42.2 C
Phnom Penh

ជាង​ជួស​ជុស​ម៉ាស៊ីន​ត្រជាក់​ពីរនាក់​ស្លាប់​បន្ទាប់ពី​ផ្ទុះ​ម៉ាស៊ីនត្រជាក់នៅ​កាស៊ីណូ​មួយ​ក្នុង​ខេត្ត​ប៉ៃលិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាននិយាយ​កាលពី​ម្សិលមិញថា ជាង​ជួស​ជុល​ម៉ាស៊ីន​ត្រជាក់ពីរនាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​​បន្ទាប់ពី​ម៉ាស៊ីន​ត្រជាក់ដែលពួកគេ​កំពុង​ធ្វើការ​ជួស​ជុល​នោះ​បាន​ផ្ទុះ​នៅ​កាស៊ីណូមួយ​​ ដែលកាន់​កាប់ដោយ​ជន​ជាតិ​ថៃ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន។

យោង​តាម​លោក ជុំ វឿន នាយ​ប៉ុស្តិ៍​ឃុំ​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ទាំងពីរ​ឈ្មោះ ស្រី ចាន់រ៉ា អាយុ​២៩ឆ្នាំ និង​ សឿន ពិសិដ្ឋ អាយុ​២៦ឆ្នាំ​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ជួស​ជុល​ជុស​ម៉ាស៊ីន​ត្រជាក់​បញ្ឈរដែលខូច​នៅកាស៊ីណូ​ Pailin Flamingo Casino Hotle & Entertainment Complex ​ស្ថិតក្នុងឃុំស្ទឹង​កាច់ ​ស្រុក​សាលាក្រៅ។

លោក វឿន បានមាន​ប្រសាសន៍​ថា កម្មករ​ទាំងពីរនាក់នេះធ្វើការ​នៅ​​ក្រុមហ៊ុនជួស​ជុល​ម៉ាស៊ីន​ត្រជាក់ CTSក្នុង​រាជ​ធានី​ភ្នំពេញ ពួកគេ​កំពុង​ជួស​ជុល​ម៉ាស៊ីនត្រជាក់មួយ​ដែល​គេ​គ្របទុក​​នៅ​ទីធ្លា​ខាងក្រោយ​កាស៊ីណូ​នេះ​នៅ​ម៉ោង​ប្រហែល​៩និង​៤៥នាទី​ព្រឹក​ថ្ងៃសៅរ៍ ស្រាប់តែ​ម៉ាស៊ីន​ត្រជាក់​នេះ​ផ្ទុះ​តែម្តង។

លោក​បាន​មាន​ប្រសាសន៍​ថា បុរស​ទាំងពីរនាក់នេះ​រង​ការ​រលាក​ធ្ងន់ធ្ងរ។ ចាន់រ៉ា បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ហើយ​ ពិសិដ្ឋ រង​របួស​ធ្ងន់ ហើយ​ស្លាប់នៅ​តាម​ផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​ថៃ​រយៈពេល​ប្រហែលមួយ​ម៉ោង​ក្រោយ​មក។

លោក​បានមាន​ប្រសាសន៍ថា “​យើង​មិនទាន់​​ប្រាកដ​ពី​មូលហេតុ​ជាក់លាក់​នៃ​គ្រោះ​ថ្នាក់​នេះនៅឡើយ​ទេ ប៉ុន្តែ​យើង​​សន្និដ្ឋានថា ការ​ផ្ទុះនេះ​បណ្តាល​មកពី​ហ្គាស​នៅ​ខាងក្នុង​ម៉ាស៊ីន​ត្រជាក់​នេះតែម្តង”។

លោក អៀវ គឹមសៀន ស្នងការ​រង​នគរបាល​ខេត្ត​​ដែលបាន​បន្ទោស​ទៅលើ​អ្នក​បច្ចេក​ទេសចំពោះ​គ្រោះថ្នាក់នេះ​ បានមានប្រសាសន៍ថា “​វាជាការផ្ទុះ​យ៉ាង​ខ្លាំង​ស្នូរដូច​គ្រាប់បែក​អ៊ីចឹង​។ បង្អូចនៅក្បែរនោះ​បែក​រាយប៉ាយ”។

លោក គឹមសៀន បានមាន​ប្រសាសន៍ថា “​គ្រោះ​ថ្នាក់នេះ​បណ្តាល​មកពី​ការ​ធ្វេស​ប្រហែស​របស់កម្មករ​”។

លោក​បាន​បន្ថែម​ថា ទោះយ៉ាង​ណា កាស៊ីណូ Pailin Flamingo បាន​យល់ព្រមផ្តល់សំណង​ដល់​ក្រុមគ្រួសារ​របស់ពួក​គេ។ លោក​បាន​មាន​ប្រសាសន៍ថា លោក​មិនដឹង​ថា តើ​កាស៊ីណូ​នេះ​ផ្តល់សំណង​ប៉ុន្មាន​នោះឡើយ។

លោក ញឹុក ថុល អធិការនគរបាលស្រុក​សាលាក្រៅ​បានមានប្រសាសន៍​ថា ក្រុមគ្រួសារ​ជន​រង​គ្រោះ​​​ទាំងពីរ​មក​ពី​ខេត្ត​ពោធិ៍​សាត់ ​បានមក​ទទួល​យក​សព​នៅ​កាស៊ីណូ​នេះ​កាលពី​រសៀល​ថ្ងៃសៅរ៍។

អ្នក​គ្រប់​គ្រង​កាស៊ីណូ Pailin Flamingo មិនអាច​ទាក់ទង​សុំអត្ថាធិប្បាយ​បានទេកាលពី​ម្សិលមិញ ហើយ​កាស៊ីណូ​នេះមិន​បាន​ឆ្លើយ​តប​តាមអុីម៉េល​ដែល​ស្វះស្វែង​សុំការ​អត្ថា​ធិប្បាយ​ឡើយ៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស