29.6 C
Phnom Penh

ប៉ូលិស​បញ្ជាក់​ថា​មាន​ជនសង្ស័យ​ទី២​ក្នុង​ការ​វាយ​ប្រហារ​ទាក់ទិន​នឹង​កម្រៃ​កាហ្សានធីប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​នៅ​ក្រុង​ព្រះ​សីហនុ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​បញ្ជាក់​ថា បុរស​ទី២​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ហិង្សា​លើ​មនុស្ស​មួយ​ក្រុម​ ដែល​មាន​ទាំង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ចាត់ចែង​លក់​សំបុត្រ​សម្រាប់​ការ​ប្រគំ​តន្ត្រី​កាហ្សានធីប (Kazantip) នៅ​សណ្ឋាគារ​និង​កាស៊ីណូ ឃ្វីនកូ នៅ​យប់​ថ្ងៃ​សុក្រ។

បុរស​រុស្ស៊ី​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ពី​បទ​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ​នោះ ត្រូវ​ជាប់​ចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ។

យោងតាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​នៅ​ក្នុង​សណ្ឋាគារ​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ បន្ទាប់ពី​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៦​នាក់​បាន​ទាមទារ​យក​៥០​ភារយ​នៃ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ក្នុង​ការ​ចូល​កម្សាន្ត​សប្បាយ​ល្បី​ល្បាញ​ខាង​អាសអាភាស ដែល​នឹង​ធ្វើ​នៅ​លើ​កោះពស់​នៅ​ថ្ងៃ​ពុធ ដោយ​ពួកគេ​បាន​គំរាម​ថា​នឹង​សម្លាប់​ភរិយា​និង​កូនៗ​របស់​អ្នក​គ្រប់គ្រង ប្រសិនបើ​គាត់​មិន​ព្រម​តាម​លក្ខខណ្ឌ​របស់​ពួកគេ។

អ្នក​គ្រប់គ្រង​នោះ ជា​ជនជាតិ ម៉ូលដូវ៉ាន ឈ្មោះ វ៉្លាឌីមៀ ប៉ាឡានស៊ីកា អាយុ​៣០​ឆ្នាំ បាន​គេច​ខ្លួន​ដោយ​ឥត​របួស​ស្នាម ប៉ុន្តែ​បុរស​ម៉ូលដូវ៉ាន​ទី២ ឈ្មោះ មីហេ ប៊ុលហ្គា អាយុ​២០​ឆ្នាំ ត្រូវគេ​ចាក់​ចំ​ខ្លួន​ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ប៉ូលិស​បាន​តាម​ជន​វាយ​ប្រហារ​ដល់​ផ្ទះ​វីឡា​ជួល​នៅ​សង្កាត់៣​ក្រុង​ព្រះសីហនុ ដែល​នៅ​ទី​នោះ​ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ទី២ និង​រឹបអូស​បានកាំភ្លើង​ខ្លី កាំភ្លើង​ឆក់ និង​អាវុធ​ផ្សេងទៀត។

កាលពី​ថ្ងៃ​ច័ន្ទ ស្នងការ​រង​ខេត្ត លោក កុល ផល្លី បាន​និយាយ​ថា បុរស​ទី​២​ដែល​នៅ​ជាមួយ​លោក ប៉ាឡានស៊ីកា នៅ​សណ្ឋាគារ​នោះ បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ ប៉ុន្តែ​ថា កន្លែង​ស្នាក់​នៅ​របស់​ជន​រងគ្រោះ​មិន​ដឹង​នៅ​ទីណា​ទេ ហើយ​ឈ្មោះ សញ្ជាតិ​និង​អាយុ ក៏​គាត់​មិន​ដឹង​ដែរ។

លោក ផល្លី បាន​និយាយ​ថា “គាត់​មិន​បាន​មក​ប្តឹង ហើយ​យើង​ព្យាយាម​ស្វែងរក​គាត់ ប៉ុន្តែ​យើង​រក​មិន​ឃើញ”។ លោក​បាន​ពន្យល់​ថា គាត់​ស្គាល់​ភិនភាគ​បុរស​នោះ​ពី​”ប្រភព”​ជាច្រើន។

លោក ម៉ែន វណ្ណនី នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា មាន​ជន​រងគ្រោះ​ទី២។ លោក​បាន​និយាយ​ថា បុរស​នោះ​តាម​សេចក្តី​រាយការណ៍​ឲ្យ​ដឹង​ថា ត្រូវ​គ្រាប់​ចំ​ជង្គង់ ប៉ុន្តែ​ដោយសារ​រក​សំបក​គ្រាប់​មិនឃើញ​នៅ​សណ្ឋាគារ ដូច្នេះ​របួស​របស់​គាត់​មិន​ទំនង​បង្ក​ឡើង​ដោយ​គ្រាប់​កាំភ្លើង​ទេ។ លោក​បាន​និយាយ​ថា “យើង​សង្ស័យ​ថា គាត់​ត្រូវ​គ្រាប់​កាំភ្លើង​ខ្សល់”។

កាលពី​ថ្ងៃ​អាទិត្យ ទាំង​លោក ប៉ាឡានស៊ីកា និង​លោក អីុលីយ៉ា រ៉ូសេន​ហ្វេល ដែល​តំណាង​ទីភ្នាក់ងារ​ពិគ្រោះ​យោបល់​ច្បាប់​បន្ទាន់ ជាដៃគូ​ក្រុមហ៊ុន Lotus Tours បាន​អះអាង​ថា ការ​វាយ​ប្រហារ​នោះ​ដឹក​នាំ​ដោយ​បុរស​រុស្ស៊ី​ម្នាក់​ដែល​ជួល​ដោយ​ពាណិជ្ជករ​រុស្ស៊ី ឈ្មោះ នីកូឡាយ ដូរ៉ូសេនកូ អាយុ​៥៤​ឆ្នាំ។

កូន​ប្រុស​របស់​លោក ដូរ៉ូសេនកូ ឈ្មោះ អូស្តាប ដូរ៉ូសេនកូ អាយុ​៣៦​ឆ្នាំ បាន​បដិសេធ​កាលពី​ថ្ងៃ​អាទិត្យ​ថា បុរស​នោះ​មិន​មែន​ធ្វើ​ការ​ឲ្យ​គ្រួសារ​របស់​លោក​ទេ និង​បាន​និយាយ​ថា ទាំង​រូប​គាត់ ទាំង​ឪពុក​របស់​គាត់​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ឡើយ។

លោក រ៉ូសេនហ្វេល ដែល​ធ្វើ​ជា​លេខា​ព័ត៌មាន​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គឺ​លោក សេរហ្គេ ​ប៉ូឡុនស្គី អាយុ​៤២​ឆ្នាំ​ដែរ​នោះ បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឡើង​ដោយ​ពួក​បុរស​ដែល​អះអាង​ថា ជា​ពួក​ម៉ាហ្វីយ៉ា​ដែល​បាន​ចាប់​ផ្តើម “បាញ់​និង​ចាក់​ដោយ​មិន​រើស​មុខ”។

លោក​ស្នងការ​រង ផល្លី បាន​និយាយ​ថា បុរស​ទាំង​ពីរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ គឺ អាឡិកសានដ្រ គីសេឡិវ អាយុ​២៩​ឆ្នាំ និង អាឡិកសេ ប៊ឺឡាកូវ អាយុ​៣០ ត្រូវ​តុលាការ​ក្រុង​ព្រះសីហនុ​ចោទ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស