34 C
Phnom Penh

ក្រុមការងារ​​​បញ្ចប់​​​ការ​​​ពិភាក្សា​​​អំពី​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​ការងារ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បញ្ចប់​​​ការចរចា​​​របស់​​​គេ​​​ទាក់ទង​​​នឹង​​​ការ​​​កែប្រែ​​​ច្បាប់​​​បោះ​​​ឆ្នោត​​​កាលពី​​​ថ្ងៃ​​​អង្គារ ហើយ​​​បាន​​​បញ្ជូន​​បញ្ហា​​​​​​​​​ខ្វែង​​​គំនិត​​​គ្នា​​​ចំនួន​​​១៥​​​ចំណុច​​​ជូន​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ លោក​​​ ស ខេង និង​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​លោក សម រង្ស៊ី ដើម្បី​​​ដោះ​​​ស្រាយ​​​ក្នុង​​​អំឡុង​​​ពេល​​​ការចរចា ដែល​​​កំណត់​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ។

លោក​​​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​​​បាន​​​ដឹកនាំ​​​ក្រុម​​​ចរចា​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​នៅ​​​ក្នុង​​​កិច្ច​​​ពិភាក្សា បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមការងារ​​​អាច​​​នឹង​​​ជួប​​​គ្នា​​​ម្តងទៀត​​​ប្រសិនបើ​​​​​​កិច្ច​​​ប្រជុំ​​​ថ្នាក់​​​ដឹកនាំ​​​​​​កំពូល​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​ខកខាន​​​មិន​​​អាច​​​ដោះស្រាយ​​​បញ្ហា​​​មិន​​​ឯកភាព​​​​​​គ្នាដែល​​​នៅ​​​សេស​​​សល់។

មន្ត្រី​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ លោក គួយ ប៊ុនរឿន ដែល​​​បាន​​​ដឹកនាំ​​​ក្រុម​​​ការងារ​​​របស់​​​គណបក្ស​​​ប្រឆាំង បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា គណបក្ស​​​បាន​​​បញ្ចប់​​​កិច្ច​​​ពិភាក្សា​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ស្តីពី​​​ជំពូក​​​នៅ​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត ដែល​​​ទាក់ទង​​​ទៅ​​​នឹង​​​ការ​​​ផាក​​​ពិន័យ ប៉ុន្តែ​​​បាន​​​បន្សល់​​​ទុក​​​មាត្រា​​​ចំនួន​​​៤ ដែល​​​ត្រូវ​​​ចរចា​​​​​​ដោះ​​​ស្រាយ​​​ដោយ​​​លោក ខេង និង​​​លោក រង្ស៊ី។​​​

លោក ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍ថា “មាត្រា​​​៣​​​ទាក់ទង​​​នឹង​​​បញ្ហា​​​ទោសទណ្ឌ​​​តាម​​​រយៈ​​​ការ​​​ផាក​​​ពិន័យ​​​ក្រុម​​​សង្គម​​​ស៊ីវិល​​​ដែល​​​មិន​​​រក្សា​​​ឯករាជ្យភាព​​​របស់​​​ខ្លួន ហើយ​​​ប្រមាថ​​​មាក់ងាយ​​​គណបក្ស​​​នយោបាយ និង​​​បេក្ខជន”។

មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​និយាយ​​​ថា គណបក្ស​​​ប្រជាជន​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ដាក់​​​ពិន័យ​​​ជា​​​ទឹក​​​ប្រាក់​​​ជាង​​​៥០​​​លាន​​​រៀល (ប្រហែល​​​១២.២៥០​​​ដុល្លារ) ចំពោះ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ណា​​​ដែល​​​បំពាន​​​​​​ច្បាប់​​​ដ៏​​​ចម្រូងចម្រាស ដែល​​​ហាម​​​មិន​​​ឲ្យ​​​ប្រើ​​​”ការ​​​ប្រមាថ​​​មាក់ងាយ” ក្នុង​​​អំឡុង​​​ពេល​​​ឃោសនា​​​បោះ​​​ឆ្នោត ប៉ុន្តែ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ច្រានចោល។

លោក ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “ដូច្នេះ​​​យើង​​​ឃើញ​​​ថា ការ​​​ផាក​​​ពិន័យ​​​ធ្ងន់​​​ពេក គឺ​​​ផាក​​​​​​ពិន័យ​​​រវាង​​​១០លាន​​​ទៅ​​​៥០​​​លាន​​​រៀល”។ លោក​​​បាន​​​បន្ថែម​​​ថា គណបក្ស​​​ប្រជាជន​​​បាន​​​ទម្លាក់​​​ចោល​​​សំណើ​​​ដំបូង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ផាក​​​ពិន័យ​​​ជា​​​អតិបរមា ជា​​​ទឹក​​​ប្រាក់​​​៣០​​​លាន​​​រៀល (៧.៣៥០​​​ដុល្លារ)។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គិត​​​ថា គឺ​​​ច្រើន​​​ណាស់”។

លោក ឈិន បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ក៏​​​មិន​​​បាន​​​ឈាន​​​ដល់​​​ការ​​​ព្រមព្រៀង​​​មួយ​​​ដែល​​​ទាក់ទង​​​នឹង​​​មាត្រា​​​​​​មួយ ដែល​​​ដាក់​​​ពិន័យ​​​ជាទឹកប្រាក់​​​ពី​​​៥​​​ទៅ​​​១០​​​លាន​​​រៀល​​ ទៅ​​​លើ​​​សមាជិក​​​សាធារណជន ដែល​​​រក​​​ឃើញ​​​ថា​​​មាន​​​ទោស​​​ប្រមាថ​​​មាក់ងាយ​​​គណបក្ស​​​នយោបាយ ឬ​​​ញុះញង់​​​ឲ្យ​​​មាន​​​ការ​​​ប្រកាន់​​​ពូជសាសន៍​​​ក្នុង​​​អំឡុង​​​ពេល​​​បោះ​​​ឆ្នោត។

លោក ឈិន បាន​​​មាន​​​ប្រសាសន៍​​​ថា ចំណុច​​​មួយ​​​ក្នុង​​​បណ្តា​​​ចំណុច​​​​​​សំខាន់ៗ​​​ដែល​​​មិន​​​ឯកភាព​​​គ្នា​​​រវាង​​​គណបក្ស គឺថាតើ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​មិន​​​មាន​​​​​​អត្តសញ្ញាណប័ណ្ណ​​​ចេញ​​​ដោយ​​​រដ្ឋាភិបាល នឹង​​​បង្ហាញ​​​អត្តសញ្ញាណ​​​របស់​​​គេ​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​យ៉ាង​​​ដូចម្តេច​​​នោះ នឹង​​​ត្រូវ​​​ដោះស្រាយ​​​ផង​​​ដែរ​​​ដោយ​​​លោក ខេង និង​​​លោក រង្ស៊ី។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមការងារ​​​មិន​​​បាន​​​ពិភាក្សា​​​អំពី​​​ការ​​​ទាមទារ​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​​​សប្តាហ៍​​​នេះ​​​ដែល​​​ថា ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​គួរ​​​ដាក់​​​បញ្ចូល​​​បទប្បញ្ញត្តិ​​​មួយ ដែល​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត បែងចែក​​​អាសនៈ​​​នៃ​​​តំណាង​​​រាស្ត្រ​​​ណា​​​ដែល​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​រួច។ លោក​​​ ឈិន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ទាមទារ​​​នោះ​​​នឹង​​​ដាក់​​​បញ្ចូល​​​ទៅ​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ថ្នាក់​​​ដឹកនាំ​​​កំពូល​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ៕ រើន និង និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស