40 C
Phnom Penh

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ការ​​​ពារ​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយមាន​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ជា​​​ច្រើនធ្វើ​​​ពហិការ​​​ច្បាប់​​​បោះឆ្នោត​​​ថ្មី​​​ ​​​ក្រុម​​​ការ​​​ងារ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​រៀប​​​ចំ​​​សិក្ខាសាលា​​​មួយ​​​នៅ​​​រដ្ឋសភា​​​ កាល​​​ពីម្សិល​​​មិញ​​​ ដើម្បី​​​ការ​​​ពារ​​​ច្បាប់​​​ថ្មី​​​ដ៏ចម្រូង​​​ចម្រាស​​​នេះ​​​ដែល​​​ពួក​​​គេ​​​លើក​​​ឡើង​​​ថា នឹង​​​ធ្វើ​​​ឲ្យ​​​គុណ​​​ភាព​​​នៃ​​​ការ​​​បោះ​​​​​​ឆ្នោត​​​នា​​​ពេល​​​អនាគត​​​ប្រសើរ​​​ឡើង​​​។cam-photo-front3

កាល​​​ពី​​​ប្រាំ​​​ពីរ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ ប៊ិន ឈិន ​​​​​​​​​និង​​​លោក គួយ ប៊ុនរឿន មន្ត្រី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ដឹក​​​នាំ​​​ក្រុម​​​ការ​​​ងារ​​​តាក់​​​តែង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​ក្រោយ​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា ដែល​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​អះ​​​អាង​​​ថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​មាន​​​ការ​​​លួច​​​បន្លំ​​​។

​​​ក្រុម​​​ការ​​​ងារ​​​នេះ​​​ដែល​​​ដំបូង​​​ឡើយ​​​បាន​​​ជួប​​​ពិភាក្សា​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​ទី១១​​​ខែ​​​សីហា បាន​​​បញ្ចប់​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​ដើម្បី​​​បង្កើត​​​គណៈកម្មការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) ដែល​​​មាន​​​សមាជិក​​​មក​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ​​​ចូល​​​រួម​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨​​​ ខែ​​​ធ្នូ​​​ ហើយ​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ស្រាប់​​​​​​ឡើង​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

បទប្បញ្ញត្តិ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដែល​​​ត្រូវ​​​បាន​​​កែ​​​ប្រែ​​​កំពុង​​​រង​​​ការ​​​រិះ​​​គន់​​​ រួម​​​ទាំង​​​​​​ការ​​​ផាក​​​ពិន័យ​​​ដ៏​​​ធ្ងន់​​​ធ្ងរ​​​របស់​​​ច្បាប់​​​នេះ​​​លើ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ណា​​​ដែល​​​ “ប្រមាថ” គណបក្ស​​​ ឬ​​​ក៏​​​បង្ហាញ​​​ “ពីការ​​​លម្អៀង” អំឡុង​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ​​​​​​ ប៉ុន្តែ មន្ត្រី​​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ជំទាស់​​​ អំឡុង​​​សិក្ខាសាលា​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​ភាព​​​ប្រសើរ​​​ទៅវិញ​​​ទេ​​​។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ជា​​​អ្នក​​​​​​ចរចា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ចរចា​​​នានា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អំឡុង​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ឡើង​​​វិញ​​​បាន​​​លើក​​​​​​ឡើង​​​ថា ការ​​​បង្កើត​​​ គ.ជ.ប.ថ្មី​​​ ដោយ​​​មាន​​​មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​ផ្សេង​​​​​​ចូល​​​រួម​​​​​​ជា​​​​​​ជាង​​​មក​​​តែ​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ​​​នឹង​​​ជួយ​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​ដូច​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ​​​​​​។

លោក យ៉ែម បុញ្ញ​​​​ឫទ្ធិ បាន​​​មាន​​​ប្រសាសន៍​​​ថា “រឿង​​​ផ្សេង​​​មួយ​​​ទៀត​​​ដែល​​​ខុស​​​គ្នា​​​ស្រឡះ​​​ពី​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ចាស់​​​ គឺ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ជ​ី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​។ នេះ​​​គឺ​​​ជា​​​ចំណុច​​​មួយ​​​សំខាន់​​​ណាស់​​​។ខ្ញុំ​​​ចង់​​​សង្កត់​​​ធ្ងន់​​​ដល់​​​អ្នក​​​ចូល​​​រួម​​​ក្នុង​​​សិក្ខាសាលា​​​នេះ​​​ថា ​​​យើង​​​នឹង​​​ធ្វើ​​​​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ថ្មី​​​​​​ដោយ​​​​​​មាន​​​ការ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ច្បាស់​​​លាស់​​​ដូច​​​ជា​​​ មាន​​​ស្នាម​​​មេដៃ​​​ និងបិទ​​​រូប​​​ថត​​​ជា​​​ដើម​​​”។

សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ច្បាស់​​​លាស់​​​នេះ​​​អាច​​​ជួយ​​​ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​មាន​​​ឈ្មោះ​​​លើស​​​ពី​​​មួយ​​​នៅ​​​ក្នុង​​​បញ្ជី​​​អ្ន​​​ក​​​បោះ​​​ឆ្នោត​​​ ហើយ​​​វា​​​អាច​​​កាត់​​​បន្ថយ​​​​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​បាន​​​យ៉ាង​​​ច្រើន​​​។

លោក​​​ យ៉ែម បុញ្ញឫទ្ធិ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា “នេះ​​​គឺ​​​ជា​​​បញ្ហា​​​ថ្មី​​​មួយ​​​ដែល​​​អាច​​​កាត់​​​បន្ថយ​​​ឈ្មោះ​​​ស្ទួនគ្នា។ យើង​​​អាច​​​ទប់​​​ស្កាត់​​​ការ​​​ជាន់​​​ឈ្មោះ​​​ស្ទួនគ្នា​​​​​​បាន​​​រហូត​​​ដល​​​់ទៅ​​​ជិត​​​៩​​​៩​​​ភាគ​​​រយ​​​​​​ដោយ​​​ផ្អែក​​​លើ​​​ស្នាម​​​មេដៃ​​​ និង​​​ការ​​​ភ្ជាប់​​​រូប​​​ថត​​​មក​​​ជា​​​មួយ​​​”។

គ.ជ.ប.​​​ថ្មី​​​ដែល​​​មាន​​​សមាជិក​​​មក​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ​​​ចូល​​​រួម​​​នឹង​​​មាន​​​សមាជិក​​​ចំនួន​​​ប្រាំ​​​បួន​​​រូប​​​​​​ដោយ​​​បួន​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បួន​​​រូប​​​ទៀត​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ​​​រីឯ​​​សមាជិក​​​ចុង​​​ក្រោយ​​​គឺ​​​ជា​​​​​​សមាជិក”អព្យាក្រឹត្យ​​​​​​​​​​​​​​​” ដែល​​​នឹង​​​​​​មាន​​​​​​ការ​​​បោះ​​​ឆ្នោត​​​យ៉ាង​​​តឹង​​​រឹុង​​​ និង​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​គណបក្ស​​​ទាំង​​​ពីរ​​​។

លោក កើត​​​ រិទ្ធ រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​យុត្តិធម៌​​​ដែល​​​ជា​​​អ្នក​​​ចរចា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ដែល​​​​​​ជា​​​សមាជិក​​​ គ.ជ.ប.​​​នឹង​​​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​​​​របស់​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​លា​​​លែង​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​គណបក្ស​​​ណា​​​មួយ​​​ដើម្បី​​​បង្ហា​​ញ​​​អព្យាក្រឹត្យ​​​ភាព​​​​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “សមាជិក​​​ទាំង​​​អស់​​​របស់​​​ គ.ជ.ប. ត្រូវតែ​​​លា​​​លែង​​​ពី​​​បក្ស​​​របស់​​​ខ្លួន​​​ដើម្បី អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​អាច​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​បាន​​​។ ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួកគេ​​​ចាំបាច់​​​ត្រូវ​​​តែ​​​លាលែង​​​? វា​​​គឺ​​​ជា​​​ដំណើរ​​​ការ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ស្ថាប័ន​​​នេះ​​​មាន​​​អព្យាក្រឹត្យ​​​ភាព”។

ដល់​​​ពេល​​​វគ្គ​​​សំណួរ​​​ចម្លើយ ​​​បន្ទាប់​​​ពី​​​ការ​​​ធ្វើ​​​បទ​​​បង្ហាញ​​​របស់​​​មន្ត្រី​​​គណបក្ស​​​ លោក ហ្សង់​​​ហ្វ្រង់ស័រ កូតាំង (Jean-Francois Cautain) ឯកអគ្គរដ្ឋទូត​​​​​​សហភាព​​​អឺរ៉ុប​​​បាន​​​ឡើង​​​សួរ​​​សំណួរ​​​អំពី​​​ភាព​​​ចាំ​​​បាច់​​​​​​នៃ​​​មាត្រា​​​៨៤​​​ ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​។

ក្នុង​​​ចំណោម​​​បញ្ហា​​​ផ្សេង​​​ៗ​​​ មាត្រា​​​៨៤​​​ហាម​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មិន​​​ឲ្យ​​​ “ប្រើ​​​ពាក្យ​​​ដោយ​​​ផ្ទាល់ ឬ​​​ប្រយោល​​​ ឬក៏​​​សារ​​​ដែល​​​ប្រមាថ​​​គណបក្ស​​​ណា​​​មួយ ឬ​​​បេក្ខ​​​ភាព​​​​​ណា​​​មួយ​​​”។ ឬក៏​​​ហាម​​​មិន​​​ឲ្យ “ចេ​​​ញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ណា​​​​​​មួយ​​​ដែល​​​គាំ​​​ទ្រ ឬ​​​បង្ហាញ​​​ពី​​​ភាព​​​លម្អៀង​​​​​​ចំពោះ​​​ ឬ​​​ប្រឆាំង​​​នឹង​​​សកម្មភាព​​​ណា​​​មួយ ឬ​​​បេក្ខភាព​​​ណាម្នាក់​​​​​​”។

មាត្រា​​​នេះ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​បទ​​​បញ្ញត្តិ ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​ច្រើន​​​ទៀត​​​​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​​​ដោយ​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ដែល​​​បុគ្គលិក​​​របស់​​​ខ្លួន​​​​​​ប្រឈម​​​នឹង​​​ការ​​​ផាក​​​ពិន័យ​​​ជា​​​ទឹក​​​ប្រាក់​​​​​​ពី​​​២.៥០០​​​ដុល្លារ ដល់​​​៥.០០០ដុល្លារ​​​ពី​​​បទ​​​រំលោភ​​​ច្បាប់​​​នេះ បាន​​​លើក​​​ឡើ​​​ង​​​ថា ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​តាក់​​​តែង​​​ឡើង​​​ដើម្បី​​​​​​បំបិទ​​​សេរីភាព​​​ពួកគេ​​​អំឡុង​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​។

មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​លោក កូតាំង បាន​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នេះ​​​ លោក ឈាង វុន អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា​​​ និង​​​ជា​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ងើប​​​​​​ឡើង​​​ហើយ​​​ហាក់​​​បី​​​ដូច​​​ជា​​​ចង់​​​សួរ​​​តប​​​វិញ​​​​​​មុន​​​ពេល​​​រិះ​​​គន់​​​ការ​​​សួរ​​​សំណួរ​​​របស់​​​​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​សហ​​​ភាព​​​អឺរ៉ុប​​​រូប​​​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​មាន​តុល្យភាព​​សម្រាប់​ភាគី​ទាំងពីរ​ ពីព្រោះ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្វើ​ការ​ដោយ​មាន​និន្នាការ​នយោបាយ​។ ពួកគេ​យក​លុយ​ពី​ខាង​ក្រៅ​ដើម្បី​ធ្វើ​សកម្មភាព​វាយ​ប្រហារ​គណបក្ស​ប្រជាជន​ ហើយ​ពិត​ណាស់​យើង​ដឹង​រឿង​នោះ។ វា​ហាក់​ដូច​ជា​មាន​ការ​រឹត​បន្តឹង​ [លើ​ការ​បញ្ចេញ​មតិ​] ប៉ុន្តែ​តាម​ពិត​សេចក្ដី​ព្រាង​ច្បាប់​នេះ​គ្រាន់​តែ​តាក់​តែងឡើង​​ដើម្បី​បង្ហាញ​​ថា សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល​មាន​ព្រំដែន​កំណត់​ប៉ុណ្ណា​​ប៉ុណ្ណោះ”។

កាលពី​ថ្ងៃ​អាទិត្យ​ លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​ចាត់​ទុក​ច្បាប់​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ធ្វើ​កំណែទម្រង់​នេះ​ថា អាក្រក់​ជាង​ច្បាប់​ដើម​ទៅ​ទៀត ដោយ​​លោក​បាន​​លើក​ឡើង​ពី​បទប្បញ្ញត្តិ​មួយ​ចំនួន​ រួម​ទាំង​អំណាច​​​ថ្មី​​ដ៏ទូលំទូលាយ​ដែល​អាច​ដក​សិទ្ធិ​​គណបក្ស​នយោបាយ​មិន​ឲ្យ​​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​​ផ្ដន្ទាទោស​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ផ្លូវ​ការ​ផង​ដែរ។

ទោះជាយ៉ាង​ណា លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​ចូល​រួម​ការ​​ពារ​ច្បាប់​នេះ​ជាមួយ​លោក ឈាង វុន កាលពី​ម្សិលមិញ ដោយ​មាន​ប្រសាសន៍​ថា អ្នក​ដែល​អះ​អាង​ថា​ច្បាប់​នេះ​​គឺ​ជា​ដំណើរ​​ថយ​ក្រោយ​ជាជាង​ការ​ធ្វើ​កំណែទម្រង់​នោះ គឺ​ខុស​ហើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំឮថា អ្នក​ខ្លះ​និយាយ​ថា ច្បាប់​ថ្មី​នេះ​អាក្រក់​ជាង​ច្បាប់​ចាស់ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា អ្នក​ដែល​និយាយ​បែប​នេះ​គឺ​មិន​ទាន់​បាន​អាន​ច្បាប់​នេះ​ចប់​នៅ​ឡើយ​ទេ។ គ្មាន​ការ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ទេ។ វា​គ្រាន់​តែ​ហាម​​អង្គការ​សង្គម​ស៊ីវិល​​មិន​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ការ​​លម្អៀងប៉ុណ្ណោះ​។ ឧទាហរណ៍ អំឡុង​ពេល​​ធ្វើ​យុទ្ធនា​ការ​បោះ​ឆ្នោតជា​ដើម​ បើ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ប្រើ​ប្រាស់​យាន​យន្ត​របស់​ខ្លួន ដើម្បី​ធ្វើ​យុទ្ធនាការ​​​សម្រាប់​គណបក្ស​ណាមួយ ឬ​ជួយ​រៀបចំ​យុទ្ធនាការបម្រើ​ឲ្យ​គណបក្ស​ណាមួយ​នោះ វា​គឺ​ជា​ការ​លម្អៀង​”។

លោក​ យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ថា គ.ជ.ប.ថ្មី​ ដែល​មាន​សមាសភាព​មក​ពី​​​គណបក្ស​ទាំងពីរ​នឹង​អាច​​បង្កើត​បាន​ភ្លាមៗ​ក្រោយ​ពី​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​​បោះ​ឆ្នោត​សម្រេច​ដោយ​រដ្ឋសភា ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​​ប្រឆាំង​​​មាន​ប្រសាសន៍​ថា អាច​នឹង​ធ្វើ​​ឡើង​នៅ​ខែ​នេះ​។

លោក​បានមាន​ប្រសាសន៍​ទៀត​ថា “បន្ទាប់ពី​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នឹង​ប្រកាស​ជ្រើសរើស​​បេក្ខភាព​ដែល​ប្រាថ្នា​ចង់​ធ្វើ​ជា​សមាជិក​ គ.ជ.ប.​ ហើយ​វា​អាច​មាន​រយៈ​​ពេល​១០​ថ្ងៃ​រហូត​ដល់​ការ​ប្រកាស​បេក្ខភាព​​”។

លោកស្រី ពុង ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សមាជិក​ (អព្យាក្រឹត) របស់​គ.ជ.ប. ប៉ុន្តែ​ពេល​នេះ​គេ​មិន​ដឹង​ច្បាស់​ថា តើ​លោកស្រី​​នឹង​ទទួល​យក​មុខ​តំណែង​នេះ​ឬក៏​អត់​នោះទេ។

លោកស្រីបាន​ទទួល​យក​តំណែង​នេះ​ជា​សាធារណៈ​កាលពី​ឆ្នាំ​មុន ដោយ​មាន​លក្ខខណ្ឌ​ថា ​លោកស្រី​អាច​អនុវត្ត​ការ​ងារ​នេះបាន​​​ដោយ​​មាន​អភ័យ​ឯកសិទ្ធិ​ដូច​តំណាង​រាស្ត្រ​សម្រាប់​ការ​ពារ​ខ្លួន​ពីការ​ផ្តន្ទាទោស​ ជា​លក្ខខណ្ឌ​មួយ​ដែល​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​។ លោកស្រី​ក៏​នឹង​ត្រូវ​​ប្រកាស​បោះ​បង់​សញ្ជាតិ​បារាំង និង​កាណាដា​របស់​លោកស្រី​ផង​ដែរ ដោយ​សារ​តែ​ច្បាប់​ថ្មី​​​ហាម​ឃាត់​អ្នក​មាន​សញ្ជាតិ​ពីរ​មិន​ឲ្យ​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​ គ.ជ.ប.។

ប្រសិន​បើ​លោកស្រី​មិន​ទទួល​យក​តំណែង​នេះ​ទេ​នោះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ចូល​តុ​ចរចា​ជាថ្មី ដើម្បី​ស្វែង​រក​បេក្ខភាព​មួយ​រូប​ទៀត​​ដែល​គណបក្ស​ទាំងពីរ​អាច​ទទួល​យក​បាន​ដូច​គ្នា។

នៅឯ​សន្និសីទ​កាសែត​​ដែល​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​​សិក្ខាសាលា​កាលពី​ម្សិល​មិញ សម្ព័ន្ធ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​ហៅខ្លួន​ឯង​ថា សម្ព័ន្ធ​កំណែទម្រង់​​បោះ​ឆ្នោត (ERA) ដែល​បាន​ដឹកនាំ​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​សិក្ខាសាលា​កាលពី​ម្សិលមិញ ដោយ​អះ​អាង​ថា ​វា​ជា​ការ​ពិគ្រោះ​យោបល់​គួរ​ឲ្យ​អស់​សំណើច​នោះ បាន​លើក​ឡើង​ថា គួរ​តែ​​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ឲ្យ​បាន​ហ្មត់ចត់​ជាង​នេះ​​ មុនពេល​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​ក្លាយ​ជា​ច្បាប់​។

លោក គល់ បញ្ញា ​​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា ជា​កង្វះ​ការ​ទទួល​​ខុស​ត្រូវ​ដែល​មាន​តែ​​គណបក្ស​ពីរ​តាក់​តែង​ច្បាប់​នេះ​ឡើង​វិញ ដោយ​ស្ទើរ​តែ​គ្មាន​ការ​ចូល​រួម​ពីភាគីផ្សេងៗទៀត​​។

លោក​ក៏​បាន​រិះគន់​ការ​រឹត​បន្តឹង​លើ​អង្គការ​សង្គម​ស៊ីវិល​ដែល​បង្ហាញ​ការ​គាំទ្រ​ដល់​បេក្ខជន​ ឬ​គណបក្ស​នយោបាយ​អំឡុង​ពេល​​​បោះ​ឆ្នោត​​ផង​ដែរ ដោយ​លើក​ឡើង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​​​មាន​អំណាច​​​ និង​គាំទ្រ​ឬ​ជួយ​បេក្ខជន​ធ្វើ​យុទ្ធនាការ​។

លោក​មាន​ប្រសាសន៍​ទៀត​ថា ” គាំទ្រ​បេក្ខភាព​ស្ត្រី​ឬ​យុវជន​គឺ​ជា​ការ​ខុស​ច្បាប់​។ និយាយ​ជារួម​ ពួកគេ​ហាម​ឃាត់​យើង​មិន​ឲ្យ​ជួយ​អ្នក​នយោបាយ​ និង​បេក្ខជន​ទន់​ខ្សោយ​​ដែល​ត្រូវការ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជួយ​”។

លោក​ក៏​បាន​លើក​ឡើង​​ដែរ​ថា ផ្នែក​ខ្លះ​នៃ​ច្បាប់​ថ្មី​នេះ​ហាក់​ដូច​ជា​មាន​ការ​លម្អៀង ​ពិបាក​នឹង​យល់​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល​ ដោយ​គូស​បញ្ជាក់​​​ពី​ការ​ហាម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើ​ ” ការ​ស្ទង់​មតិ​ ដែល​បម្រើ​​ឲ្យ​ផល​ប្រយោជន៍​ឲ្យ​គណបក្ស​ណាមួយ”។ លោក​បាន​ចោទ​សួរ​ថា ” ហេតុ​អី​គ្រាន់​តែ​យើង​ធ្វើ​ការ​ស្ទង់​មតិ​ដើម្បី​ដឹងពី​ស្ថាន​ភាព​របស់​គណបក្ស​នីមួយៗ​មិន​បាន​? ហេតុ​អី​អង្គការ​មិន​មែន​រដ្ឋាភិបាល​​មិន​អាច​ធ្វើ​​រឿង​នេះ​បាន?”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស