើយ ហេតុដូច្នេះ​គាត់​មិន​អាច​ត្រឡប់​មក​វិញ​តាម​ការ​កំណត់​ឡើយ​។ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ជួញដូរ​មនុស្ស​ដូច​អ្នក​ខ្លះ​បាន​អះអាង​នោះ​ឡើយ”។

លោក​ ប៉ែន សុវណ្ណ បាន​លើក​ឡើង​​បន្ថែម​ទៀត​ថា ទីបំផុត​អតីត​ជំនួយ​ការ​របស់​លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយកាលពី​ប្រហែល​២​ខែ​កន្លង​មក​នេះ​ ពោល​គឺ​ជាង​១៣​ឆ្នាំ​បន្ទាប់ពី​ជំនួយការ​រូប​នេះ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​។

លោក​ ប៉ែន សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​នឹង​ចេញ​ទិដ្ឋាកា​​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​​​ទៅ​សហរដ្ឋ​អាមេរិក​បាន​ឡើង​វិញ​នៅ​ពេល​ណា​​អតីត​ជំនួយ​ការ​របស់​ខ្ញុំ​ ដែល​បាន​​គេច​ហើយ​ស្នាក់​នៅ​សហរដ្ឋអាមេរិក​បន្ទាប់ពី​ទិដ្ឋាកា​ហួស​សុពលភាព​ត្រឡប់​មក​វិញ​។ ឥឡូវ​នេះ​គាត់​ត្រឡប់​មក​វិញ​ហើយ​”។

អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ បាន​លើក​ឡើង​បន្ត​ទៀត​ថា លោក​បាន​ចុះ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ ដើម្បី​ព្យាយាម​​​ឲ្យ​មាន​ការ​លុប​ឈ្មោះ​របស់​លោក​ចេញ​ពី​បញ្ជី​ខ្មៅ​ ប៉ុន្តែ​គេ​បាន​ប្រាប់​លោក​ថា លោក​ចាំបាច់​​ត្រូវ​តែ​ធ្វើ​ការ​ណាត់​ជួប​ជាមុន​សិន​។ ហើយ​លោក​បាន​និយាយ​ថា លោក​​នឹង​ត្រឡប់​ទៅ​ម្ដង​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

លោក​ សេង វណ្ណា បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​ពិត​ជា​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ ហើយ​បាន​ត្រឡប់​មក​វិញ​ប្រហែល​ជា​២ខែ​​កន្លង​មក​ហើយ។ លោក​បាន​លើក​ឡើង​ទៀត​ថា លោក​បាន​ស្នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​​​បន្ទាប់ពី​ទិដ្ឋាកា​ហួស​សុពលភាព​កាលពី​ឆ្នាំ​២០០១​ ដើម្បី​ព្យាបាល​​គ្រោះ​ក្នុង​​តម្រង់នោម ហើយ​បាន​បន្ត​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បន្ត​ទៀត បន្ទាប់ពី​​រៀបការ​ជាមួយ​ស្ត្រី​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​ទីនោះ ប៉ុន្តែ​លោក​មិន​ដែល​ដាក់​ពាក្យ​សុំ​ចូល​ជា​ពលរដ្ឋ​អាមេរិក​ឡើយ​។

លោក​ សេង វណ្ណា បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​យើង​បាន​ទៅ​ដល់​អាមេរិក​ ខ្ញុំ​​មាន​អារម្មណ៍​ថា ឈឺ​ក្នុង​តម្រង់​នោម​យ៉ាង​ខ្លាំង​ វា​គឺ​ជា​រោគសញ្ញា​គ្រោះ​ក្នុង​​តម្រង់នោម​ ហេតុ​ដូច្នេះ​ខ្ញុំ​បាន​ស្នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទាំង​ទិដ្ឋាកា​ហួស​សុពលភាព​ ដើម្បី​ព្យាបាល​ជំងឺ​នេះ​។ វា​គ្មាន​អ្វី​ពាក់​ព័ន្ធ​នឹង​លោក ប៉ែន សុវណ្ណ ទេ ហើយ​វា​មិន​ពិត​ទេ​ដែល​​ថា​លោក​បាន​ជួញ​ដូរ​ខ្ញុំ​ទៅ​​ទីនោះ​”។

លោក ថាច់ សេដ្ឋា ​បាន​បដិសេធ​​ចំពោះ​ការ​អះអាង​​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​​នេះ​ ហើយ​ថា លោក​​​មិន​ដែល​ត្រូវ​បាន​គេ​ជូនដំណឹង​អំពី​បម្រាម​ហាម​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​នេះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គ្មាន​អ្វី​ត្រូវ​និយាយ​ដើម្បី​ការ​ពារ​ខ្លួន​របស់​ខ្ញុំ​ចំពោះ​អ្វី​ដែល​ខ្ញុំ​​មិន​បាន​ធ្វើ​នេះ​ឡើយ​។ ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​រឿង​បែប​នេះ​មែន រដ្ឋាភិបាល​កម្ពុជា​​នឹង​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​មាន​សេរីភាព​ដូច្នេះ​ទេ​។ ប្រសិន​បើ​វា​ជា​រឿង​ពិត​ ម្លេ៉ះ​ខ្ញុំ​​​ប្រហែល​ជា​ត្រូវ​បាន​គេ​ចាប់​​ឡើង​សវនាការ​​បាត់​ទៅ​ហើយ”។

លោក ថាច់ សេដ្ឋា បាន​លើក​ឡើង​ទៀត​ថា លោក​បាន​ទៅ​​សហរដ្ឋអាមេរិក​ជា​លើក​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៥។ ស្ថានទូត​អាមេរិក​មិន​បាន​បញ្ជាក់​ ឬ​​បដិសេធ​​ចំពោះ​ការ​​​ដាក់​បម្រាម​​ទាំង​នេះ​ឡើយ​។ លោក​ ជេ រ៉ាម៉ាន (Jay Raman) អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​ថា ​”​យើង​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​​ករណី​ផ្ដល់​ទិដ្ឋាកា​ឲ្យ​បុគ្គល​ណាមួយ​ឡើយ​ ព្រោះ​ថា របាយការណ៍​ទាំង​អស់​គឺ​ជារឿង​សម្ងាត់​បើ​យោង​តាម​ច្បាប់​សហរដ្ឋអាមេរិក​។ ប្រសិន​បើ​​ហើយ​នៅ​ពេល​មាន​ភ័ស្តុ​បញ្ជាក់​ថា បុគ្គល​រូប​នោះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក ឬក៏​គ្មានសិទ្ធិ​ទទួល​បាន​ទិដ្ឋាកា​ ក្រសួង​ការ​បរទេស​នឹង​ចាត់​វិធានការ​ដ៏​សមរម្យ​មួយ”៕ ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស