តំណាងអ្នកភូមិ២៩គ្រួសារដែលបានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយក្រសួងការពារជាតិនៅក្នុងរាជធានីភ្នំពេញបានទៅកាន់រដ្ឋសភាកាលពីម្សិលមិញ ស្វែងរកការឆ្លើយតបចំពោះញត្តិដែលពួកគាត់បានដាក់កាលពីខែមុនស្នើសុំអន្តរាគមន៍។

អ្នកតំណាងបាននិយាយថា វិវាទរវាងទាហាននិងអតីតយុទ្ធជន៤៨គ្រួសារនិងក្រសួងការពារជាតិបានចាប់ផ្តើមកាលពីដើមឆ្នាំនេះបន្ទាប់ពីក្រសួងបានលក់ឃ្លាំងមួយនៅក្នុងខណ្ឌសែនសុខ និងដីទំហំ៤ហិកតាដែលគ្រួសារទាំងនេះបានរស់នៅចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ទៅឲ្យក្រុមហ៊ុនចិន។
លោក ញឹុក ហ៊ុម អាយុ៦៧ឆ្នាំជាអ្នកតំណាងម្នាក់បាននិយាយថា រហូតមកទល់ពេលនេះ អ្នកភូមិ១៩គ្រួសារបានទទួលយកសំណងពីក្រសួង មានទឹកប្រាក់២.០០០ដុល្លារ និងផ្ទះមួយខ្នងក្នុងមួយគ្រួសារនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក ហ៊ុម ដែលលើកឡើងថា លោកបានរស់នៅលើដីនេះចាប់តាំងពីឆ្នាំ១៩៨០ នៅពេលលោកបានកាន់កាប់កន្លែងនេះ ដែលគេស្គាល់ថា ជាឃ្លាំងK-៨នោះបាននិយាយថា ពួកគាត់១៩គ្រួសារមិនពេញចិត្តនឹងការផ្តល់សំណងនេះទេ ប៉ុន្តែក្នុងនាមជាបុគ្គលិកក្រសួង ពួកគាត់គិតថា ត្រូវទទួលយក។
លោកបាននិយាយថា “ពួកគាត់ជាបុគ្គលិក ហើយពួកគាត់មិនមានជម្រើសទេ ពីព្រោះចៅហ្វាយរបស់ខ្លួនបានដាក់សម្ពាធលើខ្លួន”។
លោកបាននិយាយថា អ្នកភូមិ២៩គ្រួសារទៀតបានទាមទារប្រាក់សំណង ៣០.០០០ដុល្លារក្នុងមួយគ្រួសារ។
អ្នកស្រី អឹុម សុផាន អាយុ៤០ឆ្នាំជាតំណាងម្នាក់ទៀតបាននិយាយថា ពួកគាត់បានដាក់ញត្តិទៅរដ្ឋសភាប្រហែលមួយខែមកហើយ ហើយបានត្រឡប់មកកាលពីម្សិលមិញនោះដើម្បីពិនិត្យស្ថានភាពនេះ។
អ្នកស្រីបាននិយាយថា មន្ត្រីរដ្ឋបាលម្នាក់ដែលមិនប្រាប់ឈ្មោះនោះ បានផ្តល់លិខិតថតចម្លងមួយច្បាប់ដល់អ្នកដាក់ញត្តិទាំងនេះដែលបានពីគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា ដើម្បីផ្ញើជូនលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិអំពីវិវាទនេះ។
លិខិតដែលចុះហត្ថលេខាដោយលោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សសង្គ្រោះជាតិ ជាប្រធានគណៈកម្មការនេះកាលពីថ្ងៃទី៨ ខែមេសា និងលោក ហេង សំរិនប្រធានរដ្ឋសភាកាលពីថ្ងៃទី២០ ខែមេសា សុំឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិដោះស្រាយវិវាទនេះ ឬផ្តល់សំណងសមរម្យដល់គ្រួសារទាំងនេះ។
យោងតាមលិខិតនេះបានឲ្យដឹងថា គណៈកម្មការសិទ្ធិមនុស្សបានចុះទៅមើលកន្លែងដែលមានវិវាទនោះកាលពីថ្ងៃទី២០ ខែមីនាដើម្បីជួបជាមួយអ្នកដែលមានវិវាទ និងសើុបអង្កេតករណីនេះ។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក អេង ឆៃអ៊ាង បានអះអាងថា លោកបានផ្ញើលិខិតនេះទៅឧត្តមសេនីយ៍ ទៀ បាញ់ ហើយកាលពីដើមសប្តាហ៍នេះ ហើយបានលើកឡើងថា លោកជឿថា គ្រួសារទាំងនេះត្រូវទទួលបានសំណងបន្ថែម។
លោកបាននិយាយថា “ក្រសួងការពារជាតិគួររកដំណោះស្រាយសម្រាប់គ្រួសារទាំងនេះពីព្រោះពួកគាត់បានរស់នៅទីនោះយូរមកហើយ”។
ទោះយ៉ាងណា ឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា លោកមិនដឹងពីវិវាទនេះទេ។លោកបានបន្ថែមថា “ខ្ញុំមិនទាន់ទទួលបានលិខិតពីរដ្ឋសភានៅឡើយទេ ហើយខ្ញុំមិនដឹងថា វិវាទដីធ្លីនេះបានកើតឡើងឡើយ…ប៉ុន្តែខ្ញុំគិតថា ព័ត៌មាននេះមិនពិតឡើយ”៕ សារុន