32.5 C
Phnom Penh

អ្នក​នៅ​រស់​ពី​របប​ខ្មែរ​ក្រហម​រៀបរាប់​អំពី​ភាព​ឃោរឃៅ​ក្នុង​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អង្គារ អ្នក​រួច​ជីវិត​ពី​របប ប៉ុល ពត ម្នាក់​បាន​ប្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​ថា​ត្រូវ​គេ​ដាក់​ច្រវាក់​ជាប់​នឹង​ក្តារនៃ​បន្ទប់​ពន្ធនាគារ​ដ៏​ចង្អៀត​ណែនណាន់​ជាមួយ​មនុស្ស​យ៉ាង​ហោច​ណាស់​៧០​នាក់​ផ្សេង​ទៀត។

លោក ថាន ធិម បាន​ហៅ​ជីវិត​ក្នុង​របប​នោះ​ថា “ជា​ការ​រស់​ដូច​ស្លាប់”។

លោក​បាន​និយាយ​ថា គេ​បាន​ចាប់​ខ្លួន​លោក​នៅ​ឆ្នាំ​១៩៧៨ បន្ទាប់ពី​ប្អូន​ស្រី​របស់​លោក​បាន​សារភាព​មិន​ពិត​ក្រោម​ការ​ធ្វើ​ទារុណកម្ម​ថា លោក​ជា​អនុសេនីយ៍​ទាហាន លន់ នល់ ហើយ​ក្រោយ​មក​ត្រូវ​គេ​ចាប់​ដាក់​ក្នុង​គុក​អង្គការ នៅ​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ។ ស្រុក​នេះ​គឺ​ជា​ការ​ផ្តោត​ក្នុង​ដំណាក់​កាល​ទី​២​នៃ​ការ​កាត់​ក្តី​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម នួន ជា និង ខៀវ សំផន ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ឃើញ​បន្ទប់​មួយ​នៅ​នឹង​ដី​ក្រាល​ក្តារ​និង​មាន​ជញ្ជាំង​ឈើ។ វា​មាន​ទំហំ​ប្រហែល​៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ។ ខ្ញុំ​ត្រូវ​បាន​គេ​រុញ​ចូល​ក្នុង​បន្ទប់​នោះ។ បន្ទប់​នោះ​ឆ្អេះ​ក្លិន​ទឹក​នោម និង​ស្អុយ [អាចម៍] ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ខ្ញុំ​ជិត​ស្លាប់​អ៊ីចឹង”។

ដើម​បណ្តឹង​រដ្ឋប្បវេណី​រូប​នេះ​បាន​និយាយ​ថា លោក​ត្រូវ​គេ​ដាក់​ច្រវាក់​ជាប់​នឹង​ក្តារ ហើយ​ទទួល​បាន​អាហារ​តែ​មួយ​វែក​តូច​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ លោក​បាន​និយាយ​អំពី​អ្នក​ទោស​ដូច​គ្នា​ថា “ពួកគេ​មាន​សុខភាព​ដុនដាប​ណាស់។ ពួកគេ​ស្គម​មើល​ឃើញ​តែ​ស្បែក​ដណ្តប់​ឆ្អឹង”។

លោក ធិម ដែល​ត្រូវ​បាន​សាលាក្តី​ហៅ​មក​ឲ្យ​ផ្តល់​សក្ខី​កម្ម​បន្ថែម ក្រោយពី​ការ​រៀបរាប់​ទុក្ខ​វេទនា​របស់​គាត់​លើក​ទី​១​នៅ​សវនាការ​ជន​រងគ្រោះ​កាលពី​ដើម​ខែ​នេះ បាន​ប្រាប់​តុលាការ​ថា លោក​ត្រូវ​បាន​វាយ​ធ្វើបាប​ដោយ​កម្មាភិបាល​ជាច្រើន​នាក់ ដែល​ព្យាយាម​បង្ខំ​ឲ្យ​លោក​សារភាព​ទទួល​ស្គាល់​ការ​ជាប់​ពាក់ព័ន្ធ​និង​កង​ទ័ព។

លោក​បាន​និយាយ​ថា ខ្មែរ​ក្រហម​ប្រើ​ល្បិច​បញ្ឆោត​អតីត​មន្ត្រី លន់ នល់ ឲ្យ​បង្ហាញ​ខ្លួន ដោយ​អះអាង​ថា នឹង​ឲ្យ​ពួកគេ​ចូល​មក​ធ្វើការ​វិញ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​ទាំង​នោះ​នឹង​បាត់​ខ្លួន។

អ្នក​ផ្សេងទៀត​បាន​ក្លាយ​ខ្លួន​ជា​ជន​រងគ្រោះ បន្ទាប់ពី​បាន​ឆ្លើយ​អះអាង​ក្លែង​ក្លាយ​ថា​ខ្លួន​ជា​អតីត​ទាហាន ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ឋានៈ។

លោក ធិម បាន​និយាយ​ថា “ចំពោះ​អ្នក​ដែល​មិន​មាន​ឋានៈ​ណាមួយ​នោះ តែ​ដោយសារ​ពួកគេ​បាន​ឮ​ថា ពួកគេ​នឹង​ទទួល​បាន​ឋានៈ​នោះ អ្នក​ទាំង​នេះ​បាន​និយាយ​ថា ខ្លួន​ជា​ទាហាន ឬអនុសេនីយ៍​ទោ ឬ អនុសេនីយ៍​ត្រី។ អ្នក​ទាំង​នេះ​ត្រូវ​គេ​ចាប់​យក​ទៅ។ បន្ទាប់ពី​ការ​និយាយ​ដូច្នេះ​ ពួកគេ​បាន​បាត់​ខ្លួន​អស់”។

បន្ទាប់ពី​លោក ធិម តុលាការ​បាន​ស្តាប់​ការ​រៀបរាប់​របស់​អតីត​សមាជិក​ខ្មែរ​ក្រហម គឺ​លោក ពេជ្រ ជឹម ហើយ​នឹង​បន្ត​ការ​ផ្តល់​សក្ខីកម្ម​របស់​គាត់​នៅ​ថ្ងៃ​ពុធ​ទៀត៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស