38 C
Phnom Penh

រដ្ឋា​ភិបាល​ពិចារណា​សង់​លំនៅដ្ឋាន​ ហើយ​លក់​ទៅ​ឲ្យ​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​រៀប​ចំដែនដីម្នាក់បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អគ្គនាយក​ដ្ឋាន​លំនៅដ្ឋាន​ដែលត្រូវ​បាន​បង្កើតកាលពី​ពេល​ថ្មីៗ​របស់ក្រសួង​រៀប​ចំដែនដី នគរូបនីយ​កម្ម​និង​សំណង់ បាន​ចាប់ផ្តើម​ព្រាង​ផែនការ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​សាងសង់​​លំនៅ​ដ្ឋាន​ដល់គ្រួសារ​មាន​ប្រាក់ច​ំណូល​ទាប ដែលមិន​អាច​រក​ប្រាក់​សង់​លំនៅដ្ឋាន​បាន។

លោក សេង​ ឡូត អ្នកនាំពាក្យ​បានមានប្រសាសន៍ថា “​យើង​នឹង​លក់​​លំនៅដ្ឋាន​ក្នុង​តម្លៃ​ទាប​ដល់គ្រួសារ​ក្រីក្រ បើ​មិន​ដូច្នោះទេ យើង​នឹង​ផ្តល់ជូន​ពួកគាត់​ដោយ​ឥត​គិត​ថ្លៃតែម្តង អាស្រ័យ​លើ​ស្ថានភាព​របស់ប្រជា​ពលរដ្ឋ”។

លោក ម៉េង ឡូត បាន​មាន​ប្រសាសន៍ថា នាយកដ្ឋានលំនៅដ្ឋាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែធ្នូ​ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​ដើម្បីកំណត់​ពី​ផែនការ​របស់ខ្លួន​ ហើយ​មិន​ទាន់សម្រេច​ថា តើ​នឹងសាងសង់លំនៅដ្ឋាន​នៅកន្លែងណា ឬ​ចំណាយ​ប្រាក់អស់​ប៉ុន្មាន​នោះឡើយ។

លោក​បាន​មាន​ប្រសាសន៍ថា “​យើង​មិន​ទាន់កំណត់​តម្លៃជាក់​លាក់​នៅឡើយ​ទេសម្រាប់​លំនៅ​ដ្ឋានទាំង​នោះ ពីព្រោះឥឡូវ​នេះ​យើង​កំពុង​ធ្វើការ​សិក្សា​ និង​ប្រមូល​ទិន្នន័យ​​ដើម្បី​ស្វែង​យល់​ថា តើ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​ត្រូវ​ការ​លំនៅដ្ឋាន ហើយតម្លៃប៉ុន្មាន​ដែល​អាច​ទទួល​យក​បាន​នោះ”។

លោក​ ម៉េង ឡូត បាន​មាន​ប្រសាសន៍​បន្ថែម​ថា ក្រសួង​​ក៏មិនទាន់កំណត់ថា តើ​​ប្រាក់​សម្រាប់សាងសង់​លំនៅដ្ឋាន​ទាំង​នេះ​នឹង​បាន​មក​ពី​ថវិកាជាតិ ឬ​កម្ចី​ធនាគារនោះឡើយ។

លោក សៀ​ ភារម្យ ​នាយក​ប្រតិបត្តិ​​ក្រុមការងារពិសេស​សិទ្ធិលំនៅ​ដ្ឋាន​បានមាន​ប្រសា​សន៍ថា លោក​ស្វាគមន៍​ផែនការ​នេះ ប៉ុន្តែ​បានសង្កត់​ធ្ងន់ថា ការសង់​លំនៅដ្ឋាន​របស់រដ្ឋា​ភិបាល ជាពិសេស​​​នៅក្នុង​រាជ​ធានី​ភ្នំពេញ​នោះ ចាំបាច់​ត្រូវ​បានតម្លៃទាប​ជាង​តម្លៃ​ទីផ្សារដែល​​​អ្នក​គ្រួសារ​ក្រីក្រ​អាច​ទទួល​យក​បាន។

លោក​បាន​មាន​ប្រសាសន៍ថា “​យើង​ដឹង​រួច​ទៅហើយ​ថា ទីផ្សារ​លំនៅដ្ឋាននៅក្នុង​ក្រុង​គឺ​អាច​រក​ទិញ​បាន​សម្រាប់គ្រួសារ​មាន​ចំណូល​មធ្យម​តែប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិនបើ​​រដ្ឋាភិបាល​សង់​លំនៅដ្ឋាន​ ហើយ​លក់​ឲ្យ​ពួកគាត់​ក្នុង​តម្លៃ​តិច​ជាង​ ៣០.០០០​ដុល្លារ​នោះ ខ្ញុំគិត​ថា នេះ​គឺជា​គោល​នយោបាយ​ល្អ”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស