30 C
Phnom Penh

លោក ហ៊ុន សែន ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ការ​ទទួល​មរណភាព​របស់​លោក លី ក្វាន់យូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​រួម​រំលែក​ទុក្ខ​​ចំពោះ​ការ​ទទួល​មរណភាព​របស់​លោក លី ក្វាន់យូ អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ដែល​បាន​ទទួល​មរណភាព​ពេល​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ច័ន្ទ ក្នុង​អាយុ​៩១ឆ្នាំ។

ពេល​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​សុខាភ្នំពេញ លោក​​ ហ៊ុន សែន បាន​រំឭក​ឡើង​វិញ​ពី​ឥទ្ធិពល​របស់​លោក លី ក្វាន់យូ ​លើ​ទិដ្ឋភាព​នយោបាយ​នៃ​តំបន់​អាស៊ីអាគ្នេយ៍។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “តាង​នាម​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា និង​ពល​រដ្ឋ​ខ្មែរ ខ្ញុំ​សូមចូលរួម​​រំលែក​ទុក្ខ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី លី ស៊ានឡុង និង​ពលរដ្ឋសិង្ហបុរីទាំង​មូល​ចំពោះ​ការ​បាត់​បង់​លោក លី ក្វាន់យូ ដែល​ជា​ស្ថាបនិក​ប្រទេស​សិង្ហបុរី”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “លោក​មិន​មែន​គ្រាន់​តែ​ជា​ស្ថាបនិក​ប្រទេស​សិង្ហបុរី​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជា​សហស្ថាបនិក​អាស៊ាន​ទៀត​ផង​”។​​​​​​​

ពេល​​​ខ្លះ​​​ទំនាក់​​​ទំនង​​​របស់​​​លោក ហ៊ុន សែន ជាមួយ​​​លោក លី ក្វាន់​​​យូ មាន​​​ភាព​​​តាន​​​តឹង​​​​​​ ដោយ​​​​​​ប្រទេស​​​សិង្ហបុរី​​​ និង​​​អាស៊ាន​​​គាំទ្រ​​​ចលនា​​​ប្រដាប់​​​អាវុធ​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​អំឡុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​។

យោង​​​តាម​​​សារទូរលេខ​​​សម្ងាត់​​​បញ្ចេញ​​​​​​ដោយគេ​​​ហទំព័រ​​​ទម្លាយអាថ៌កំបាំង​​​​​​វីគីលីក (WikiLeaks) បាន​​​ឲ្យដឹង​​​ថា កាល​​​ពីឆ្នាំ​​​២០០៧​​​ លោក លី ក្វាន់​​​យូ បាន​​​ថ្លែង​​​ប្រាប់​​​ក្រុម​​​អ្នក​​​កាទូត​​​សហរដ្ឋ​​​អាមេរិក​​​ថា កម្ពុជា​​​មិនគួរ​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ជា​​​សមាជិក​​​អាស៊ាន​​​​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០ឡើយ​​​ ពីព្រោះ​​​ប្រព័ន្ធ​​​នយោបាយ​​​ប្រមូល​​​ផ្តុំ​​​​​​តែ​​​ទៅ​​​លើ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ខ្លាំង​​​ពេក​​​”។

​​​​​​អំឡុង​​​សុន្ទរកថា​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន សែន  ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ការ​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មិន​​​មែន​​​ជា​​​ការ​​​ងាយ​​​ស្រួល​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”តំណែង​​​េនះ​​​មិន​​​ងាយ​​​ស្រួល​​​ទេ​​​ វា​​​ពិបាក​​​ណាស់​​​”។ លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា លោក លន់​​​ នល់ និង​​​ ប៉ុល​​​ ពត សុទ្ធ​​​តែ​​​ជា​​​មេដឹក​​​នាំ​​​មិន​​​ល្អ។

លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា លោក​​​រវល់​​​​​​ណាស់​​​ក្នុង​​​ឋានៈ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ​​​សូម​​្បី​​​​​​រក​​​ពេល​​​ទទួល​​​ការ​​​អញ្ជើ​ញ​​​ពី​​​លោក សុខ គង់ ម្ចាស់​​​សណ្ឋាគារ​​​សុខា​​​ដើម្បី​​​ទទួល​​​ទាន​​​អាហារ​​​នៅ​​​សណ្ឋាគារ​​​នេះ​​​ និង​​​គយ​​​គន់​​​ទេស​​​ភាព​​​ក៏​​​គ្មាន​​​​​​​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក៏ប៉ុន្តែ ខ្ញុំ​​​មិន​​​ទាន់​​​មាន​​​ពេល​​​ទេ​​​។ រក​​​តែ​​​ពេល​​​ស៊ីបាយ​​​នៅ​​​ផ្ទះ​​​ឲ្យចូល​​​មាត់​​​ហ្នឹង​​​ វា​​​មិន​​​ស្រួល​​​ផង​​​។ យូរ​​​ៗបាន​​​ម្តង​​អញ្ចឹង​​​ទៅ​​​ ប៉ុន្តែ អាការងារ​​​យូរ​​​ៗ​​​ម្តង​​​េនះ​​​វា​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដក​​​ចេញ​​នូវ​​​ឯកសារ​​​អា​​​ថ្ងៃសៅរ៍ និង​ថ្ងៃ​​​​​អាទិត្យ​​​​​​ អត់​​​ឲ្យដាក់​​​”៕ស៊ុយឈាង និង​​​ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស