38.8 C
Phnom Penh

គម្រោង​​អគ្គិសនី​ថ្មី​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​ដល់​មួយ​សប្ដាហ៍​ផង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គម្រោង​​បញ្ចុះ​តម្លៃ​អគ្គិសនី​​ដែល​កម្មករ​កាត់​ដេរ​ត្រូវ​​បង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ សាលា​រាជធានី​​បាន​​រៀបចំ​វេទិការ​សាធារណៈ​ចំនួន​១២​កាលពី​ម្សិលមិញ ដើម្បី​ពិភាក្សា​អំពី​​គម្រោង​បង់​ថ្លៃ​អគ្គិសនីថ្មី​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អគ្គិសនី​កម្ពុជា​ (EDC)។

នៅ​ក្នុង​​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​​ទប់ស្កាត់​ម្ចាស់​ផ្ទះ​កុំឲ្យ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ហួស​ហេតុ​ពី​ការ​លក់​អគ្គិសនី​បន្ត​ទៅ​ឲ្យ​អ្នក​ជួល​បន្ទប់​របស់​ខ្លួន រដ្ឋាភិបាល​មាន​​គម្រោង​​​ដាក់​កុងទ័រ​ផ្ទាល់​ខ្លួន​ជូន​អ្នក​ជួល​បន្ទប់​រាប់​ម៉ឺន​​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​អ្នក​ជួល​បន្ទប់​នឹង​ត្រូវ​បង់​ថ្លៃ​អគ្គិសនី​ចន្លោះ​ពី​៦១០រៀល ដល់​៨២០រៀល​ក្នុង​១គីឡូវ៉ាត់ម៉ោង​ដោយ​ផ្ទាល់​ទៅ​ឲ្យ​ EDC។

បច្ចុប្បន្ន​​ម្ចាស់​ផ្ទះ​ដែលមាន​កុងទ័រ​អគ្គិសនី​ផ្ទាល់​ខ្លួន ​បាន​ចែក​ចាយ​អគ្គិសនី​បន្ត​ទៅ​ឲ្យអ្នក​ជួល​បន្ទប់​ដោយ​យក​ថ្លៃ​អគ្គិសនី​ខ្ពស់​ជាង​អ្វី​ដែល​ខ្លួន​ត្រូវ​បង់​ទៅឲ្យ​ EDC ។

នៅ​ក្នុង​វេទិការ​សាធារណៈ​​ដែល​មាន​ម្ចាស់​ផ្ទះ​ជាង​២០០​នាក់​ ក្នុង​ខណ្ឌ​សែន​សុខ​បាន​ចូល​រួម​ លោក អុឹម សោភ័ណ ប្រធាន​​ EDC ​នៅ​ក្នុង​ខណ្ឌ​នេះ​​បាន​លើក​ឡើង​ថា កុង​ទ័រ​អគ្គិសនី​ថ្មី​នឹង​ត្រូវ​តម្លើង​ទូទាំង​រាជធានី​ភ្នំពេញ​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

លោក​បានមាន​ប្រសាសន៍​ថា “យើង​កំពុង​តែ​រង់ចាំ​កុង​ទ័រ​​ភ្លើង​​​ដែល​​ទិញ​ពី​ប្រទេស​ថៃ​មក។ មាន​កុង​ទ័រ​ភ្លើង​​​ប្រហែល​ពី​៣០.០០០​ទៅ​៤០.០០០​​ដែល​នឹង​មក​ដល់​​នៅ​ប្រហែល​២ខែ​​ទៀត​”។

ម្ចាស់​ផ្ទះ​មួយ​ចំនួន​ដែល​មក​ចូ​ល​រួម​នៅ​ក្នុង​វេទិការ​សាធារណៈ​នេះ​បាន​​​លើក​ឡើង​ថា ផែន​ការ​នេះ​​មាន​គុណ​វិបត្តិ​​ ព្រោះ​ថា ទាំង​ម្ចាស់​ផ្ទះ​ ទាំង​អ្នក​ជួល​បន្ទប់​គឺ​សុទ្ធ​តែ​មិន​អាច​រា៉ប់​រង​ចំពោះ​ការ​ចំណាយ​លើ​ការ​​ដាក់​កុងទ័រអគ្គិសនី​ថ្មី​។

លោក ថាន​ ភារម្យ អាយុ​៣៦​ឆ្នាំ ដែល​ជា​ម្ចាស់​ផ្ទះ​មួយ​រូប​មកពី​សង្កាត់​ភ្នំពេញ​ថ្មី​បាន​លើក​ឡើង​ថា កម្មករ​នឹង​គ្មាន​លទ្ធភាព​ក្នុង​ការ​បង់​ប្រាក់​ប្រហែល​៧,៥០​ដុល្លារ ដែល​​ EDC ​តម្រូវ​ឲ្យ​អ្នកជួល​បន្ទប់បង់​មុនពេល​​​ដាក់​កុងទ័រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អគ្គិសនីថ្មីឡើយ​។

លោក​ ភារម្យ បាន​សួរ​ដូច្នេះ​ថា ” តើ​កម្មករ​នឹង​បង់​ប្រាក់​ចំនួន​៣០.០០០​រៀល​ទៅ​ឲ្យ​ EDC តាម​របៀបណា​ទៅ​ បើ​នៅពេល​នេះ​ពួកគេ​គ្រាន់​តែ​អាច​​រក​​លុយ​ទិញ​បាយ​ត្រឹម​តែ​១.០០០​រៀល​ក្នុង​មួយ​ថ្ងៃ​សឹង​តែ​មិន​បាន​ផង​នោះ​?”។

នៅ​ក្នុង​វេទិការ​​សាធារណៈ​មួយ​ផ្សេង​ទៀត​ក្នុង​ខណ្ឌ​ឫស្សីកែវ រវាង​តំណាង EDC និង​ម្ចាស់​ផ្ទះ​ជាង​៤០០​នាក់នោះ​ ម្ចាស់​ផ្ទះ​​ក៏​បាន​សម្ដែង​ការ​​ជំទាស់​របស់​ខ្លួន​ដែរ។ លោក សុខ នី ជា​ម្ចាស់​ផ្ទះ​​ជួល​មួយ​រូប​បាន​និយាយ​ថា “EDC មិន​គួរ​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​ឡើយ។ ខ្ញុំ​នឹង​យក​ថ្លៃ​ភ្លើង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​មិន​ដូចពីមុន​ឡើយ”។

ប៉ុន្តែ​លោក គង់ ផល្លា ប្រធាន​សាខា EDC នៅ​វត្តភ្នំ​បាន​លើក​ឡើង​ថា ប្រព័ន្ធ​ថ្មី​គឺ​​វាចាំ​បាច់។ លោក​បាន​មាន​ប្រសាសន៍​ថា “គម្រោង​នេះ​គឺ​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ក្រីក្រ”៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស