33.2 C
Phnom Penh

គ.ជ.ប.ថ្មី និយាយ​ថា ជប៉ុន​និង​សហភាព​អឺរ៉ុប​​នឹង​បន្ត​ផ្ដល់​ជំនួយ​​សម្រាប់​ធ្វើ​កំណែទម្រង់​​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​ បាន​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​បញ្ជូន​​អ្នក​ជំនាញ​​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ខែ​ក្រោយ ដើម្បី​ជួយ​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​​កែលម្អ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​មាន​គុណ​វិបត្តិ​របស់​កម្ពុជា និង​ដើម្បី​អប់រំ​អ្នកបោះ​ឆ្នោត​ឲ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ថ្មី​របស់​​គ.ជ.ប. បាន​ប្រកាស​បែប​នេះ​បន្ទាប់ពី​​ជំនួប​រួម​គ្នា​​រវាង​គ.ជ.ប. ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន និង​ឯកអគ្គ​រដ្ឋទូត​​សហភាព​អឺរ៉ូប​​ដែល​​កំពុង​​ជួយ​កម្ពុជា​កែលម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​របស់​ខ្លួន​រួច​ទៅ​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជប៉ុន​ និង​សហភាព​អឺរ៉ុប​បាន​​និយាយ​​ថា ពួកគេ​នឹង​បញ្ជូន​អ្នក​ជំនាញ​មក​កាន់​​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត។ អ្វី​ដែល​យើង​ចង់​ចាប់​ផ្ដើម​ គឺ​កា​រអប់រំ​អ្នកបោះ​ឆ្នោត និង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ថ្មី​”។

កាលពី​នៅ​ជា​ប្រធាន​​​​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច លោក ហង្ស ពុទ្ធា បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ដោយ​ដាក់​កំហុស​ភាគច្រើន​​ទៅ​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​​ពេញ​ទៅ​ដោយ​​ឈ្មោះ​ខ្មោច ការ​សរសេរ​ឈ្មោះ​ និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​មិន​ត្រឹម​ត្រូវ​ និង​ដែល​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មុនៗ​យ៉ាង​ច្រើន​​ត្រូវ​បាន​លុប​ដោយ​មិន​សម​ហេតុ​ផល​។

លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ការ​អប់រំ​ប្រជាពល​រដ្ឋ​ឲ្យ​មាន​ការ​យល់​ដឹង​​អំពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដែល​​នឹង​ពាក់​ព័ន្ធ​ការ​​យក​ស្នាម​​ក្រយៅ​ដៃ​ក៏​ជា​អាទិភាព​របស់​គ.ជ.ប.​មួយ​ដែរ​។ លោក​បាន​បន្ត​ថា “យើង​មិន​​ទាន់​បាន​កំណត់​កាល​វិភាគ​សម្រាប់​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​កំពុង​ត្រៀម​ផែន​ការ​សកម្មភាព​ដើម្បី​កំណត់​​ប្រក្រតិទិន​បោះ​ឆ្នោត”។

នៅ​ពេល​ចាក​ចេញ​​ពី​ជំនួប​កាលពី​ថ្ងៃ​សុក្រ​នេះ លោក ហ្សង់ហ្វ្រង់ស័រ កូតាំង ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​បាន​​លើក​ឡើង​ថា នេះ​គឺ​ជា​កិច្ច​ពិភាក្សា “ស្ថាបនា​”។ លោក​បាន​មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប​ “ប្រហែល​ជា​គាំទ្រ​ និង​រួម​ចំណែក​នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​កំណែទម្រង់​បោះ​ឆ្នោត​” ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​អំពី​ការ​​បញ្ជូន​អ្នក​ជំនាញ​បន្ថែម​ទៀត​មក​កាន់​កម្ពុជា​នៅ​ខែ​ក្រោយ​ទេ។

ចំណែក​ឯឯក​អគ្គរាជទូត​ជប៉ុន​ យូជិ កាម៉ាម៉ារុ (Yuji Kumamaru) ក៏​បង្ហាញ​ទស្សន​វិជ្ជមាន​ដែរ​​ជុំវិញ​ជំនួប​នេះ ប៉ុន្តែ​លោក​មិន​បាន​​បញ្ជាក់​លម្អិត​ទេ។

ទាំង​ជប៉ុន និង​សហភាព​អឺរ៉ុប​បាន​ចូល​រួម​ពាក់​ព័ន្ធ​រួច​មក​ហើយ​នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​បោះ​ឆ្នោត​របស់​កម្ពុជា​។ កាលពី​ខែ​មករា សហភាព​អឺរ៉ុប បាន​ផ្ដល់​អនុសាសន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​​វិធី​ផ្សេងៗ​ក្នុង​ការ​​កែលម្អ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​អនាគត។ កាលពី​ខែ​ធ្នូ​ ប្រទេស​ជប៉ុន​​បាន​​ប្រគល់​លទ្ធផល​​របស់​ខ្លួន​​​នៃ​ការ​សិក្សា​ស្រាយ​ជ្រាវ​លើក​មុន​អំពី​ប្រព័ន្ធ​បោះ​ឆ្នោត​ឲ្យ​ទៅ​គណបក្ស​ទាំង​ពីរ។

មួយ​ចំណែក​ធំ​ដោយ​សារ​តែ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣​នៅ​កម្ពុជា ​ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​ និង​អ្នក​ជំនាញ​ខាង​បោះ​ឆ្នោត​មួយ​ចំនួន​ចាត់​ទុក​ថា ជាការ​បោះ​ឆ្នោត​ដ៏​អន់​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​រយៈ​ពេល​២​ទសវត្សរ៍​មក​នេះ​។ ការ​​ធ្វើ​កំណែទម្រង់​គ.ជ.ប. ដែល​គេ​ចាត់​​ទុក​ជាយូរ​មក​ហើយ​ថា​ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច​នោះ​ គឺ​ជា​ការ​ទាម​ទារ​មួយ​​ក្នុង​ចំណោម​ការ​ទាម​ទារ​​ធំៗ​របស់​គណបក្ស​ប្រឆាំង​ ជា​​ថ្នូរ​នឹង​ការ​បញ្ចប់​ការ​ធ្វើ​ពហិការ​សភា​​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម​ក្រោយ​លទ្ធផល​​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស។

គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​លើក​លោក ហង្ស ពុទ្ធា ឲ្យ​ធ្វើ​ជា​សមាជិក​ “អព្យាក្រឹត”​ទី៩ របស់​​គ.ជ.ប.ថ្មី ​ចំណែក​ឯ​សមាជិក​បួន​រូប​​ជ្រើស​រើស​​ដោយ​គណបក្ស​កាន់​អំណាច និង​សមាជិក​បួន​រូប​ទៀត​ជ្រើស​រើស​ដោយ​គណបក្ស​ប្រឆាំង៕ សុខុម​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស