37 C
Phnom Penh

មនុស្ស​​​ចំនួន​​​ប្រាំបីនាក់ស្លាប់​​​ បន្ទាប់​​​ពី​​​រថយន្ត​​​ដឹក​​​កម្មករ​​​ក្រឡាប់​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដឹង​​​ថា កាល​​​ពីម្សិលមិញ ​​​បុរស​​​ចំនួន​​​ប្រាំពីរ​​​នាក់​​​ និង​​​ស្ត្រីម្នាក់​​​បានស្លាប់​​​នៅក្នុង​​​ខេត្ត​​​ក្រចេះ​​​នៅ​​​ពេល​​​រថយន្ត​​​ដែល​​​ដឹក​​​ពួកគេ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ចម្ការ​​​ដំឡូង​​​មី​​​បាន​​​ក្រឡាប់​​​នៅ​​​តាម​​​ផ្លូវ​​​ដី​​​​​​។ មនុស្ស​​​ចំនួន​​​១២​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ដែល​​​រួម​​ទាំង​​​អ្នក​​​បើក​​​រថយន្ត​​​ក៏​​​បាន​​​រង​​​របួស​​​ផង​​​ដែរ​​​។cam-photo-truck

យោង​​​តាម​​​​​​លោក ថន ប៉ូច នាយ​​​រង​​​នគ​​​របាល​​​ចរាចរ​​​ខេត្ត​​​េនះ​​​បាន​​​ឲ្យដ​​​ឹង​​​ថា ហេតុការណ៍​​​គ្រោះថ្នាក់ច​​​រាចរណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅម៉ោង​​​ប្រហែល​​​៩ព្រឹក​​​នៅ​​​ក្នុ​​​ង​​​ឃុំ​​​ឃ្សឹម ស្រុក​​​ស្នួល​​​ នៅពេល​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​ដែល​​​ដឹក​​​កម្មករ​​​ចំនួន​​​១៩​​​នាក់​​​បាត់​​​បង់​​​ការ​​​គ្រប់​​​គ្រង​​​លើ​​​រថយន្ត​​​របស់​​​ខ្លួន​​​ រួច​​​ហើយ​​​ក៏ក្រឡាប់​​​ដោយ​​​សង្កត់​​​លើ​​​កម្មករ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​ចំនួន​​​ប្រាំមួយ​​​នាក់​​​បាន​​​ស្លាប់​​​ភ្លាម​​​ៗ​​​នៅ​​​ពេល​​​​​​រថយន្ត​​​សង្កត់​​​ពី​​​លើ​​​​​​ពួក​​​គេ​​​ ហើយ​​​ពី​​​រនាក់​​​​​​ផ្សេង​​​ទៀត​​​បាន​​​ស្លាប់​​​ ខណៈ​​​គ្រូពេទ្យ​​​ព្យាយាម​​​ជួយ​​​សង្គ្រោះ​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​”។ លោក​​​បាន​​​បន្ត​​​ថា លោក ចាន់ ថន អ្នក​​​បើក​​​បរ​​​រថយន្ត​​​នេះ​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ត្រង់​​​ទ្រូង​​​ និង​​​ជើង​​​ ហើយ​​​គឺ​​​ជា​​​អ្នក​​​ដែល​​​រង​​​របួស​​​ធ្ងន់​​​ជាង​​​គេ​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​រង​​​របួស​​​ទាំង​​​អស់​​​។

លោក ប៉ូច ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​មួួយ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ព្រោះ​​​ជើង​​​ទាំង​​​សង​​​ខាង​​​របស់​​​គាត់​​​បាន​​​បាក់​​​ ហើយ​​​ឆ្អឹង​​​ត្រគាក និង​​​ទ្រូង​​​របស់​​​គាត់​​​រង​​​របួស​​​ធ្ងន់​​​”។

លោក ប៉ូច បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នគរ​​​បាល​​​នៅ​​​មិន​​​ទាន់​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​ដែល​​​ស្លាប់​​​ ឬក្រុម​​​ហ៊ុន​​​ដែល​​​ពួកគេ​​​ធ្វើ​​ការ​​​ឲ្យ​​​​​​នៅ​​​ឡើយ​​​ទេ។ ប៉ុន្តែ លោក​​​បាន​​​បន្ថែមថា កម្មករ​​​​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​មក​​​ទទួល​​​យក​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​តាម​​​រយៈ​​​រថយន្ត​​​ទ្រុឌទ្រោម​​​ស្រដៀងៗ​​​គ្នា​​​ទៅ​​​កាន់​​​ចម្ការ​​​ដំឡូង​​​មី​​​មួយ​​​កន្លែង​​​ ក្នុង​​​ចំណោម​​​ចម្ការ​​​ដំឡូង​​​មី​​​ជា​​​ច្រើន​​​នៅក្នុង​​​តំបន់​​​នេះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​បន្តែម​​​ទៀត​​​ថា “អ្នក​​​បើក​​​បរ​​​ជា​​​ធម្មតា​​​តែង​​​តែ​​​បើក​​​តាម​​​ផ្លូវ​​​ដី​​​ ព្រោះ​​​វា​​​ជា​​​ផ្លូវ​​​កាត់​​​បើ​​​ធៀប​​​នឹង​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧ ហើយ​​​វា​​អាច​​​ចំណេញ​​​សាំង​​​”។ លោក​​​បាន​​​បន្ថែម​​​ថា គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​តែង​​​តែ​​​កើត​​​មាន​​​ជា​​​រឿយ​​​ៗ​​​តាម​​​ផ្លូវ​​​ដី​​​បែប​​​នេះ​​​។

លោក ជា​​​ សុគីម អធិការ​​​នគរ​​​បាល​​​ស្រុក​​​បាន​​​លើក​​​ឡើង​​​ថា​​​គ្រោះថ្នាក់​​​នេះ​​​គឺ​​​ជា​​​កំហុស​​​របស់​​​អ្នកបើក​​​បរ​​​ ដែល​​​ឥឡូ​​​វកំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​នគរ​​​បាល​​​នៅក្នុង​​​មន្ទីរពេទ្យ​​​ដែលគេ​​​មិន​​​បាន​​​ប្រាប់​​​ឈ្មោះ​​​មួយ​​​ក្នុង​​​រាជធានីភ្នំពេញ​​​។

លោក សុគីម បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​​​​ជឿ​​​ជាក់​​​ថា អ្នក​​​បើក​​​បរ​​​បាន​​​បើក​​​លឿន​​​ពេក​​​ ហើយ​​​ខ្វះការ​​​ប្រុង​​​ប្រយ័ត្ន​​​។ វា​​​គឺ​​​ជា​​​ផ្លូវ​​​រដិប​​​រដុប​​​ ហេតុ​​​ដូច្នេះ​​​​​​គ្រោះថ្នាក់​​​អាច​​​កើត​​​ឡើង​​​គ្រប់​​​ពេល​​​វេលា​​​ ប៉ុន្តែ នេះ​​​គឺ​​​ជា​​​​​លើក​​​ដំបូង​​​​​​ហើយ​​​ដែល​​​យើង​​​បាន​​​ឃើញ​​​មាន​​​មនុស្ស​​​ស្លាប់​​​រហូត​​​ដល់ទៅ​​​ប្រាំបី​​​នាក់​​​”។

មាន​​​ការ​​​ពារ​​​សុវត្ថិភាព​​​តិច​​​តួច​​​សម្រាប់​​​កម្មករ​​​ធ្វើការ​​​ងារ​​​នៅ​​​ក្នុង​​​ចម្ការ​​​ដែល​​​គេ​​​ជួល​​​ឲ្យ​​​ធ្វើ​​​ការ​​​តាម​​​រដូវ​​​ និង​​​ដែល​​​ប្រឈម​​​នឹង​​​គ្រោះថ្នាក់​​​ដោយសារ​​​ម្ចាស់​​​កសិដ្ឋាន​​​ប្រើប្រាស់​​​ផ្លូវ​​​កាត់​​​ព្រោះ​​​​​​ចង់​​​កាត់​​​បន្ថយ​​​ការ​​​ចំណាយ​​ ​​​ និង​​​ចង់​​​ចំណេញ​​​សាំង​​​ ហើយ​​​ចង់​​​គេច​​​ពី​​​អាជ្ញាធរ​​​នោះ​​​។

យោង​​​តាម​​​កញ្ញា ហា៊ន ជីវគុណ អ្នក​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ប្រចាំខេត្ត​​​នេះ​​​បាន​​​ឲ្យដឹង​​​ថា តាម​​​ពិត​​​ទៅ​​​អ្នក​​​បើក​​​បរ​​​គឺ​​​ជា​​​ម្ចាស់​​​ចម្ការ​​​ដំឡូង​​​មី​​​នេះ​​​តែ​​​ម្តង។

កញ្ញា​​​បាន​​​និយាយ​​​ថា “ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បា​​​ន​​​គេ​​​ដឹក​​​ទៅ​​​កាន់​​​ក្រុមហ៊ុន​​​ខ្មែរ​​​អង្គរ​​​នៅ​​​ក្នុង​​​ស្រុក​​​ស្នួល​​​ ហើយ​​​អ្នក​​​បើក​​​បរ​​​គឺជា​​​ម្ចាស់​​​ក្រុមហ៊ុននេះ “។

កញ្ញា ជីវគុណ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា​​​ ខ្លួន​​​នៅ មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយទេ ថា​​​តើ​​​មន្ទីរពេទ្យ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​មួយ​​​ណា ដែល​​​អ្នក​​​បើក​​​បររូបនេះ​​​កំពុង​​​សម្រាក​​​ព្យាបាល​​​ ប៉ុន្តែ កញ្ញា សង្ឈឹម​​​ថា អ្នក​​​បើក​​​បររូប​​​នេះ​​​​​​នឹង​​​អាច​​​ជួយ​​​កំណត់​​​អត្តសញ្ញាណ​​​ជន​​​រងគ្រោះ ដែល​​​​​​គ្មាន​​​ឯកសារ​​​ និង​​​ដែល​​​ត្រូវ​​​មាន​​​គេ​​​ជួល​​​ឲ្យ​​​ធ្វើ​​​ការ​​​ជា​​​បណ្តោះ​​​អាសន្ន​​​ដោយ​​​គ្មាន​​​កិច្ច​​​សន្យា​​​។

កញ្ញា​​​បាន​​​និយាយ​​​ទៀត​​​ថា “កាល​​​ពីឆ្នាំ​​​មុន​​​ មនុស្ស​​​ពីរ​​​នាក់បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​ដដែល​​​នេះ​​​​​​ ហើយ​​​យើង​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ពេល​​​នេះ​​​​​​ដែល​​​បាន​​​ឃើញ​​​ថា គ្រោះថ្នាក់​​​បែប​​​នេះ​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​ ប៉ុន្តែ ធ្ងន់​​​ធ្ងរ​​​ជាង​​​មុន​​​។ រហូត​​​មក​​​ទល់​​​ពេល​​​េនះ​​​ យើង​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ណា​​​មួយ​​​ពី​​​គ្រួសារ​​​អ្នកស្លាប់ ឬអ្នក​​​រង​​​របួស​​​នៅឡើយ​​​ទេ​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស