39.4 C
Phnom Penh

ពល​រដ្ឋ​ខ្មែរ​៥៨​នាក់​​ស្ថិត​ក្នុង​ចំណោម​​អ្នក​នេសាទ​ទាសករ​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ឥណ្ឌូណេស៊ី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័ន​ទេសន្តរប្រវេសន៍​​អន្តររដ្ឋាភិបាល​មួយ​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​ពល​រដ្ឋ​​ខ្មែរ​យ៉ាង​ហោច​ណាស់​៥៨​នាក់ បាន​ស្ថិត​​ក្នុង​ចំណោម​អ្នក​នេសាទ​​ទាសករ​ជាង​៣០០​នាក់ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ពេលថ្មីៗ​នេះ​ចេញពី​កោះ​ដាច់​ស្រយាល​មួយ​​នៅ​ក្នុង​ខេត្ត​ម៉ាលូគូ (Maluku) ប្រទេស​ឥណ្ឌូណេស៊ី។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ីបាន​ជួយ​សង្គ្រោះ​អ្នក​នេសាទ​ទាំង​នេះ​ចេញ​ពី​ភូមិ​​កោះ​បេន​ជីណា (Benjina) កាលពី​ថ្ងៃ​សុក្រ ក្រោយពី​ការ​ស៊ើបអង្កេត​រយៈ​ពេល​រាប់​ឆ្នាំ​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មាន​ AP ដែល​បាន​លាត​ត្រដាង​ថា ពលករ​ទេសន្តរ​ប្រវេសន៍​មកពី​ប្រទេស​ភូមា ឡាវ និង​កម្ពុជា​ បាន​ជាប់​នៅ​លើ​កោះ​នេះ​ បន្ទាប់ពី​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​​នៅ​លើ​ទូក​នេសាទ​ថៃ​ដែល​នេសាទ​ក្នុង​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី។

ទីភ្នាក់​ងារ​សារព័ត៌មាន​ AP បាន​ចុះ​ផ្សាយ​ថា អ្នក​នេសាទ​ទាសករ​ដែល​បាន​រង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​នៅ​លើ​ទូក​នេសាទ​ទាំង​នេះ​​ រួម​ទាំង​ការ​​វាយ​នឹង​​កន្ទុយ​ត្រីបបែល​ផង​នោះ ត្រូវ​បាន​គេ​ទម្លាក់​ចោល​នៅ​លើ​កោះ​នេះ​ដោយ​សារ​តែ​ពួកគេ​មិន​ព្រម​ធ្វើ​ការ​ និង​ដោយសារ​តែ​​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ផ្អាក​សកម្មភាព​​នេសាទ​របស់​ជន​បរទេស​​​ដើម្បី​​ព្យាយាម​​បង្ក្រាប​ប្រតិបត្តិការ​ខុស​ច្បាប់។

នៅ​លើ​កោះ​នេះ បុរស​មួយ​ចំនួន​ក្នុង​ចំណោម​នេះ​​​ត្រូវ​គេ​ចាក់​សោ​ក្នុង​ទ្រុង​របស់​ក្រុម​ហ៊ុន​​ពូសាកា បេនជីណា រីហ្សស (Pusaka Benjina Resources) ជា​ក្រុម​ហ៊ុន​នេសាទ​ចុះ​បញ្ជី​តែ​មួយ​គត់​នៅ​លើ​កោះ​បេនជីណា ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បាន​​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ដើម្បី​​រត់​គេច​ពី​អ្នក​តាម​ចាប់​ទាសករ​។

យោង​តាម​តួលេខ​​ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ផ្ដល់​ឲ្យ​អង្គការ​អន្តរជាតិ​ដើម្បី​ទេសន្តរ​ប្រវេសន៍ (IOM) បាន​បង្ហាញ​ថា អ្នក​នេសាទ​៥៨​នាក់​ក្នុង​ចំណោម​អ្នក​នេសាទ​៣១៩​នាក់ ដែល​ត្រូវ​បាន​សង្គ្រោះ​ចេញពី​កោះបេនជីណា ហើយ​នាំទៅ​កាន់​ទូអាល (Tual) ជាទីក្រុង​កោះ​នៅភាគ​ខាង​ជើង​ គឺ​ជា​ពលរដ្ឋខ្មែរ។

លោក ចូ ឡូវរី (Joe Lowry) អ្នក​នាំពាក្យ​​ IOM បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញ​ថា ” និយាយ​ពី​ពល​រដ្ឋ​កម្ពុជា​ តាម​សេចក្ដី​រាយការណ៍​ថា មាន​ចំនួន​៥៨​នាក់​​កំពុង​ស្នាក់​នៅ​ក្នុង​មណ្ឌល​មួយ​របស់​រដ្ឋាភិបាល​នៅ​ទូអាល។ យើង​កំពុង​ព្យាយាម​​​ចូល​ទៅ​ឲ្យ​ដល់​អ្នក​ដែល​នៅ​ទីនោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​មាន​បញ្ហា​​លំបាក​ខ្លះ​ខាង​ដឹក​ជញ្ជូន​ គ្មាន​យន្តហោះ​​ ប៉ុន្តែ​យើង​គួរ​តែ​មាន​អ្នក​នៅ​លើ​ដី​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ​ យើង​នឹង​អាច​ផ្ដល់​ព័ត៌មាន​ដែល​​មាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ​បាន​ហើយ​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា បុគ្គលិក​ពីរ​បី​នាក់​មកពី​ការិយាល័យ​​ IOM ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​​ បាន​ទៅ​ដល់​ទីក្រុង​ទូអាល​ហើយ ហើយ​តាម​ការ​រំពឹង​ទុក​ថា លោក​ ស្ទីវ ហាមីលថុន (Steve Hamilton) អនុប្រធាន​បេសកកម្ម​របស់​ការិយាល័យ​នេះ នឹង​ទៅ​ដល់​នៅ​ថ្ងៃ​នេះ​។

លោក​បាន​បន្ត​ថា ” នៅ​ពេល​​​មន្ត្រី​​ជាន់​ខ្ពស់​​របស់​យើងទៅ​​ដល់​ទីក្រុង​ទូអាល ដែល​ប្រហែល​ជា​នៅ​ថ្ងៃ​ស្អែក យើង​នឹង​អាច​បញ្ជាក់​ពី​ចំនួន​​​ [៥៨​ នាក់​]​ ​នេះ​បាន​ ហើយ​យើង​នឹង​​ឲ្យ​អ្នក​​ដឹង​ថាមាន​​គម្រោង​​អ្វី​ខ្លះ​សម្រាប់​​ការ​​ការ​បញ្ជូន​ពួកគេ​ទៅវិញ​​”។

​ការ​ស៊ើបអង្កេត​របស់​​ទីភ្នាក់​ងារ​សារព័ត៌មាន​ AP បាន​បង្ហាញ​ថា អ្នក​នេសាទ​ជិត​១.០០០​នាក់​ប្រហែល​ជា​ជាប់​នៅ​លើ​កោះ​បេនជីណា ជា​កន្លែង​ប្រើ​មនុស្ស​ឲ្យ​ធ្វើ​ការ​​ទាំង​បង្ខិត​បង្ខំ​ ដើម្បី​​ចូល​​នេសាទ​​ក្នុង​​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី ដើម្បី​ដឹក​ផល​នេសាទ​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ

ជា​កន្លែង​ដែល​​ត្រី​ទាំង​នេះ​​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​កន្លែង​ផ្សេងៗ​ទៀត​នៅ​អាស៊ី។

លោក​ ប្រេដ ឌីកសុន (Brett Dickson) ប្រធាន​គម្រោង​របស់ IOM នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា តា​ម​ការ​រំពឹង​ទុក​ថា​ អ្នក​បក​ប្រែ​ភាសាជន​ជាតិ​​កម្ពុជា ​ម្នាក់​មកពី​ការិយាល័យ​របស់​លោក​ ក៏​នឹង​​ទៅ​ដល់​ទីក្រុង​​ទូអាល​នៅ​ថ្ងៃ​នេះ​ដែរ ដើម្បី​ជួយ​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ទាំង​នេះ​​ត្រឡប់​មក​វិញ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” វា​ពិត​ជា​ច្រើន​​ណាស់​បើ​និយាយ​ពី​ចំនួន​។ ខ្ញុំ​គិត​ថា ទំនង​ជា​មាន​ [ពលរដ្ឋ​កម្ពុជា] ជាច្រើន​ទៀត​ដែល​នៅ​​ទីនោះ [លើ​កោះ​បេនជីណា]”។

ជា​រៀង​រាល់​ឆ្នាំ​ មាន​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា រាប់​ពាន់​នាក់​ទៅ​​ស្វែង​រក​ការ​ងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​ ហើយភាគ​​ច្រើន​ក្នុង​ចំណោម​អ្នក​ទាំងនោះ​បាន​ចូល​ប្រទេស​​នេះ​​ដោយ​គ្មាន​ឯកសារ​ត្រឹម​ត្រូវ ​បន្ទាប់​ពីបង់​​លុយ​ឲ្យ​មេខ្យល់​ជួយ​​នាំ​​ពួកគេ​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​​ប្រទេស​ថៃ ដោយ​សន្យា​​​ផ្តល់​​ការ​ងារ​ដែលមាន​ប្រាក់​ខែ​ខ្ពស់។​នៅ​ពេល​​ពួក​គេ​​ទៅ​​ដោយ​គ្មាន​​ឯក​សារ​ត្រឹម​ត្រូវ​ វា​ធ្វើ​ឲ្យ​ពួក​គេ​​ងាយ​រង​គ្រោះ​​ដោយ​សារ​ការ​បង្ខំ​ឲ្យធ្វើ​ការដូច​ជា​​នៅ​លើ​ទូក​នេសាទថៃ ជា​ដើម”។

លេខា​​របស់លោក ខាន់ ផារិទ្ធ ​ឯកអគ្គរដ្ឋទូត​​កម្ពុជា ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​​​បាន​​ប្រាប់​ឈ្មោះ​ត្រឹម លីយ៉ា (Lia) បាន​លើក​ឡើង​​ថា ក្រុម​មួយ​មក​ពី​ស្ថាន​ទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហ្សាការតា​​ ក៏​ត្រូវ​បាន​បញ្ជូន​​ទៅ​ដែរ​​ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​ថា ​តើ​មាន​

ពល​រដ្ឋ​របស់​ខ្លួន​​​បន្ថែម​ទៀត​ជាប់​លើ​កោះ​បេនជីណា​ នៅ​ឡើយ ឬយ៉ាង​ណា។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា ស្ថានទូត​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​បាន​ទេ ពីព្រោះ​ស្ថាន​ទូត​​មិន​ទាន់​បាន​វាយ​តម្លៃ​ពី​ស្ថានភាព​នេះ​​​ទាំង​ស្រុង​នៅ​ឡើយ​។

ចំណែកឯ​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជាមិន​អាច​ទាក់​ទង​សុំ​​ការ​បំភ្លឺ​បាន​ទេ​ទាក់​ទិន​បញ្ហា​​នេះ៕ សុខុម​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស