38.8 C
Phnom Penh

ប្រលោមលោក​ខាង​គំនូរ​ពិពណ៌នា​អំពី​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​ឆ្នាំ​សូន្យ​មក​ដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​ស៊ីវិល​ជា​​ស្ថានភាព​ទូទៅ​នៃ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​កុមារភាព​របស់ អីុង ភូសេរ៉ា។ លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ដែល​ភ្លេច​ពេល​ល្ងាច​ជុំវិញ​ជំរំ ការ​បាញ់​នៅ​ពេល​ដែល​[ទាហាន​នេះ]​ប្រាប់​ខ្ញុំ​និង​បង​ប្រុស​របស់​ខ្ញុំ​អំពី​ការ​ប្រយុទ្ធ​របស់​គាត់ ការ​រង​របួស​របស់​គាត់។ ប៉ុន្តែ មនុស្ស​ស្លាប់​នៅ​តាម​ផ្លូវ ឬ​គំនរ​សព​ខ្មៅ​ខ្លោច​ដោយ​ភ្លើង​ឆេះ នេះ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់”។

អ្វី​ដែល​បាន​កើត​ឡើង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​ទឹកដី​ដែល​សាកសព​ជា​ទិដ្ឋភាព​ធ្លាប់​បាន​ឃើញ​សម្រាប់​កុមារឬ?

នេះ​ជា​អ្វី​ដែល​លោក ភូសេរ៉ា ជា​វិចិត្រករ​ដែល​ប្រើ​ឈ្មោះ សេរ៉ា បាន​ស្វះស្វែង​ពន្យល់​ក្នុង​ប្រលោម​លោក​រូបភាព​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា “ត្រសក់​ល្វីង”។

ការងារ ដែល​នឹង​មាន​ច្រើន​ជាង​១០០​ទំព័រ​នេះ ពេល​ហើយ​រួចរាល់ នឹង​ពិពណ៌នា​ព្រឹត្តិការណ៍​នានា​ដែល​បាន​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​ដោយ​កម្លាំង​ខ្មែរ​ក្រហម​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ ពោល​គឺ​៤០​ឆ្នាំ​កន្លង​ទៅ​នេះ គិត​ត្រឹម​ខែ​នេះ។

លោក សេរ៉ា បាន​និយាយ​ថា “វា​និយាយ​អំពី​ពេល​វេលា​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ ពេល​ដែល​អ្វីៗ​ទាំងអស់​ច្របូក​ច្របល់។ ពីព្រោះ​ខ្ញុំ​ដឹង​ថា តាម​ពិត គេ​មិន​សូវ​ដឹង ឬ​មាន​ការ​ភាន់ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់ និង​ប្រវត្តិ​សាស្ត្រ”។

លោក​បាន​មាន​ប្រសាសន៍​ថា “បើ​លោក​សួរ​[ប្រជាជន​កម្ពុជា]​ជុំវិញ​លោក ហេតុអ្វី​សង្គ្រាម​រាលដាល​ពេញ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០​…​មិន​ថា​ពួកគេ​ក្មេង​ឬ​ចាស់​ទេ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា ស្ទើរតែ​គ្រប់គ្នា​នឹង​ឆ្លើយ​ថា ដោយសារ​អាមេរិកាំង​ទម្លាក់​គ្រាប់បែក។ ច្បាស់ណាស់ ការ​ទម្លាក់​គ្រាប់បែក​សម្ងាត់​របស់​អាមេរិក​គឺ​ជា​ការ​ពិត ប៉ុន្តែ​ការ​ទម្លាក់​គ្រាប់បែក​ទាំងនោះ​មិន​មែន​មូលហេតុ​សង្គ្រាម​មួយ​មុខ​ទេ​…​តែ​មាន​ផលវិបាក​ផ្សេងទៀត”។

លោក​បាន​និយាយ​ថា “ដូច្នេះ​ហើយ​ខ្ញុំ​បាន​ចំណាយ​ពេល​បី​ឆ្នាំ អាន​ឡើង​វិញ និង​លើក​ឡើង​ត្រួសៗ​នូវ​ប្រវត្តិ​សាស្ត្រ​នេះ តាម​រយៈ​មធ្យោបាយ​​នៃ​ប្រលោម​លោក​រូបភាព”។

នៅ​ឆ្នាំ​១៩៦៥ សម្តេច នរោត្តម សីហនុ ពេល​នោះ​បាន​អនុញ្ញាត​ជា​សម្ងាត់​ឲ្យ​កម្លាំង​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង ហៅ វៀតកុង បោះ​ជំរំ​នៅ​តាម​ព្រំដែន​​ខ្មែរ និង​ទទួល​ជំនួយ​យោធា​ដែល​បញ្ជូន​ឲ្យ​ដោយ​ប្រទេស​ចិន តាម​រយៈ​កំពង់ផែ​ក្រុង​ព្រះសីហនុ ដោយ​ជំនួយ​មួយ​ចំនួន​បាន​ដល់​កងទ័ព​ខ្មែរ។

ដូច​ដែល​អ្នក​ប្រវត្តិសាស្ត្រ​កត់់ត្រា​អ៊ីចឹង សម្តេច សីហនុ ពិតជា​មិន​មាន​ជម្រើស​ទេ ដោយសារតែ​គិត​អំពី​កម្លាំង​វៀតណាម​ខាងជើង។ នៅ​ឆ្នាំ​១៩៦៩ ព្រះ​អង្គ​បាន​យល់​ព្រម​ដោយ​ស្ងៀម​ស្ងាត់​បិទ​ភ្នែក​របស់​ព្រះអង្គ ប្រសិនបើ​កងទ័ព​អាមេរិក​ដែល​គាំទ្រ​វៀតណាម​ខាង​ត្បូង ត្រូវ​តាម​កម្ចាត់​វៀតកុង​នៅ​តាម​តំបន់​មិន​សូវ​មាន​មនុស្ស​រស់​នៅ​នៃ​ប្រទេស​កម្ពុជា។ បញ្ហា​នេះ​បាន​ឈាន​ទៅដល់​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​អាមេរិក​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ។

លោក សេរ៉ា បាន​លើក​ឡើង​ថា ដូច្នេះ​ការ​ព្យាយាម​របស់​សម្តេច សីហនុ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​រួច​ផុត​ពី​សង្គ្រាម ជា​ការពិត បាន​រុញ​ច្រាន​ប្រទេស​នេះ​ធ្លាក់​ចូល​ក្នុង​ជម្លោះ។

កើត​នៅ​ឆ្នាំ​១៩៦១ លោក សេរ៉ា ចង​ចាំ​ការ​ទម្លាក់​គ្រាប់បែក​ទាំង​នោះ​យ៉ាង​ច្បាស់ និង​សង្គ្រាម​ស៊ីវិល​ដែល​ហែកហួរ​ប្រទេស​កម្ពុជា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ រហូត​ដល់​ខ្មែរ​ក្រហម​បាន​ជ័យ​ជម្នះ​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥។

លោក សេរ៉ា និង​គ្រួសារ​របស់​លោក​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​ដែល​បាន​ជ្រកកោន​នៅ​ស្ថានទូត​បារាំង ពេល​ដែល​ខ្មែរ​ក្រហម​ចូល​កាន់កាប់​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥។ ឱពុក​របស់​លោក​ឈ្មោះ អីុង ភូរិន ជា​ពាណិជ្ជករ​មាន​សញ្ញាប័ត្រ​ពី​សាកល​វិទ្យាល័យ​បារាំង ដែល​ចេះ​និយាយ​បួន​ប្រាំ​ភាសា បាន​ចាកចេញ​ពី​ស្ថាន​ទូត​បារាំង ពេល​ដែល​ខ្មែរ​ក្រហម​បញ្ជា​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចេញ​ក្រៅ។

ក៏​ប៉ុន្តែ ដោយសារ​ម្តាយ​របស់ លោក សេរ៉ា ជា​ជនជាតិ​បារាំង លោក​និង​បង​ប្អូន​របស់​លោក​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ប្រទេស​ជាមួយ​ម្តាយ នៅ​ពេល​ខ្មែរ​ក្រហម​ជម្លៀស​មនុស្ស​ចេញ​ពី​ស្ថានទូត​ក្នុង​ពេល​ពីរបី​សប្តាហ៍​បន្ទាប់​មក​នោះ។

លោក សេរ៉ា មិន​ដែល​បាន​ឃើញ​ឱពុក​របស់​លោក​ម្តង​ទៀតទេ។ នៅ​ទី​បញ្ចប់ លោក​បាន​ដឹង​ថា គាត់​កំពុង​រស់​នៅ​ក្នុង​ភូមិ​មួយ​នៅ​ជិត​ទីក្រុង​សៀមរាប មុន​ខ្មែរ​ក្រហម​ដួល​រលំ។ លោក​បាន​និយាយ​ថា “នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៧៨ គាត់​ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​របស់ តា ម៉ុក [មេដឹកនាំ​ខ្មែរ​ក្រហម] ដែល​គេ​បញ្ជូន​ទៅ​ដើម្បី​បោស​’សម្អាត’ តំបន់​សៀមរាប”។

ពេល​រស់​នៅ​ក្នុង​ក្រុង​ប៉ារីស ​ជា​កន្លែង​ដែល​លោក​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ប៉ារីស​មួយ Universite Paris 1, Pantheon-Sorbonne លោក សេរ៉ា បាន​ធ្វើ​ដំណើរ​រាប់​មិន​អស់​មក​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​សិក្ខា​សាលា​ជា​ច្រើន​លើក​ក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក។ លោក​បាន​និយាយ​ថា “នេះ​ជា​ប្រទេស​របស់​ខ្ញុំ”។

លោក សេរ៉ា សង្ឃឹម​ថា​នឹង​បញ្ចប់​សៀវភៅ​របស់​លោក​នៅ​ខែ​នេះ ដើម្បី​រំឭក​ខួប​ទី​៤០​នៃ​ការ​ចូល​កាន់​កាប់​ដោយ​ខ្មែរ​ក្រហម ប៉ុន្តែ គាត់​បាន​ពន្យារ​ពេល​គម្រោង​ធំ​មួយ​ទៀត នោះ​គឺ​ស្តូប​ជន​រងគ្រោះ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

កិច្ចការ​នេះ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១១ នៅ​ពេល​ដែល​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ក្នុង​ប្រទេស​កម្ពុជា ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​ផ្តល់​មូលនិធិ​ដោយ​វិជ្ជា​ស្ថាន​ស្រាវជ្រាវ​អន្តរជាតិ។

លោក​បាន​និយាយ​ថា “អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នោះ​គឺ​ថា នៅ​ប្រទេស​កម្ពុជា​មិន​មាន​កន្លែង​ជា​ទីធ្លា​សាធារណៈ​ដើម្បី​រំឭក​សោកនាដកម្ម​នេះ​ទេ”។ ឧទាហរណ៍ មិន​មាន​សូម្បី​បន្ទះ​លោហៈ​មួយ​សន្លឹក​នៅ​កន្លែង​នានា​នៃ​គម្រោង​ទំនប់​ទឹក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​បាត់ដំបង ដើម្បី​បញ្ជាក់​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​នៅ​ទី​នោះ​ដោយសារ​ពលកម្ម​ទាំង​បង្ខំ​អំឡុង​របប​ខ្មែរ​ក្រហម​ទេ។

លោក សេរ៉ា បាន​និយាយ​ថា នៅ​ពេល​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង និង​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក មាន​ការ​រៀបចំ​ទទួល​ស្គាល់​អ្នក​ដែល​ស្លាប់​នៅ​ទីនោះ នេះ​ជា​កន្លែង​ជាក់លាក់​ដែល​ខ្មែរ​ក្រហម​បាន​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ និង​ជា​ពិសេស​ខ្មែរ​ក្រហម​ផ្សេង​ទៀត។

លោក​បាន​និយាយ​ថា ជន​រងគ្រោះ​ទាំង​នេះ​ខុស​ពី​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​អត់​បាយ ពលកម្ម​ទាំង​បង្ខំ ឬ​ការ​សម្លាប់​ដោយ​ឥត​ខ្វល់​ដោយ​របប​ខ្មែរ​ក្រហម។ “ហើយ​ខ្ញុំ​ជឿ​ថា ភ្នំពេញ​សម​នឹង​ទទួល សម្រាប់​យុវជន ព្រមទាំង​អ្នក​ទាំងឡាយ​ដែល​បាន​ដឹង​សម័យ​កាល​នោះ ជា​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​នឹក​ឃើញ​ទិដ្ឋភាព​នោះ​ឡើង​វិញ”។

ដំបូង លោក សេរ៉ា បាន​នឹក​គិត​ដល់​រូប​ចម្លាក់ ដែល​សន្និដ្ឋាន​យ៉ាង​ច្បាស់​អំពី​មនុស្ស​រងទុក្ខ​ស្លាប់ សព​គ្មាន​ដៃ​ជើង។ ប៉ុន្តែ​ក្រោយពី​ការ​ពិភាក្សា​អំពី​គម្រោង​ជាមួយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ លោក​បាន​យល់​ព្រម​ប្តូរ​របៀប​ដោះស្រាយ​របស់​លោក។ “មិន​តែ​ប៉ុណ្ណោះ លើ​ទីធ្លា​សាធារណៈ គេ​មិន​អាច​បង្ហាញ​អ្វី​មួយ​ដែល​រំខាន​ពេក​នោះ​ទេ។ ដូច្នេះ ខ្ញុំ​បាន​រកឃើញ​ទម្រង់​សច្ចភាព​ច្រើន​ទៀត”។

លោក​បាន​និយាយ​ថា “វា​ជា​រូបរាង​មួយ​ដែល​ធ្វើ​ឲ្យ​ស្ងប់​ចិត្ត​និង​ការ​សញ្ជឹង​គិត​…កុំ​ឲ្យ​នឹក​ឡើង​វិញ​ច្រើន ប៉ុន្តែ​សំបូង​សង្រូង ដោយ​ផ្តល់​កន្លែង​មួយ​សម្រាប់​ប្រជាជន​ដើម្បី​នឹក​គិត​ដល់ និង​គោរព​ដល់​អ្នក​ដែល​បាត់បង់​ជីវិត”។

ស្តូប ដែល​ឥឡូវ​កំពុង​ដំណើរការ​ចាក់​ពុម្ព​ទង់ដែង​នៅ​ក្រុង​ភ្នំពេញ ​នឹង​មាន​រូប​បុរស​ម្នាក់​ដែល​ដួល​ផ្ងារ​ក្រោយ ទ្រ​ដោយ​សសរ​តែ​មួយ​ជាប់​ស្មា​របស់​គាត់។ រូប​ចម្លាក់​ទង់ដែង​នេះ​នឹង​ដាក់​ឈរ​នៅ​លើ​អាងទឹក​រាង​បួន​ជ្រុង​មាន​ជញ្ជាំងធ្វើ​ពី​ដី​​ជា​ឆាក​ខាង​ក្រោយ។

បារាំង​ផ្តល់​មូលនិធិ​ភាគច្រើន​សម្រាប់​ស្តូប​នេះ ដែល​ជា​ការ​ផ្តល់​សំណង​ផ្លូវការ​មួយ​សម្រេច​យល់ព្រម​ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០២/០១​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

ស្ថានទូត​បារាំង​និង​លោក សេរ៉ា ឥឡូវ​នេះ​កំពុង​ចរចា​ជាមួយ​សាលា​ក្រុង​អំពី​ទី​តាំង​ល្អ​បំផុត​សម្រាប់​ស្តូប​នេះ ហើយ​សង្ឃឹម​ថា​នឹង​ឃើញ​ស្តូប​នេះ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ក្នុង​ពេល​ពីរ​បី​ខែ​ក្រោយ។ លោក សេរ៉ា មាន​បំណង​បញ្ចប់​ប្រលោម​លោក​គំនូរ​របស់​លោក​​នៅ​ឆ្នាំ​នេះ។

លោក​បាន​ដាក់​ឈ្មោះ​សៀវភៅ​នេះ​ថា “ត្រសក់​ល្វីង” ជា​ការ​និយាយ​សំដៅ​ដល់​រឿង​ព្រេង​និទាន​ខ្មែរ។

តាម​រឿង​ព្រេង​ដំណាល​ថា មាន​ស្តេច​មួយ​អង្គ​ដែល​ស្រឡាញ់​ចូលចិត្ត​ត្រសក់​ផ្អែម​របស់​ម្ចាស់​ចម្ការ​ម្នាក់ បាន​ប្រាប់​តា​ត្រសក់​ផ្អែម​ឲ្យ​ដាំ​ត្រសក់​ផ្អែម​សម្រាប់​តែ​ព្រះ​អង្គ និង​បាន​ប្រទាន​លំពែង​មួយ​ដល់​ម្ចាស់​ចម្ការ​ទុក​សម្រាប់​សម្លាប់​នរណា​ម្នាក់​ដែល​ចង់​លួច​ត្រសក់​នោះ។

ដូច្នេះ​នៅ​ពេល​ស្តេច​ទ្រង់​យាង​មក​បេះ​ត្រសក់​ដោយ​មិន​បាន​ប្រាប់​ជា​មុន ម្ចាស់​ចម្ការ​បាន​ធ្វើ​គត់​ព្រះអង្គ ដោយ​ចាត់ទុក​ព្រះអង្គ​ជា​ចោរ។ បន្ទាប់ពី​ពិនិត្យ​ឧប្បត្តិហេតុ​នោះ​រួចមក រាជការ​បាន​លើក​ម្ចាស់​ចម្ការ​ជា​ស្តេច តា ត្រសក់​ផ្អែម។

យោងតាម​អ្នក​ប្រវត្តិសាស្ត្រ អាឡាំង ហ្វរ៉េស បាន​ឲ្យ​ដឹង​ថា រឿង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្តូរ​ស្រប​ច្បាប់​នូវ​រាជា​សន្តតិវង្ស ហើយ​ស្តេច​មួយ​អង្គ​ទទួល​បាន​ការ​តែងតាំង​ដោយ​អ្នក​មុខ​អ្នក​ការ គឺមិន​មែន​ដោយ​ទេវតា​ឡើយ។

ដូច​ដែល​ឈ្មោះ​សៀវភៅ​របស់​លោក សេរ៉ា បង្ហាញ​អ៊ី​ចឹង អ្នក​ទទួល​មរតក​គឺ​ស្តេច​ចម្ការ​នេះ បាន​នាំ​មក​នូវ​គ្រោះកាច​ជា​បន្ត​បន្ទាប់​ដល់​ទឹក​ដី​នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ពោល​គឺ​ត្រសក់​ផ្អែម​បាន​ក្លាយជា​ត្រសក់​ល្វីង៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស