38.8 C
Phnom Penh

មេធាវី​​​និយាយ​​​ថាក្រោយ​​​ការ​​​ចរចា​​​ សកម្មជន​​​នឹង​​​​​​ត្រូវ​​​ដោះ​​​លែងមុន​​​ថ្ងៃ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​ ប្រពៃណីជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីមួ​​​យ​​​រូប​​​តំណាង​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ក្រោយ​​​ករ​​​ចរចា​​​រវាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ តុលាការ​​​កំពុង​​​ត្រៀម​​​ដោះ​​​លែង​​​សកម្មជន​​​ចំនួន​​​១៨​​​រូប​​​ ដែល​​​បាន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​នេះ​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​តវ៉ា​​​។

លោក ជូង ជូងី ជាមេធាវី​​​​​​មួយ​​​រូប​​​ដែល​​​តំណាង​​​ឲ្យគណបក្ស​​​ប្រឆាំង​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ជួបជា​​​មួយ​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​បាន​​​ដាក់​​​​​​ឯកសារ​​​ទៅ​​​សាលា​​​ឧទ្ធរណ៍​​​​​​ហើយ​​​ដើម្បី​​​សម្រប​​​សម្រួល​​​ឲ្យ​​​មានការ​​​ដោះ​​​លែង​​​សកម្មជន​​​ទាំង​​​នោះ​​​ត្រឹម​​​ថ្ងៃ​​​ច័ន្ទ​​​ មុន​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប្រពៃណី​​​ជាតិ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា “ផ្អែក​​​តាម​​​ការ​​​ព្យាករ​​​របស់​​​ខ្ញុំ​​​ ពួក​​​គាត់​​​នឹង​​​ត្រូវ​​​ដោះ​​​លែង​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ។ នេះ​​​គឺ​​​ជា​​​ដំណោះ​​​ស្រាយ​​​នយោបាយ​​​រវាង​​​ថ្នាក់​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។វា​​​ដោយ​​​សារ​​​​​​កិច្ច​​​សហប្រតិបត្តិការ​​​ពាក់​​​ព័ន្ធ​​​បញ្ហា​​​នយោបាយ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ស្ថាន​​​ភាព​​​នយោបាយ​​​ប្រសើរ​​​ឡើង​​​ ពីព្រោះ​​​មេដឹក​​​នាំ​​​កំពូល​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​សម្តេច​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មាន​​​ទំនាក់​​​ទំនង​​​ល្អ​​​ ដូច្នេះ​​​អ្នក​​​ទាំង​​​អស់​​​ដែលជាប់​​​ពាក់​​​ព័ន្ធ​​​​​​បញ្ហា​​​នយោបាយ​​​ នឹង​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​”។​

ដំណឹង​​​ស្តី​​​ពីការ​​​ដោះ​​​លែង​​​តាម​​​ការ​​​គ្រោង​​​ទុក​​​នេះ ​​​កើត​​​មាន​​​ឡើង​​​មួយ​​​ថ្ងៃ​​​ក្រោយ​​​ពី​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​​​​​​​មក​​​ពី​​​គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​ និង​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​អនុម័ត​​​សមាស​​​ភាព​​​សមាជិក​​​ទាំង​​​ប្រាំ​​​បួន​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​(គ.ជ.ប.)​​​ ថ្មី​​​​​​ដោយ​​​បង្ហើយ​​​នូវ​​​សមាសភាគ​​​ដ៏​​​សំខាន់​​​មួយ​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​ថ្ងៃ​​​២២​​​ កក្កដា ដែល​​​បាន​​​បញ្ចប់​​​​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​១០​​​ខែ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​។

​​​អ្នក​​​ទោស​​​ទាំង​​​១៨​​​រូប​​​​​​ខាង​​​លើ​​​នេះ​​​រួម​​​មាន​​​សកម្មជន​​​សិទ្ធិ​​​ដីធ្លី​​​ចំនួន​​​១០​​​រូប​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​អ្នកស្រី​​​ ទេព វ៉ាន់នី​​​  និង​​​សមាជិក​​​ប្រាំ​​​បី​​​រូប​​​ទៀត​​​នៃ​​​សហគមន៍បឹង​​​កក់​​​ និង​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​ប្រាំ​​​រូប​​​​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​កុបកម្ម​​​ជុំវិញ​​​ការ​​​តវ៉ា​​​មួយ​​​ដែល​​​បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ខែ​​​កក្កដា។

យោង​​​តាម​​​លោក អេង ឆៃអ៊ាង​​​ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ឲ្យ​​​ដឹង​​​ថា​ អតីត​​​ព្រះ​​​សង្ឃ​​​បី​​​នាក់​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ក្រោយ​​​ការ​​​ចូល​​​រួម​​​​​​ក្នុង​​​ការ​​​តវ៉ា​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ក៏​​​នឹ​​ង​​​ត្រូវ​​​ដោះ​​​លែង​​​ដែរ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ពេល​​​នេះ​​​​​​គេ​​​កំពុង​​​ធ្វើ​​​ឯកសារ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​ដើម្បី​​​ដោះ​​​លែង​​​ពួក​​​​​​គាត់​​​ទាំង​​​អស់​​​។ សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​បឹង​​​កក់​​​ ពួក​​​គាត់​​​នឹង​​​ទទួល​​​បាន​​​ការ​​​លើក​​​លែង​​​ទោស​​​ ហើយ​​​ក្រុម​​​របស់​​​លោក មាជ សុវណ្ណារ៉ា [មន្ត្រី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​] នឹង​​​ស្នើ​​​សុំ​​​ការ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ ហើយ​​​ព្រះ​​​សង្ឃ​​​ទាំង​​​បី​​​​​​អង្គ​​​ក៏​​​នឹង​​​ស្នើ​​​សុំ​​​​​​ដោះ​​​លែង​​​ឲ្យ​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​ដែរ​​​”។

លោក យូ ប៊ុនឡេង ប្រធាន​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​មានប្រសាសន៍​​​ថា តុលាការ​​​បាន​​​ចុះ​​​ហត្ថលេខា​​​​​​រួច​​​ហើយ​​​លើ​​​លិខិត​​​លើក​​​លែង​​​ទោស​​​សម្រាប់​​​សកម្មជន​​​សិទ្ធិ​​​ដី​​​ធ្លី​​​ទាំង​​​១០​​​រូប​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ចោទ​​​ប្រកាន់​​​ភ្លាម​​​ៗក្រោយ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​បាន​​​ទទួល​​​សំណុំ​​​រឿង​​​នេះ​​​ ហើយ​​​យើង​​​បាន​​​ចុះ​​​ហត្ថលេខា​​​​​​លើវា​​​រួច​​​ហើយ​​​” មុន​​​ពេល​​​លោក​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​ក្រសួង​​​យុត្តិធម៌​​​ ដែល​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​។

មេធាវី​​​ ជូង ជូងី បាន​​​មាន​​​ប្រសាសន៍​​​ថា ដំណាក់​​​កាល​​​​​​តែ​​​មួយ​​​គត់​​​ដែល​​​នៅ​​​សេសសល់​​​​​​ក្នុង​ការ​​​ទទួល​​​បាន​​​ការ​​​លើក​​​លែង​​​ទោស គឺ​​​ព្រះហស្តលេខា​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ ឬ​​​ហត្ថលេខា​​​របស់​​​ប្រមុខ​​​រដ្ឋ​​​ស្តី​​​ទី​​​ ប្រសិន​​​បើ​​​ព្រះ​​​មហាក្សត្រ​​​មិន​​​យាង​​​មក​​​ពី​​ក្រុង​​​​ប៉េកាំង​​​វិញ​​​ឲ្យ​​​បាន​​​មុន​​​ថ្ងៃ​​​ច័ន្ទ​​​ទេ​​​នោះ។

លោក​​​ អ៊ុំ​​​ តារាវុធ​​​ ទីប្រឹក្សា​​​រាជវង្សានុវង្ស បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា ពេល​​​ណា​​​ព្រះ​​​មហាក្សត្រ​​​មាន​​​គម្រោង​​​យាង​​​ត្រឡប់​​​មក​​​កាន់​​​មាតុប្រទេស​​​វិញ​​​ទេ​​​។

លោក​​​ តាំង​​​ ស៊ុនឡាយ ប្រធាន​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​បញ្ជាក់​​​ថា ក្រុម​​​អ្នក​​​ច្បាប់​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ដាក់ស​​​ំណើ​​​សុំ​​​បើក​​​សវនាការ​​​ដោះ​​​លែងឲ្យ​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​នៅ​​​​​​ថ្ងៃ​​​ច័ន្ទ ប៉ុន្តែ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​អាស្រ័យ​​​លើ​​​ចៅ​​​ក្រម​​​ជំនុំជម្រះ​​​​​​ថា តើ​​​ត្រូវ​​​សម្រេច​​​​​​បន្ត​​​ដំណើរ​​​ការ​​​​​​នីតិវិធីដោយ​​​របៀប​​​ណា​​​។

លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ពួក​​​គេ​​​បាន​​​ដាក់​​​សំណើ​​​សុំ​​​ដោះលែង​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​​​​​​​ទៅ​​​រដ្ឋបាល​​​របស់​​​តុលាការ​​​ ហើយ​​​រដ្ឋបាល​​​របស់​​​តុលាការ​​​ក៏​​​បាន​​​ទទួល​​​សំណើ​​​នោះ​​​ហើយ​​​ដែរ ប៉ុន្តែ វា​​​អាស្រ័យ​​​លើ​​​ការ​​​សម្រេច​​​របស់​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​”។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​ “មាន​​​សុទិដ្ឋិនិយម​​​​​​” ថា អ្្នកទោស​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ក្នុង​​​ពេល​​​ឆាប់ៗ ហើយ​​​​​​បាន​​​លើក​​​​​​ឡើង​​​ថា លោក​​​ ហ៊ុន សែន កំពុង​​​ពិចារណា​​​សំណើ​​​របស់​​​លោក​​​ដែល​​​សុំ​​​ឲ្យ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​ទាំង​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “រាល់​​​លើក​​​ដែល​​​ខ្ញុំ​​​មាន​​​ឱកាស​​​ជជែក​​​ជាមួយ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ខ្ញុំ​​​តែង​​​តែ​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នេះ ប៉ុន្តែ​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទើប​​​តែ​​​​​​ឆ្លើយ​​​តប​​​ថ្មីៗ​​​នេះ​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​មាន​​​សុទិដ្ឋិនិយម​​​ថា ទី​​​បំផុត​​​​​​អ្នក​​​ជាប់​​​ឃុំ​​​ទាំង​​​អស់​​​នោះ​​​នឹងត្រូវ​​​បាន​​​ដោះ​​​លែង​​​ ឬ​​​ដោះលែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ក្នុង​​​ពេល​​​ដ៏​​​ខ្ល​​​ី​​​ខាង​​​មុខ”។
ទោះ​​​ជា​​​យ៉ាង​​​ណា មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​េនះ​​​បាន​​​បដិសេធ​​​​​​មិន​​​បញ្ជាក់​​​សេចក្តី​​​លម្អិត​​​ណា​​​មួយ​​​​​​ស្តី​​​ពី​​​ការ​​​ចរចា​​​ជា​​​មួយ​​​លោក​​​ ហ៊ុន សែន នោះ​​​ឡើយ​​​។លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​និយាយ​​​លម្អិត​​​ពី​​​បញ្ហា​​​នេះ​​​ទេ​​​ ខ្ញុំ​​​ចង់​​​ឃើញ​​​លទ្ធផល​​​ជា​​​មុន​​​សិន​​​ មុន​​​ពេល​​​ធ្វើ​​​អត្ថាធិប្បាយ​​​។ ពេល​​​នេះ​​​យើង​​​កំពុង​​​ខិត​​​ខំ​​​ធ្វើ​​​ការ​​​ងារ​​​ដើម្បី​​​ដោះ​​​លែង​​​អ្នក​​​ទោស​​​ទាំង​​​អស់​​​នៅ​​​ឲ្យ​​​បាន​​​ឆាប់​​​​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​”។

អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​មិន​​​អាច​​​បញ្ជាក់​​​ពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​បាន​​​​​​ឡើយ​​​។

លោក យេង​​​ វីរៈ នាយក​​​ប្រតិបត្តិ​​​នៃ​​​មជ្ឈមណ្ឌល​​​អប់រំ​​​​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អះ​​​អាង​​​ដែល​​​ថា ការ​​​ចាប់​​​ខ​​​្លួន​​​​​​​​​ផ្សេង​​​ៗ​​​គ្នា​​​ក្នុង​​​ចំណោម​​​អ្នក​​​ទោស​​​ទាំង​​​នេះ​​​គឺ​​​ជា​​​រឿង​​​នយោបាយ​​​​​​នោះ  ត្រូវ​​​បាន​​​សបញ្ជាក់​​​​​​តាម​​​រយៈ​​​​ស្ថានភាព​​​នៃ​​​ការ​​ដោះ​​​លែង​​​តាម​​​ការ​​​​​​គ្រោង​​​ទុក​​​នេះ​​​​​​ ប៉ុន្តែ លោក​​​សង្ឃឹម​​​ថា ការ​​​អះ​​​អាង​​​បែប​​​នេះ​​​នឹង​​​មិន​​​​​​ធ្វើ​​​ឲ្យ​​​លោក ហ៊ុន សែន ផ្លាស់​​​ប្តូរ​​​ចិត្ត​​​ឡើយ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គេ​​​និយាយ​​​រួច​​​ទៅ​​​ហើយ​​​អំឡុង​​​ពេល​​​ចាប់​​​ខ្លួន​​​ និង​​អំឡុង​​ពេល​​​ឃុំ​​​ខ្លួន​​​ថា វា​​​ជាករណី​​​នយោបាយ​​​​​​ ហើយ​​​តុលាការ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ធ្វើ​​​ឲ្យជីវិត​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​រង​​​ទុក្ខ​​​​​​វេទនា។ ពេល​​​នេះ​​​វា​​​ច្បាស់​​​ទៅ​​​ហើយ​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​ចង់​​​ឲ្យ​​​រឿង​​​នេះ​​​​​​ជាប់​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ដោះ​​​លែង​​​ពួក​​​គាត់​​​នោះ​​​ទេ​​​”៕សុខុម (រាយការ​​​ណ៍​​​បន្ថែម​​​ដោយ​​​ គុច ណារ៉េន និង​​ ឃួន ណារីម​​​)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស