32.5 C
Phnom Penh

មន្ត្រី​ក្រសួង​ការពារជាតិ​ស្នើ​រួចពន្ធ​សម្រាប់​ស្លាកលេខ​យោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ការពារ​ជាតិ​ម្នាក់​បាន​ស្នើ​សុំ​ឲ្យ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​កង​ខេមរភូមិន្ទ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្លូវ ដោយ​លើក​ឡើង​ថា ការ​ដំឡើង​ពន្ធ​នាពេល​ថ្មីៗ​នេះ​ដោយ​មន្ត្រី​ពន្ធ អាច​ប៉ះពាល់ “អារម្មណ៍​របស់​មន្ត្រី​យោធា”។

ឧត្តមសេនីយ៍​ឯក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ក្រសួង​ការពារ​ជាតិ ដែល​បាន​សរសេរ​ទៅ​ក្រសួង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​សៅរ៍ បាន​និយាយ​ថា ការ​ពិនិត្យ​រថយន្ត​មាន​ស្លាក​លេខ​កង​ខេមរភូមិន្ទ​គួរ​បញ្ឈប់ ក្នុង​ពេល​ដែល​ក្រុម​មន្ត្រី​មកពី​ក្រសួង​ទាំងពីរ​ពិភាក្សា​គ្នា​អំពី​ការ​អនុគ្រោះ​ពន្ធ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា “ការ​ពិនិត្យ​រថយន្ត​ធុនតូច​ត្រូវតែ​ផ្អាក​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ ខ្ញុំ​គិត​ថា ពន្ធ​ផ្លូវ​មិន​គួរ​ដាក់​ទេ ប្រសិនបើ​យើង​គិត​អំពី​ផល​ប្រយោជន៍​ជាតិ”។

ឧត្តមសេនីយ៍​ឯក ភិរុណ បាន​និយាយ​ថា យោធា​តាម​ធម្មតា​មិន​អាច​ទិញ​រថយន្ត​សម្រាប់​មន្ត្រី ដែល​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ប្រាក់​របស់​ខ្លួន​ផ្ទាល់​ដើម្បី​ទិញ​រថយន្ត​ធ្វើ​ការ​ទេ។ លោក​បាន​និយាយ​ថា ដោយសារតែ​ពន្ធ​ផ្លូវ​ប្រចាំ​ឆ្នាំ​ប្រហែល​៥០០​ដុល្លារ​មិន​បង់​ចំពោះ​រថយន្ត​យោធា​ផ្លូវការ​នោះ មន្ត្រី​ទាំង​នោះ​ក៏​គួរ​ទទួល​បាន​ការ​រួច​ពន្ធដែរ។

លោក​បាន​និយាយ​ថា “ប្រសិនបើ​តម្រូវ​ឲ្យ​បង់​ពន្ធ​ផ្លូវមែន នឹង​មាន​ផល​ប៉ះពាល់​លើ​អារម្មណ៍​របស់​មន្ត្រី​យោធា​ជាមិន​ខាន។ ដូច្នេះ​យើង​គួរ​រក​បទបញ្ញត្តិ​មូលដ្ឋាន​មួយ​ដើម្បី​អនុវត្ត​ទើប​នឹង​មិន​​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​និង​យោធា”។

ក្នុង​លិខិត​របស់​លោក​ផ្ទាល់​ផ្ញើ​ទៅ​ក្រសួង​ហិរញ្ញវត្ថុ​អម​ជាមួយ​លិខិត​របស់​លោក​ឧត្តមសេនីយ៍ ភិរុណ លោក សៅ សុខា មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និយាយ​ថា លោក​នឹង​ទុក​ឲ្យ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ចរចា​ជាមួយ​មន្ត្រី​ពន្ធដារ​ពាក់ព័ន្ធ​នឹង​អត្រា​ពន្ធ​ផ្លូវ​ថ្មី​នេះ។

លោក គង់ វិបុល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​ហិរញ្ញវត្ថុ មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ។

លោក សុន ឆ័យ សមាជិក​​​សភា​​​ខាង​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា ឧត្តមសេនីយ៍​ឯក ភិរុណ គឺ​ត្រឹមត្រូវ​ក្នុង​ការ​លើក​ឡើង​ថា ពន្ធផ្លូវ​មិន​បាន​ដាក់​លើ​រថយន្ត​យោធា​ផ្លូវការ ប៉ុន្តែ​ថា ការ​ប្រើ​ស្លាកលេខ​យោធា​លើ​រថយន្ត​ឯកជន​គឺ​ខុស​នឹង​ច្បាប់។

លោក សុន ឆ័យ បាន​និយាយ​ថា “វា​ជា​កំហុស​ចំពោះ​ក្រសួង​ការពារ​ជាតិ​ក្នុង​ការ​សរសេរ​លិខិត​បែប​នេះ”។ លោក​បាន​ពន្យល់​បន្ថែម​ថា ច្បាប់​ផ្លូវ​អនុម័ត​ថ្មីៗ​នេះ​ហាមប្រាម​ការ​ប្រើ​ស្លាកលេខ​យោធា​លើ​រថយន្ត​ឯកជន។

លោក​បាន​និយាយ​ថា “មិន​បញ្ហា​ទេ ប្រសិនបើ​យានយន្ត​ជា​របស់​រដ្ឋ​ ឬ​ជា​របស់​ក្រសួង​នោះ ប៉ុន្តែ​ខ្ញុំ​គិត​ថា លិខិត​នេះ​ប្រហែល​ត្រូវ​គេ​ផ្ញើ​ទៅ ពីព្រោះ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចូល​ចិត្ត​ការ​ចេញ​ស្លាក​លេខ​ទាំង​នេះ​ឲ្យ​មនុស្ស​ជាច្រើន ឲ្យ​ពួកគេ​អាច​ប្រើ​ដើម្បី​គេច​ការ​បង់​ពន្ធ​នាំចូល​និង​ពន្ធ​ផ្លូវ”។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជអាវុធហត្ថ បាន​បដិសេធ​ការ​បកស្រាយ​ច្បាប់​របស់​លោក សុន ឆ័យ។

លោក​បាន​និយាយ​ថា “មិន​ខុស​ច្បាប់​ទេ ពីព្រោះ​ពួកគេ​ប្រើ​ប្រាក់​ឯកជន​របស់​ខ្លួន​ទិញ​រថយន្ត​ដើម្បី​បម្រើ​ការងារ​សមូហភាព​របស់​យើង។ រថយន្ត​ទាំងអស់​នោះ​បង់​ពន្ធ​ដោយ​ស្រប​ច្បាប់ ដូច្នេះ​ពួកគេ​ក៏​បង់ពន្ធ​ផ្លូវ​ដែរ”៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស