33.2 C
Phnom Penh

កម្មករ​​​នៅ​​​ក្រុមហ៊ុន​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​​​​កូរ៉េ​​​ខាងត្បូង​​​ធ្វើកូដ​​​កម្មជុំ​​​វិញ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ការ​​​ងារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​ និង​​​ក្រុមហ៊ុន​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ជាង​​​៤០​​​នាក់​​​នៅ​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​​​​កូរ៉េខាង​​​ត្បូង​​​មួយ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​បាន​​​បន្ត​​​ធ្វើ​​​កូដកម្ម​​​ ដែល​​​មាន​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ ជំ​ុ​​​វិញ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ការ​​​ងារ​​​​​​របស់​​​ពួក​​​គេ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ ។

ដោយ​​​មាន​​​កាន់​​​ទង់​​​ជាតិ​​​ បដា និង​​​រូប​​​ថត​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន កម្មករ​​​​​​ចំនួន​​​៤១​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​មុខ​​​ទី​​​ស្នាក់​​​ការ​​​របស់​​​ក្រុមហ៊ុន KTC Cable Co.,Ltd. ដែល​​​ផលិត​​​ខ្សែកាប និង​​​ខ្សែ​​​ភ្លើង​​​ នៅ​​​ក​​​្នុង​​​សង្កាត់​​​ព្រែក​​​ព្នៅ។

យោង​​តាម​​​កម្មករ​​​ និង​​​តំណាង​​​សហព័ន្ធ​​​សហជីព​​​កម្មករ​​​ខ្មែរ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កូដ​​​កម្ម​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពីថ្ងៃ​​​ទី​​​៧ ខែមេសា​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ការ​​​ងារ​​​​​​ជា​​​បន្ត​​​បន្ទាប់​​​។

លោក សុខ ជឿន អាយុ​​​៣២​​​ឆ្នាំ​​​ ដែល​​​ជា​​​កម្មករ​​​ម្នាក់​​​នៅ​​​​​​ក្រុម​​​ហ៊ុន​​​នេះ​​​ និង​​​ជា​​​សមាជិក​​​សហជីព​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​បាន​​​ប្រាប់​​​កម្មករ​​​កាល​​​ពីដើម​​​ខែ​​​មេសា​​​ថា ពួក​​​គេ​​​នឹ​​​ងត្រូវ​​​ផ្លាស់​​​ប្តូរ​​​ការ​​​ងារ​​​​​​ពី​​​ផ្នែក​​​ផលិត​​​ខ្សែកាប និង​​​ខ្សែភ្លើង​​​ឲ្យទៅ​​​ធ្វើ​​​ជា​​​អ្នក​​​ថែ​​​សួន​​​ អ្នក​​​បោស​​​សំអាត និង​​​សន្តិសុខ​​​វិញ។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​ការ​​​ធ្វើ​​​ដូច្នេះ​​​បាន​​​ទេ​​​ ព្រោះ​​​ខ្ញុំ​​​ជា​​​កម្មករ​​​មាន​​​ជំនាញ​​​​​​​​​ ប៉ុន្តែ ក្រុមហ៊ុន​​​បាន​​​ប្តូរ​​​ខ្ញុំ​​​ឲ្យទៅ​​​ធ្វើ​​​ជា​​​អ្នក​​​ថែ​​​សួន​​​វិញ​​​”។

លោក សុខ ជឿន ដែល​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​នេះ​​​អស់​​​រយៈ​​​ពេល​​​ប្រាំបី​​​ឆ្នាំ​​​មក​​​ហើយ​​​នោះ បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ជាក់​​​ថា អ្នក​​​គ្រប់​​​គ្រង​​​ធ្វើ​​​ដូច្នេះ​​​ដើម្បី​​​ដាក់​​​សម្ពាធ​​​ដល់​​​កម្មករ​​​ឲ្យ​​​លា​​​ឈប់​​​ព​ីការ​​​ងារ​​​ដោយ​​​ខ្លួន​​​ឯង​​​ ហេតុ​​​ដូច្នេះ​​​ក្រុមហ៊ុន​​​មិន​​​ចាំបាច់​​​ផ្តល់​​​ប្រាក់​​​អតីត​​​ភាព​​ការ​​​ងារ​​​ដល់​​​ពួកគេ​​​។

លោក​​​បាន​​​និយាយ​​​ទៀត​​​ថា “ក្រុមហ៊ុន​​​ចង់​​​ឲ្យយើង​​​លាឈប់​​​ ព្រោះ​​​ក្រុមហ៊ុន​​​គ្មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ផ្តល់​​​ឲ្យ​​​កម្មករ​​​។ ហេតុដូច្នេះ​​​ពួកគេ​​​លេង​​​ល្បិច​​​បែប​​​នេះ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​យើង​​​មិន​​​អាច​​​ទ្រាំ​​​ធ្វើ​​​ការ​​​ងារ​​​តទៅ​​​ទៀត​​​បាន​​​ ហើយ​​​បោះ​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ចោល​​​។

លោក សុក សំអឿន ប្រធាន​​​រដ្ឋបាល​​​នៅ​​​ក្នុង​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ត្រូវ​​​បាន​​​ប្តូរ​​​ទៅ​​​កន្លែង​​​ថ្មី​​​ ព្រោះ​​​ក្រុម​​​ហ៊ុន​​​កំពុង​​​តែ​​​​​​កាត់​​​បន្ថយ​​​សង្វាក់​​​ផលិត​​​កម្មរបស់​​​ខ្លួន​​​។

លោកបាននិយាយ​​​ថា “យើង​​​មិន​​​អាច​​​ទុក​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​នៅ​​​ផ្នែក​​​នេះ​​​តទៅ​​​មុខ​​​ទៀត​​​បាន​​​ទេ​​​​​​ ព្រោះ​​​ផ្នែក​​​នេះ​​​គ្មាន​​​ការ​​​ងារ​​​ច្រើនទៀត​​​នោះ​​​ឡើយ​​​”។

លោក​​​បាន​​​បដិសេធ​​​ថា ក្រុម​​​ហ៊ុន​​​មិន​​​បាន​​​ព្យាយាម​​​ដាក់សម្ពាធ​​​ឲ្យ​​​កម្មករ​​​លាឈប់​​​ពី​​​ការ​​​ងារ​​​នោះ​​​ទេ។

លោក​​​បាន​​​និយាយ​​​មុន​​​ពេល​​​ផ្តាច់​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​​​​ថា “វា​​​គឺជា​​​សិទ្ធិ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ ឬ​​​ធ្វើ​​​ការ​​​តវ៉ា​​​ ប៉ុន្តែ កុំ​​​ធ្វើ​​​អ្វី​​​ឲ្យ​​​ខូច​​​ខាត​​​ដល់​​​ទ្រព្យ​​​សម្បត្តិ​​​ក្រុម​​​ហ៊ុន​​​”។​​​

លោក​​​​​​ ប៉ាង ចាន់នី ប្រធាន​​​សហព័ន្ធ​​​សហជីព​​​កម្មករ​​​ខ្មែរ​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​នឹង​​​មិន​​​ឈប់​​​តវ៉ា​​​នោះ​​​​​​ឡើយ​​​រហូត​​​ទាល់​​​តែក្រុម​​​ហ៊ុន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ដោយ​​​ផ្តល់​​​ការ​​​ងារ​​​ចាស់​​​ឲ្យ​​​ពួក​​​គេ​​​វិញ​​​។

លោក​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​ទេ​​​ កម្មករ​​​ទាំង​​​អស់​​​នោះ​​​នឹង​​​ហែ​​​ក្បួន​​​ទៅ​​​កាន់​​​មន្ទីរ​​​ការ​​​ងារ​​​រាជ​​​ធានី​​​ ឬ​​​ក្រសួង​​​ការ​​​ងារ​​​ដើម្បីទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​អន្តរាគមន៍”៕ ស៊ុយឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស