32.5 C
Phnom Penh

មនុស្ស​ពីរនាក់​ទៀត​នៅឃុំរកា​ត្រូវ​បាន​ធ្វើតេស​្តរក​ឃើញ​ផ្ទុកមេរោគ​អេដស៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សុខាភិបាល​មូលដ្ឋាន​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញថា អ្នកភូមិ​ពីរនាក់​ទៀត​​បាន​ធ្វើ​តេស្ត​រក​ឃើេញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍នៅក្នុង​​ឃុំ​រកា​ ខេត្ត​បាត់ដំបង​នៅ​ខែ​នេះ ធ្វើ​ឲ្យ​​ចំនួន​អ្នក​ភូមិ​ដែលផ្ទុក​មេរោគនេះ​សរុប​កើនដល់​​ជាង​​២៧០នាក់ហើយ​​​ចាប់តាំង​ពី​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះដំបូង​កាលពី​ខែធ្នូមក​។

លោក​ ប៊ី បេង​សោ ប្រធាន​មណ្ឌល​សុខភាព​ឃុំរកា​​បានមាន​ប្រសាសន៍ថា បុរស​អាយុុ​៥៣​ឆ្នាំ​ម្នាក់​និង​ក្មេងប្រុស​អាយុ​៦ឆ្នាំម្នាក់​​គឺជាអ្នកភូមិ​ថ្មី​បំផុត​នៅ​ឃុំនេះ​ស្ថិត​ក្នុង​ស្រុក​សង្កែ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍។

លោក​បានមាន​ប្រសាសន៍ថា “​បុរស​អាយុ​៥៣ឆ្នាំ​​បានធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍កាលពី​ថ្ងៃទី​៩ ខែមេសា ហើយ​ក្មេងប្រុស​អាយុ​៦ឆ្នាំត្រូវ​បានធ្វើ​តេស្ត​កាលពី​ម្សិលមិញ [ថ្ងៃអង្គារ] ហើយ​វា​ក៏រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍​ផងដែរ”។

លោក​បាន​បន្ថែមថា ​ឥឡូវ​នេះ​​អ្នក​ភូមិ​២៧២នាក់បាន​ផ្ទុក​មេរោគ​នេះ​ចាប់តាំង​ពី​ខែធ្នូមក រួម​មាន​៦១នាក់​អាយុ​ក្រោម​១៨ឆ្នាំ។

ក្រុមមន្ត្រី​បាន​បន្ទោស​ការ​រីក​រាល​ដាល​នេះ​ទៅលើ​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញា​ប័ណ្ណ​​​ដែលបាន​សារភាពថា បាន​ប្រើ​សឺរ៉ាំង​ដដែលៗ​ ហើយ​កំពុង​ប្រឈម​ការ​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត។

លោក បេង​សោ បានមាន​ប្រសាសន៍ថា “​អ្នក​ទាំង​ពីរ​បានទៅ​ឲ្យ​លោក យ៉ែម ជ្រិន​ គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​នេះ​ព្យាបាល​ ដូច្នេះ​យើង​សង្ស័យថា ពួកគេ​​បាន​ឆ្លង​តាមរយៈការ​ព្យា​បាល​នេះ”។

លោក​​ លី ពេញស៊ុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និង​កាមរោគ នៃ​ក្រសួង​សុខាភិបាល​​បានមាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អ្នកភូមិ​ជិត​១៩២​នាក់​​បានទទួល​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ រួមមាន​កុមារ​៣១នាក់។

អ្នក​ភូមិ​ក្នុង​ឃុំ​រកា​៨នាក់​បាន​ស្លាប់​ចាប់តាំង​ពី​ការ​ផ្ទុះឡើង​នូវ​មេរោគនេះមក៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស