42.2 C
Phnom Penh

នគរ​បាល​ផ្តោត​គោល​ដៅ​លើ​ជន​ជា​តិ​ដើម​ភាគ​តិច​ម៉ុង​តាញ៉ា​​៩នាក់ ​ ខណៈដែល៧នាក់ទៀត​មកដល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ខេត្ត​រតនគិរី​បាន​ស្វែង​រក​ និង​ព្យាយាម​ចាប់​ខ្លួន​អ្នក​ស្វែង​រក​សិទ្ធិជ្រក​កោន​ជនជាតិ​ដើមភាគ​តិច​ម៉ុង​តាញ៉ា​មួយ​ក្រុម​មាន​គ្នា​៩នាក់ ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ស្រុក​លំផាត់​កាលពី​ម្សិលមិញ បន្ទាប់ពី​ជា​ជនជាតិ​ដើម​ភាគ​តិច​ម៉ុង​តាញ៉ា​​​ប្រាំពីរ​នាក់​ទៀត​បាន​ឆ្លង​ចូល​ក្នុង​ខេត្ត​នេះ​កាលពី​ថ្ងៃច័ន្ទ។

លោក សយ ថៃ អធិការ​នគរ​បាល​ស្រុក​លំផាត់​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​កំពុង​ស្វែង​រក​មនុស្សមួយ​ក្រុម​មាន​គ្នា​ប្រាំបួន​នាក់​នេះ​យ៉ាង​សកម្ម បន្ទាប់ពី​ពួកគេ​បាន​គេច​ខ្លួន​។ លោក​បានមាន​ប្រសាសន៍​ថា ​”ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​ស្វែង​រកជន​ទាំង​នេះ​នៅ​ក្នុង​ព្រៃ” ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។

​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ម្នាក់ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​ការ​រក​រឿង​​បាន​និយាយ​ថា នគរ​បាល​មក​ដល់​ភូមិ​ជ្រៃ​ក្នុង​ឃុំ​សេដា ស្ថិតក្នុង​ស្រុក​នេះ​នៅ​ម៉ោង​ប្រហែល​១សៀល​។

គាត់​បាន​​និយាយ​ថា ខ្ញុំ​បាន​ឃើញ​នគរ​បាល​១៣​នាក់ និង​​​រថយន្ត​បី​គ្រឿង​មក​ដល់​ភូមិ​នេះ។ បន្ទាប់​មក​ពួកគេ​បាន​ដើរ​ចូល​ក្នុង​ព្រៃ​ ហើយ​ព្យាយាម​ចាប់​ជនជាតិ​ដើម​ភាគ​តិច​ម៉ុង​តាញ៉ា​ទាំង​ប្រាំបួននាក់ ដែល​បាន​រត់​គេច​ខ្លួន​”។

អ្នកភូមិជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ម្នាក់​ទៀត​ ដែល​បានជួយ​អ្នក​ស្វែក​រក​សិទ្ធិ​ជ្រក​កោន​ចាប់​តាំង​ពី​ពួកគា​ត់មក​ដល់​ដំបូង​ក្នុង​ខេត្ត​នេះ​កាលពី​ចុង​ឆ្នាំ​មុន​នោះ បាន​និយាយ​ថា គាត់​និង​អ្នក​ភូមិ​ដទៃ​ទៀត​បាន​ស្វែង​រក​មនុស្ស​ប្រាំ​នាក់​ក្នុង​ចំណោម​ពួកគាត់​ទាំង​៩នាក់​។ គាត់​បាន​និយាយ​ថា គាត់​មិន​​ប្រាកដ​ពី​ជោគ​វាសនា​របស់​មនុស្ស​បួន​នាក់​ផ្សេង​ទៀត​នោះ​ឡើយ​។

គាត់​បាន​និយាយ​ថា “យើង​ទើប​តែ​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​អ្នកភូមិ​ថា នគរ​បាល​បាន​ចាប់​ខ្លួន​មនុស្ស​បួន​នាក់ ហើយ​យើង​​មិន​ដឹង​ថា គេ​​បញ្ជូន​ពួកគាត់​ទៅ​ទីណា​នោះឡើយ”។

មន្ត្រី​ស្រុក​ និង​មន្ត្រី​ខេត្ត​មួយ​ចំនួន​បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​ ឬ​លើក​ឡើង​ថា ពួកគេ​មិន​ដឹង​ថា តើ​ជនទាំង​បួន​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ឬយ៉ាង​ណានោះ​ឡើយ​។

យោង​តាម​លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ដើមភាគ​តិច​ម៉ុង​តាញ៉ា​​ប្រាំពីរ​នាក់​ទៀត ដែល​ជា​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​មកពី​តំបន់​ខ្ពង់​រាប​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​នោះ​ បាន​មក​ដល់​ស្រុក​អូរ​យ៉ាដាវ​ក្នុង​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​។

ការ​មក​ដល់​ថ្មី​របស់​ក្រុម​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ជនជាតិ​ដើម​ភាគ​តិច​ម៉ុង​តាញ៉ា​​សរុប​ឡើង​ដល់​៤៥​នាក់​ហើយ ដែល​លោក​លើក​ឡើង​ថា ពួកគេ​បាន​រត់​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្នែក​សាសនា និង​នយោបាយ​ក្នុង​ប្រទេស​វៀត​ណាម។

បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​​ដើម្បី​​ជួប​ជនជាតិ​ដើម​ភាគ​តិច​ម៉ុង​តាញ៉ា​​​ទាំង​នេះ​កាលពី​សប្ដាហ៍​មុន​ បាន​បញ្ចប់​បន្ទាប់ពី​​អាជ្ញាធរ​មូលដ្ឋាន​​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​​ធ្វើ​ដំណើរ​ក្នុង​ខេត្ត​នេះ​​​បើ​​​គ្មាន​ការ​អនុញ្ញា​ត​ពី​អភិបាល​ខេត្ត​ និង​ក្រសួង​មហាផ្ទៃ។

លោកស្រី វ៉ាន ហៀលី តំណាង​​ប្រចាំ​ប្រទេស​​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ការពិតគឺថា បេសកកម្ម​នេះ​ត្រូវ​បាន​រារាំង​​មិន​ឲ្យ​ព្យាយាម​ជួយ​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នេះ​ឲ្យ​ពួកគាត់ដាក់​ពាក្យ​សុំ​សិទ្ធិ​ជា​ជនភៀស​ខ្លួន ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិត​នៃ​អភិបាល​កិច្ចរបស់ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ។

បន្ថែម​ទៅ​នឹង​ជនជាតិដើម​​ភាគ​តិច​ម៉ុង​តាញ៉ា​​ក្នុង​ខេត្ត​រតនគិរី នាយកដ្ឋាន​ជនភៀស​ខ្លួន​​ក្រសួង​មហាផ្ទៃ​ កំពុង​ពិនិត្យ​មនុស្ស​១៣​នាក់​ទៀត​ ដើម្បី​កំណត់​​ថា តើ​ពួកគេ​​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​​ឋានៈ​ជាជន​ភៀស​ខ្លួន​ឬយ៉ាង​ណា​នោះ​។

មនុស្ស​ប្រាំពីរ​នាក់​ទៀត​កំពុង​រង់ចាំ​នៅ​ក្នុង​រាជធានី​​ ដើម្បី​ឲ្យ​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​​អនុញ្ញាត​ឲ្យ​ពួកគាត់​ចុះ​ឈ្មោះ​សម្រាប់​​ដំណើរ​ការ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​។

លោកស្រី លី បាន​មាន​ប្រសាសន៍​ថា មនុស្ស​បី​នាក់​ទៀត​បាន​មក​ដល់​រាជធានី​ភ្នំពេញ​​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ។ លោកស្រី​បានមាន​ប្រសាសន៍​ថា “ក្រុម​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​ទេ”។

លោក កែម សារិន ប្រធាន​នាយក​ដ្ឋាន​ជន​ភៀស​ខ្លួន និង​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​​មហាផ្ទៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​៕ សារុន (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស