28.5 C
Phnom Penh

អ្នកភូមិ​ខេត្ត​រតនគិរី​ធ្វើការ​តវ៉ា​ស្វែង​រក​ការ​ប្រគល់​ទីទួល​សុវត្ថិភាព​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកភូមិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ឡាវ​ប្រហែល​៣០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​​នៅ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ម្សិលមិញ​ប្រឆាំង​ក្រុម​ហ៊ុន​វៀតណាម​មួយ​ដែល​កំពុង​រាន​ដី ដែល​អ្នក​ភូមិ​មូលដ្ឋាន​​ប្រើ​ប្រាស់​ជា​ “ទីទួល​សុវត្ថិភាព” អំឡុង​ពេល​មាន​​ទឹក​ជំនន់​ធ្ងន់ធ្ងរ។

យោង​តាម​ទិន្នន័យ​ដែលទទួលបាន​ពី​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Hoang Anh Lumphat ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៩.០០០​ហិកតា​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី។

បន្ទាប់​ពី​ក្រុម​អ្នកភូមិ​បាន​ធ្វើ​ការ​តវ៉ា​​​​កាលពី​ឆ្នាំ​មុន ក្រុម​ហ៊ុន​នេះ​បាន​យល់​ព្រម​ប្រគល់​ដី​ទំហំ​ប្រហែល​១.៤០០​ហិកតា​ដល់​ពួក​គាត់​វិញ​។

ឥឡូវ​នេះ​ក្រុម​អ្នកភូមិ​​ស្នើ​ឲ្យ​ក្រុម​ហ៊ុន Hoang Anh Lumphat ទុក​ដី​ទំហំ​​​៥០០​ហិកតា​ទៀត​​ដើម្បី​​ឲ្យ​ពួកគាត់​​អាច​រក្សា​ទីទួល​សុវត្ថិភាព​ ដែល​ពួកគាត់​​ភៀស​ខ្លួន​ដើម្បី​​សុវត្ថិភាព​នៅ​ពេល​ទឹក​ជំនន់​ទន្លេ​ស្រែពក​ក្បែរ​នោះ​ជន់​លិច​អំឡុង​​​រដូវ​វស្សា។

អ្នកភូមិ​ឈ្មោះ ដាំ លាន អាយុ​៥៧​ឆ្នាំ​បាន​និយាយ​ថា “​ក្រុម​អ្នកភូមិ​បាន​មក​ជួប​ជុំ​គ្នា​នៅ​លើ​ដី​ដែល​រាន​នោះ​នៅ​ព្រឹក​នេះ ហើយ​បាន​​បោះ​បង្គោល​ឈើ​ដើម្បី​កំណត់​ព្រំប្រទល់​ដី ដែល​លាត​សន្ធឹង​តាម​ទន្លេស្រែពក”។

អ្នក​ភូមិ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា “យើង​បាន​ធ្វើ​ការ​តវ៉ា​ច្រើន​លើកច្រើន​សា​មក​ហើយ ដើម្បី​​ទាម​ទារ​ដី​នេះ​វិញ ពីព្រោះ​អ្នកភូមិ​តែង​តែ​ប្រើ​ប្រាស់​ទីទួល​នេះ​​ដើម្បី​ភៀស​​ពី​ទឹក​ជំនន់​អំឡុង​រដូវវស្សា ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​យល់​ព្រម​ចំពោះ​ការ​ទាម​ទារ​របស់​អ្នកភូមិ​ឡើយ”។

លោក គង់ ស្រ៊ុន​ អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​​បាន​ប្រគល់​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​ Hoang Anh Lumphat ទំហំ​១.៤៥៧​ហិកតា ដល់​អ្នកភូមិ​​​ដែល​រស់​នៅ​ក្នុង​ភូមិ​ថ្មី និងភូមិ​ស្រែឈូក ក្នុង​ឃុំ​ជ័យ​ឧត្ដម​រួច​ហើយ ហើយ​ថា ការ​ចរចា​បន្ថែម​ទៀត​​មិន​អាច​ទៅ​រួច​ឡើយ​។

លោក​បានមាន​ប្រសាសន៍​ថា “​យើង​នឹង​​អញ្ជើញ​អ្នកភូមិ​ទាំង​អស់​ឲ្យ​មក​ចូល​រួម​ប្រជុំ ដើម្បី​ប្រាប់​ពួកគាត់​ថា យើង​មិន​អាច​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​ពួកគាត់​បាន​ទេ ពីព្រោះ​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​រួច​ទៅ​ហើយ”។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បានមាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​បាន​ប្រើ​ប្រាស់​ដី​នេះ​សម្រាប់​ធ្វើ​ចម្ការ​កៅស៊ូ។

លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នកភូមិ​បាន​ដាក់ពាក្យ​បណ្តឹង​មក​អង្គការ​របស់​លោក​​​កាលពី​ឆ្នាំ​២០១៣ ​​ស្វែង​រក​ជំនួយ​ដើម្បី​​​រក្សា​​ទីទួល​នេះ ប៉ុន្តែ​ថា រហូត​មក​ទល់​ពេល​នេះ​​ក្រុម​ហ៊ុន​បាន​បដិសេធ​សំណើ​របស់​ពួកគាត់​។

ក្រុម​ហ៊ុន​ Hoang Anh Lumphat មិន​អាច​ទាក់​ទង​សុំ​អត្ថាធិបាយ​បាន​ទេ។ អាសយដ្ឋាន​ប្រកបអាជីវកម្ម​​ដែលបាន​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន​នេះ​ស្ថិត​នៅ​ទីតាំងដូចគ្នា​នឹង​ការិល័យ​កណ្ដាល​​របស់​ក្រុម​ហ៊ុន Hoang Anh Gia Lai របស់​វៀតណាម​ក្នុង​ប្រទេស​វៀតណាមដែរ​ ប៉ុន្តែ​ក្រុម​ហ៊ុន Hoang Anh Gia Lai បាន​បដិសេធ​ថា ក្រុម​ហ៊ុន Hoang Anh Lumphat មិន​មែន​ជា​បុត្រសម្ព័ន្ធ​របស់​​ខ្លួន​ឡើយ។

ក្រុម​ហ៊ុន Hoang Anh Gia Lai មាន​​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​​ដែល​មាន​ឈ្មោះ​ស្រដៀង​គ្នា​​មួយ​ចំនួនទៀត​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ខេត្ត​រតនគិរី រួម​មានក្រុមហ៊ុន Hoang Anh Andong Meas និង​ក្រុម​ហ៊ុន Hoang Anh O’Yadav៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស