39.4 C
Phnom Penh

សកម្មជន​​ដីធ្លី​ត្រូវ​បាន​ដោះលែង បន្ទាប់ពីកំណែទម្រង់ការ​បោះ​ឆ្នោត​បាន​បញ្ចប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​​សិទ្ធិដីធ្លី​​ដែល​ជាប់​ពន្ធនាគារ​​​ចំនួន​១០​នាក់ បាន​អបអរសាទរ​នៅ​ភូមិគ្រឹះ​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ក្រោយ​ពេល​ការ​ចរចា​ផ្នែក​​នយោបាយ​​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បញ្ចប់។

សកម្មជន​សិទ្ធិ​ដីធ្លី​​ដែល​មកពី​សហគមន៍​បឹង​កក់​ក្នុងរាជធានី​ភ្នំពេញ​ទាំង​នេះ ត្រូវ​បាន​ចាប់​ខ្លួន​​ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​​យ៉ាង​ឆាប់​រហ័ស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​រយៈ​ពេល​១​​ឆ្នាំ​​កាលពី​ខែ​វិច្ឆិកា ក្រោយ​ពេល​ការ​តវ៉ា​មួយ​​ដែល​ស្ត្រី​ចំនួន​ប្រាំពីរ​នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នេះ​បាន​យក​គ្រោង​គ្រែ​បិទ​ផ្លូវ​អំឡុង​ពេល​នោះ។

លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ចាប់​ខ្លួន​​ស្ត្រី​ទាំង​នេះ​​ព្រម​ទាំង​​ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំបី​នាក់​ផ្សេង​ទៀត​ផង​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដក​ការ​ទាម​ទារ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​ស្ដីពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​។

ការ​អះអាង​​ដូច្នេះ​ត្រូវ​បាន​បដិសេធ​ជា​សាធារណៈ​​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​លើក​ឡើង​ថា លោក​គ្មាន​អំណាច​​ទៅ​ជ្រៀត​ជ្រែក​​ក្នុង​ប្រព័ន្ធ​តុលាការ​​នោះ​។ តែ​ទោះ​ជាយ៉ាង​ណា ការ​ដោះ​លែង​សកម្មជន​សិទ្ធិដីធ្លី​ទាំង​១០​នាក់​នេះ​កាលពី​ថ្ងៃសៅរ៍ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់​ពី​​រដ្ឋសភា​បាន​សម្រេច​ជា​ចុង​ក្រោយ​នូវ​កិច្ច​ពិភាក្សា​របស់​ខ្លួន​ក្នុង​ការ​អនុម័ត​​កំណែទម្រង់​ការ​បោះ​ឆ្នោត​ ដែល​​​បាន​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ជាច្រើន​ខែ​។

ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ក្នុង​រាជធានី​​ភ្នំពេញ​​ប្រហែល​ម៉ោង​៣​និង​៣០​​នាទី​រសៀល​ថ្ងៃសៅរ៍ សកម្មជន​សិទ្ធិ​ដីធ្លី​ទាំង​នេះ​ដែល​រួម​មាន​​ដូច​ជា​ អ្នកស្រី ទេព វន្នី អ្នកស្រី ង៉ែត ឃុន អ្នកស្រី សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា អ្នកស្រី ផាន់ ឈុនរ៉េត អ្នកស្រី បូវ ឆវី អ្នកស្រី ណុង ស្រេង អ្នកស្រី ហេង ពេជ្រ អ្នកស្រី អុឹម ស្រីទូច និង​អ្នកស្រី ភួង​ សុភាព ត្រូវ​បាន​​ទទួល​ស្វាគមន៍​ដោយ​​សាច់​ញាតិ​​ សមាជិក​សហគមន៍ និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ប្រហែល​១០០​នាក់។

អ្នកស្រី ទេព វន្នី បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ” យើង​ទាំង​១០​នាក់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​មក​ជួប​ជុំ​គ្រួសារ​​ឡើង​វិញ ជា​ពិសេស​កូនៗ​របស់​យើង​ សហគមន៍ និង​អង្គការ​។ យើង​ជា​មនុស្ស​គ្មាន​ទោស​ពៃ​អ្វីឡើយ ហើយ​យើង​ទទួល​រង​ការ​ធ្វើ​បាប​ដ៏​អយុត្តិធម៌​ពី​សំណាក់​តុលាការ​មិន​ឯករាជ្យ​នៅ​កម្ពុជា​ ដែល​ចាប់​ខ្លួន​យើង​ដាក់​គុក​​អស់​រយៈពេល​​៥ខែ។

ពេល​និយាយ​​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ អ្នកស្រី ទេព វន្នី បាន​និយាយ​ថា ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​ធ្លី​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​ការ​ចរចា​​ស្ដីពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​អស់​រយៈ​ពេល​៨ខែ​របស់​ខ្លួន​​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​​ច្បាស់​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ជារឿង​នយោបាយ​។

អ្នកស្រី ទេព វន្នី បាន​និយាយ​បន្ត​ថា ” រដ្ឋាភិបាល​កម្ពុជា​ខ្សោយ​ ហើយ​ថោក​ទាប​ ព្រោះ​ថា [លោក ហ៊ុន សែន​] គ្មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​ដៃគូ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់​ ហេតុ​ដូច្នេះ​គាត់​ប្រើ​ល្បិច​ដ៏ថោក​ទាប​មក​ធ្វើ​បាប​ពលរដ្ឋ​ស្លូត​ត្រង់​។ យើង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ ហើយ​​ត្រូវ​បាន​ចាប់​ដាក់​គុក​ដោយ​អយុត្តិធម៌”។

ប៉ុន្តែ​អ្នកស្រី ទេព វន្នី បាន​លើក​ឡើង​ថា អ្នកស្រី​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ដក​ការ​ទាម​ទារ​​ណាមួយ​របស់​ខ្លួន​ចេញពី​ការ​ចរចា​ស្ដីពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​តាម​អ្វី​ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាម​ទារ​ ដើម្បី​ជា​ថ្នូរ​​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកស្រី និង​សកម្មជន​ផ្សេង​ទៀត​ពីពន្ធនាគារ​នោះ​ឡើយ។

អ្នកស្រី​បាន​និយាយ​ថា ” ប្រសិន​បើ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ [ថ្មី] ​ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ជា​គណៈកម្មាធិការ​ដែល​អព្យាក្រឹត ឯករាជ្យ និង​មិនពុក​រលួយ​នោះ អ៊ីចឹង​ការ​ជាប់​គុក​របស់​យើង​​គឺ​មាន​​តម្លៃ​​ ហើយ​យើង​សប្បាយ​ចិត្ត​”។

អ្នកស្រី សុង ស្រីលាភ សកម្មជន​សិទ្ធិ​ដីធ្លី​ដែល​ត្រូវ​បាន​ដោះ​លែង​ម្នាក់​ទៀត បាន​លើក​ឡើង​ថា គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ ការ​ចាប់​ខ្លួន​ហ្នឹង​​គឺ​ពិត​ជារឿង​នយោបាយ​។

អ្នកស្រី​បាន​និយាយ​ថា ” យើង​គឺ​ជាចំណាប់​ខ្មាំង​នយោបាយ​សម្រាប់​ការ​ចរចា​ពាក់​ព័ន្ធ​ គ.ជ.ប.។ បន្ទាប់ពី​ គ.ជ.ប. ត្រូវ​បាន​បង្កើត​ យើង​ក៏​ត្រូវ​បាន​ដោះ​លែង​ដែរ​”។

លោក សុខ ទូច អ្នក​វិភាគ​នយោបាយ​ឯករាជ​បាន​លើក​ឡើង​ថា សកម្មជន​ទំាំង​១០​នាក់​នេះ​​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ចំពេល​កិច្ច​ពិភាក្សា​ស្ដីពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​កំពុង​ជាប់​គាំង ប៉ុន្តែ​គេ​បែរ​ជា​​ចាប់​កំហុស​នេះ​ដើម្បី​ធ្វើ​ជា​លេស​ដាក់​សម្ពាធ​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​ធ្វើ​ការ​ទាម​ទារ​​ច្រើន​អំឡុង​ការ​ចរចា​ទៅវិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” នៅពេល​អ្នក​នយោបាយ​​ព្យាយាម​ប្រើ​អំណាច​ពី​កន្លែង​ដែល​ខ្លួន​អាច​ធ្វើបាន​​ ហើយ​​អ្នក​ម្ខាង​ទៀត​ប្រឈម​មុខ​ជាមួយ​ពួកគេ​ដោយ​ប្រើប្រព័ន្ធ​តុលាការ ហើយ​ប្រសិន​បើ​សកម្មជន​ណាមួយ​​រំលោភ​បំពាន​ច្បាប់​ [រដ្ឋាភិបាល​] នឹង​អនុវត្ត​ច្បាប់​ដើម្បី​បង្ហាញ​ថា ខ្លួន​មាន​សមត្ថភាព​ក្នុង​ការ​ទប់​ទល់​ជាមួយ​ដៃគូ​ប្រជែង​របស់​ខ្លួន”។

លោក​ ឈឹម ផលវរុណ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​​ការ​លើក​លែង​ទោស​សកម្មជន​ទាំង​១០​នាក់​នេះ ប៉ុន្តែ​ថា សំណើ​នេះ​មិន​មែន​កើត​ចេញពី​កិច្ច​ព្រមព្រៀង​នយោបាយ​ទេ គឺដោយ​សារ​តែ​ស្ត្រី​ទាំង​នេះ​​មាន​​ការ​កែប្រែ​​អត្តចរិត​បាន​ល្អ​ជាង​មុន​នៅ​ក្នុង​ពន្ធនាគារ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ហេតុ​ដូច្នេះ តុលាការ​អាច​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​​អំពី​បញ្ហា​នេះ ហើយ​​បន្ទាប់​មក​ [ក្រសួង​] រាយការណ៍​ជួន​លោក​នាយក​រដ្ឋមន្ត្រី ហេតុ​ដូច្នេះ​ លោក​​​នាយក​រដ្ឋមន្ត្រី​អាច​ប្រើ​សិទ្ធិ​របស់​លោក​ដើម្បី​ទូល​សុំ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើក​លែង​ទោស​អ្នក​ទាំង​នោះ ដែល​តុលាការ​មើល​ឃើញ​ថា មាន​​ការ​កែ​ប្រែ​អត្តចរិត​បាន​ល្អ​ជាង​មុន”។

លោក​ ឈឹម ផលវរុណ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ” ​ការ​ដោះ​លែង​អ្នក​ទោស​ទាំង​នេះ​គ្មាន​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​​នយោបាយ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​​លោក​ សម រង្ស៊ី​ ទេ ព្រោះ​ការ​ដោះ​លែង​អ្នក​ទោស​គឺ​ជា​អំណាច​​របស់​តុលាការ​”។

ការ​បើក​សវនាការ​​​ជុំ​វិញ​សំណើ​សុំ​​នៅ​ក្រៅ​ឃុំ​ដាច់​ដោយ​ឡែក​មួយ​ទៀត​សម្រាប់​មន្ត្រី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំរូប និង​​អតីត​ព្រះសង្ឃ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រឆាំង​ចំនួន​បី​រូប​ផ្សេង​ទៀត​ ដែល​ឥឡូវ​សុទ្ធតែ​កំពុង​ជាប់​ពន្ធនាគារ​គឺ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ។ លោក ជូង ជូងី មេធាវី​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​នេះ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ថា ការ​បើក​សវនាការ​នេះ​នឹង​អាច​​នាំ​ទៅ​រក​​ការ​ដោះលែង​​អ្នក​ទាំង​ប្រាំបី​រូប​នេះ៕ ស៊ុយឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស