38.8 C
Phnom Penh

ក្រសួង​​​យុត្តិធម៌​​​​​​សន្យា​​​ដាក់​​​ទោស​​​​​​ចៅ​​​ក្រម​​​ដែល​​​​កាត់​​​ក្តី​​​​​​​​​​​តាម​​​អំពើ​​​ចិត្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​អ្នក​​​​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​បាន​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​​ដែល​​​​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​​​​លើ​​​មន្ត្រី​​​​​តុលាការ​​​ទូទាំង​​​ប្រទេស​​​​​​ នឹង​​​ដាក់​​​ទោស​​​ចៅ​​​ក្រម​​​ណា​​​​​​ដែល​​ត្រូវ​​​​​​​​​បាន​​​​​​​​រក​​​ឃើញ​​​ថា​​​​​​ធ្វើ​​​សេច​​​ក្តី​​សម្រេច​​​តាម​​​អំពើ​​​ចិត្ត​​​ ក្រោយពី​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិ​​​ធម៌​​​​​​បាន​​​​​​ថ្លែង​​​សុន្ទក​​​ថាជុំ​វិញ​​បញ្ហា​នេះ​​​​កាល​​​ពី​​​​​​​​​ដើម​​​​​​​សប្តាហ៍​​​នេះ។

លោក អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​យុត្តិ​​​ធម៌​​​ បាន​​​មាន​​​ប្រសាន៍​​​អំឡុ​ង​​​​​​​​​កិច្ច​​​ប្រជុំ​​​បិទ​​​ទ្វារ​​​​​​​​​​​​មួយ​​​រវាង​​​​​​​​​មន្ត្រី​​តុលាការ និង​​​មន្ត្រី​​​នគរ​​​បាល​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​​​​​​ថា ​​​ចៅ​​​ក្រម​​​​​​មួយ​​​ចំនួន​​​​​​​​​បាន​​​ធ្វើ​​​សេច​​​ក្តី​​​សម្រេច​​​​​​​​ទៅ​​​តាម​​​អារម្មណ៍​​​របស់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​ដែល​​​ខ្លួន​​​ទទួល​​​ដោះស្រាយ​​​។

លោក​​​បាន​​​ពន្យល់​​​ពី​​​មូល​​​ហេតុ​​​ដែល​​​ការ​​​សម្រេច​​​​​​ទោស​​​​​​​​​មាន​​​ភាព​​​ខុស​​​គ្នា​​​ខ្លាំង​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​ចាប់​​​រំលោភ​​​ស្រដៀង​​​គ្នា​​​ដែល​​​​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​​​​ចន្លោះ​​​ពី​​​ពីរ​​​ឆ្នាំ​​​ដល់​​​២០​​​​​​ឆ្នាំ​​​សម្រាប់​​​បទ​​​ល្មើស​​​នេះ​​​។

លោ​​​ក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “វា​​​ប្រហែលជា​​មក​​​ពី​​​តុលាការ​​​ ហើយ​​​ខ្ញុំ​​​មិន​​​ដឹង​​​ច្បាស់​​​ថាមូល​​​ហេតុ​​​អ្វី​​​ទេ​​​។ ប្រហែល​​​ជា​​​អាស្រ័យ​​​លើ​​​ចៅក្រម​​​ ឬ​​​តុលាការ​​​ ថ្ងៃ​​​ខ្លះ​​​បើ​​​គាត់​​​សប្បាយ​​​ចិត្ត​​​ គាត់​​​កាត់​​​បន្ថយ​​​ទោស​​​ ឬ​​​បើ​​​ចៅក្រម​​​ឃើញ​​​ស្ត្រី​​​ម្នាក់​​​ ហើយ​​​មាន​​​អារម្មណ៍​​​អាណិត​​​អាសូរ​​​ រីឯ​​ជន​​​ល្មើសដែល​មាន​មុខ​​​​ឌឺ ពួក​​​គាត់​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​តាម​​​ចិត្ត​​​ចង់​​​។ នេះ​​​ជា​​​បញ្ហា​​​ដែល​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ដោះ​​​ស្រាយ​​​រួម​​​គ្នា”។

លោក ជិន ម៉ាលីន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​បញ្ជាក់​​​ហើយ​​​ថា សេចក្តី​​​សម្រេច​​​បែប​​​នេះ​​​នឹង​​​មិន​​​ត្រូវ​​​អត់​​​ឱន​​​ឲ្យ​​​ទៀ​​​ត​​​ឡើយ ហើយ​​​ចៅក្រម​​​ដែល​​​បន្ត​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​តាម​​​អំពើ​​​ចិត្ត​​​​​​​​​​​​ នឹង​​​ត្រូវ​​​ទទួល​​​ទោស។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​”សម្រាប់​​​ចៅ​​​ក្រុម​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​ដែល​​​ [ធ្វើ​​​សេចក្តី​​​សម្រេច​​​] ទៅ​​​តាម​​​អារម្មណ៍​​​​​​របស់​​​ខ្លួន​ ឬ​​​មិន​​​អនុវត្ត​​​តាម​​​ច្បាប់​​​ ឬ​​​មិន​​​ចេញ​​​សាល​​​ក្រម​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ នឹង​​​ត្រូវ​​​មាន​​​ទោស​​​ ហើយ​​​ពួក​​​គាត់​​​នឹង​​​ប្រឈម​​​បទ​​​ចោទ​​​ប្រកាន់​​​ព្រហ្មទណ្ឌ​​​។ ឧត្តម​​​ក្រុមប្រឹក្សា​​​នៃ​​​អង្គចៅក្រម​​​នឹង​​​ពិនិត្យ​​​មើល​​​ការ​​​អនុវត្ត​​​ច្បាប់​​​នេះ”។

លោក សំ ប្រជាមានិត​​​ អគ្គលេខាធិការ​​​នៃ​​​ឧត្តម​​​ក្រុមប្រឹក្សា​​​​​​នៃ​​​អង្គ​​​ចៅក្រម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថាប័ន​​​នេះ​​​នៅ​​​តែ​​​មាន​​​ការ​​ប្រុង​​​ប្រយ័ត្ន​​​​​​ក្នុង​​​ការ​​​ឃ្លាំមើល​​​តុលាការ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​បាន​​​បដិសេធ​​​មិន​​​លើក​​​ឡើង​​​ថា​​​ តើ​​​ចៅ​​​ក្រម​​​ ឬព្រះរាជ​​​អាជ្ញា​​​រូប​​​ណា​​​ដែល​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពី​​​បទ​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​តាម​​​អំពើ​​​ចិត្ត​​​នៅ​​​ឆ្នាំ​​​នេះ​​​​ឡើយ​។

លោក​​​បាន​​​បញ្ជាក់​​​ថា “ក្រុមប្រឹក្សា​​​វិន័យ​​​នឹង​​​ពិនិត្យ​​​មើល​​​ ហើយ​​​ប្រសិន​​​បើ​​​​​​គ្មាន​​​ពាក្យ​​​បណ្តឹង​​​ នឹង​​​គ្មាន​​​ការ​​​ផ្តន្ទា​​​ទោស​​​​​​សម្រាប់​​​ចៅក្រម​​​ឡើយ​​​”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស