
តុលាការក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទបានផ្តន្ទាទោសជនបរទេសពីរនាក់ ម្នាក់ជាជនជាតិអង់គ្លេសនិងម្នាក់ជាជនជាតិបង់ក្លាដេស ឲ្យជាប់ពន្ធនាគារ៨ឆ្នាំនិង៦ឆ្នាំ ពាក់ព័ន្ធនឹងការចរាចរលុយឥណ្ឌាក្លែងក្លាយប្រហែល១លានរូពី (ប្រហែល១៥.៧០៥ដុល្លារ)។
លោក កែវ មុនី ប្រធានចៅក្រមជំនុំជម្រះ បានប្រកាសសាលក្រមជាប់ទោស៨ឆ្នាំចំពោះ មូហាមេដ ស៊ូមុី ឃុតបឌីន ជាជនជាតិអង់គ្លេសអាយុ៥១ឆ្នាំ ពីបទល្មើសដាក់ឲ្យធ្វើចរាចររូបិយប័ណ្ណ ឬរូបិយវត្ថុក្លែង និងទោស៦ឆ្នាំចំពោះ អាហ្សាដ អាប៊ុល កាឡាម ជនជាតិបង់ក្លាដេស អាយុ៣២ឆ្នាំ ពីបទល្មើសសមគំនិតក្នុងអំពើដាក់ឲ្យធ្វើចរាចររូបិយប័ណ្ណ ឬរូបិយវត្ថុក្លែង។
ចៅក្រម មុនី បានមានប្រសាសន៍ថា “តុលាការបានសម្រេចផ្តន្ទាទោស លោក អាហ្សាដ អាប៊ុល កាឡាម អាយុ៣២ឆ្នាំ ដាក់ពន្ធនាគារ៦ឆ្នាំ និង លោក មូហាមេដ ស៊ូមុី ឃុតបឌីន អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ”។
នៅក្រៅបន្ទប់តុលាការ លោក ឃុតបឌីន បានបដិសេធចំពោះសេចក្តីសម្រេចរបស់ចៅក្រម មុនី ដោយបានអះអាងថា តុលាការខ្វះភ័ស្តុតាងដើម្បីចោទប្រកាន់រូបលោក។
លោកបានប្រាប់អ្នកកាសែតនៅពេលប៉ូលិសបណ្តើរទៅកាន់ឡានពន្ធនាគារថា “ជាសាលក្រមអាក្រក់ណាស់”។ លោកបានបន្ថែមថា “មិនមានភ័ស្តុតាងទេ”។ នៅពេលសួរ ថាតើលោកនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការឬយ៉ាងណា លោក ឃុតបឌីន បានឆ្លើយតបថា “បាទ ខ្ញុំនឹងប្តឹង”។
ចៅក្រម មុនី មិនអាចទាក់ទងសុំការពន្យល់បានទេកាលពីថ្ងៃច័ន្ទ។
យោងតាមឯកសារតុលាការបានឲ្យដឹងថា ទណ្ឌិតទាំងពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០១៣។
យោងតាមលោក ហ៊ន វិបុល អធិការរងខណ្ឌ៧មករាបានឲ្យដឹងថា ការចាប់ខ្លួនបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីម្ចាស់ហាងដូរលុយ កាំង ឡេង នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ដែលបានអះអាងថា អ្នកទាំងពីរបានដូរលុយរូពីក្លែងក្លាយស្មើនឹង៥.០០០ដុល្លារ។
លោក វិបុល បានមានប្រសាសន៍ថា “នៅពេលនោះ ជនសង្ស័យទាំងពីរនាក់បានដូរលុយរូពីប្រហែល៥.០០០ដុល្លារអាមេរិក”។
លោកបានបន្ថែមថា “ក្រោយមក ម្ចាស់ហាងបានពិនិត្យមើល ទើបដឹងថា លុយនោះក្លែងក្លាយ ហើយបានប្តឹងទៅប៉ូលិស”។
បន្ទាប់ពីប្តឹងហើយ លោក វិបុល បាននិយាយថា ម្ចាស់ហាង កាំង ឡេង បានហៅ កាឡាម និងបានស្នើគាត់ឲ្យត្រឡប់មកហាងដើម្បីដូរលុយទៀត។ ប៉ូលិសបានចាប់ខ្លួនគាត់ពេលគាត់បានមកដូរលុយ។
លោក កាឡាន ពេលនោះបាននាំប៉ូលិសទៅជួបលោក ឃុតបឌីន ដែលត្រូវបានចាប់ខ្លួននៅផ្ទះសំណាក់ក្បែរផ្សារថ្មី ក្នុងខណ្ឌដូនពេញ ដែលនៅទីនោះ គេបានរកឃើញលុយរូពីក្លែងក្លាយមួយកាបូប។
លោក វិបុល បាននិយាយថា “ខ្ញុំចាំបានថា ប៉ូលិសបានរកឃើញលុយក្លែងក្លាយជិត១លានរូពី”៕ និត