29.6 C
Phnom Penh

ការ​ស្ទង់​មតិ​រក​ឃើញ​ថា យុវជន​កម្ពុជា​ទទួល​យក​អំពើ​ពុករលួយ​ដោយ​ស្ម័គ្រ​ចិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា (TIC) បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​ភាគច្រើន​បំផុត​អាយុ​ចន្លោះ​១៥​ឆ្នាំ​ទៅ​៣០​ឆ្នាំ​ ត្រៀម​ខ្លួន​សូកប៉ាន់​ដើម្បី​សម្រេច​កិច្ចការ ហើយ​ជាច្រើន​នាក់​ជឿ​ថា ពួកគេ​អាច​ចូល​រួម​ក្នុង​អំពើ​ពុករលួយ​ដោយ​មិន​បាត់បង់​សុចរិត​ភាព​របស់​ខ្លួន​ទៀតផង។

ក្នុង​ចំណោម “យុវជន” ១.២០០​នាក់​ដែល​អង្គការ​នេះ​បាន​សម្ភាស​នៅ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ​មុន យុវជន​ភាគច្រើន​បំផុត​ក៏​បាន​និយាយ​ដែរ​ថា ភាព​ស្មោះ​ត្រង់​សំខាន់​ជាង​ការ​រក​លុយ ហើយ​ថា ពួកគេ​មាន​ឆន្ទៈ​ចង់​រាយការណ៍​អំពី​អំពើ​ពុក​រលួយ។

នៅ​ពេល​បញ្ចេញ​លទ្ធផល​ស្ទាបស្ទង់​មតិ​ក្នុង​ក្រុង​ភ្នំពេញ លោក ព្រាប កុល ប្រធាន​អង្គការ​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍ថា ផ្នែក​ជាច្រើន​នៃ​ការ​ស្ទង់​មតិ​អំពី​ការ​យល់​ដឹង​របស់​យុវជន​អំពី​អំពើ​ពុករលួយ ជា​ការ​ស្ទាបស្ទង់​ដំបូង​នៅ​ប្រទេស​កម្ពុជា​ស្តីពី​បញ្ហា​នេះ គួរ “ធ្វើ​ឲ្យ​ខូច​ចិត្ត” ប៉ុន្តែ​ ក៏​មាន​មូលហេតុ​សម្រាប់​សង្ឃឹម​ដែរ។

លោក​បាន​និយាយ​ថា “ជា​ការ​ព្រួយ​បារម្ភ​ដែល​មើល​ឃើញ​ថា យុវជនកំពុង​ស្ថិត​ក្នុង​ចំណុច​របត់​ដ៏​សំខាន់​…​ហើយ​វា​ប្រាប់​យើង​ថា យុវជន​ត្រូវ​គេ​នាំ​ឲ្យ​ខូច​យូរ​ណាស់​មក​ហើយ”។

លោក កុល បាន​បន្ថែម​ថា “ប៉ុន្តែ​តាម​ទស្សន​របស់​ខ្ញុំ វា​មិន​ទាន់​ហួស​ពេល​ទេ។ យុវជន​ជាច្រើន​មិន​ទាន់​បាន​ទទួល​តំណែង​ក្នុង​រដ្ឋាភិបាល​ទេ​…​ឬ​និយាយ​ម្យ៉ាង​ទៀត ពួកគេ​មិន​ទាន់​ស្ថិត​ក្នុង​និន្នាការ​នៃ​វិស័យ​សាធារណៈ” ដែល​ការ​យល់​ដឹង​ពី​អំពើ​ពុករលួយ​មាន​ខ្ពស់​បំផុត។

ប្រទេស​កម្ពុជា​តែងតែ​​ស្ថិត​នៅ​ជិត​បាត​នៃ​សន្ទស្សន៍​យល់​ដឹង​អំពើ​ពុក​រលួយ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​តម្លាភាព ហើយ​ប្រែប្រួល​បន្តិច​បន្តួច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​១៥៦​ក្នុង​ចំណោម​១៧៥​ប្រទេស​ក្នុង​សន្ទស្សន៍​ចុង​ក្រោយ​នេះ ដែល​ចេញ​កាលពី​ខែ​ធ្នូ ដោយ​មាន​ពិន្ទុ​សរុប​២១​ប៉ុណ្ណោះ​ក្នុង​ពិន្ទុ​១០០។

ដោយ​៦៥​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​ប្រហែល​១៥​លាន​នាក់​របស់​ប្រទេស​កម្ពុជា​មាន​អាយុ​ក្រោម​៣០​ឆ្នាំ និង​មួយ​ភាគ​បី​នៃ​ចំនួន​នេះ​មាន​អាយុ​ចន្លោះ​១៥​ឆ្នាំ​និង៣០​ឆ្នាំ​នោះ អង្គការ​តម្លាភាព​កម្ពុជា ជឿ​ថា ក្មេង​ជំទង់​និង​យុវជន​របស់​ប្រទេស​កម្ពុជា​នឹង​ជា​កត្តា​សំខាន់​ចំពោះ​ការ​ដំឡើង​ពិន្ទុ​របស់​ខ្លួន។

លោក ពេជ្រ ពិសី ប្រធាន​កម្មវិធី​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “ប្រទេស​កម្ពុជា​មាន​ប្រជាជន​ក្មេងៗ ដូច្នេះ​នេះ​ជា​ក្រុម​មួយ​ដែល​គួរ​ត្រូវ​ចាប់​អារម្មណ៍​ច្រើន”។

ប៉ុន្តែ សូម្បីតែ​ចំពោះ​ក្មេង​ក៏​ដោយ អំពើ​ពុក​រលួយ​ជា​កត្តា​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​មួយ​ក្នុង​ប្រទេស​នេះ។

ក្នុង​ចំណោម​អ្នក​ត្រូវ​គេ​ស្ទង់​មតិដែល​បាន​ទាក់ទង​ជាមួយ​ប៉ូលិស​នៅ​ឆ្នាំ​មុន ៦៩​ភាគរយ​បាន​និយាយ​ថា ពួកគេ​បាន​សូក​ប៉ាន់។ ក្នុង​ចំណោម​អ្នក​ដែល​ចូល​ប្រឡង ចំនួន​ពាក់​កណ្តាល​បាន​និយាយ​ថា ពួកគេ​បាន​បង់​ប្រាក់​ដើម្បី​ប្រឡង​ជាប់។ ចំនួន​ជិត​មួយ​ភាគបី​ក្នុង​ចំណោម​អ្នក​ដែល​បាន​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​បាន​និយាយ​ថា ពួកគេ​បាន​សូក​ប៉ាន់​ដើម្បី​បាន​ការងារ​ធ្វើ។

ពេល​សួរ​ជា​សម្មតិកម្ម ៦០​ភាគរយ​ក្នុង​ចំណោម​អ្នក​ត្រូវ​គេ​ស្ទង់​មតិ​បាន​និយាយ​ថា ពួកគេ​យល់​ព្រម​លះបង់​ដល់​ទៅ​២០​ភាគរយ​នៃ​ប្រាក់​ខែ​របស់​ខ្លួន​ទៅ​ឲ្យ​មេ​របស់​ខ្លួន​ដើម្បី​បាន​ការងារ​ធ្វើ។

លោក ពិសី បាន​និយាយ​ថា “ពួកគេ​និយាយ​ថា វា​មិន​អី​ទេ ពីព្រោះ​[ម្យ៉ាង​វិញ​ទៀត] ពួកគេ​ក៏​គ្មាន​ការងារ​ធ្វើ​ដែរ។ នេះ​ជា​រឿង​ធ្ងន់​ណាស់ ពីព្រោះ​យុវជន​ភាគច្រើន​បំផុត​ព្រម​បង់​ប្រាក់​សំណូក​ដើម្បី​បាន​ការងារ​ធ្វើ​នឹង​គេ”។

មនុស្សសឹងតែ​ទាំងអស់ ដែល​អង្គការ​តម្លាភាព​កម្ពុជា​បាន​សួរ​ បាន​និយាយ​ថា កង្វះ​សុចរិតភាព​គឺ​ជា​រឿង​អាក្រក់​សម្រាប់​ពួកគេ គ្រួសារ និង​ប្រទេស​របស់​ពួកគេ។ ប៉ុន្តែ អត្ថន័យ​នៃ​ពាក្យ​សុចរិតភាព​មិន​មែន​ជានិច្ចកាល​មិន​ឲ្យ​កើត​មាន​អំពើ​ពុករលួយ​នោះ​ទេ។

១៩ភាគរយ​នៃ​មនុស្ស​ដែល​គេ​ស្ទង់​មតិ​បាន​និយាយ​ថា “មនុស្ស​សុចរិតភាព” ម្នាក់ នៅ​តែ​អាច​ល្មើស​ច្បាប់​ដើម្បី​ជួយ​សាច់ញាតិ ឬ​មិត្តភក្តិ ៣៤​ភាគរយ​បាន​និយាយ​ថា មនុស្ស​អាច​សូក ឬ ទទួល​យក​សំណូក សូម្បីតែ​វា “តិចតួច” ក៏ដោយ ហើយ​៤០​ភាគរយ​បាន​និយាយ​ថា គាត់​អាច​ពុក​រលួយ ឲ្យតែ​ទង្វើ​នេះ​ជា​ការ​អនុវត្ត​ធម្មតា។

ដោយ​លើក​ឡើង​នូវ​សេណារីយ៉ូ​ច្រើន​ផ្សេង​គ្នា ការ​សូក​ដើម្បី​បាន​ការ​ពិនិត្យ​សុខភាព​ល្អ​ប្រសើរ​គឺ​ពេញ​និយម​ជាងគេ​បំផុត។ ជិត​ពាក់​កណ្តាល​នៃ​អ្នក​ឆ្លើយ​តប​បាន​ចាត់ទុក​វា​ថា “អាច​ទទួល​យក​បាន”។​ “រឿង​ស្លាប់​រស់”

ក្នុង​នាម​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់ មករា បាន​ប្រាប់​អង្គការ​តម្លាភាព​កម្ពុជា​ថា អំពើ​ពុករលួយ​ជា “រឿង​ស្លាប់​រស់” ក្នុង​មន្ទីរ​ពេទ្យ​របស់​ប្រទេស​កម្ពុជា។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ៥៩​ភាគរយ​បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​រាយការណ៍​ពី​អំពើ​ពុករលួយ​នៅ​ពេល​អនាគត។ ប៉ុន្តែ​មាន​ចំនួន​តែ​៨​ភាគរយ​ប៉ុណ្ណោះ​បាន​និយាយ​ថា ពួកគេ​បាន​រាយការណ៍ និង​៣៣​ភាគរយ​បាន​និយាយ​ថា ពួកគេ​ប្រាកដជា ឬ​ទំនងនឹង​មិន​រាយការណ៍​ទេ។

ក្នុង​ចំណោម​៣៣​ភាគរយ​នោះ មួយ​ភាគ​បួន​បាន​និយាយ​ថា វា​នៅ​តែ​ដដែល​ហ្នឹង​ប្រសិនបើ​ពួកគេ​បាន​រាយការណ៍ ប៉ុន្តែ​មូលហេតុ​រួម​បំផុត​គឺ​បារម្ភ​អំពី​ការ​សងសឹក។

លោក ពិសី បាន​មាន​ប្រសាសន៍​ថា ហេតុ​នេះ​ហើយ ច្បាប់​ការពារ​អ្នក​ផ្តល់​ព័ត៌មាន​គឺ​ស្ថិត​ក្នុង​ចំណោម​អនុសាសន៍​អាទិភាព​របស់​អង្គការ​តម្លាភាព​កម្ពុជា រួមទាំង​សេរីភាព​នៃ​ច្បាប់​សារព័ត៌មាន និង​ការ​ផ្តោត​លើ​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​តាម​សាលារៀន​ផងដែរ។ “ពីព្រោះ ប្រសិនបើ​មាន​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ [អប់រំ] វា​ប៉ះពាល់​គ្រប់​ទាំងអស់”។

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​សូកប៉ាន់​រាល់​ថ្ងៃ ដែល​សិស្ស​ជាច្រើន​បង់​នៅ​តាម​សាលា​រដ្ឋ​ក្នុង​ប្រទេស​នេះ រដ្ឋាភិបាល​កំពុង​ដំឡើង​ប្រាក់​ខែ​គ្រូ​ជា​បណ្តើរៗ។ កាលពី​ឆ្នាំ​មុន ក្រសួង​អប់រំ​ក៏​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល ដោយ​ចាត់​វិធានការតឹងរ៉ឹង​ខុស​សព្វ​មួយ​ដង ប្រឆាំង​នឹង​សំណូក​ដែល​កើត​មាន​ជាទូទៅ​នៅ​ពេល​ប្រឡង​ថ្នាក់​ទី​១២។

លោក កុល ស្វាគមន៍​ការ​ប្រឡង​តឹងរ៉ឹង​ជាងមុន និង​បាន​មាន​ប្រសាសន៍​ថា លទ្ធផល​ក្នុង​ការ​ស្ទង់​មតិ​ថ្មី​របស់អង្គការ​តម្លាភាព​កម្ពុជា​ គួរ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ខិតខំ​ថែម​ទៀត។ លោក​បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋ ដើម្បី​បង្ហាញ​ជា​លើក​ដំបូង​នូវ​កម្មវិធី​សិក្សា​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​សាលារៀន។

ប្រដូច​អំពើ​ពុករលួយ​ទៅ​នឹង​ជំងឺ លោក កុល បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ជាមុន។ លោក​មាន​ប្រសាសន៍​ថា “យើង​ចាំបាច់​ត្រូវ​ព្យាបាល​ជំងឺ និង​ចាក់​វាក់សាំង ដើម្បី​កំុ​ឲ្យ​ពួកគេ​ឆ្លង​ជំងឺ។ យើង​ត្រូវតែ​ចាក់​វាក់សាំង​នៅ​ពេល​កើត​មក”។

ក្នុង​សន្ទរកថា​ត្រៀមទុក​ថ្លែង​នៅ​ពេល​បញ្ចេញ​របាយការណ៍​ស្ទង់មតិ លោក ចឹក លឹម អគ្គនាយករង​នៃ​នាយកដ្ឋាន​យុវជន​ក្រសួង​អប់រំ បាន​មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​បោស​សម្អាត​វិស័យ​អប់រំ និង​បន្ត​ចាប់​ខ្លួន​ក្នុង​ករណី​ពុករលួយ។

បង្កើត​ឡើង​ដោយ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ឆ្នាំ​២០១០ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់​តាំងពី​ពេល​នោះ​មក មាន​ទាំង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ផង។ ប៉ុន្តែ ក្រុម​អ្នក​រិះគន់​និយាយ​ថា អង្គភាព​នេះ​មាន​គុណវិបត្តិ​ខ្លាំង ពីព្រោះ​មិន​បាន​ផ្តល់​កិច្ច​ការពារ​ដល់​អ្នក​ផ្តល់​ព័ត៌មាន និង​មិន​ឲ្យ​សាធារណជន​ដឹង​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ ដែល​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ស្ថាប័ន​នោះ​ទេ។

លោក ស៊ិក ប៊ុនហុក តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុប្រធាន​គណៈ​កម្មាធិការ​ប្រឆាំង​អំពើ​ពុករលួយ​នៃ​សភា​ជាតិ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ច្បាប់​ការពារ​អ្នក​ផ្តល់​ព័ត៌មាន​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា ហើយ​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​កំពុង​ដំណើរការ​ដែរ។

លោក​បាន​និយាយ​ថា “វា​មិន​មែន​ជា​រឿង​តូច​ទេ ហើយ​វា​ក៏​មិន​អាច​ដោះស្រាយ​បាន​តែ​ក្នុង​មួយ​ថ្ងៃ​ដែរ។ យើង​ធ្វើ​វា​មួយ​ជំហាន​ម្តងៗ។ [អំពើ​ពុករលួយ]​ជា​ជំងឺ​មួយ​ក្នុង​សង្គម​របស់​យើង ហើយ​មនុស្ស​កើត​មក​មាន​ជំងឺ”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស