38 C
Phnom Penh

អ្នក​សារព័ត៌មាន​រៀបរាប់​អំពី​ការ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ជួប ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​កាសែត​អាមេរិក លោកស្រី អេលីហ្សាបេត ប៊ិកឃឺ កាលពី​ថ្ងៃ​ច័ន្ទ​បាន​រៀបរាប់​រឿងរ៉ាវ​ដ៏​រន្ធត់​ប្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ អំពី​ការ​ជួប​ ប៉ុល ពត កាលពី​ឆ្នាំ​១៩៧៨ ក្នុង​ដំណើរ​មក​ប្រទេស​កម្ពុជា ហើយ​ក្រោយ​មក​ភ្ញាក់​ខ្លួន​ក្រញាង​ដោយសារ​ស្នូរ​បាញ់​កាំភ្លើង ​ដែល​នៅ​ពេល​នោះ សមាជិក​ម្នាក់​ក្នុង​ក្រុម​ធ្វើ​ដំណើរ​របស់​លោកស្រី​ត្រូវ​បាន​គេ​បាញ់​សម្លាប់។

cam photo eccc

លោក​ស្រី ប៊ិកឃឺ ជា​សាក្សី​ជំនាញ​ម្នាក់​ដែល​បាន​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា “ពេល​សង្គ្រាម​ផុត​រលត់​ទៅ” និង​ដែល​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​មុន​របប​ ប៉ុល ពត ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ទស្សនកិច្ច​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាលពី​ខែ​ធ្នូ​ឆ្នាំ​១៩៧៨ និង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ដ៏​សម្ងាត់​នេះ។

លោក​ស្រី ប៊ិកឃឺ បាន​និយាយ​ថា “ជា​ទិដ្ឋភាព​មួយ​រន្ធត់​ណាស់…។ យើង​បាន​ដើរ​ចូល​សាល​ប្រជុំ ហើយ​អង្គុយ​នៅ​ទីនោះ​ក្នុង​កៅអី​ដ៏​ធំ​គឺ ប៉ុល ពត ខ្លួន​ឯង”។

៉បន្ទាប់មក គេ​បាន​ប្រាប់​យើង​ថា គាត់​នឹង​មិន​ឆ្លើយ​សំណួរ​ណាមួយ​របស់​យើង​ទេ ហើយ​[ចម្លើយ]​នឹង​ផ្តល់​ឲ្យ​យើង​នៅ​ពេល​ក្រោយ​ជា​លាយលក្ខណ៍​អក្សរ ហើយ​គាត់​នឹង​និយាយ​ជាមួយ​យើង។ មិនមែន​បទ​សម្ភាស​ទេ គឺ​ជា​បាឋកថា​ទៅ​វិញ”។

លោក​ស្រី ប៊ិកឃឺ បាន​និយាយ​ថា ប៉ុល ពត ចាប់​ផ្តើម​និយាយ​ខឹង​ឡូឡា​”ចម្លែក”​អំពី​ថាតើ​កម្ពុជា​នឹង​ឈ្នះ​វៀតណាម​ដោយ​របៀបណា​ក្នុង​សង្គ្រាម​ភូមិ​សាស្ត្រ​នយោបាយ​ដែល​នឹង​កើត​ឡើង​ដោយ​មាន​ជំនួយ​ពី​ណាតូ​នោះ។

លោក​ស្រី​បាន​និយាយ​ថា “គាត់​បាន​លើក​ឡើង​នូវ​ទស្សនៈ​មិន​គួរ​ឲ្យ​ជឿ​ថា កងទ័ព​វៀតណាម​នឹង​មក​ពី​ទិស​បូព៌ា​គាំទ្រ​ដោយ​រថក្រោះ​និង​កងទ័ព​បក្ខ​សម្ព័ន្ធ​កតិកា​សញ្ញា​វ៉ាសូវី ហើយ​បន្ទាប់​មក​ទៀត​គាត់​និយាយ​ថា ប្រជាជន​ខ្មែរ​នឹង​ទប់​ពួកគេ​ដោយ​កងទ័ព​ខ្មែរ​និង​កម្លាំង​មកពី​អង្គការ​ណាតូ”។ លោក​ស្រី​បាន​បន្ថែម​ថា ប៉ុល ពត ​បាន​អះអាង​ថា សង្គ្រាម​នេះ​នឹង”ជា​វិបត្តិ​ធំ​បំផុត​ក្នុង​ពិភព​លោក”។

អតីត​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​រូប​នេះ​បាន​បន្ត​ពន្យល់​អំពី​ព្រឹត្តិការណ៍​គួរ​ឲ្យ​បារម្ភ​នា​ល្ងាច​នោះ ក្នុង​ពេល​ដែល​ លោក ម៉ាលខុម ខាល​វ៉ែល ជា​អ្នក​សិក្សា​លទ្ធិ​ម៉ាក្ស​និយម​និង​ជា​អ្នក​គាំទ្រ​ខ្មែរ​ក្រហម​ ដែល​បាន​រួម​ដំណើរ​ជាមួយ​លោក​ស្រី ប៊ិកឃឺ និង​អ្នក​កាសែត រីឆាដ ដាដម៉ែន ត្រូវ​បាន​សម្លាប់​ក្នុង​ផ្ទះ​នៅ​ក្រុង​ភ្នំពេញ ដែល​ក្រុម​នេះ​កំពុង​ស្នាក់​នៅ។

បន្ទាប់ពី​ភ្ញាក់​ក្រញាង​ដោយសារ​ស្នូរ​គ្រាប់​កាំភ្លើង លោក​ស្រី ប៊ិកឃឺ បាន​និយាយ​ថា លោក​ស្រី​បាន​ស្ទុះ​ចេញ​ពី​គ្រែ​និង​បាន​រត់​ទៅរក​បុរស​ក្មេង​ម្នាក់​ដែល​កំពុង​គ្រវី​កាំភ្លើង​មក​រក​លោក​ស្រី។

លោក​ស្រី​បាន​និយាយ​ថា “គាត់​មាន​មុខ​មាត់​ខ្មែរ ប៉ុន្តែ​ពាក់​មួក​កាតឹប​ចម្លែក​…​គាត់​បាន​ភ្ជង់​កាំភ្លើង​ដាក់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ស្រែក​ដាក់​គាត់ ដំបូង​ជា​ភាសា​អង់គ្លេស បន្ទាប់​មក​ជា​ភាសា​ខ្មែរ ‘កុំៗ’ “។

លោក​ស្រី ប៊ិកឃឺ បាន​និយាយ​ថា លោក​ស្រី​បាន​រត់​ចូល​បន្ទប់​វិញ ហើយ​បន្ទាប់​មក​បាន​ឮ​ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់ មុន​ពេល​អ្នក​បាញ់​រូប​នោះ​ដើរ​ចេញ​ពី​ផ្ទះ។

លោក​ស្រី​បាន​​រ៉ាយរ៉ាប់​អំពី​ការ​អង្គុយ​នៅ​ស្ងៀមស្ងាត់​រយៈ​ពេល​ជាច្រើន​ម៉ោង មុន​ពេល​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ និង​បន្ទាប់​មក​លោក ជួន ប្រសិទ្ធ ដែល​ជា​ឯកអគ្គរដ្ឋទូត​ខ្មែរ​ក្រហម​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ពេល​នោះ មកដល់ និង​បាន​ប្រាប់​លោក​ស្រី​ថា លោក ខាល​វ៉ែល បាន​ស្លាប់​ហើយ។

នៅ​ថ្ងៃ​បន្ទាប់ លោក​ស្រី ប៊ិកឃឺ និង​លោក ដាដម៉ែន បាន​ចូលរួម​ក្នុង​ពិធី​ធម្មតា​មួយ សម្រាប់​សព​លោក ខាល​វ៉ែល ដែល​មើល​ខុសត្រូវ​ដោយ​លោក អៀង សារី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​បន្ទោស​វៀតណាម​ចំពោះ​ការ​ស្លាប់​លោក ខាល​វ៉ែល។

លោក​ស្រី​បាន​ប្រាប់​សាលាក្តី​ថា ឯកសារ​ដែល​ទទួល​បាន​នា​ពេល​ក្រោយ​មក​ពី​មណ្ឌល​សន្តិសុខ​ទួលស្លែង អាច​សន្និដ្ឋាន​បាន​ថា ទាហាន​ខ្មែរ​ក្រហម​មួយ​ក្រុម​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សម្លាប់​នេះ​ ស្ថិត​ក្នុង​ចំណោម​អ្នក​ទោស​ចុងក្រោយ​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​គុក​ដែល​មាន​ឈ្មោះ​អាក្រក់​នេះ​មុន​វៀតណាម​ចូល​ឈ្លានពាន។

លោក​ស្រី ប៊ិកឃឺ បាន​រិះគន់​ចរិត​គ្រប់គ្រង​តឹងរ៉ឹង​លើ​ការ​មក​ធ្វើ​ទស្សនកិច្ច​របស់​លោក​ស្រី ដោយ​បាន​និយាយ​ថា ក្រុម​របស់​លោក​ស្រី​ត្រូវ​បាន​គេ​នាំ​ទៅ​មើល “សហករណ៍​គំរូ​ជាច្រើន​កន្លែង” ក្នុង​នោះ​មាន​ភូមិ “ពោធិមគីន” ក្នុង​ខេត្ត​កំពង់ចាម និង​បាន​និយាយ​ថា គេ​បាន​ហាម​លោក​ស្រី​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់​ដំបង ជា​ទីជម្រក​ចុង​ក្រោយ​របស់​កម្ពុជា​ប្រជា​ធិបតេយ្យ ក្នុង​​​គោល​​​បំណង​​​ស៊ើបអង្កេត​​​​​​ ថា​​​តើ​​​ការ​​​រៀបរាប់​​​របស់​​​ជន​​​ភៀស​​​ខ្លួន​​​ទាក់ទង​​​នឹង​​​អំពើ​​​ឃោរឃៅ​​​ព្រៃផ្សៃ កើតមាន​​​ពិត​​​ប្រាកដ​​​ឬយ៉ាង​​​ណា។

លោកស្រី​​​ក៏​​​បាន​​​និយាយ​​​អំពី​​​ការ​​​លប​​​ចេញ​​​ពី​​​ក្រុម​​​ទស្សនកិច្ច​​​ ហើយ​​​បាន​​​ដើរ​​​តាមផ្លូវ​​​ដែល​​​បោះបង់​​​ចោល​​​នៅ​​​ក្នុង​​​ទីក្រុង​​​ ដែល​​​របប​​​នេះ​​​បាន​​​បណ្តេញ​​​ប្រជាជន​​​ចេញ។

លោក​​​ស្រី​​​​​​ ប៊ិកឃឺ បាន​​​និយាយ​​​ថា ខ្ញុំ​​​គិតថា នឹង​​​ដើរ​​​ទៅ​​​កន្លែង​​​មួយ​​​នឹង​​​ឃើញ​​​ជីវិត​​​ពិត ហើយ​​​នឹង​​​ជួប​​​ក្មេងៗ​​​កំពុង​​​រត់លេង ឬ​​​ក៏​​​ស្ត្រី​​​ជជែក​​​គ្នាលេង…​​​ជនជាតិ​​​ខ្មែរ​​​គឺជា​​​មនុស្ស​​​រួសរាយ ប៉ុន្តែ​​​មិន​​​បាន​ឃើញ​​​អ្វី​​​ទាំងអស់។

លោកស្រី​​​បន្ត​​​ថា អ្វី​​​ដែល​​​ខ្ញុំ​​​មិន​បាន​​​ឃើញ គឺ​​​ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​ខកចិត្ត​យ៉ាង​​​ខ្លាំង។ សក្ខីកម្ម​​​របស់​​​លោកស្រី​​​ ប៊ិកឃឺ​​​ នឹង​​​បន្ត​​​នៅ​​​ថ្ងៃ​​​នេះ៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស