31 C
Phnom Penh

ក្រុម​មន្ត្រី​កម្ពុជា​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ណូរូ​​ ដើម្បីសួរសុខទុក្ខ​​​ជន​​​ភៀស​​​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​អង្គការ​​​សិទ្ធិ​​​ជន​​​ភៀស​​​ខ្លួន​​​អូស្ត្រាល​​​ី​​​បាន​​​លើក​​​ឡើង​​​ថា គណៈ​​​ប្រតិភូ​​​នៃមន្ត្រី​​កម្ពុជា​​​ បាន​​​មក​​​​​​ដល់​​​​​​ប្រទេស​​​ណូរូ ជា​​​ប្រទេស​​​ដែន​​​កោះ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ទី​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ឃុំ​​​ខ្លួន​​​អ្នក​​​​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​រាប់​​​រយ​​​នាក់​​​ ហើយ​​​សង្ឃឹម​​​ថា យ៉ាងហោចណាស់​នឹង​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​​​​គេ​​​មួយ​​​ចំនួន​​​ឲ្យ​​​មក​​​តាំង​​​ទី​​​លំនៅ​​​​​ក្នុង​​​ប្រទេស​​​​កម្ពុជា។

កាល​​​ពី​​​ខែ​​​កញ្ញា​​​ ប្រទេស​​​កម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​មិន​​​ជាក់​​​លាក់​​​ជា​​​ថ្នូរ​​​នឹងប្រាក់​​​​ជំនួយ​​​៣៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​​​​​សម្រាប់​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ក្រោយ​​​។

នេះ​​​ជា​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​មន្ត្រី​​​កម្ពុជា​​​លើក​​​ទី​​​១​​​ហើយ​​​​​​ទៅ​​​ប្រទេស​​​ដែន​​​កោះ​​​នេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អ្វី​​​ដែល​​​អាច​​​ជា​​​ក្រុម​​​អ្នកស្ម័គ្រ​​​ចិត្ត​​​លើក​​​ដំបូង​​​។

លោក Ian Rintoul អ្នក​​​នាំ​​​ពាក្យ​​​សម្ព័ន្ធ​​​សកម្មភាព​​​ជន​​​ភៀសខ្លួន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​មន្ត្រី​​​កម្ពុជា​​​បាន​​​មក​​​ដល់​​​ប្រទេស​​​ណូរូ​​​ហើយ។ ពួក​​​​​​គាត់​​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ម្សិល​មិញ”។

អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​ប្រវេសន៍​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​អះ​​​អាង​​​ថា តំណាង​​​របស់​​​ខ្លួន​​​ក៏​​​បាន​​​មក​​​ដល់​​​ប្រទេស​​​ណូរូ​​​ជាមួយ​​​មន្ត្រី​​​កម្ពុជា និង​​​អូស្ត្រាលី​​​ផង​​​ដែរ​​​។

លោក ចូ ឡូរី អ្នក​​​នាំពាក្យ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ពី​​​ទី​​​ក្រុង​​​បាង​​​កក​​​ថា “យើង​​​ទៅ​​​ទី​​​នោះ​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​នៃ​​​ជំនួប​​​រវាង​​​រដ្ឋាភិបាល​​​កម្ពុជា​ អូស្ត្រាលី និង​ ណូរូ”។

លោក ឡូរី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក Leul Mekonnen ដែល​​​ជា​​​ប្រធាន​​​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរប្រវេសន៍​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​ដឹក​​​នាំ​​​គណៈ​​​ប្រតិភូ​​​របស់​​​អង្គការ​​​នេះ​​​។

បច្ចុប្បន្ន​​​នេះ​​​​​​អង្គការ​​​អន្ត​រជាតិទេសន្តរប្រវេសន៍​​​កំពុង​​​ពិភាក្សា​​​ថា តើ​​​ត្រូវ​​ចូលរួម​​​​​​​ក្នុង​​​កម្មវិធី​​​​​​​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដែល​​​បាន​​​ពិភាក្សា​​រវាង​​​ប្រទេសកម្ពុជា​​​និង​​​ប្រទេស​​​អូស្ត្រាលី​​​ជា​​​សម្ងាត់​​​ និង​​​ដោយ​​​មិន​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ទីភ្នាក់​​​ងារ​​​ជំនួយ​​​ណាមួយ ឬអង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។​ មន្ត្រី​​​កម្ពុជា និង​​​អូស្ត្រាល​​​ី ដែល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពីម្សិល​​​មិញ មិន​​​បាន​បញ្ជាក់​​​ ឬ​​​ក៏​​​បដិសេធ​​​ពី​​​ការ​​​ធ្វើ​​​ដំណើរ​​​នោះ​​​ឡើយ​​​។

លោក សុខ ផល មន្ត្រី​​​អន្តោប្រវេសន៍​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក​​​ អ៊ុក គឹមឡេក អនុរដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ទៅ​​​ឧត្តម​​​សេនីយ៍​​​ សុខ ផល វិញ។ លោក កុយ គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​​​​ដឹង​​​​​​ពីការ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ណូរូ​​​ទេ​​​។

អ្នក​​​នាំពាក្យ​​​ក្រសួង​​​អន្តោប្រវេសន៍​​​អូស្ត្រាលី​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ។ ស្ថាន​​​ទូត​​​អូស្ត្រាលី​​​ប្រចាំ​​​រាជធានី​​​ភ្នំពេញ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ទេ។

កាសែត​​​ The Age របស់​​​អូស្ត្រាលី​​​បាន​​​រាយការណ៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​អូស្ត្រា​លី ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​ការ​ធ្វើដំណើរ​​​នោះ​​​រួម​​​មាន​​​ ឧត្តមសេនីយ៍​​​ឯក Angus Campbell ដែល​​​ជា​​​ប្រធាន​​​ប្រតិបត្តិការ​​​អធិបតេយ្យ​​​ភាព​​​ព្រំ​​​ដែន​​​របស់​​​រដ្ឋាភិបាល​​​ប្រទេស​​​អូស្ត្រាលី​​​ និង​​​លោក Mark Cormack លេខារង​​​ទទួល​​​បន្ទុក​​​អន្តោប្រវេសន៍​​​របស់​​​ប្រទេស​​​អូស្ត្រាលី​​​។

ដោយមិន​លើកឡើង​​ ពី​ប្រភព​ណាមួយ កាសែត The Age ក៏​​​បាន​​​រាយការណ៍​​​ផង​​​ដែរថា​ ជន​​​ភៀស​​​ខ្លួន​​​រ៉ូហីុងយ៉ា មួយ​​​ចំនួន​​​​​​រំពឹង​​​ថា នឹង​​​ទទួល​​​យក​​​សំណើ​​​ក្នុង​​​ការ​តាំង​​​ទីលំនៅ​​​ថ្មី​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

ជន​​​ភៀស​​​ខ្លួន​​​រ៉ូហីុង​​​យ៉ា ត្រូវ​​​បាន​​គាប​សង្កត់​​​ដោយ​​​ហិង្សា​​​ក្នុង​​​ប្រទេស​​​ភូមា ដែល​​​រដ្ឋា​ភិបាល​​​ប្រទេស​​​នេះ​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​​ពួក​​គាត់​​​តាម​​​ផ្លូវ​​​ច្បាប់​​​ក្នុង​​​នាម​​​ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ឡើយ​​​ បើទោះណា​​​ជា ពួក​​​គាត់​​​ជា​​​ច្រើន​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ច្រើន​​​ជំនាន់​​​មក​​​ហើយ​​​ក៏​​​ដោយ​​​។

បើ​​​ទោះ​​​ណា​​​ជា​​​ប្រទេសកម្ពុជា​​​បាន​​​អះ​​​អាង​​​ថា ខ្លួន​​​​​​នឹង​​​តាំង​​​ទីលំនៅថ្មី​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​ស្ម័គ្រ​​​ចិត្ត​​​ក៏​​​ដោយ​​​ ក៏​​​អង្គការ​​​សិទ្ធិ​​​មនុស្ស និង​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​បាន​​​រិះគន់​​​ប្រទេស​​​អូស្ត្រាលី​​​ ចំពោះ​​​ការ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ដល់​​​អ្នកស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ប្រទេស​​​ណូរូ ហើយ​​​ព្យាយាម​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេសក្រីក្របំផុត​​​​ និង​​​ពុករលួយ​​​បំផុត​​​ក្នុង​​​តំបន់​​​ទៅវិញ៕​​​សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស